សំណង់​ចេតិយ​លោក ​កែម ឡី បាន​បញ្ចប់ តែ​យុត្តិធម៌​នៅ​ជា​ក្តី​មន្ទិល

ពិធី​ក្រុង​ពាលី​ឆ្លង​ចេតិយ​លោក កែម ឡី នៅ​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ (ហ៊ុល រស្មី/វីអូអេ)

ឃុំលាយបូរ​ ស្រុកត្រាំកក់ ខេត្តតាកែវ- ម្តាយ​បង្កើត​និង​សាច់​ញាតិ​លោក កែម ឡី មាន​ក្តី​រីករាយ​ដែល​សំណង់​ចេតិយ​របស់​អ្នកវិភាគ​រូប​នោះ​ ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ពួកគេ​នៅ​បន្ត​បង្ហាញ​ការ​ស្រងាក​ចិត្ត​ចំពោះ​ការ​រក​យុត្តិធម៌​ ដែល​ពួកគេ​ថា​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ ព្រោះ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​នៅ​ពីក្រោយ​ឃាត​កម្ម​កាល​ពី​៧​ឆ្នាំមុន។

ក្នុង​វ័យ​៨៣​ឆ្នាំ​ អ្នកស្រី ភោគ សេ​ បាន​ថ្លែង​ថា​ការ​បញ្ចប់​ការ​សាង​សង់​ចេតិយ​របស់​កូន​ប្រុស​របស់​អ្នកស្រី ​គឺ​លោក​ កែម ឡី នេះ​កើត​ចេញ​ពី​ការ​ខិតខំ​របស់​ក្រុម​គ្រួសារ​ និង​សប្បុរស​ជន។

អ្នក​ស្រី​ថ្លែង​ថា​៖ «មាន​ទឹក​ចិត្ត​រីករាយ​ ហើយ​ខំ​ ខ្លួន​ឯង​ហ្នឹង​ ខំ​ធ្វើ ខំ​សន្សំ​លុយ​ ខំ​អី​ទាំង​អស់​ ខំ​សន្សំ​លុយ​ ផ្គត់​ផ្គង់​ធ្វើ​ មិនមែនថា​ ជួល​គេ​ប៉ុណ្ណឹង​ហើយ​គ្រប់​ទេ​ នៅ​ថែម​ថយ​ច្រើន​បាន​ហើយ​អាហ្នឹង»។

អ្នកស្រី ភោគ សេ ម្តាយ​របស់​លោក កែម ឡី អង្គុយ​នៅ​ទល់​មុខ​ចេតិយ​កូនប្រុស​របស់​អ្នកស្រី​ដែល​ទើប​សាងសង់​ចប់​រួចរាល់​កាល​ពី​ពេល​ថ្មីៗ​នេះ។ (ហ៊ុល រស្មី/វីអូអេ)

ការរៀបចំ​ពិធី​ឆ្លង​ចេតិយ​របស់​អ្នកវិភាគ​នយោបាយ​លោក កែម ឡី នៅ​ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គិតចាប់​តាំង​ពីការ​ស្លាប់​លោក​កែម ឡី អ្នកស្រី ភោគ សេ បាន​មើលថែ​ទាំ​បរិវេណ​នៃ​សំណង់​ចេតិយ​លោក កែម ឡី​ ដែល​បាន​ប្រើពេល​ប្រហែល​៦ឆ្នាំ ដើម្បី​បញ្ចប់​ការ​សាង​សង់។

ប្អូន​ប្រុស​បង្កើត​លោក​ កែម ឡី គឺ​លោក កែម រិទ្ធិសិត ប្រាប់​វីអូអេ​កាល​ពីថ្ងៃ​អាទិត្យ​ថា​ក្រោយ​៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​បង​ប្រុស​របស់គាត់ ក្រុម​គ្រួសារ​មាន​ការពិបាក​ក្នុង​ការ​រក​ប្រាក់​ ដើម្បី​បង្ហើយ​សំណង់​ចេតិយ។ ប៉ុន្តែ​ការណ៍​នេះ​មិន​ពិបាក​ដូច​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​បង​ប្រុស​គាត់​នោះ​ឡើយ​ ព្រោះ​ថា​ការចោទ​ប្រកាន់​ដែល​ថា​បង​ប្រុស​របស់​គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដោយ​សារ​រឿង​ជំពាក់​លុយ​៣.០០០​ដុល្លារ​នោះ​ គឺមិន​ពិតទេ​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​អឿត​ អាង​ ដែល​អះអាង​ថា​ ជំពាក់​លុយ​នេះ គឺ​ខ្ញុំគិត​ថា​ មិន​ទេ​ មិន​ មិន​បាន​ជំពាក់​លុយ​ ពីព្រោះ​ខ្ញុំ​ ដូច​ខ្ញុំបាន​និយាយ​ខាង​ដើម​អ៊ីចឹង​ គឺ​ខ្ញុំ​បាន ធ្វើ​កិច្ច​ការងារ​សិក្សា​ស្រាវ​ជា្រវ​ជាមួយ​គាត់​ហ្នឹងគឺ​វា​រយៈ​ពេល​ជា​៥ឆ្នាំ។ ៥ឆ្នាំ​រហូត​ដល់​គាត់​ស្លាប់។ ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់​២០១២​ រហូត​ទៅ​ដល់​គាត់​ស្លាប់​។ ២០១៦​នេះ​ គឺ​ខ្ញុំបាន​ដើរ​ជាមួយ​គាត់​រហូត​ហើយ។ លុយ​បីពាន់​ បួន​ពាន់​អីវា​ តិច​សម្រាប់​គាត់​ទេ ព្រោះៗ​គាត់​ទទួល​គម្រោង​ធំៗ​ណាស់​។ ទទួល​គម្រោង​មួយ​អាច​ពីរ​ម៉ឺន​ដុល្លារ​ យ៉ាង​តិច​ក៏​បាន​៥ពាន់ដុល្លារ​ដែរ​ក្នុង​ការ​ធ្វើ​គម្រោង​»។

លោក កែម រិទ្ធិសិត ប្អូនប្រុស​លោក កែម ឡី ក្នុង​ពិធី​ក្រុង​ពាលី​ឆ្លង​ចេតិយ​លោក កែម ឡី នៅ​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ (ហ៊ុល រស្មី/វីអូអេ)

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ លោក កែម​ ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​តូច​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូក​គោ​ នាទីក្រុង​ភ្នំពេញ។

ក្រោយ​ឃាត​កម្ម​ទាំងកណ្តាល​ថ្ងៃនោះ​ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្​លួនដោយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ហើយ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ មាន​ឈ្មោះ​អឿត​ អាង​ ហៅក្រៅ​ថា​ជួប​ សម្លាប់។ ជួប សម្លាប់ ដែល​អះអាង​ថា​លោក ​កែម ឡី​ ជំពាក់​លុយ​ខ្លួន​ចំនួន​៣០០០​ដុល្លារ​នោះ​ ត្រូវ​បាន​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​មួយ​ជីវិត។

ប៉ុន្តែ​តុលាការ​ក្រោយ​មកបាន​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​ គឺ​ការ​ដាក់​ទោស​លោក ​ជួប​ សម្លាប់ ឱ្យជាប់​ពន្ធនា​គារ​មួយ​ជីវិត និង​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​ទៀត​ចំពោះ​ឃាត​កម្ម​លើ​លោក កែម ឡី ហើយ​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​នេះ ​មិន​ទាន់​មាន​តម្រុយ​អ្វី​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស។

រូបសំណាក​លោក កែម ឡី ដាក់​នៅ​ក្នុង​ចេតិយ​របស់​លោក​នៅ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ក្នុង​ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (ហ៊ុល រស្មី/វីអូអេ)

ការ​បាញ់​សម្លាប់​លោក​កែម ឡី​ កើត​ឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អត្ថា​អធិ​ប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​។​

លើស​ពី​នេះ​ លោក ​កែម ឡី​ បាន​ចូល​រួម​ធ្វើ​បទ​វិភាគ​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​តាម​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល និងស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ។ លោក​បាន​វិភាគ​បញ្ហា​រសើបៗ ​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បរិស្ថាន​ បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចាត់​ទុក​ថាការ​ធ្វើ​ឃាត​លោក ​កែម ឡី បានធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​និង​ជា​ការ​ផ្ចាញ់​ផ្ចាល់​រដ្ឋាភិបាល»។​ លោក​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ​«ធ្វើ​ជា​រឿង​នយោបាយ»។

ការ​ធ្វើ​ពិធី​ខួប​រំឭក​ការ​ស្លាប់​លោក​កែម ឡី​ ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្សេង​ៗទៀត​ក្នុង​ប្រទេស​កម្ពុជា និងនៅក្រៅ​ប្រទេស​ផងដែរ។

លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក កែម ឡី នៅ​ខាងក្រៅ​ហាង​លក់​ទំនិញ​របស់​ស្ថានីយ​ប្រេង Caltex ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ទីក្រុងភ្នំពេញ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​រ៉ុង ឈុន និង​អ្នកគាំទ្រ​លោក​កែម ឡី​ ផ្សេង​ទៀត​ បាន​នាំផ្កា​ទៅ​ដាក់​នៅ​មុខ​ហាង​លក់​ទំនិញ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​រំឭក​ដល់​ការ​បាញ់​សម្លាប់លោក​កែម ឡី ​កាលពី​៧ឆ្នាំមុន​។

លោក ​រ៉ុង​ ឈុន ប្រាប់​អ្នក​ចូល​រួម​ការ​រំឭក​ខួប​ឃាតកម្ម​លោកកែម ឡី​ថា អ្នកនៅពី​ក្រោយ​គម្រោង​ធ្វើ​ឃាត​លោក​កែម​ ឡី គួរ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទាទោ​ស ព្រោះ​លោក​យល់​ថា​ឃាតក​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ ជា​ឃាតក​ប្រតិដ្ឋ។

លោក​លើក​ឡើង​ថា​៖«ស្មារតី​ខួប​៧ឆ្នាំ​នេះ​ដែរ​ ក្នុង​នាម​ខ្ញុំ​រ៉ុង ឈុន សូម​ជំរុញ​ឱ្យ​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​ ត្រូវ​តែ​បន្ត​វែក​មុខ​រក​ឃាតក​ និង​អ្នកនៅ​ក្រោយ​ខ្នង​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់»។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថាអាជ្ញាធរ​សមត្ថ​កិច្ច​បាន​បើក​ការ​ស៊ើប​អង្កេត​ និង​ចាប់​បាន​ឃាតក​រួចទៅ​ហើយ​ ហើយ​មហាជនទៀត​សោតក៏​មិន​បាន​ប្រតិកម្ម​ខ្លាំង​នឹង​ឃាត​កម្មលើ​អ្នក​វិភាគ​រូប​នោះ​។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ «ពីព្រោះ​ករណី​លោក​បណ្ឌិត​កែម ឡី​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​តុលាការ​កម្ពុជា​រួចហើយ។ រក​ឃើញ​ឃាតក​ចាប់​ឃាតក​ចាប់​ឃាតក​ដាក់​ពន្ធនាគារ​រួច​ហើយ​ កាត់​សេចក្តី​ត្រឹមត្រូវ​ហើយ។ ដូច្នេះ​ហើយ​ការ​ធ្វើ​ខួប​មរណ​ភាព​របស់​លោក​បណ្ឌិត​កែម ឡី ពី​ខាង​ក្រៅ​ប្រទេស​ វា​គ្រាន់​តែ​ជា​ទិដ្ឋភាព​នយោបាយ​តែ​ប៉ុណ្ណោះ​ទេ»។

ដោយ​ឡែក​អ្នក​គាំទ្រ ​កែម ឡី​ និង​អ្នកការពារ​សិទ្ធិមនុស្ស​បាន​ផ្តល់​មតិ​ចម្រុះ​ថា​ ភាព​អយុត្តិធម៌​ និង​ការ​រឹតត្បិត​សិទ្ធិមួយចំនួនកំពុង​ញាំញីសង្គម​កម្ពុជា។

លោក ​ជា មុនី អតីត​ប្រធាន​សហព័ន្ធសហជីព​សេរី​កម្មករ​ (FTUWKC)​ និង​ជា​ប្អូន ប្រុស​លោក​ជា វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​ដ៏ល្បី​ល្បាញ​ម្នាក់​ថ្លែង​ថា៖ «ថ្ងៃ​នេះ​ផង​ដែរ​ ក៏សុំផ្ញើ​សារ​ទៅ​ដល់​ក្រុម​គ្រួសារ​ លោក​បណ្ឌិត​កែម ឡី​ថា​ អ្នក​នៅ​ក្នុង​ស្រុក​ក្នុង​ប្រទេស​កម្ពុជា អ្នក​ដែល​បាន​ចូលរួម​ហែ​សព​របស់​គាត់ មក​ដល់​ថ្ងៃ​នេះ​គឺ​នៅ​តែ​មាន​អារម្មណ៍​ក្តុកក្តួល​ដដែល​ មាន​ការ​ចង​ចាំ​ដដែល។ អ៊ីចឹង​បាន​ជា​យើង​មក​ដាក់​កម្រង​ផ្កា​ ដើម្បី​បង្ហាញ​ថា​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាត​ក​ពិតប្រាកដ​ទាំង​អស់​ ទាំង​លោក​ជា វិជ្ជា​ក្តី​ ទាំង​លោក​ឈុត​ វុទ្ធី​ក្តី​ ទាំង​លោក​កែម​ ឡី​ក្តី​។ ហើយ​រឿង​រ៉ាវ​ទាំង​អស់​នេះ​ វាមិនអាច​បិទបាំង​បាន​ទេ។ ពេល​វេលា​ វា​ជា​អ្នក​បង្ហាញ​ឃាតក​ពិត​ ហើយ​និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ត្រូវតែ​បង្ហាញ​នៅ​ថ្ងៃ​អនាគត​មួយ»។ ​

រីឯ​អ្នកនាំពាក្យ​សមាមគម​ការ​ពារសិទ្ធិមនុស្ស​អាដ​ហុក ​លោក​ស៊ឹង​ សែន​ករុណា​ សង្កេត​ឃើញ​ថា​ អ្នកនៅពីក្រោយ​ខ្នង​ឃាតកម្ម​លោក​ កែម ឡីកំពុង​រស់​នៅ​ជាមួយ​និទណ្ឌ​ភាព​ ឬ​ភាព​គ្មានទោស​ពៃរ៍ ខណៈ​មាន​ភាព​ចម្រូង​ចម្រាសជុំវិញ​ឃាតក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ករណី​នេះ​ ខាង​យើង​ ខាង​សង្គម​ស៊ីវិល​ ឬក៏​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ហ្នឹ​ង នៅ​តែ​ទទូច​ចង់​ឃើញ​អំពី​យុត្តិ​ធម៌សម្រាប់​លោក​បណ្ឌិត​ កែម ឡី​ ដ៏ពិត​ប្រាកដ ​ដើម្បី​ឱ្យ​មាន​ការ​ជឿ​ជាក់​ទៅ​លើ​ប្រព័ន្ធ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ឡើង​វិញ​»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក ពូ សុវចនា (ឆ្វេង) និង​លោក ជា មុនី (ស្តាំ) ចូលរួម​ការរំឭក​ខួប៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី នៅ​កន្លែង​លក់​ទំនិញ​របស់​ស្ថានីយ​ប្រេង Caltex ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

អតីត​សាស្ត្រា​ចារ្យមួយរូប​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញលោក ​ពូ សុវចនា​ យល់​ថា​ពលរដ្ឋមួយ​ចំនួន​នៅពេល​បច្ចុប្បន្ន​នេះ​ កំពុងកំហិត​សិទ្ធិ​សេរីភាពនិយាយ​ស្តី​របស់​ខ្លួន​ ដែល​ខុស​ពីលោក​ កែម ឡី​ ដែល​ហ៊ាន​និយាយ​ការ​ពិត​ ដើម្បី​ប្រយោជន៍​សាធារណជន​ទូទៅ​។

លោក​ប្រាប់​វីអូអេ​ថា​៖ «បណ្ឌិត​កែម ឡី​ បាន​ដាំ​ពូជ​ អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ អ្នក​និយាយ​ការ​ពិត​ និង​អ្នក​ហ៊ានបញ្ចេញ​មតិ​ដើម្បី​យើង​ដោះស្រាយ​សង្គម​មួយ​ដែល​ មាន​ភាព​ស្មុគស្មាញ​តាំង​ពី​ជំនាន់​ខ្មែរក្រហម​ មក​ដល់​ឥឡូវ​ ហើយ​បច្ចុប្បន្ន​យើង​មាន​ភាព​រីក​ចម្រើន​មួយ​ចំនួន​ដែល​យើង​ឃើញ​ជុំវិញ​ខ្លួន​យើង​ហើយ ប៉ុន្តែ​ការ​រីក​ចម្រើន​នេះ​ វា​អត់​គ្រប់​ជ្រុង​ជ្រោយ​ វា​នៅ​មាន​ការ​ខ្វះ​ខាត​មួយចំនួន។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ស្រុក​ខ្មែរ​អ្នក​មាន​ កាន់​តែ​មាន ប៉ុន្តែ​អ្នកក្រ​មួយ​ចំនួន​ធំ​ ដែល​ថា​យើង​អរគុណ​អភិវឌ្ឍន៍ គួរ​អរគុណ​អភិវឌ្ឍន៍​ដែល​មាន​ពីក្រោម​ឡើ​ងលើ​ មិ​នមែន​ពី​លើ​ចុះ​ក្រោម​ទេ»។

យុវជន​មួយ​ក្រុម​ដែល​ជាអ្នកតស៊ូមតិ​ខាង​បរិស្ថាន​ ក៏​នៅ​បន្ត​ចង​ចាំ​ពី​ការ​លះបង់​របស់​លោក ​កែម ឡី។

ក្រុម​យុវជន​ចូលរួម​ការរំឭក​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី ក្នុង​ទីក្រុង​ ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ថុន រដ្ឋា​ សកម្មជន​ការពារ​បរិស្ថាន​ថ្លែង​ថា៖ «ពួក​យើង​នឹង​បន្ត​និយាយ​ការ​ពិត​អំពី​បញ្ហា​សង្គម​ទោះ​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ។ អរគុណ​លោក​បណ្ឌិត​ដែល​បាន​លះបង់​ ដ៏​មហិមា​សម្រាប់​ពួក​យើង។ យើង​នឹង​ចង​ចាំ​វីរភាព​របស់​បណ្ឌិត​កែម​ ឡី​»។

ត្រឡប់​ទៅ​ខេត្ត​តាកែវ​ លោក​ កែម រិទ្ធិសិត​ លើក​ឡើងថា​យុត្តិធម៌​សម្រាប់​បង​ប្រុស​របស់​គាត់​នឹង​ត្រូវ​បាន​រក​ឃើញពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះគឺស្ថិត​នៅ​លើ​ដៃ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល។

បុរស​ពិការភ្នែក​លោក វិន វិចិត្រ ចូលរួម​ពិធី​ឆ្លង​ចេតិយ និង​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី នៅ​ខេត្តតាកែវ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ចំណែក​លោក វិន​ វិចិត្រ អាយុ២៩​ឆ្នាំ ដែល​ពិការ​ភ្នែក​ទាំង​សង​ខាង​ យល់​ថា​ទោះ​ជា​លោក កែម ឡី ស្លាប់​ទៅ​ហើយ​ក្តី ក៏​លោក​នៅ​មើល​ឃើញ​ពី​គុណធម៌​របស់​គាត់​ដែល​ប្រឹង​រួមចំណែក​កសាង​សង្គម​តាម​ការ​វិភាគ​ពី​ភាព​អសកម្ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា​៖ «ការណ៍​ដែល​ឃើញ​មុខ​គាត់​ អាហ្នឹង​ខ្ញុំ​ចង់​ឃើញ​ហើយ។ ប៉ុន្តែ​ជា​ចំណែក​មួយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ច្បាស់​ទៀត​ គឺ​មើល​ឃើញ​ពី​បេះ​ដូង​របស់​គាត់​។ អាហ្នឹង​វា​សំខាន់​ជាង​ការ​មើល​ឃើញ​មុខ​គាត់​ ព្រោះ​បេះ​ដូង​របស់​គាត់​យើង​មើល​ឃើញ​ថា​ឆន្ទៈ​ និង​ទឹក​ចិត្ត​របស់​គាត់ ​គឺ​គាត់មាន​សម្រាប់​ជាតិ​ខ្មែរ​ទាំង​មូល​ធំ​។ អ៊ីចឹង​ ខ្ញុំ​មើល​ឃើញ​បេះដូង​ ជាជាង​មើល​ឃើញ​មុខ​មាត់​គាត់»៕