ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឱ្យ​គ.ជ.ប​ដាក់​ពិន័យ​មន្ត្រី​ការិយាល័យ​បោះឆ្នោត

  • ​គង់ ​សុឋានរិទ្ធ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា​​ក្នុងវិមាន​​រដ្ឋចម្ការ​មន។

ភ្នំពេញ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​បង្គាប់នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដាក់​ទោសទណ្ឌ​លើ​មន្ត្រី​ទទួល​ខុស​ត្រូវ​ការិយាល័យ​បោះឆ្នោត​ចំនួន៧ ​នៅ​ក្នុងខេត្ត​សៀមរាប ​ហើយ​បាន​ទទួល​ស្គាល់​ថា ​មាន​កំហុស​ក្នុង​ការ​ដឹក​ជញ្ជូន​កងទ័ព​ទៅ​បោះឆ្នោត។

លោក​ឯក ​សំអុល ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​សេចក្តី​សម្រេច​នេះ​ក្រោយ​ពី​សវនាការ​រយៈ​ពេល​មួយ​ថ្ងៃ​លើ​បណ្តឹង​ស្តី​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ឯក សំអុល​បាន​អាន​សេចក្តី​សម្រេច​នេះ​ថា៖

«មាត្រា៤៖​ ប្រគល់​ភារកិច្ច​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាត់​វិធាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ទាំង​ប្រាំ​ពីរ​ការិយាល័យ​នៅ​ឃុំ​រើល​ សង្កាត់​ក្របី​រាល​ សង្កាត់​ស្វាយ​ដង្គុំ ​សង្កាត់​ស្លក្រាម​ ដែល​បាន​ប្រព្រឹត្ត​ខុស»។

យ៉ាងណាក៏ដោយ​លោក​ឯក ​សំអុល​ មិន​បាន​បញ្ជាក់​ថា​ទោស​ទ​ណ្ឌ​នោះ​អាច​ជា​ទោស​បែប​ណា​នោះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​១៦​ខែ​សីហាដើម្បី​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១៦​ក្នុង​ស្រុក​ស្វាយ​លើ​និង​ស្រុក​វ៉ារិន​នៃ​ខេត្ត​សៀមរាប ​ដោយសារ​គណបក្ស​ជំទាស់លើក​ឡើង​ថា​មាន​ការ​គៀងគរ​និង​ដឹក​ជញ្ជូន​ទាហានពី​តំបន់​ព្រំដែន​ឲ្យ​មក​បោះឆ្នោត​ក្នុង​ការិយាល័យ​ទាំង​នេះ​ ទាមទារ​ឲ្យ​គជប​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​២០០​និង​ស្នើ​ឲ្យ​គជប ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន​១១​ការិយាល័យ។​

នៅ​ក្នុងបណ្តឹង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​មាន​ភាព​មិន​ប្រក្រតី​«ធ្ងន់ធ្ងរ​ក្នុង​ការ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត»​នាំ​ឲ្យ​ប៉ះពាល​លទ្ធផល​ឆ្នោត​ដែល​ខ្លួន​គួរ​ទទួល​បាន។

​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ថា​ការ​ដឹក​ជញ្ជូន​កងទ័ព​ដោយ​ប្រើ​រថយន្ត​យោធា​មក​បោះឆ្នោតគឺ​ជា​ការ​បំពាន​លើ​បទ​បញ្ជា​និង​នីតិវិធី​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥។ ​ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សម្រេច​ពី​ការ​ផ្តន្ទាទោស​លើ​កំហុស​នេះ​យ៉ាងណា​នោះ​ទេ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​គ.ជ.ប ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទាក់​ទង​នឹង​បញ្ហា​នេះ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ហេតុផល​ថា​លោក​ស្រី​កែ ​សុវណ្ណារ័ត្ន ​មិន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​នៃ​មន្ត្រី​ជាប់​ពាក់​ព័ន្ធ​និង​ពី​កំហុស​ពួក​គេច្បាស់​លាស់​ហើយ​ការបើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន​១២​ក្នុង​ខេត្ត​សៀមរាប​ដោយ​គ.ជ.ប​ កាល​ពី​ចុង​ខែ​សីហា​ ថ្វី​ត្បិត​តែមាន​កញ្ចប់​ចំនួន​ប្រាំ​មួយ​មិន​បាន​បិទ​ជិត​និង​កញ្ចប់​មួយ​បាន​រហែក ​ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប្រែប្រួល​លទ្ធផល​បោះឆ្នោត​នោះ​ទេ។

មួយ​វិញ​ទៀត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​រកឃើញ​បាតុភូត​ដែល​ប៉ះពាល់​ដល់​ភាព​សម្ងាត់​និង​សេរី​នៃ​ការ​បោះឆ្នោត​ឡើយ។

លោក​ស្រី​កែ ​សុវណ្ណារ័ត្ន ​ដើម​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះ​គន់​ធ្ងន់ៗ​លើ​គណៈកម្មាធិ​ការជាតិ​រៀប​ចំ​ការ​បោះឆ្នោតក្នុង​សវនាការ​ហើយ​បាន​ចាត់​ទុក​ថា​រាល់​កំហុស​ដែល​បាន​កើត​ឡើង«គឺជា​កំហុស​ចេតនា»​ហើយ​បាន​ស្នើឲ្យ​មាន​ការ​ផ្តន្ទាទោស​ដល់​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​កំហុស​រួម​ទាំង​ទាត់​ចោល​សេចក្តី​សម្រេច​របស់​គជប ​ដែល​បាន​ទាត់​ចោល​បណ្តឹង​របស់​ខ្លួន។

លោក​ស្រី​បាន​កត់​សម្គាល់​ពី​ការ​ចល័ត​មនុស្ស​សម្រាប់​ការ​បោះឆ្នោត​នេះ។

«មិន​មែន​មាន​តែ​ក្នុង​ខេត្ត​សៀមរាប​ទេ​ការចល័ត​មនុស្ស​ទៅ​បោះឆ្នោត​សូម្បី​តែ​មន្ត្រី​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​មួយ​ចំនួន​ធំ​នៅ​ក្នុង​មន្ទីរ​ក្រសួង​ទៅ​ចុះ​ឈ្មោះ​នៅ​ខេត្ត​កំពង់​ចាម​ នៅ​ខេត្ត​ពោធិ៍សាត់។ល។»

ដោយឡែក​លោក​អែម​ សុផាត​ សមាជិក​គជប ​ទទួល​ស្គាល់​ថា​មន្ត្រី​មូលដ្ឋាន​បាន​ប្រព្រឹត្ត​ខុស​ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​កងទ័ព​មក​បោះឆ្នោត​មិន​ខុស​នឹង​គោលការណ៍​ច្បាប់​នោះ​ទេ​ដោយសារ​យោធា​ទាំង​នោះស្ថិត​ក្នុង​មូលដ្ឋាន​កងទ័ព​យូរយា​ណាស់​មក​ហើយ​គឺ​ប្រៀប​ដូចជា​លំនៅ​ដ្ឋាន​របស់​គេ​ហើយ​វា​ជា​ឆន្ទា​នុសិទ្ធិ​របស់​គ.ជ.ប​ ក្នុង​ការអនុញ្ញាត​ឲ្យ​ទាហាន​ទាំង​នេះ​ទៅ​បោះឆ្នោត​បាន។

លោក​អែម ​សុផាត ​ស្វាគម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។
«ធ្វើ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»។​

ប៉ុន្តែ​លោក​ស្រី ​កែ ​សុវណ្ណារ័ត្ន ​បាន​ហៅ​សេចក្តី​សម្រេច​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា​មិន​បាន​ស្រប​នឹង​បណ្តឹង​របស់​លោក​ស្រី​ទេ។

«ខ្ញុំ​មាន​ការ​សោកស្តាយ​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ឈាន​ទៅ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​បោះឆ្នោត​បន្ថែម​ទៀត។​ហើយ​ការដាក់​ទោស​ខ្ញុំ​អត់ទាន់​ឃើញ​កំណត់​ថា​តើ​ដាក់​ទោស​របៀប​ណា​ហើយ​ខ្ញុំ​ចង់​ឲ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​ពី​ទីតាំង​ទាហាន​ពីព្រោះ​ពួក​គេ​មិន​មែន​ដឹក​មក​ពី​ខេត្តសៀមរាប​ទេ​គឺ​ដឹកពី​ខេត្ត​ព្រះវិហារ​និងខេត្ត​ឧត្តមានជ័យ»។

រីឯ​លោក​បណ្ឌិត​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​ថា​និកហ្វិក​មាន​ប្រសាសន៍​ថា​ការ​ដាក់ទោស​លើ​មន្ត្រី​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​មិន​ត្រឹមត្រូវ​នោះ​ទេ។

«ការ​ទទួល​ខុស​ត្រូវ​បោះ​ឆ្នោត​ជារឿង​របស់​គជប ​ហើយ​មន្ត្រីរៀបចំ​ការ​បោះឆ្នោត​នៅ​ថ្នាក់​ការិយាល័យ​នៅ​ពេល​មានការដាក់​ទោស​គាត់​ដោយ​មិនបាន​សាកសួរ​ឬ​ចម្លើយ​ពី​គាត់​នោះ​ការ​ដាក់​ទោស​ដល់​មន្ត្រី​រៀប​ចំ​ការបោះឆ្នោត​នេះ​មិន​ត្រឹមត្រូវ​ទេ»។​

នៅ​ថ្ងៃ​ស្អែក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​អំពី​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្នុង​ខេត្ត​កណ្តាល៕