ប្រ័ពន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានហៅការបោះឆ្នោតប្រធានាធិបតីអាណត្តិនេះថាជា «ការបោះឆ្នោតជ្រើសរើសអ្នកមិនល្អ»។ ទាំងលោក Yoon Seok-youl ដែលជាអ្នកអភិរក្សនិយម និងលោក Lee Jae-Myung ដែលជាអ្នកសេរីនិយម មានអ្នកមិនចូលចិត្ត ច្រើនជាងអ្នកគាំទ្រ។ នេះបើតាមការស្ទង់មតិមួយចំនួន។
អ្នកបោះឆ្នោតភាគច្រើនយល់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកទាំងពីរមិនបានផ្ដោតទៅលើបញ្ហាសំខាន់ៗ ដែលកូរ៉េខាងត្បូងកំពុងប្រឈមនោះទេ។
តែផ្ទុយទៅវិញ ពួកគេបានវាយប្រហារគ្នាយ៉ាងខ្លាំងលើបញ្ហាបុគ្គល និងការចោទប្រកាន់គ្នាពីអំពើពុករលួយ ដែលភាគច្រើនពាក់ព័ន្ធនឹងភរិយារបស់ដៃគូប្រកួតខ្លួន ហើយពួកគេបានបង្ខំឲ្យគូប្រកួតរបស់ខ្លួន សុំទោសជាច្រើនលើកច្រើនសារ ទៅលើរឿងអាស្រូវទាំងនោះ។
បើទោះបីជាបេក្ខជនទាំង ២ មិនមានប្រជាប្រិយភាពក៏ដោយ ក៏រឿងបែបនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ចំនួនពលរដ្ឋដែលចេញទៅបោះឆ្នោតដែរ។ មានអ្នកបោះឆ្នោតលើកដំបូងដ៏ច្រើនលើសលប់បានចេញទៅបោះឆ្នោត ហើយចំនួនអ្នកបោះឆ្នោតក៏កាន់តែច្រើននៅថ្ងៃបោះឆ្នោតផងដែរ។
អ្នកដែលបានចុះឈ្មោះបោះឆ្នោត ៧៧ ភាគរយ បានចេញទៅបោះឆ្នោត បើទោះបីជាភាគច្រើន បានទទួលស្គាល់ថា ពួកគេមិនសប្បាយចិត្តនឹងជម្រើសដែលពួកគេត្រូវជ្រើសរើសក៏ដោយ។
អ្នកស្រី Shin So-yeon ដែលជាអ្នកបោះឆ្នោតម្នាក់នៅទីក្រុងសេអ៊ូល បានថ្លែងថា៖ «ប្រទេសកូរ៉េមានការបែកបាក់គ្នាយ៉ាងខ្លាំង។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលយើងត្រូវធ្វើជាបន្ទាន់នោះគឺសេដ្ឋកិច្ច។ មនុស្សសាមញ្ញកំពុងជួបការលំបាក តស៊ូជម្នះនឹងការលំបាកទាំងនេះ ដែលបង្កឡើងដោយកូវីដ១៩»។
អ្នកស្រី Kang ដែលជាអ្នកបោះឆ្នោតម្នាក់ទៀត នៅទីក្រុងសេអ៊ូល ក៏បានថ្លែងដែរថា៖ «ខ្ញុំមិនចូលចិត្តបេក្ខជនថ្នាក់ទាំងពីររូបនេះទេ។ បើតាមព័ត៌មានដែលខ្ញុំបានអាន និងតាមទូរទស្សន៍ ខ្ញុំបានដឹងថា មិនមែនមានតែខ្ញុំទេដែលមានអារម្មណ៍ដូច្នេះនោះ»។
លោក Yoon ដែលជាអ្នកឈ្នះការបោះឆ្នោតនេះ បានសន្យាថា លោកនឹងចាត់វិធានការតឹងរ៉ឹងជាងមុនទៅលើប្រទេសកូរ៉េខាងជើង។ លោកក៏បានរិះគន់ខ្លាំងៗទៅលើប្រទេសចិនផងដែរ។
បើនិយាយពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ វិញ លោក Yoon គាំទ្រឲ្យមានការផ្ដល់ការគាំពារផ្នែកសេដ្ឋកិច្ច ដែលមានគោលដៅច្បាស់លាស់ ដើម្បីជួយដល់ធុរកិច្ច និងមនុស្សដទៃផ្សេងទៀតដែលកំពុងត្រូវការចាំបាច់។
ប៉ុន្តែ លោកនឹងប្រឈមនឹងការរារាំងរបស់គណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងដែលបច្ចុប្បន្ន គណបក្សនេះកំពុងគ្រប់គ្រងស្ថាប័ននីតិបញ្ញត្តិ។
លោក Kim Min-ha ដែលជាអ្នកអត្ថាធិប្បាយនយោបាយកូរ៉េខាងត្បូង បានថ្លែងដូច្នេះថា៖ «សមាជិកសភាភាគច្រើនមកពីគណបក្សកាន់អំណាចបច្ចុប្បន្ន។ មានរយៈពេលតែ ២ ឆ្នាំទៀតប៉ុណ្ណោះមុនពេលការបោះឆ្នោតសាកលបន្ទាប់មកដល់។ ដូច្នេះ លោកមិនអាចធ្វើអ្វីបានច្រើននោះទេ»។
បញ្ហាប្រឈមធំជាងគេដែលលោក Yoon អាចនឹងជួបនោះគឺ ការប្រឹងប្រែងបង្រួបបង្រួមប្រទេសកូរ៉េខាងត្បូងឡើងវិញ នៅក្រោយការបោះឆ្នោតដែលមិនជាទីគាប់ចិត្តមួយនេះ៕
ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង —