ប្រឈម​គ្រោះ​ថ្នាក់​ស្រួច​ស្រាល់​ ក្រុម​អភិរក្ស​​ប្រឹង​ជួយ​សត្វ​អម្បូរ​ក្រចក​ចំពាម​ដែល​ជិត​ផុត​ពូជ

ប្រភេទសត្វក្រចកចំពាមនៅដែនជម្រកសត្វព្រៃស្រែពកនិងភ្នំព្រិច ខេត្តមណ្ឌលគិរី។ (មូលនិធិសត្វព្រៃពិភពលោក WWF)

ម្រើច, ដែនជម្រកសត្វព្រៃស្រែពក — ចូល​ជ្រៅ​ទៅ​ក្នុង​ព្រៃ​របោះ​កណ្ដាល​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ លោក​ ប៊ុន ត្រូពីន មាន​ការងារ​សំខាន់​ត្រូវ​ធ្វើ ដែល​លោក​ត្រូវ​តាំង​ទី​នៅ​ស្នាក់​ការ​ម្រើច ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន ក្នុង​ខេត្ត​មណ្ឌល​គិរី។

ស្នាក់​ការ​ម្រើច ដែល​មាន​ទីតាំង​នៅ​មាត់​ទន្លេ​ស្រែ​ពក​ផ្ទាល់​តែ​ម្ដង ជា​អតីត​មូលដ្ឋាន​សឹក​តាំង​ពី​យូរ​លង់ រាប់ពី​សម័យ​សមរភូមិ Dien Bien Phu ប្រឆាំង​អាណានិគម​បារាំង និងសម័យសង្គ្រាមវៀត​ណាមប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​មក​ម្ល៉េះ។

ខ្សែ​ភាពយន្ត​ឯកសារ​ថត​ ឆ្នាំ​១៩៥១ ដោយ​ជីវវិទូ​ជាតិ​អាមេរិកាំង Charles Wharton ដែល​បាន​ទៅ​ថត​នៅ​តំបន់​នោះ បង្ហាញ​អំពី​ភាព​សម្បូរ​ហូរ​ហៀរ​នៃ​អម្បូរ​សត្វព្រៃ​គ្រប់​ប្រភេទក្នុងព្រៃ​ដែល​នៅ​រក្សា​ភាព​ដើម​របស់​ខ្លួន មិន​ទាន់​មាន​គេ​ប៉ះពាល់​នា​គ្រា​នោះ។

៧​ទសវត្សរ៍​ក្រោយ​មក ស្នាក់​ការ​ម្រើច ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​ក្នុង​ប្រយុទ្ធ​នឹង​សង្គ្រាម​បែប​ថ្មី គឺការ​ស្ដា​ធនធានសត្វ​ព្រៃជិត​ផុត​ពូជ និង​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ។

កាល​ពី​ពាក់​កណ្ដាល​ខែមករា ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ជាង​ ៣០​នាក់ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​តំបន់​អភិរក្ស​ហាម​ឃាត់ ដើម្បី​ទៅ​ស្វែង​យល់​ការងារ​អភិរក្ស​ដែល​មាន​ស្រាប់​នៅ​ទី​នោះ។

ក្រុម​អ្នកសារព័ត៌មាន​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ដើរ​ចេញ​ឆ្ងាយ​ពី​ស្នាក់​ការ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​និង​វាល​ស្មៅ​នេះ​ឡើយ ដោយបារម្ភ​ហានិភ័យ​នៃ​គ្រាប់​បែក​ចង្កោម និង​កាក​សំណល់​សង្គ្រាម​នានា​ដែល​នៅ​មាន​នៅ​ទី​នោះ និង​ហានិភ័យ​នៃ​សត្វ​ព្រៃ។

តែ​សម្រាប់​លោក ត្រូពីន អាយុ​២៧​ឆ្នាំ ដែល​ជា​ជំនួយ​ការ​ស្រាវជ្រាវ​ជីវ​ចម្រុះ​នៃ​មូលនិធិ​សត្វព្រៃ​ពិភព​លោក​ (WWF)​ ប្រចាំ​ប្រទេស​កម្ពុជា ហាក់​មិន​មាន​បញ្ហា​ឡើយ ដ្បិត​លោក​ស្គាល់​ភូមិ​សាស្ត្រ​កន្លុក​កន្លៀត​នៅ​ទីនោះ​ច្បាស់។

បុរស​រូប​នេះ​កាន់​ការងារ​ជា​អ្នកគ្រប់គ្រង​កាមេរ៉ា​ ចាប់​រូបភាព​សត្វ​ជាង ​២០០​កន្លែង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​ផ្ដិត​យក​ភស្ដុតាង​សោត​ទស្សន៍​នៃ​វត្តមាន​សត្វ​ជិត​ផុត​ពូជ ជា​ពិសេស​សត្វ​ក្រចក​ចំពាម ជា​ប្រយោជន៍​នៃ​ការងារ​អភិរក្ស​សង្គ្រោះ​ពួក​វា។

ប៊ុន ត្រូពីន ជំនួយការស្រាវជ្រាវជីវចម្រុះនៃមូលនិធិសត្វព្រៃពិភពលោក (WWF) និយាយទៅកាន់អ្នកសារព័ត៌មាននៅស្នាក់ការម្រើច នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ទីស្នាក់ការម្រើច នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​ប្រាប់​ VOA ​ថា៖ «ដូច​យើង​ធម្មតា​អ៊ីចឹង យើង​ដើរ​ទៅ​ព្រៃ ​គឺ​យើង​មិន​ងាយ​ជួប​ទេ អា​សត្វ​ទន្សោង ដំរី ខ្លា​អី មិន​ងាយ​ជួប​ទេ តែ​ដល់​បើក​កាមេរ៉ា​ទៅ​បាន​ឃើញ​ហើយ wow ! (វ៉ោវ ឬភ្ញាក់ផ្អើល) សត្វ​ជិត​ផុត​ពូជ​ច្រើន ដែល​យើង​ដើរ​ស្រាវ​ជ្រាវ​ធម្មតា​អ៊ីចឹង​អត់​ឃើញ​ទេ។ អ៊ីចឹង​យើង​ត្រូវ​ប្រើ​វិ​ធីសាស្ត្រ​ផ្សេងៗ»។​

លោក ត្រូពីន បន្ថែម​ថា៖ «យើង​ឃើញ​សត្វ​មួយៗ​យើង​សប្បាយ​ចិត្ត យើង​អរ​នឹង​ឃើញ​វា​អង្គុយ​មើល​ឡើង​ជក់ភ្នែក»។

ប៉ុន្តែចំនួន​សត្វ​ព្រៃ ជា​ពិសេស​សត្វ​ក្រចក​ចំពាម​ទាំង​នោះ កាន់​តែ​មាន​ចំនួន​តិច​ទៅៗ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​នា​ពាក់​កណ្ដាល​ខែ​មករា​នេះ​របស់​អង្គការ WWF ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ ​ចុងក្រោយ​នេះ ចំនួន​សត្វ​ក្រចកចំពាម ធ្លាក់​ចុះ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​នេះ ដែល​បង្ក​សញ្ញា​អាសន្ន​ក្នុង​ចំណោម​មន្ត្រី​និង​ក្រុម​អ្នក​អភិរក្ស។

ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​នេះ ចំនួន​ទន្សោង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​ធ្លាក់​ចុះ​ ៧២% សត្វ​ឈ្លូសធ្លាក់​ចុះ​ ៥០% និង​ជ្រូក​ព្រៃ​ធ្លាក់​ចុះ​ ១៨%។ ត្រឹម​ឆ្នាំ​២០២០ WWF ឱ្យ​ដឹង​ថា​ នៅ​សល់​ទន្សោងប្រមាណ ​៨៥៦​ក្បាល ឈ្លូសប្រមាណ​ ៣.៣៥០​ក្បាល ជ្រូក​ព្រៃ​សល់​ប្រមាណ ៤.០១៧​ក្បាល។​

របាយ​ការណ៍​ដដែល​នេះ​បាន​លើក​ឡើង​ថា ​«កត្តាគំរាម​កំហែងដោយសារ​ការ​បរបាញ់ ជា​ពិសេស​ទម្រង់​នៃ​ការដាក់​អន្ទាក់នានា នៅដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ គឺ​បង្ហាញថា​ការ​គ្រប់​គ្រង​តំបន់​ការពារ និង​ការអនុវត្ត​ច្បាប់​បច្ចុប្បន្ននៅ​មាន​កម្រិត​នៅឡើយ»។

WWF​ ដដែល​បាន​ប៉ាន់​ប្រមាណ​ចំនួន​សត្វ​ទន្សោង​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេស​ប្រមាណ ​៩៥% ​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០។

នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ដែល​នៅ​ក្បែរ​ខាង​អង្គការ​អភិរក្ស​សត្វព្រៃ​ WCS ក៏​បាន​ព្រមាន​ពី​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ចំនួន​សត្វ​ក្រចក​ចំពាម​នេះ​ដែរ ​ពី​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០២០។​

ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា WCS បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា «មាន​៥​ក្នុង​ចំនួន​៦​ប្រភេទ​សត្វ​ក្រចក​ជើង​ចំពាម​ដែល​ត្រូវ​បាន​អង្កេត មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​របស់​ពួក​វា»។​

ប្រភេទសត្វក្រចកចំពាមនៅដែនជម្រកសត្វព្រៃស្រែពកនិងភ្នំព្រិច ខេត្តមណ្ឌលគិរី។ (មូលនិធិសត្វព្រៃពិភពលោក)

លោក​សេង ទៀក ​នាយកអង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់ ​VOA​ ថា​ លោក​មាន​ក្ដី​«បារម្ភ»​ ចំពោះ​ស្ថិតិ​ធ្លាក់​ចុះ​នៃ​សត្វ​ព្រៃ ដែល​បង្កពី​ការ​ដាក់​អន្ទាក់ និង​សម្ពាធ​ផ្សេង ដូច​ជាការ​បាត់​បង់​ទី​ជម្រក​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​ បើ​សិន​ជា​សម្ពាធ​នៅ​តែ​បន្ត ជា​ពិសេស​អន្ទាក់​នៅ​តែ​មាន​វត្ត​មាន​ក្នុង​ព្រៃ​របស់​យើង វា​អាច​ធ្វើ​ឱ្យ​ព្រៃ​ធម្មជាតិ​របស់​យើង​អត់​មាន​សត្វ និង​លទ្ធភាព​អាច​ទៅ​រួច។ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ​ក្រសួង​បរិស្ថាន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើការ​អនុវត្ត​ច្បាប់ ជា​ពិសេស​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង ​ដែល​ធ្វើ​ការ​នៅ​ខាង​ក្រោម​ហ្នឹង​សកម្ម​ការងារ​អនុវត្ត​ច្បាប់។ ខ្ញុំ​សង្ឃឹម​ថា​សត្វ​ព្រៃ​របស់​យើង​មិន​ផុត​ពូជ​បាន​ទេ​»។

យ៉ាងណា​ក៏ដោយ ការងារ​មន្ត្រី​ឧទ្យានុ​រក្ស​របស់​ក្រសួង​បរិស្ថាន​មាន​វិសាលភាព​ធំ​ធេង​លើស​កម្លាំង​ដែល​ខ្លួន​មាន ដែល​នៅ​ទូទាំង​ប្រទេស​មាន​មន្ត្រី​ឧទ្យានុ​រក្ស​តែ ​១.២០០​នាក់​ប៉ុណ្ណោះ ធ្វើ​ការ​លើ​តំបន់​ការពារ​ធម្មជាតិ ដែល​សរុប​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ ៧​លាន ​៣សែន​ហិកតា។​

នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ​និង​ភ្នំព្រេច​ មាន​មន្ត្រី​ឧទ្យានុរក្ស​៥១​នាក់​ ធ្វើការ​លើ​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​ការ​ពារ​ប្រមាណ​ ៦​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ ដែល​គិត​ជា​ឯកតា មន្ត្រី​ឧទ្យានុរក្ស​មួយ​រូប​កាន់​កាប់​ផ្ទៃ​ដី​ប្រមាណ​ ១​ម៉ឺន​ហិកតា។

ហើយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​បញ្ហា​ប្រឈម​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ សម្រាប់​ឧទ្យានុរក្ស​ទាំង​នោះ ទាំង​ពី​សំណាក់​ឈ្មួញ​ឈើ​និង​អ្នក​បរបាញ់​ប្រដាប់​អាវុធ​ផង និង​ពី​អន្ទាក់​ផង។​

លោក ចេង ចន្ធី មន្ត្រី​ឧទ្យានុ​រក្ស​ជា​អនុ​ប្រធាន​ស្នាក់ការ​អូរ​ល្វេ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក បាន​រំឭក​ពេល​មួយ​ដែល​លោកកំពុង​សម្រាក​នៅ​ម៉ោង​បី​ទាប​ភ្លឺ​នា​ព្រឹក​មួយ​ នា​ខែ​មករា ឆ្នាំ២០១៩ នៅ​ពេល​លោក​ព្យាយាម​ឆ្មក់​ចាប់​ក្រុម​អ្នក​ប្រមាញ់​ដែល​ជិះ​ម៉ូតូ​ឮ​កង​រំពង​ពេញ​ព្រៃ។

ក្រុម​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ស្គាល់​មុខ​ទាំង​នោះ មិន​បាន​ឈប់ទេ​តែ​ថែម​ទាំង​បាន​បាញ់​ប្រហារ​វាយ​ទម្លុះ​ខ្សែ​ត្រៀម​របស់​លោក ចន្ធី ទៀត​ផង ដែល​មាន​មួយ​គ្រាប់​បាញ់​ត្រូវ​លោក​ធ្លុះ​ចង្កេះ​ធ្លាយ​ដល់​ខាង​ក្រោយ រង​របួស​យ៉ាង​ដំណំ​ដែល​លោក​ត្រូវ​សម្រាក​៤​ខែ​ទើប​ជា​សះ​ស្បើយ​វិញ។

លោក ចេង ចន្ធី អាយុ​៤២ឆ្នាំ​ និយាយ​ពី​ការ​ប្រឈម​នឹង​ក្រុម​អ្នក​ប្រមាញ់នា​ពេល​បច្ចុប្បន្ន​នេះ​ថា៖​ «[អ្នក​បរ​បាញ់]ច្រើន​ជាង បង ច្រើន​ជាង​មន្ត្រី​អ្នក​ធ្វើ​ការ។​បទ​ល្មើស​អាច​ច្រើន​ជាង​ពីរដ​ង ព្រោះ​កម្លាំង​យើង​តិច»។

លោក​បន្ថែម​ថា៖ «ប្រឹង​ដែរ​បង យើង​ចេះ​តែ​ប្រឹង​ទៅ តែ​រឿង​ឈ្នះ​មិន​ឈ្នះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ដែរ ប៉ុន្តែ​យើង​ប្រឹង​ប្រែង»។

មួយ​ឆ្នាំ​មុន​ហេតុ​ការណ៍​បាញ់​ប្រហារ​លោក ចន្ធី ពោលគឺ​កាល​ពី​ដើម​ឆ្នាំ​២០១៨ មាន​មន្ត្រី​ឧទ្យានុរក្ស​មួយ​រូប កង​រាជ​អាវុធ​ហត្ថ​មួយ​រូប និង​មន្ត្រី​អង្គការ​ WCS​ មួយ​រូប ត្រូវ​បាន​បាញ់​ស្លាប់ ក្រោយ​ពី​អ្នក​ទាំង​៣ បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ដែល​មាន​មន្ត្រី​ខិល​ខូច​ខ្លះ​លួច​គាំទ្រ​ពី​ក្រោយ។ នេះ​បើ​តាមតាម​អង្គការ​ WCS។

មន្រ្តីឧទ្យានុរក្សបង្ហាញសកម្មភាពចាប់បទល្មើសកាប់ឈើខុសច្បាប់នៅស្នាក់ការត្រពាំងធ្មៀរ នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ម៉ូតូចាស់រាប់រយគ្រឿងដែលបានរឹបអូសពីជនល្មើសត្រូវបានគរទុកនៅក្នុងទីស្នាក់ការណាមរាម នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ដើមឈើដ៏ធំមួយដើមបានដួលរលំដោយភ្លើងឆេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

នៅ​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ គឺ​ស្រែ​ពក​និង​ភ្នំ​ព្រេច សម្ពាធ​នៅ​តែ​បន្ត។ ដែនដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ដែល​នៅ​ក្បែរ​ខាង​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ចោទ​ថា​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​នាំ​ឱ្យ​បាត់​បង់​ជម្រក​ព្រៃឈើ​សម្រាប់​សត្វ​ព្រៃ​ក្នុង​ដែន​ការពារ​ទាំង​ពីរ។

ទីភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​ (EIA) ដែល​មាន​មូលដ្ឋាននៅក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស បាន​ចេញ​ផ្សាយ​នូវ​ករណី​សិក្សា​មួយ​កាល​ពី​ឆ្នាំ​មុន អំពី​លទ្ធផល​អង្កេត​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ភូមិ​ភាគ​ឦសាន​កម្ពុជា ពី​ឆ្នាំ​២០១៧ ​ដល់​ឆ្នាំ​២០១៨ និង​ឈើ​ត្រូវ​នាំ​ចេញ​ទៅ​វៀត​ណាម​។

ក្នុង​នោះ​ក៏​មាន​ប៉ះពាល់​ធនធាន​ឈើ​ក្នុង​ដែន​ជម្រក​ស​ត្វព្រៃ​ភ្នំ​ព្រេច​ផង​ដែរ។ នេះ​បើ​យោង​តាម​ EIA។

កាល​ពី​ឆ្នាំ​២០១៩​ លោក​ឧកញ៉ា​ សឹង សំអុល​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​រឿង​ធ្វើ​ជំនួញ​ឈើ​យ៉ាង​សកម្ម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​បទ​ល្មើស​ព្រៃឈើ​ ហើយ​មន្ត្រី​បរិស្ថាន​និង​កសិកម្ម​ក្នុង​ខេត្ត​ ៥​នាក់ ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាក​សួរ​ដែរ។​

មន្ត្រី​ទាំង​៥​នាក់​នោះ ដែល​ក្រោយ​មក​ត្រូវ​រក​ឃើញ​ថា​ មិន​មាន​ទោស​កំហុស​អ្វី រួម​មាន​ផងដែរ លោក កែវ សុភ័គ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី និង​លោក ប៉ែត ភក្ត្រា នាយក​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក។

លោក ប៉ែត ភក្ត្រា បាន​ប្រាប់​ VOA​ ថា​មាន​តែ​ការ​ «អនុវត្ត​ច្បាប់​តឹង​តែង​» និង​ការ​ច្នៃ​ប្រឌិតរក​ជំនួយពី​បច្ចេកវិទ្យា​ថ្មីៗ​ទេ ទើប​អាច​សង្គ្រោះ​ចំនួន​សត្វ​ព្រៃ​ដែល​នៅ​សេស​សល់​ក្នុង​ព្រៃ​បាន។

នៅ​ពេល​សួរ​ថា​ហួស​ពេល ​ឬ​នៅ​ក្នុង​ការ​សង្គ្រោះ​សត្វ​ព្រៃ​ដែល​នៅ​សេស​សល់ លោក​លើក​ឡើង​ថា៖ «អត់​យឺ​ត​ទេ ខ្ញុំ​ថា​អត់​យឺត​ទេ ព្រោះ​អី​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង គេ​យ៉ាប់​ជាង​យើង​ច្រើន អ៊ីចឹង​បើ​សិន​ជា​យើង​ទាំង​អស់​គ្នា​រួមគ្នា ដាក់​ចិត្ត​ថា​យើង​ត្រូវ​សង្គ្រោះ ខ្ញុំ​ថា​អត់​ទាន់​ហួស​ពេល​ទេ ដូច​ព្រៃ​ឈើ​យើង​អ៊ីចឹង​ថា​បាត់​បង់ តែ​យើង​អត់​ទាន់​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​ព្រៃឈើ​របស់​យើង​បើ​យើង​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះទៅ យើង​អត់​ទាន់​ហួស​ពេល​ទេ។ តែ​បើ​ចាំ​ ១០​ឆ្នាំ​ទៀត ឬ​១៥​ឆ្នាំ​ទៀត អាច​យឺត​ពេល»។

លោក ប៉ែត ភក្ត្រា បន្ថែម​ថា​អ្នក​បរ​បាញ់​និងដាក់​អន្ទាក់​ចម្បង​គឺ​ប្រជាជន​ខ្លះ​ដែល​រស់នៅ​ក្បែរ​ដែន​ជម្រក និង​ជនជាតិ​វៀតណាម ដែល​លួ​ចឆ្លង​ដែន​ចូល និង​នាំ​ទាំង​បច្ចេកទេស​អន្ទាក់​ទំនើប​ដែល​បង្ក​វិនាសកម្ម​ដល់​សត្វ​ព្រៃ។​

លោក ប៉ែត ភក្ត្រា នាយកដែនជម្រកសត្វព្រៃស្រែពក និយាយជាមួយវីអូអេនៅក្នុងទីស្នាក់ការត្រពាំងធ្មៀរ ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

កំណាត់ឈើជាច្រើនដែលបានរឹបអូសពីជនល្មើសត្រូវបានគរទុកនៅក្នុងទីស្នាក់ការណាមរាម នៃដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នកស្រី ផាន់ ផុនណា អាយុ៤៩ឆ្នាំ សហគមន៍អរបួនលើ ដែលលែងបរបាញ់ផងនិងចូលរួមល្បាតផងដែរ និយាយជាមួយវីអូអេនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អង្គការ​ WWF បាន​ណែនាំ​ជម្រើស​និង​ដំណោះស្រាយ​ដើម្បី​បន្ថយ​សម្ពាធ​លើ​សត្វ​ព្រៃ ដូច​ជា​ការផ្ដល់​ជម្រើស​ផ្គត់ផ្គង់​ជីវភាព​សម្រាប់​ប្រជា​សហគមន៍​ដើម្បី​បញ្ឈប់​ការ​បរបាញ់ ពង្រឹងការ​អនុវត្តច្បាប់ និង​ការ​ផ្ដល់​ជម្រើស​ពី​ការ​កាប់​ឈើ​ដាំ​ម្រេច​ដែល​ជា​ដំណាំ​ពេញ​និយម​នៅ​តំបន់​ខ្ពង់​រាប។

អ្នកស្រី​ ផាន់ ផុនណា ​អាយុ៤៩ឆ្នាំ​ ដែល​ចូល​មក​រស់​នៅ​ស្រុក​កោះ​ញែក តាំង​ពី​ឆ្នាំ​១៩៩៤​មក បាន​សម្រេច​បោះ​បង់​ការ​បរបាញ់​សត្វ​កាប់​ឈើ និង​ងាក​មក​ចិញ្ចឹម​ជ្រូក​មាន់​ទា​ និង​ធ្វើស្រែ​វិញ​តាម​រយៈ​ការ​ចូលរួម​សហគមន៍​អរ​បួន​លើ ដែល​លែង​បរបាញ់​ផង​និង​ចូលរួម​ល្បាត​ផង​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​គេ​ការពារ​ព្រៃឈើ មាន​បរិស្ថាន​មាន​សហគមន៍​អ៊ីចឹង​ណា ពីមុន​នោះ​លោកគ្រូអើយ​កាប់អី​ក៏​បាន​រកអី​ក៏​បាន​ដែរ»។

លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេសកម្ពុជា បង្ហាញ​ក្ដី​សង្ឃឹម​នៅ​តែ​មាន។ លោក​មាន​ប្រសាសន៍​ថា៖ «បាទ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ យើង​រស់​ដោយ​សារ​តែ​មាន​សេចក្ដី​សង្ឃឹម។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើការ​រួមគ្នា​យ៉ាង​បន្ទាន់​តែ​ម្ដង ដើម្បី​រិះរក​វិធី អភិរក្ស​សត្វ និង​ទប់​ស្កាត់​បទ​ល្មើស​ដទៃ​ទៀត ដើម្បី​ឱ្យ​សត្វ​ព្រៃ​របស់​យើង​ដែល​នៅ​សេស​សល់ ទាំង​ប៉ុន្មាន​ហ្នឹង អាច​មាន​ជីវិត​ឡើង​វិញ»។

លោក​បន្ថែម​ថា៖ «សត្វព្រៃ​ជាទូទៅ​ចាំបាច់​ត្រូវការ​ទីន្លែង​មួយ​ដែល​ស្ងប់ស្ងាត់​មិន​មាន​អន្ទាក់​មិន​មាន​កាំភ្លើង មិន​មាន​រណារ​យន្ត ហើយ​មិនមាន​សកម្មភាព​មនុស្សចូលទៅក្នុង​ហ្នឹង​ទេ​ចាំបាច់​ត្រូវ​មាន​កន្លែង​ជា Safe Heaven មួយ​ឲ្យ​វារស់នៅ»។

បក​ទៅ​ទីស្នាក់​ការ​ម្រើច​វិញ លោក ​ប៊ុន ត្រូពីន​ យល់​ថា​ ការងារ​អភិរក្ស​ប្រចាំ​ថ្ងៃ​របស់​លោក​រកទី​បញ្ចប់​មិន​ឃើញ​ឡើយ ដើម្បី​ធានា​រក្សា​សត្វ​ព្រៃ ជា​ពិសេស​អម្បូរ​សត្វ​ក្រចក​ឱ្យ​នៅ​មាន​វត្តមាន​ក្នុង​ព្រៃ​ដែល​នៅ​ភាគ​ឦសាន​មួយ​នេះ។

លោក​ថ្លែង​ថា៖ «វា​មិន​បង្ហាញ​ថា​ការងារ​យើង​វា​ជោគ​ជ័យ ១០០%​ទេ ប៉ុន្តែ​យើង​អាច​ទប់​ស្កាត់​បាន។ យើងអាច​មាន​និរន្តភាព។ យើង​មិនឲ្យ​វា​ធ្លាក់​ចុះ​ជាង​ហ្នឹង»៕