គម្រោងជាសម្ងាត់របស់សហចៅក្រមស៊ើបអង្កេតភាគីបរទេស ដែលចង់បញ្ចប់ ឬផ្អាក នីតិវិធីនៃសំណុំរឿងខ្មែរក្រហមបន្ថែម០០៣ និង០០៤ នៅពាក់កណ្តាលឆ្នាំនេះ ដោយសារការគ្មានថវិកានោះ ត្រូវបានលេចធ្លាយចេញជាសាធារណៈ។ ក្រុមអ្នកឃ្លាំមើលសាលាក្តី និងជនរងគ្រោះចាត់ទុកថា ការបញ្ចប់សំណុំរឿងទាំងពីររបៀបនេះ គឺជាការបន្សល់ទុកកេរ្តិ៍ដំណែលមិនល្អ។
សំណុំរឿង០០៣ និង០០៤ ដែលមានជនជាប់ចោទ៤នាក់ ត្រូវគេចាត់ទុកថា ជាសំណុំរឿង ដែលមានការជ្រៀតជ្រែកផ្នែកនយោបាយ នៅពេលដែលការចោទប្រកាន់ និង ការស៊ើបអង្កេត ធ្លាប់រងការរារាំងពីភាគីជាតិក្នុងតុលាការ ដូចជាការប្រកាសជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនចង់ឃើញមានការកាត់ទោសបន្តនាំឲ្យមានបញ្ហាតាមពាក្យលោក ដែលថា ការកាត់ទោសបន្តខូចខាតសន្តិភាព និងការបង្រួមបង្រួមជាតិ ដែលជារឿងពិបាក នឹងរកបាននោះ។
ភាគីអន្តរជាតិ មានសហចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូប ត្រូវគេរាយការណ៍មកថា បានលាឈប់ពីមុខតំណែង ដោយសារតែមិនអាចដំណើរការរឿងក្តីនេះ។
បើតាមការដកស្រង់សេចក្តីស្នើ ដែលគេអះអាងថាជារបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដាក់ជូនការិយាល័យរដ្ឋបាលជាសម្ងាត់ ដែល VOA ទទួលបាននោះ បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេត បានជម្រាបជូនភាគីពាក់ព័ន្ធនានាក្នុងសំណុំរឿង០០៣ ដែលមានលោក មាស មុត ជាជនសង្ស័យ និងសំណុំរឿង០០៤ មានលោក យឹម ទិត និង លោក អោ អាន ជាជនសង្ស័យ អំពីគោលបំណង«បញ្ចប់ដំណើរការជាអចិន្ត្រៃយ៍ក្នុងសំណុំរឿងទាំងបីនេះ ដោយមិនឲ្យហួសពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដោយសារការខ្វះខាតថវិកា»។
ឯកសារដដែលបានបន្ថែមសេចក្តីទៀតថា៖
«សំណើរនៃការបញ្ចប់នេះផ្អែកទៅលើហេតុផលចម្បងតែមួយគត់ គឺការមិនមានការធានាថវិកាគ្រប់គ្រាន់ ហើយវាអាចបញ្ចប់ និងរារាំងជាអចិន្ត្រៃយ៍ មិនឲ្យបើកការស៊ើប អង្កេតណាមួយឡើងវិញទេ»។
លោក ឡុង បញ្ញាវុធ្ឍ មន្ត្រីកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានថ្លែងថា វាជាការសោកស្តាយដែលសាលាក្តីនេះ បញ្ចប់ ឬផ្អាកសំណុំរឿងបន្ថែម ដោយសារការខ្វះថវិកា ដោយលោកចាត់ទុកថា នេះជាការមិនទទួលខុសត្រូវរបស់ភាគីជាតិ និងអន្តរជាតិ។
«ប៉ុន្តែបញ្ហាដែលសំខាន់គឺថាសាលាក្តីខ្មែរក្រហម ទាក់ទងនឹងសំណុំរឿង០០៣ និង ០០៤គឺថា កង្វះខាតគឺទី១ ឆន្ទៈនយោបាយពីខាងជាតិ និងអន្តរជាតិ ជាពិសេសភាព បរាជ័យរបស់អង្គការសហប្រជាជាតិនៅក្នុងការជំរុញឲ្យរដ្ឋាភិបាលគោរពទៅតាមកិច្ចព្រមព្រៀង។ បញ្ហាដែលអភ័ព្វសម្រាប់ជនរងគ្រោះនោះ គឺថាជនរងគ្រោះត្រូវបានជាតិនិងអន្តរជាតិ មើលរំលង ហើយម្យ៉ាងទៀត ជារឿងមួយដ៏អភ័ព្វបំផុតដែលថាសាលាក្តីនេះបន្សល់ទុកនូវកេរ្តិ៍ដំណែលមួយដ៏អវិជ្ជមានថា សាលាក្តីនេះ មិនអាចជម្នះបាននូវភាពឯករាជ្យ»។
លោក ឡុង បញ្ញាវុធ្ឍ បានបន្តថាសាលាក្តីនេះ តាំងពីដើមគ្មានថវិកាគ្រប់គ្រាន់តែតុលាការចេះតែដំណើរការទៅមុខ។
លោក ស៊ុំ រិទ្ធី ជាជនរងគ្រោះដែលរួចជីវិត ហើយធ្លាប់ដាក់ពាក្យប្តឹងជាដើមបណ្តឹង រដ្ឋប្បវេណីបានថ្លែងថា ការបញ្ចប់សំណុំរឿងដោយសារថាគ្មានថវិកានេះ ជារឿងអាម៉ាស់របស់ភាគីជាតិ និងអន្តរជាតិ ហើយជនរងគ្រោះ នឹងមិនអាចទទួលយកបានទេ ដោយសារតែជនសង្ស័យក្នុងសំណុំរឿងបន្ថែម ដែលលោកបានចោទថា ជាជនដៃដល់ក្នុងសម័យខ្មែរក្រហមនោះ មិនត្រូវតុលាការនាំយកមកកាត់ទោសដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ។
«បើនិយាយពីរឿងថវិកាខ្ញុំអត់ជឿទេ ព្រោះអីក្នុងតុលាការហ្នឹង គឺមានអង្គការសហប្រជាជាតិមួយទាំងមូល បានមកចូលរួមនៅក្នុងការកាត់សេចក្តី នៅក្នុងការកាត់សេចក្តីមេដឹកនាំខ្មែរក្រហម ហើយបើនិយាយថា អត់លុយហ្នឹងអាម៉ាស់ជាងគេគឺអន្តរជាតិហ្នឹងហើយ មិនថាកម្ពុជាទេ ព្រោះកម្ពុជាតែមួយប្រទេសទេ តែអន្តរជាតិប្រទេសច្រើន។ ការបញ្ចប់ដោយគ្មានយុត្តិធម៌ហ្នឹងអន្តរជាតិហ្នឹង លោកត្រូវពិចារណាមកវិញ»។
លោកបានបន្ថែមពីទុទិដ្ឋនិយមចំពោះកេរ្តិ៍ដំណែលតុលាការខ្មែរក្រហមដែរថា៖
«ចំណែកកេរ្តិ៍ដំណែលក៏វាគ្មានន័យអីសម្រាប់ជនរងគ្រោះ និងគ្មានន័យអីសម្រាប់កម្ពុជាដែរ ព្រោះវាដំណើរការវាអត់ចប់ចុងចប់ដើម ដូចតុលាការ១៩៧៩ ដែលខ្ញុំទទួលរង»។
លោក Peter Maguire សាស្ត្រាចារ្យច្បាប់អាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅខ្មែរ ក្រហមហៅថា «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» បានអះអាងថា អ.ស.ប.បានចាញ់ល្បែងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតឡើងទាក់ទងនឹងរឿងការកាត់ទោសសំណុំរឿងបន្ថែមនេះ។
«វាជារឿងច្បាស់លាស់ណាស់សម្រាប់ខ្ញុំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ គឺថា សំណុំរឿង០០៣ និង០០៤ នឹងមិនអាចកើតឡើងបានទេ ពីព្រោះនេះជាបញ្ហានយោបាយ មិនមែនជាបញ្ហាច្បាប់ទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់តាំងពីដំបូងថា សាលាក្តីនេះកាត់ទោស តែមេដឹកនាំជាន់ខ្ពស់បំផុត ហើយអង្គការសហប្រជាជាតិ បានព្យាយាមធ្វើឲ្យទៅជានីតិវិធី ដោយការបញ្ចូលគ្នាទាំងច្បាប់និងនយោបាយ ហើយជាថ្មីទៀត អ.ស.ប. ចាញ់ល្បែងនេះជាមួយលោក ហ៊ុន សែន»។
ទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានប្រតិកម្មចំពោះការចេញផ្សាយអត្ថបទរបស់កាសែតភ្នំពេញបុស្តិ៍ ដែលបានដកស្រង់ឯកសារជាសំណើទៅកាន់ការិយាល័យរដ្ឋបាលថ្មីៗរបស់សហចៅក្រមស៊ើប អង្កេត រឿងការផ្អាកដំណើរការនីតិវិធីចំពោះសំណុំរឿង០០៣និង០០៤ ដោយសារការខ្វះខាតថវិកានេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទទួលស្គាល់ថា៖
«សំណើរនេះត្រូវបានផ្ញើរជូនដោយសម្ងាត់ ហើយម្យ៉ាងទៀតពីព្រោះនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេត ដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀតដោយសារតែបញ្ហានេះ មានភាពរសើបខ្លាំង ការិយាល័យរដ្ឋបាល នឹងត្រូវពិគ្រោះជាមួយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពាក់ព័ន្ធនឹងថវិកានេះ។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សាជាសាធារណៈនៅក្នុងដំណាក់កាលនេះទេ»។
ប៉ុន្តែសាលាក្តីខ្មែរក្រហមបានបន្តថា ការប្រកាសរបស់សាលាក្តីនេះជូនសាធារណជនគឺដើម្បីបញ្ជៀសនូវការប៉ាន់ស្មាន និងផ្អែកលើអង្គហេតុមិនត្រឹមត្រូវ។
សហចៅក្រមស៊ើបអង្កេតកាលពីខែកុម្ភៈ បានទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម អតីតអភិបាលស្រុកព្រះនេត្រព្រះ ដែលជាជនសង្ស័យក្នុងសំណុំរឿង០០៤ ម្នាក់ផងនោះ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧកិ្រដ្ឋកម្មផ្សេងៗទៀត។
ភ្លាមៗក្រោយពេលដែលមានការទម្លាក់បទចោទនេះ ជនជាប់ចោទ និងពលរដ្ឋជាអតីតទាហ៊ានខ្មែរក្រហមក្នុងភូមិភាគពាយព្យប្រទេស បានផ្តល់កិច្ចសម្ភាសន៍ជាមួយVOA កាលពីខែមុន ដោយបានទទូចឲ្យតុលាការមានការទម្លាក់បទចោទប្រកាន់នានាដូចជាតុលាការធ្វើចំពោះអ្នកស្រី អ៊ឹម ចែម ផងដែរ។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសបញ្ចប់សំណុំរឿង០០២វគ្គបញ្ចប់ ដែលមានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ពីរនាក់គឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋ ពីបទឧក្រិដ្ឋកម្មនានា ទាក់ទងនឹងការស្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ នៅក្នុងទសវត្សរ៍១៩៧០៕