នៅក្រោយពេលមានភ្លៀងធ្លាក់ម្តងៗ អ្នកស្រុកក្នុងខេត្តប៉ៃលិន បាននាំគ្នាដើររើសត្បូងនៅតាមជើងនិងចង្កេះភ្នំយ៉ាត ដោយពួកគេជឿថា ភ្នំនោះគឺជាជម្រកនៃត្បូងដ៏មានតម្លៃជាច្រើន។ ប៉ុន្តែ ជំនឿរបស់អ្នកស្រុក បានបង្កឲ្យមានសកម្មភាពលួចជីកកកាយរកត្បូងនៅលើភ្នំនោះជាបន្តបន្ទាប់ ដែលនាំឲ្យមានការព្រួយបារម្ភចំពោះការហិនហោចនៃភ្នំដែលជាទីសក្ការបូជារបស់អ្នកស្រុកនៅទីនោះ។
ក្រោយពីមានភ្លៀងធ្លាក់មួយមេ លោក វ៉ន វុទ្ធីបានធ្វើដំណើរតាមម៉ូតូរបស់លោក សំដៅឆ្ពោះទៅភ្នំយ៉ាត ដែលស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្ទះរបស់លោកក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ដោយដៃកាន់សោម៉ូតូរួចដើរឆ្កិះដីនៅចន្លោះថ្មតាមចង្កេះភ្នំនេះ លោក វុទ្ធី ដែលជាជាងសំណង់វ័យ៣៥ឆ្នាំរូបនេះ បានមានប្រសាសន៍ដោយឥតលាក់លៀមថា នៅក្រោយភ្លៀងធ្លាក់ម្តងៗ លោកតែងមកភ្នំនេះ ដើម្បីដើររកមើល ក្រែងប្រទះឃើញត្បូងដែលមានតម្លៃ។
«ចេះតែដើរមើលតាមចង្អូរៗអញ្ចឹង តាមដី អាភ្លៀងច្រោះៗអញ្ចឹងទៅ។ ចេះតែដើរមើលទៅ ជួនបានក៏បានទៅ ជួនអត់ក៏អត់ទៅ ប៉ុន្តែបានហ្នឹងមិនមែនបានត្បូងមានតម្លៃទេ បានតែតង គេហៅតងៗហ្នឹង របៀបយើងធ្វើចិញ្ចៀន យើងដាក់ខាងៗ អាតូចៗ គេច្នៃតូចៗហ្នឹង។»
បើទោះបីជាបច្ចុប្បន្ននេះ គេជឿថា ស្ទើរតែលែងមានត្បូងដែលមានតម្លៃនៅក្នុងទឹកដីបប៉ៃលិននេះទៀតហើយក៏ដោយ ក៏ខេត្តប៉ៃលិនត្រូវបានគេស្គាល់ជាទូទៅថាជាតំបន់ដែលសម្បូរទៅដោយត្បូងពេជ្រដ៏មានតម្លៃជាច្រើនប្រភេទតាំងពីយូរលង់ណាស់មកហើយ។
លោក វ៉ន វុទ្ធី មានប្រសាសន៍ថា លោកនៅតែជឿថា ភ្នំយ៉ាតនេះគឺនៅតែជាជម្រកនៃត្បូងដ៏មានតម្លៃជាច្រើននៅឡើយ ដោយកន្លងមក មានការនិយាយតៗគ្នាថា មានអ្នកស្រុកមួយចំនួនហើយដែលធ្លាប់រើសបានត្បូងដែលមានតម្លៃនៅតាមជើងភ្នំនេះ។
«ចុះបើមាត់មួយមាត់ពីរអញ្ចឹង ចេះតែរើសទៅ។ យើងគិតមើល ឲ្យតែមានភ្លៀង តាមថ្នល់ក៏មានមនុស្សរើសដែរ។ អញ្ចឹង តងអីហ្នឹងមិនដែលសល់ទេ។»
ដូនជី មៀច ផាន អាយុ៦១ឆ្នាំ ដែលបានស្នាក់នៅក្នុងវត្តភ្នំយ៉ាតដែលស្ថិតនៅលើកំពូលភ្នំនេះអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ មានប្រសាសន៍ថា ឲ្យតែក្រោយពេលមានភ្លៀងធំម្តងៗ អ្នកស្រុកច្រើនត្រៀបត្រា ពេលខ្លះរហូតដល់រាប់រយនាក់បាននាំគ្នាដើរឈ្ងោកៗរកត្បូងនៅតាមជើងនិងចង្កេះភ្នំនេះ ដោយពួកគេជឿថា ភ្នំនេះនៅបង្កប់ទៅដោយត្បូងដែលមានតម្លៃច្រើនជាងគេនៅក្នុងខេត្តនេះ។
«ទម្លាប់គាត់តាំងពីដើមអញ្ចឹងមក ព្រោះតំបន់ប៉ៃលិន គេថាបើដើរឲ្យឈ្ងោកមើលក្រោម កុំមើលលើ ព្រោះដីត្បូង។ ជួនកាលអ្នកមាននិស្ស័យទៅ មិនបាច់ភ្លៀងក៏គេរើសបានដែរ។»
ប៉ុន្តែ ជំនឿរបស់អ្នកស្រុកដែលថា នៅលើភ្នំយ៉ាតនេះ នៅមានត្បូងដែលមានតម្លៃច្រើននៅឡើយនេះ បានទាក់ទាញឲ្យមានសកម្មភាពលួចជីកគាស់កកាយដីភ្នំ ដើម្បីស្វែងរកត្បូងដែលមានតម្លៃទាំងនោះ។
ដូនជី ប្រាក់ កែម វ័យ៦៤ឆ្នាំ ជាអ្នកថែរក្សាវត្តភ្នំយ៉ាតម្នាក់ទៀត បានប្រាប់ឲ្យដឹងថា សកម្មភាពលួចជីកកកាយដីភ្នំពីសំណាក់ជនល្មើសគឺធ្វើឡើងតែនៅពេលយប់ស្ងាត់ប៉ុណ្ណោះ។
«យប់ៗ វាចេះតែសម្ងំជីក។ វាលួចជីកដាក់ការ៉ុងយកទៅរែងទឹក ជួនកាលក៏បាន ជួនទៅក៏អត់ទៅ។»
សកម្មភាពលួចជីកគាស់កកាយដីភ្នំដើម្បីស្វែងរកត្បូងនេះ បានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់អ្នកថែរក្សាវត្តនិងភ្នំយ៉ាតនេះ ។ វត្តនិងភ្នំយ៉ាតនេះ ជាកន្លែងសក្ការបូជារបស់អ្នកស្រុកផង និងជាទីរមណីយដ្ឋានទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តប៉ៃលិននេះផង។
ដូនជី មៀច ផាន មានប្រសាសន៍បញ្ជាក់ពីក្តីព្រួយបារម្ភថា បើសកម្មភាពលួចជីកគាស់កកាយដីភ្នំនេះនៅតែបន្តទៀតនោះ នោះទីកន្លែងគោរពបូជានិងជាតំបន់ទេសចរណ៍នេះ អាចនឹងបាត់បង់នៅថ្ងៃណាមួយមិនខាន។
«បើគាត់នៅតែខំប្រព្រឹត្តអញ្ចឹង ខ្លាចបាត់បង់ដែរហ្នឹងណា៎ចៅ។»
ឆ្លើយតបនឹងកង្វល់នេះ លោកម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា អាជ្ញាធរបានដាក់កម្លាំងការពារប្រចាំការនៅលើភ្នំនេះរួចហើយ ដើម្បីទប់ស្កាត់សកម្មភាពលួចជីកគាស់កកាយដីភ្នំនេះ។
«គាស់កាយយ៉ាងម៉ិចកើត សមត្ថកិច្ចតាមមើល ហើយគេអនុវត្តច្បាប់។ អ្នកប៉ៃលិន គឺគោរពអនុវត្តច្បាប់ណាស់ទោះបីមាននៅភ្នំខៀវ ភ្នំអីក៏ដោយ គេមិនទៅឡើងជីកទេ។»
លោក ម៉ី មគ្គ មានប្រសាសន៍បន្ថែមថា ចំណែកអ្នកដើររើសត្បូងតាមជើងនិងចង្កេះភ្នំយ៉ាតនេះក៏លែងសូវសម្បូរដូចពេលមុនទៀតហើយ ដោយ ពួកគេបានផ្តោតការយកចិត្តទុកដាក់ទៅលើការងារស្រែចំការរបស់ពួកគេជាជាងការផ្សងសំណាងដើររើសត្បូងបែបនេះហើយ នាពេលបច្ចុប្បន្ននេះ៕