អតីតកុមារអ្នកទោសខ្មែរក្រហមម្នាក់បានប្រកាសដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអតីតប្រធានយោធាខ្មែរក្រហមចំនួនពីរនាក់ ដែលកំពុងរស់នៅភាគពាយព្យនៃប្រទេសកម្ពុជា។
កញ្ញា សេង ធារី ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌ និងការផ្សះផ្សារ និយាយនៅថ្ងៃច័ន្ទនេះថា នាងគ្រោងនឹងដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងអតីតមេដឹកនាំយោធាជាន់ខ្ពស់ខ្មែរក្រហមចំនួនពីរនាក់ គឺលោកមាស មុត និងលោកស៊ូ ម៉េត ខណៈដែលជនសង្ស័យទាំងប្រាំនាក់ក្នុងសំណុំរឿងទាំងពីរនេះកំពុងស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមបានបដិសេធការស៊ើបអង្គេតតាមចាប់ជនសង្ស័យបន្ថែមសម្រាប់សំណុំរឿងពីរចុងក្រោយនេះដោយសំអាងលើហេតុផលនៃការបារម្ភអំពីការបង្កឲ្យមានបញ្ហាអសន្ដិសុខសង្គម។
លោកមាស មុត អតីតមេបញ្ជាការកងពលលេខ ១៦៤ នៃកងទព័ជើងទឹកខ្មែរក្រហម រីឯលោក ស៊ូ ម៉េត ធ្លាប់ជាមេបញ្ជាការកងពលលេខ៥០២ នៃកងទព័អាកាសរបស់ពួកខ្មែរក្រហម។
ឯកសារនានាបង្ហាញការសង្ស័យថា អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមទាំងពីរទទួលខុសត្រូវចំពោះការចាប់ខ្លួន និងការសម្លាប់ប្រជាពលរដ្ឋដោយពួកកងទព័ ដែលស្ថិតក្រោមបញ្ជារបស់ពួកគេ។
កញ្ញា សេង ធារី លើកឡើងថា បណ្ដឹងរបស់នាងនឹងជួយជំរុញល្បឿនសំណុំរឿងចុងក្រោយដែលត្រូវគេលើកឡើងពីការខ្ទាស់ដោយសារការជ្រៀតជ្រែកនយោបាយនោះ។ នាងថ្លែងដូច្នេះថា៖
«ខ្ញុំចង់ទាមទារយុត្តធម៌ឲ្យមានភាពពេញលេញ ពីព្រោះខ្ញុំដឹងថា រឿងនេះ នយោបាយបានជ្រៀតជ្រែកចូល។ ខ្ញុំចង់លើកទឹកចិត្តឲ្យជនរងគ្រោះផ្សេងៗគ្នាចូលរួមនៅក្នុងការដាក់ពាក្យបណ្តឹង នៅក្នុងករណី០០៣ និង០០៤ ដែលថ្នាក់នយោបាយបានជ្រៀតជ្រែក បានប្រកាសថា គាត់អត់ចង់ឲ្យ ដំណើរការទៅមុខ»។
អតីតនាយិការមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម កើតនៅឆ្នាំ ១៩៧១។ នាងធ្លាប់ជាអតីតអ្នកទោសកុមារ ម្នាក់នៅក្នុងខេត្តស្វាយរៀង។ ឪពុកម្ដាយរបស់នាងត្រូវពួកខ្មែរក្រហមសម្លាប់ចោល។ កញ្ញា សេង ធារី មានប្រសាសន៍ថា លោកមាស មុត និងលោកស៊ូ ម៉េត ត្រូវមានការទទួលខុសត្រូវផ្នែកផ្លូវច្បាប់ចំពោះជនរងគ្រោះខ្មែរក្រហមដោយសារតែគាត់បានចូលរួមក្នុងការផ្ដល់គំនិតមួយចំនួន ដែលបណ្ដាឲ្យមានការកាប់សម្លាប់។ ផ្ទុយទៅវិញ លោកឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមបានលើកឡើងថា ការលើកឡើងរបស់កញ្ញាសេង ធារី ទាក់ទងនឹងអតីតមេបញ្ជាការកងទព័ខ្មែរក្រហម គឺគ្រាន់តែជាការប៉ាន់ប្រមាណទុកតែប៉ុណ្ណោះ ហើយក៏ជាការមិនទទួលខុសត្រូវមួយ។ លោកបន្តទៀតថា៖
«នេះជាការប៉ាន់ប្រមាណគិតទុក ហើយវាផ្ទុយទៅនឹងដំណើរការផ្លូវច្បាប់»។
លោក រោង ឈង ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា លោកមិនទាន់បានឃើញបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់កញ្ញាសេង ធារី នៅឡើយ នៅថ្ងៃនេះ ក៍ប៉ុន្ដែលោកបានទទួលអ៊ីម៉េលរបស់កញ្ញា សេង ធារី ដែលប្រកាសសុំតាំងខ្លួនជា ដើមបណ្ដឹងរដ្ឋប្បវេណី។
ដោយឡែក លោក ជូង ជូងី មេធាវីរបស់កញ្ញាសេង ធារី បានឲ្យដឹងថា លោកមិនទាន់បានយកឯកសារណាមួយរបស់កូនក្ដីខ្លួនទៅកាន់សាលាក្ដីខ្មែរក្រហមនៅឡើយទេ។
លោកមាស មុត និងលោក ស៊ូ ម៉េត សុទ្ធតែមានអាយុជាង ៧០ ឆ្នាំរៀងៗខ្លួនទៅហើយ។ លោក មាស មុត ធ្លាប់បានប្រាប់វីអូអេខ្មែរ សំឡេងសហរដ្ឋអាមេរិកថា លោកមិនបានធ្វើអ្វីខុសនៅក្នុងសម័យខ្មែរក្រហមនោះទេ ហើយការចោទប្រកាន់ណាមួយទៅលើរូបលោកដោយសាលាក្ដីខ្មែរក្រហមគឺជាការមិនអាចទទួលយកបានទេ។ សូមបញ្ជាក់ថា កញ្ញាសេង ធាវី ក៏ជាដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង០០២ សំណុំ រឿងនេះ ដែលនឹងត្រូវកាត់ទោសនៅក្នុងអំឡុងខែមិថុនាឆ្នាំនេះដែរ ៕