មេធាវីតំណាងក្រុមហ៊ុននឹម ម៉េង ដែលត្រូវគេស្គាល់ថា ជាទីប្រឹក្សាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងរៀបចំពាក្យបណ្ដឹងមួយផ្សេងទៀតទៅតុលាការក្រុងភ្នំពេញដើម្បីប្ដឹងក្រុមហ៊ុន Hong Tung Resources ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ពីបទបរិហារកេរ្តិ៍ ក្រោយពីក្រុមហ៊ុននេះបានចុះផ្សាយក្នុងទំព័រសារព័ត៌មានថា ក្រុមហ៊ុននឹម ម៉េងបានយកសម្ភារៈយោធាទៅដឹករ៉ែលោហៈធាតុចេញពីកំពង់ផែរាមកាលពីខែកក្កដាឆ្នាំ២០១០។
លោកជា សុខចាន់ មេធាវីការពារក្តីឲ្យក្រុមហ៊ុននឹម ម៉េងគ្រុប (Nim Meng Sinohope Group)បានមានប្រសាស៍ថា កូនក្តីរបស់លោកកំពុងរៀបចំពាក្យបណ្តឹងមួយផ្សេងទៀតប្រឆាំងក្រុមហ៊ុន Hong Tong Resources ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ពីបទបរិហារកេរ្តិ៍ ក្រោយពីក្រុមហ៊ុននេះបានចុះផ្សាយនៅក្នុងទំព័រសារព័ត៌មានថា ក្រុមហ៊ុន Nim Meng Sinohope Group បានយកសម្ភារៈយោធាទៅប្រើប្រាស់ខុសច្បាប់។
«ក្នុងករណីនេះ ការសរសេររបៀបនេះ គឺឥឡូវខាងក្រុមហ៊ុនកូនក្តីខ្ញុំហ្នឹងកំពុងតែរៀបចំពាក្យបណ្តឹងប្តឹងពីបទបរិហារកេរ្តិ៍វិញហើយ ពីព្រោះការចុះផ្សាយរបស់គាត់ជាការផ្សាយមិនពិត។ វាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសកូនក្តីខ្ញុំទៀត»។
កាលពីថ្ងៃអង្គារ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សំដីលោកកុយ ធុនណា មេធាវីការពារក្តីឲ្យក្រុមហ៊ុន Hong Tong Resources បានចុះផ្សាយថា ក្រុមហ៊ុន Nim Meng Sinohope Group បានយកនាវាយោធាកម្ពុជាយកមកប្រើប្រាស់ដើម្បីនាំចេញរ៉ែទង់ដែងចេញពីកំពង់ផែរាម។
កាសែតដដែលបាននិយាយទៀតថា ក្រុមហ៊ុនបានចាប់ផ្តើមសហការដោយបាននាំចេញរ៉ែ ទង់ដែងប្រមាណ៣៤៦៦,៤៨តោនតាមកំពង់ផែរាមក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០១០ មុនពេលដែលពួកគេបង្កើតក្រុមហ៊ុនវិនិយោគទុនរួមគ្នា។
លោកតាំង សុខឃី តំណាងឲ្យលោកហ៊ីង តុងកូ ប្រធានក្រុមហ៊ុន Hong Tong Resources បានមានប្រសាសន៍នៅថ្ងៃពុធនេះថា អ្វីដែលលោកបានឲ្យលោកមេធាវីលើកឡើងនេះគឺជាការណ៍ពិត ពីព្រោះយើងមានឯកសារគ្រប់គ្រាន់បញ្ជាក់ថា ក្រុមហ៊ុន Nim Meng ពិតជាបានយកសម្ភារៈយោធាទៅប្រើប្រាស់ពិតប្រាកដមែន។
លោកតាំង សុខឃីបានមានប្រសាសន៍ទៀតថា រឿងក្តីនេះមិនមែនជាការលេងសើចទេ។
«ភាគីខាងក្រុមហ៊ុន Nim Meng Group បើគាត់ធ្វើរបៀបនេះ គាត់កំពុងតែបំផ្លាញគោលនយោ បាយដ៏ល្អរបស់រាជរដ្ឋាភិបាល ព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺអំពាវនាវឲ្យអ្នកដែលមានទុនពិប្រាកដចូលមករួមចំណែកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹងគឺភាគីខ្ញុំមានទុនគ្រប់គ្រាន់ក្នុងការចុះមកវិនិយោគ ប៉ុន្តែគួរឲ្យសោកស្តាយគឺគាត់ធ្វើអ្វី ជាក់ស្តែងគឺគាត់ធ្វើលុបកិច្ចព្រមព្រៀងដោយឯកតោភាគី»។
ក្រុមហ៊ុន Hong Tong Resouces និងក្រុមហ៊ុន Nim Meng Sinohope Gorup បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១០ ដើម្បីរុករករ៉ែលោហៈ និងការកសាងរោងចក្រកែច្នៃរ៉ែ ដែលមានទីតាំងនៅក្នុងស្រុកជីក្រែងខេត្តសៀមរាប ដែលមានទឹកប្រាក់រហូតដល់៨៧លានដុលា្លរសហរដ្ឋអាមេរិក។
ក្រុមហ៊ុនទាំងពីរបានឈានទៅដល់ដើរផ្លូវបំបែកគ្នាជាពីរ បន្ទាប់ពីក្រុមហ៊ុន Nim Meng បានលុបចោលកិច្ចព្រមព្រៀងជាឯកតោភាគី ដោយមិនបានផ្តល់ដំណឹងជាមុនដល់ក្រុមហ៊ុន Hong Tong Resources។
ក្រុមហ៊ុន Nim Meng បានប្តឹងក្រុមហ៊ុន Hong Tong ទៅតុលាការក្រុងភ្នំពេញពីបទរំលោភសេចក្តីទុកចិត្ត ហើយតុលាការនៅថ្ងៃទី២៥ខាងមុខនេះនឹងកោះហៅភាគីទាំងពីរឲ្យចូលបំភ្លឺនៅចំពោះមុខតុលាការ។
ចំណែកឯក្រុមហ៊ុន Hong Tong Resources ក៏កំពុងរៀបចំពាក្យបណ្តឹងមួយច្បាប់ផ្សេងទៀត ប្តឹងក្រុមហ៊ុន Nim Meng Sinohope Group ផងដែរ ពីបទរំលោភកិច្ចព្រមព្រៀងកាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១០ និងពីបទឆបោក ដោយទាមទារសំណងជម្ងឺចិត្តជិត១០០លានដុល្លារសហរដ្ឋអាមេរិក។
នេះជាការប្តឹងផ្តល់គ្នា ដែលភាគីម្ខាងជាម្ចាស់ភាគហ៊ុនក្នុងស្រុក ជាមនុស្សដ៏មានឥទ្ធិពលមួយក្នុងប្រទេសកម្ពុជា និងភាគីម្ខាងទៀតជាម្ចាស់ភាគហ៊ុនមកពីប្រទេសចិន ហើយប្រទេសចិនត្រូវបានដឹងថា មានឥទ្ធិពលសម្រាប់រដ្ឋាភិបាលកម្ពុជា។ តើរឿងក្តីនេះតុលាការនឹងសម្រេចដោយរបៀបណា?
លោក សុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា តុលាការត្រូវតែប្រកាន់ជំហរអព្យាក្រិត្យ ហើយត្រូវអាស្រ័យទៅលើភស្តុតាង៕