តុលាការរដ្ឋ Colorado ហាមឃាត់លោក Trump មិនឲ្យឈរឈ្មោះបោះឆ្នោតបឋមដើម្បីសម្រេចបេក្ខជនប្រធានាធិបតី

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ​ក្រុង Waterloo រដ្ឋ Iowa កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​មិន​មាន​ឈ្មោះ​នៅលើ​សន្លឹក​ឆ្នោតក្នុង​ការបោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ Colorado ទេ។ តុលាការ​កំពូល​របស់​រដ្ឋ​នោះ​បាន​សម្រេច​ដូចនេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ក្នុង​ការសម្រេច​ដែល​ត្រូវ​បាន​គេ​ពិនិត្យមើល​ដ៏​ដិតដល់​បំផុត​ នៅពេល​មាន​ការខំប្រឹងប្រែង​ប្រហាក់គ្នា​នៅ​ក្នុង​រដ្ឋផ្សេងៗ​ទៀត​ ដើម្បី​ធ្វើ​កុំ​ឱ្យ​លោក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់សម្រាប់​ឈរឈ្មោះ​ម្តង​ទៀត។

បញ្ហា​នេះ​ស្ថិត​នៅ​ក្នុង​វិសោធនកម្ម​ទី ១៤ ​របស់​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​ហើយ​ដែល​ផ្នែក​នេះរារាំង​ពួក​មន្ត្រី​ដែល​បាន​ទាក់ទិន​នៅ​ក្នុង «កុប្បកម្ម​ ឬ​ការបះបោរ»​ មិន​ឱ្យ​កាន់​តំណែង។

តុលាការ​បាន​និយាយ​ថា ​ការសម្រេច​របស់​ខ្លួន​នឹង​ត្រូវ​ពន្យារពេល​អនុវត្តរហូត​ដល់​ថ្ងៃ​ទី ៤ ខែ​មករា​ ឬ​រហូត​ដល់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​សម្រេច​លើ​រឿងក្តី​នេះ។ ក្រុម​មន្ត្រី​រដ្ឋ Colorado បាន​និយាយ​ថា ​ថ្ងៃ​ទី៥ ខែ​មករា​ ជា​ពេលកំណត់​សម្រាប់​ការបោះពុម្ភ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋ​នោះ ដែល​ជា​ការប្រកួត​ប្រជែង​ពី​រដ្ឋ​មួយ​ទៅរដ្ឋ​មួយ​ ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ប្រើប្រាស់​ការជ្រើសរើសបេក្ខជន​របស់​ខ្លួន​នេះ​ ដើម្បី​ប្រកួត​ប្រជែងនឹង​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤។

តុលាការ​កំពូល​រដ្ឋColorado បាន​សម្រេច​ដែល​មិន​ធ្លាប់​មាន​កាលពីពេល​មុន​ដោយ​សំឡេង​ឆ្នោត ៤​ ទល់​នឹង​ ៣​ ដែល​សម្រេច​អំពី​តួនាទី​របស់​លោក Trump នៅ​ក្នុង​ការបះបោរ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២១ ​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ដោយ​នឹង​មិន​ឱ្យ​លោក Trump មាន​លក្ខណៈសម្បត្តិ​កាន់​តំណែង​ជា​ប្រធានាធិបតី​ទៀត​ទេ​។ កាលពី​ដើម​ឆ្នាំ​នោះ​ ​ពួក​អ្នក​គាំទ្រ​របស់​លោក​បាន​បង្អាក់​ការបញ្ជាក់​លើ​ជ័យជម្នះរបស់​លោក Biden ​ក្នុង​ការឈ្នះឆ្នោត​ឆ្នាំ ២០២០ ​លើ​លោក Trump​ ហើយ​បាន​ឈាន​ដល់​អំពើ​ហិង្សា។​

ចៅក្រម Carlos Samour ដែល​បាន​ជំទាស់​ប្រឆាំង​បាន​និយាយ​ថា​ រដ្ឋាភិបាល​មិន​អាច​រារាំង​នរណា​ម្នាក់​មិន​ឱ្យ​កាន់​តំណែង​ដោយ​គ្មាន​ឆ្លងកាត់​ដំណើការ​ច្បាប់​ទេ។ លោក Trump មិន​បាន​សារភាព​ទទួលទោស​ចំពោះការចោទប្រកាន់​សហព័ន្ធ​ពី​ការរៀបចំផែនការ​ ដើម្បី​ប្រែក្រឡាស់​ការចាញ់​ឆ្នោត​របស់​លោក ​នៅ​ក្នុង​រឿង​ក្តី​មួយ​ដែល​មិន​ទាន់​បាន​កាត់​ក្តី​នៅឡើយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។