មាតុភូមិ​និវត្តន៍​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ប្រឈមនឹង​ឧបសគ្គ​ច្រើន​ ទោះ​ត្រូវ​ទៅ​តតាំង​ក្តី​នៅ​តុលាការ

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយចោល ស្ថិត​នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

តុលាការ​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​និង​សកម្មជន​ចំនួន​១៣៧​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់ជាតិ»និង​«រួម​គំនិត​ក្បត់» ​ប៉ុន្តែ​រដ្ឋាភិបាលបាន​មោឃភាព​លិខិតឆ្លង​ដែនខ្មែរ​របស់​ថ្នាក់​ដឹកនាំ​សំខាន់ៗដែល​ធ្វើ​ឲ្យ​ផែន​ការ​មាតុភូមិ​និវត្តន៍​លើកទី​២​នៅ​ថ្ងៃទី​៤​ខែ​មករា​ឆ្នាំ​២០២១​ឲ្យ​ទាន់​ពេល​សវនាការ​នោះ កំពុង​បង្ក​ជា​ឧបសគ្គ​លើសពីផែន​ការ​មាតុភូមិ​និវត្តន៍​លើក​ទីមួយ​ទៅ​ទៀត។​

ផែនការ​មាតុភូមិនិវត្តន៍​លើកទី២​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវ​រំលាយ​ដឹកនាំ​ដោយ​លោក​ស្រី​មូរ សុខហួរ​ដើម្បី​ទៅ​ការពារ​ខ្លួន​តាម​ការកោះ​ហៅ​របស់​តុលាការ​នោះ​ កំពុង​ប្រឈម​ឧបសគ្គ​ខ្លាំង​ជាង​មាតុភូមិ​និវត្តន៍​លើក​ទីមួយ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​មុន​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពង្រាយ​រថពាសដែក​និង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នៅ​តាម​ច្រក​ព្រំដែន។​

រដ្ឋាភិបាលរបស់​លោក​ហ៊ុន សែន​បានធ្វើ​មោឃភាព​លិខិត​ឆ្លងដែន​របស់​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​នេះ​ដោយ​ចាត់​ទុកថា ​«ជាឧទ្ទាមក្រៅ​ច្បាប់»។ ​ចំណាត់​ការ​នេះ​ធ្វើ​ឲ្យ​គម្រោង​មាតុភូមិ​និវត្តន៍​លើក​ទីពីរ​របស់ពួកគេ​ដើម្បី​ទៅ​ការពារ​ខ្លួន​តាម​ការកោះ​របស់​តុលាការ​នោះ​ កំពុង​ប្រឈម​នឹង​បញ្ហា​គ្មាន​ច្រក​ចូល​ប្រទេស​កម្ពុជាគឺ​ដូច​មាតុភូមិ​និវត្តន៍​លើក​ទី១។​

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ដំណើរ​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ កាល​ពីថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​ស្រីមូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋាភិបាលលោក​ហ៊ុន សែន​បាន​រំលាយ​កាល​ពី​ឆ្នាំ២០១៧បាន​ដឹកនាំគម្រោង​មាតុភូមិ​និវត្តន៍​លើក​ទី២ទៅ​កាន់​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុងLowell ​រដ្ឋ​ Massachusetts ​កាល​ពីថ្ងៃ​ទី​២២​ ខែធ្នូ​ ដើម្បី​សួរ​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សុពល​ភាព​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​វិញ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ទៅបង្ហាញ​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ។​

កាល​ពី​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​បាន​សុំ​ឲ្យ​លោក​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​ពួក​គេ ប៉ុន្តែ​កិច្ច​ប្រឹង​ប្រែង​ទាំង​នៅ​ស្ថាន​កុងស៊ុល​ក៏ដូច​នៅស្ថានទូត​ប្រឈម​បញ្ហា​ដូច​គ្នា​គឺ​«បិទទ្វារ»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​បកស្រាយ​ពី​លោក​អ៊ូ សុវណ្ណ​មន្ត្រី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​នៅ​ក្រុង​ Lowell ​និង​លោក​ជុំ សុន្ទរី ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន។

ទោះជា​យ៉ាងណា​ លោក​សុខ ឥសាន ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​របស់រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ប្រាប់​វីអូអេ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ​ខែ​ធ្នូ​ថា ​បន្ថែម​លើ​បញ្ហា​កូវីដ​ដែល​ពិបាក​រក​ជើង​យន្តហោះ​ ​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិគ្មាន​លទ្ធភាព​ធ្វើ​មាតុភូមិ​និវត្តន៍​លើក​ទីពីរ​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ទេ​ ដោយ​លោកហៅ​ថា​«ពួក​ឧទ្ទាម​ក្រៅ​ច្បាប់»​ដែល​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។​

«បក​មក​វិញ​រដ្ឋាភិបាលក៏មិន​ទទួល​ស្គាល់​អ្នក​ឯង​ជា​ពល​រដ្ឋកម្ពុជា​ដែរ។​ អ្នក​ឯង​មាន​ទោស។ ​អ៊ីចឹង​ទេ ​អ្នក​ឯង​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ ដើរតែ​បំផ្លាញ​ជាតិ​ពី​ក្រៅ​ប្រទេស​មក។ អ៊ីចឹង​រដ្ឋាភិបាលមាន​ប្រយោជន៍​អី​ឲ្យ​អ្នក​ឯង​ប្រើ​លិខិត​គតិយុត្ត​របស់​រាជរដ្ឋាភិបាល?»​

លោក​បន្ត​ថា​ «រឿងនេះ​ផុត​ដៃ​រដ្ឋាភិបាល»​គឺជា​រឿង​រវាង​អ្នកដែល​ត្រូវ​កោះហៅ​និង​តុលាការដែល​លោក​ថា ឯករាជ្យ​ពី​រដ្ឋាភិបាល។​

លោក​ស្រី​មូរ សុខហួរ​អនុប្រធាន​គណបក្សសង្គ្រោះជាតិដែល​នឹង​ដឹកនាំ​មាតុភូមិ​និវត្តន៍​លើក​ទីពីរ​នេះ​ប្រាប់​វីអូអេ​នៅ​មុខ​បន្ទប់​ស្ថាន​កុងស៊ុល​នៅ​ក្រុង ​Lowell​ កាល​ពីថ្ងៃទី២២​ ខែ​ធ្នូថា​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​អ្នកស្រី​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ស្ថានទូត​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ថា ​លោកស្រី​និង​មន្ត្រីផ្សេង​ទៀត​ជា​អ្នក​រស់​នៅ​ក្រៅ​ច្បាប់។

លោកស្រី​ប្រកាស​ថា៖​

«បើ​ថា​ ពួក​យើង​ខ្ញុំ​រស់​នៅ​ក្រៅ​ច្បាប់​ ​យក​យើង​ខ្ញុំ​ទៅកាត់​ទោសទៅ!​ យើង​ខ្ញុំ​ទៅ​ដើម្បី​ឲ្យ​កាត់​ទោស​ ​ហេតុអី​មិន​យក​ពួកខ្ញុំ ​ឲ្យ​ពួកខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​ ទៅ​មុខ​តុលាការ​ដើម្បី​កាត់​ទោស?»​

រូបឯកសារ៖ សមាជិក​រដ្ឋសភានៃគណបក្សសង្គ្រោះជាតិ លោក ឡុង រី​ (ឆ្វេង) និងលោកអេង ឆៃអ៊ាង ​ដែល​ជា​អនុប្រធាន​គណបក្ស កាន់ញត្តិ​យក​ទៅដាក់​នៅ​ស្ថានទូតខ្មែរ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

ទោះជា​លិខិត​ឆ្លងដែន​កម្ពុជា​របស់​លោក​ស្រី​ត្រូវ​រដ្ឋាភិបាល​ធ្វើ​មោឃភាព​ហើយ​ក្តី​ ក៏លោក​ស្រីមូរ សុខហួរតាំង​ចិត្ត​ទៅ​ការពារខ្លួននៅមុខ​តុលាការ​ ដោយ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​លើ​លិខិត​ឆ្លងដែន​អាមេរិក​របស់​លោក​ស្រី ​ប៉ុន្តែ​ការិយាល័យ​តំណាង​រដ្ឋាភិបាល​នេះ​បិទ​ទ្វារ​ ​មិន​ឆ្លើយបំភ្លឺ​នឹង​សំណើ​របស់​លោកស្រី​ទេ។​ ស្ថានកុងស៊ុល​បាន​រុញ​ពាក្យ​សុំ​របស់​លោក​ស្រី​ក្រោម​ទ្វារ​បន្ទប់​ស្ថានកុងស៊ុល​ដែល​កិបសោរ។​ លោកស្រី​ឲ្យ​ដឹង​ថា តំណាងរាស្ត្រ​ស.រ.អា.ក្នុង​រដ្ឋ​របស់លោក​ស្រី​បាន​ជួយ​ធ្វើ​អន្តរាគន៍​និង​សូម​ឲ្យ​ស្ថានទូត​ស.រ.អា.​ជួយ​ការពារ​សុវត្ថិភាព​របស់​លោកស្រី​ដោយ​ស្របច្បាប់។

លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ហ៊ុន សែនឲ្យដឹង​ថា ចំពោះ​អ្នក​មាន​សញ្ជាតិ​ពីរ​ដូច​ជា​ករណី​លោក​ស្រី​មូរ សុខហួរ​អាច​ធ្វើ​ដំណើរ​ដោយ​ប្រើ​លិខិត​ឆ្លងដែន​អាមេរិក​ ​តែ​ត្រូវ​មាន​ទិដ្ឋាការ​ពី​មន្ត្រី​ស្ថានទូត​ឬ​ស្ថានកុងស៊ុល​កម្ពុជា។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា៖​

«បើសិន​ជា​គាត់​ទៅ​ហើយ​គាត់​មាន​បញ្ហាអីជា​មួយ​តុលាការ​អាហ្នឹង​តុលាការ​គេចាត់​នីតិវិធី​ត្រូវ​ជាប់គុក អាហ្នឹង​គេចាប់​គាត់​ហ្នឹង​ហើយ។​ គេអត់​ចាប់​ជនជាតិ​អាមេរិក​ទេ។​ គេចាប់​ជនជាតិ​ខ្មែរ។​ ប៉ាស្ព័រ​គេ​យក​ទៅ​ផ្ញើ​នៅទូត​អាមេរិក​ឲ្យ»។​

លោក​សុខ​ឥសាន​បន្ត​ថា ស្ថានទូត​អាមេរិក​អាច​ធ្វើ​អន្តរាគមន៍​ព្រោះ​លោកស្រី​ជា​ជនជាតិ​អាមេរិក​ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ឬ​មិនមានគឺ​ស្រេច​លើ​តុលាការ​ ​ព្រោះ​លោកស្រី​មូរ សុខហួរ​ក៏ដូចជា​អ្នក​មាន​សញ្ជាតិ​ពីរ​ផ្សេង​ទៀត​ដែរ ពេល​ជាន់​ទឹកដី​កម្ពុជា​គាត់​ក៏​ជា​ខ្មែរ ​ដែល​លោក​ថា​«ឧទ្ទាម​ក្រៅ​ច្បាប់»។​

លោក​ឡុង រី ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យដឹង​ថា ​ទោះជា​យ៉ាងណា​ មន្ត្រី​គណបក្ស​ដែល​កាន់​លិខិត​ឆ្លងដែន​កម្ពុជា​ដែល​អស់​សុពលភាព​ នៅតែ​ត្រៀមខ្លួន​សម្រាប់​ផែនការ​មាតុភូមិ​និវត្តន៍​លើក​ទីពីរ​នេះ ដោយ​សង្ឃឹមថានឹង​រក​ឃើញ​ដំណោះ​ស្រាយ។​

លោក​ឯម សុវណ្ណារ៉ា ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​ថា ​ឱកាស​សម្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ការពារ​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​គឺ​មិន​អាច​ទៅរួច​ទេ ​ដោយ​សារ​បញ្ហា​កូវីដ​ និង​ផល​ប្រយោជន៍​នយោបាយ​ ​បន្ថែម​ពី​លើ​ការ​ដក​សុពលភាព​លិខិត​ឆ្លងដែន​ខ្មែរ​និង​ការ​មិន​ចេញ​ទិដ្ឋការ​លើ​លិខិត​ឆ្លងដែន​បរទេស​ឲ្យ​ពួក​គេ។​

រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​និយាយ​ថា៖​

«បញ្ហា​នេះ​ខ្ញុំគិតថា ​មិន​អាច​វិល​ទាន់ពេល​ទេ។​ ហើយ​បើសិន​អាជ្ញាធរ​កម្ពុជា​អនុគ្រោះ ក៏​អនុគ្រោះ​ក្រោយ​ថ្ងៃ​៤​មករា ​ក្រោយ​ថ្ងៃ​តុលាការ​កោះហៅ​ដែរដើម្បី​បញ្ជាក់​អំពី​គេ​ហៅថា ​ ឲ្យ​ឃើញភាព​ខ្វះចន្លោះ​របស់​គណបក្ស​ប្រឆាំង​ ដើម្បី​ឲ្យឃើញ​អំពី​គេ​ហៅ​ថា មិនគោរព​សម្តី​ ​ឲ្យ​បាត់​ប្រជា​ប្រិយភាព»។​

លោក​បន្ថែម​ថា ​ក្នុងស្ថានភាព​កូវីដ១៩​នេះ គណបក្ស​ប្រឆាំង​មិន​អាច​ប្រមូល​ពលករ​បរទេស​ហែហម​ការ​វិល​ត្រឡប់​នេះ​បាន​ទេ​ បើ​ទោះ​ជាពួកគេ​បាន​មក​ដល់​ប្រទេស​ថៃ​ក៏​ដោយ។

លោក សម រង្ស៊ី ​ដែល​កំពុងនិរ​ទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​ព្យាយាម​ចូល​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​ប៉ុនប៉ង​នេះ មិន​បាន​សម្រេច​កាល​ពីឆ្នាំ​២០១៩ ដោយ​អាជ្ញាធរថៃ​បាន​ហាម​លោក​មិន​ឱ្យ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ​ហើយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ដឹក​លោក​ចូល​កម្ពុជា​ដែរ។

កាល​ពី​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​គឺ​មុន​មាតុភូមិ​និវត្តន៍​លើក​ទីមួយ​ថ្ងៃ​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​មោឃភាព​លិខិត​ឆ្លង​ដែន​របស់​មន្ត្រី​គណបក្ស​នេះ​១២នាក់​ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាចប្រើ​លិខិត​ឆ្លងដែន​នេះ​ធ្វើ​ដំណើរ​បាន​ទៅកាន់​ប្រទេស​មួយ​ចំនួន​ដែល​មិន​បាន​ដឹង​ ឬ​មិន​អើពើ​សេចក្តី​ប្រកាស​នេះ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។​ ​ទោះជា​យ៉ាងណា​សេចក្តី​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​អាជ្ញាធរ​ព្រំដែន​កម្ពុជា​ក្នុង​ការ​រារាំង​មិន​ឲ្យពួកគេ​ចូល​ប្រទេស​កម្ពុជា។

កាល​ពី​ដើម​ខែវិច្ឆិកា​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​លើក​ពេល​ការ​កាត់​ក្តី​សំណុំ​រឿង​ឧបឃាត​ ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំគណ​បក្ស​ជំទាស់​៩​នាក់​រួម​មាន​លោក​ សម រង្ស៊ី ​លោកស្រី មូរ​ សុខហួរ ​លោក​ អេង​ ឆៃអ៊ាង ​លោក ​អ៊ូ ច័ន្ទ​ឬទ្ធិ​ លោក​ ហូរ វ៉ាន់​ លោក​ ម៉ែន​ សុថាវរិន្ទ្រ​ លោក​ ឡុង រី លោក​ នុត រំដួល​ និង​លោក​ស្រី ​ជូ ឡុង ​សូមួរ៉ា ​ភរិយា​របស់​លោក​ សម រង្ស៊ី។ ​កាល​ពី​ថ្ងៃទី​២៦​ខែ​វិច្ឆិកា​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​លើក​ពេល​សវនាការ​ពាក់ព័ន្ធ​នឹងរឿង​«ក្បត់»​ចំនួន​៤​សំណុំ​រឿង ​ដែល​មាន​មនុស្ស​ជិត​១៤០នាក់ ​ទាក់​ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី មេដឹក​នាំ​ក្រុម​ជំទាស់​កាល​ពី​ឆ្នាំ​មុន។ ​ ​

វិបត្តិ​នយោបាយ​និង​វិបត្តិ​កូវីដ១៩​បាន​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និងសេរីភាព​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ដុនដាប​ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

លោក ​Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch) ​និយាយ​ថា​ ដីកា​កោះ​រាប់​សិប​របស់​តុលាការ​ បង្ហាញ​ថា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​រដ្ឋា​ភិបាល​កម្ពុជា ​ចង់​បើក​សវនាការ​ទ្រង់​ទ្រាយ​ធំ​តាម​របៀប​ផ្តាច់​ការដើម្បី​បោស​សម្អាត​សកម្មជន​គណបក្ស​ប្រឆាំង​ម្តង​ឲ្យ​អស់​រលីង​តែ​ម្តង»​ ដោយ​បង្ខំ​ឲ្យ​សកម្មជន​ទាំង​នោះ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ឬ​ដាក់​គុក​ពួក​គេ ​ក្រោម​បទ​ចោទ​ប្រតិដ្ឋ​ដោយ​តុលាការ​ដែល​មិន​អាច​យក​ជា​ការ​បាន ។

លោក​សង្កត់​ធ្ងន់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចង់​ក្លាយ​ជា​មេដឹកនាំ​ផ្តាច់​ការ​ ដែល​ពាក្យ​សម្តី​របស់​គាត់​ គឺជា​ច្បាប់​យ៉ាង​តឹងរ៉ឹង។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដែល​មាន​ចំណង​ជើង​ថា​ Freedom on the Net 2020: The Pandemic's Digital Shadow ​អង្គការ​ Freedom House​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ពិន្ទុ​ប្រទេស​កម្ពុជា​៤៣​ លើ ​១០០ ​ដែល​មាន​ន័យ​ថា ​មាន​សេរីភាព​តិច​តួច​ប៉ុណ្ណោះ។

អង្គការ​អន្តរជាតិ​និង​ក្នុងស្រុក​ ព្រមទាំង​សហគមន៍ប្រជា​ធិបតេយ្យ​បាន​រិះគន់​រដ្ឋាភិបាលលោក​ហ៊ុន សែន​ចំពោះ​រឹតត្បិត​លំហ​សិទ្ធិ​មនុស្ស​ សេរីភាព​ព័ត៌មាន​ សេរីភាព​បញ្ចេញ​មតិ ​ប្រជា​ធិបតេយ្យ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ការចាប់​ខ្លួន​លោក​កឹម សុខា​និង​សកម្ម​ជន​គណបក្ស​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស។​ ការ​គាប​សង្កត់​នេះ​បាន​បង្ខំ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ ក៏ដូច​ជា​មន្ត្រី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស។

លោកស្រី​មូរ សុខហួរ​ប្រាប់​វីអូអេ​នៅ​មុខ​ទ្វារ​កិបសោរ​របស់​ស្ថាន​កុងស៊ុល​កម្ពុជា​ថា ការចាក​ចេញ​មក​ក្រៅ​ប្រទេស​គឺ​ដើម្បី​មក​ស្វែង​រក​ការគាំទ្រ​ជា​អន្តរជាតិ ​មករួម​កម្លាំង​អ្នក​ប្រជា​ធិបតេយ្យនៅ​ក្រៅ​ប្រទេស​គឺ​មិន​អាច​នៅ​ឲ្យ​រដ្ឋាភិបាលចាប់​ខ្លួន​ទាំងអស់ដែល​នាំ​ឲ្យបាត់បង់​លទ្ធភាព​ទាមទារ​យុត្តិធម៌​សិទ្ធិ​មនុស្ស​សេរីភាព​និង​ប្រជាធិបតេយ្យ​នោះទេ។​ លោកស្រី​ថា ​នេះ​ជា​ការ​ដកឃ្លាមក​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពីការ​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​ដូច​លោក​កឹម សុខា។​ ហើយពេល​នេះ​ត្រូវ​តុលាការ​កោះហៅ​គឺ​ជា​ពេល​ត្រូវ​ទៅវិញ​ដើម្បី​ការ​ពារខ្លួន​ការពារ​យុត្តិធម៌​ដើម្បី​បង្ហាញ​ថា ​តុលាការ​អយុត្តិធម៌។

«ទោះបីជា​តុលាការ​ហ្នឹង​គេហៅ​ថា ​ដុល្លាការ តុលាការ​តេឡេអី​ក៏ដោយ​ ក៏ប៉ុន្តែ​យើង​ខ្ញុំ​ត្រូវតែ​ទៅមាន​វត្តមាន​ ទៅ​ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​ថា ​ចោទ​យើង​ខ្ញុំ ​ឯណា​ឯកសារ ​ឯណា​ភស្តុតាង?​ចោទ​រឿង​អី? ​ចាប់​ផ្តើម​មុនដំបូង​ខុស​ទៅ​ហើយ នីតិវិធី​នោះ!»

ដូច​លោកស្រី​មូរ សុខហួរ ​ដែល​ព្រះតេជគុណ​ប៊ុត ប៊ុនតិញ ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​និង​ជាប្រធាន​អនុ​គណៈកម្មការ​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ​ ​មាន​សង្ឃ​ដីកាថា ព្រះអង្គ​គង់​ជាមួយ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​និច្ច។ ព្រះអង្គ​បន្ត​ថា​ ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​ដូច​បំណង​និង​សកម្មភាព​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​មែន​ជា​បរាជ័យ​ទេ ​ ​តែ​សុទ្ធ​តែ​ជា​ជំហ៊ាន​ជោគជ័យ​ខាង​សិទ្ធិ​មនុស្សសេរីភាព​និង​ប្រជា​ធិបតេយ្យ​ មិនមែនជោគជ័យ​ខាង​កម្លាំង​អំណាច​ទេ។ ​ព្រះអង្គ​មាន​សង្ឃដីកា​ថា៖​

«គ្រប់​ដំណាក់កាល​ ​ផែន​ការ​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​ដែល​បរាជ័យ​ទេ រាប់​តាំងពី​ការបោះឆ្នោត​ឡើង​ទៅ!​ដោយសារ​សង្គ្រោះ​ជាតិ​បង្ហាញ​ជាដៃគូ​ជោគជ័យ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​របប​ក្រុម​ភ្នំពេញ​ភ័យ​ ​រំលាយ​យើង​ចោល។​ មិន​ត្រឹម​តែ​រំលាយ​យើង​ចោល​ទេ ​ហាមឃាត់​មិន​ឲ្យ​យើង​ធ្វើ​នយោបាយ​ទៀត។​ មិន​មែនហាម​ឃាត់​តែថ្នាក់​ដឹកនាំ​កំពូល​ទេ​ សូម្បី​តែ​សកម្មជន​ក៏ហាម​ឃាត់​គ្នា​ដែរ។​ ​ដូច្នេះ​អា​សញ្ញា​នៃ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺនៅ​មាន​ពន្លឺដូច​ព្រះអាទិត្យ ​បើ​ដល់​ម៉ោង​រះ ​រះហើយ ​ដល់​ម៉ោង​លិច លិច​ហើយ»។​

សម្ពាធ​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាលលោក​ហ៊ុន សែន​បើក​លំហ​ប្រជា​ធិបតេយ្យ​បាន​ឈាន​ដល់​ការ​កាត់​២០%​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​សព្វាវុធ​(EBA)​របស់​សហភាព​អឺរ៉ុប។​ លោក​ហ៊ុន សែន​បាន​លើក​ឡើងថា​ លោក​មិន​យក​អធិបតេយ្យភាព​ដូរ​នឹង​ការ​អនុគ្រោះពន្ធ​ដែល​លោក​ថា ​គង់​តែនឹង​បាត់​បង់​ ដោយ​សារ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា។ ​

វិបត្តិ​សេដ្ឋកិច្ច​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ១៩​បន្ថែម​ពី​លើ​ការកាត់​បន្ថយ​EBA​គួប​ផ្សំនឹង​គាប​សង្កត់ផងការ​អំពាវនាវ​ផង​ពី​សហគមន៍​ប្រជា​ធិបតេយ្យ​ដូច​ជា​ស.រ.អា.ជាដើម ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​មាន​ប្រទេស​ចិន​ជា​បង្អែក​ ​យល់​ព្រម​ ពិចារណា​ឡើង​វិញ​អំពី​ការ​ស្រុះស្រួល​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិដែល​មាន​សំឡេង​ពលរដ្ឋ​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​របស់​លោក​នោះ​ឡើយ។

លោក​ឯម សុវណ្ណារ៉ា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ថា ​ក្នុងស្ថានភាព​ដែល​ពិភព​លោក​កំពុង​ប្រឈម​កូវីដ១៩​ និង​សេដ្ឋកិច្ច​សាកល​លោក​កំពុង​ឆ្លាក់ចុះ​នោះ​ អន្តរាគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​យល់​ព្រម​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​នោះ ត្រូវការ​ពេល​វេលា និង​កាលៈទេសៈ​សមស្រប។​

លោកថា៖​

«ទិដ្ឋភាព​គណបក្ស​ប្រឆាំង​កាន់តែ​ខ្សោយ​ទៅៗហើយ​គណបក្ស​កាន់​អំណាច​កាន់​តែមាន​ឥទ្ធិពល​ក្នុង​ការ​អូស​បន្លាយ​ពេល​វេលា​ ហើយ​មិន​ងាក​មក​ការ​ចរចា​ទេលុះ​ត្រាតែ​គណបក្ស​កាន់​អំណាច​រង​សម្ពាធ ​អន្តរជាតិ ​ណា​មួយ​ឬ​ទណ្ឌកម្ម​អន្តរជាតិ​ណាមួយ​ដែល​ជំរុញ​ឲ្យ​ងាក​មក​ឈរលើ​ជំហរ​ប្រជា​ធិបតេយ្យបរិយាកាស​ប្រជា​ធិបតេយ្យ​ដូច​មុន​បរិយាកាស​បោះឆ្នោត​ឃុំ​សង្កាត់​២០១៧ ទើប​មាន​គេហៅ​ថា​ មាន​ការ​ចរចា»។​ ​

បើ​គ្មាន​ដំណោះ​ស្រាយ​នយោបាយ​ទេ​ ដំណើរ​មាតុភូមិ​និវត្តន៍​លើកទី​ពីរ​នេះ​អាច​នឹង​ខ្លី​ជាង​មាតុភូមិ​និវត្តន៍​លើកទីមួយ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​ហើយ​ខ្លឹមសារ​សាលក្រម​អាច​នឹង​ដូច​រំពឹងទុក៕​

រាយការណ៍​បន្ថែម​ដោយ​លោក ស៊ុន ណារិន និង​លោក ហ៊ុល រស្មី