គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​រក​ប្រធាន​ជំនួស​លោក​សម រង្ស៊ី​នោះ​ទេ

រូបឯកសារ៖ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​មូលហេតុ​ដែល​គណបក្ស​នេះ​សម្រេច​មិន​ចូល​ប្រជុំ​សភា​ នៅឯ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០១៦។​ (ហ៊ាន​ សុជាតា/VOA) 

នា​រសៀល​ថ្ងៃអាទិត្យ​នេះ​ ​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​ថា ​គណបក្ស​មិន​ទាន់​រក​ឃើញ​អ្នក​ជំនួស​តំណែង​ជា​ប្រធាន​គណបក្ស ក្រោយ​ការ​លាលែង​របស់​​លោក​សម រង្ស៊ី ​នៅ​ឡើយ​នោះ​ទេ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប្រកាស​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស ​ស្រប​ពេល​គណបក្ស​កាន់​អំណាច​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ ដើម្បី​ហាម​ប្រាម​អ្នក​ទោស​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ​និង​ដើម្បី​រំលាយ​គណបក្ស​ណា​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​ខុស​ច្បាប់ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ពួកគេ​មិន​ទាន់​រក​ឃើញ​អ្នក​ដែល​អាច​ជំនួស​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រោយ​ការ​លា​លែង​របស់​លោក​សម រង្ស៊ី​ បាន​នៅ​ឡើយ។​ គណបក្ស​នេះ​បាន​សម្រេច​ប្រគល់​សិទ្ធិ​ទៅ​អនុប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា ​ឲ្យ​ទទួល​តួនាទី​ជា​ប្រធាន​ស្ដីទី ​មុន​នឹង​គណបក្ស​នេះ​ជ្រើស​រើស​បាន​ប្រធាន​ថ្មី។​

កាល​ពី​ថ្ងៃ​សៅរ៍​នេះ ​លោក​សម រង្ស៊ី​ បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ជា​ប្រធាន ​និង​ពីសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ខណៈ​ដែល​គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ដើម្បី​ហាម​អ្នក​ទោស​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ​និង​ដើម្បី​រំលាយ​គណ​បក្ស​ណា​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ផ្ទៃក្នុង​នៅទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នា​រសៀល​ថ្ងៃ​អាទិត្យ​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​យក​លោក​កឹម សុខា​ ធ្វើ​ជា​ប្រធាន​ស្តីទី​ ក្រោយ​ពេល​ប្រធាន​គណបក្ស​លាលែង​ចេញ​ពី​តំណែង។​ លោក​បន្តថា ​រហូត​មក​ដល់​ពេល​នេះ​ ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​មិនទាន់​សម្រេច​ថា​ នឹង​ជ្រើស​រើស​បេក្ខភាព​រូប​ណា​ដើម្បី​ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក​សម រង្ស៊ី ​នៅ​ឡើយ​ទេ។​ លោក​ថ្លែង​ថា​គណបក្ស​នឹង​សម្រេច​ជ្រើសរើស​ប្រធាន​ថ្មី​ក្នុងរយៈពេល​១៨​ខែ​ខាងមុខ​ ទៅ​តាម​គោល​ការណ៍​របស់​គណបក្ស។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​គណបក្ស​នេះ ​អ្នកណា​ក៏​អាច​ក្លាយ​ជា​ប្រធាន​គណបក្ស ​អ្នកណា​ក៏​អាច​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ដែរ​ឲ្យ​តែ​មាន​ការ​គាំទ្រ​ទៅ​តាម​ការ​កំណត់​ដោយ​លក្ខន្តិកៈ ​និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស។ យើង​មិនមែន​ជា​គណបក្ស​ដែល​ផ្តាច់​ការ ​ដែល​សម្រេច​អ្វីៗ​តែ​លើ​បុគ្គល​ម្នាក់​ទេ។​ យើង​មាន​យន្តការ​របស់​យើង​ក្នុងការ​ធ្វើ​សេចក្តី​សម្រេច ​ហើយ​រាល់​អ្វីៗ​ដែល​យើង​សម្រេច​ យើង​សុទ្ធ​តែ​បាន​គិត​យ៉ាង​ល្អិត​ល្អន់​ជាមួយ​គ្នា ​ជា​យន្តការ ​មិនមែន​អ្នកណា​ម្នាក់​ដែល​មាន​អំណាច​អ្វី​ទៅ​សម្រេច​ទេ»។​

ការ​លា​លែង​របស់​លោក​សម រង្ស៊ី ​កើត​ឡើង​ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​មាន​ភាពតាន​តឹង ហើយ​លោក​សម រង្ស៊ី​ ក៏​កំពុង​ទទួល​រង​បណ្តឹង​ និង​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ ​និង​ពិន័យ​ជា​ប្រាក់​ជា​បន្ត​បន្ទាប់។​ ករណី​ទាំងនោះ ​រួម​មាន​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ករណី​បរិហារ​កេរ្តិ៍​លោក​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា ​និង​បណ្តឹង​បរិហារ​កេរ្តិ៍លោក​ហោ ណាំហុង ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ជាដើម។

នារសៀល​ថ្ងៃ​អាទិត្យ ​ លោក​សម រង្ស៊ី ​ដែល​ឥឡូវ​នេះ​ក្លាយជា​ប្រជា​ពលរដ្ឋ​ធម្មតា​ ​បាន​បង្ហោះ​វីដេអូ​តាម​ទំព័រ​ Facebook ​របស់​លោក ដោយ​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​លាលែង​ចេញពី​តំណែង​នេះ​ថា ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​ខ្ញុំ​នៅ​ធ្វើ​ជាប្រធាន ​ហើយ​បើ​គណបក្ស​ត្រូវ​គេ​រំលាយ ​តើ​វា​មាន​ន័យ​អី?​ វា​ខូចខាត​ដល់ផល​ប្រយោជន៍​យើង ​ផល​ប្រយោជន៍​គណបក្ស​ ផល​ប្រយោជន៍​ជាតិ។​ ​យើង​ចង់បានអី?​ យើង​ចង់​បាន​ការ​បោះ​ឆ្នោត ដោយសារ​យើង​ចង់​បាន​ការ​ផ្លាស់​ប្តូរ​តាមរយៈ​ការ​បោះ​ឆ្នោត ​ដែល​គេ​មាន​បំណង​រំលាយ​គណបក្ស​យើង​ ហើយ​បើ​គណបក្ស​យើង​រលាយ ​យើង​អត់​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ​យើង​ក៏​បាត់​បង់​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​បាន»។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ រដ្ឋសភា​ជាតិ​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ទៅ​តាម​ការ​ស្នើ​របស់​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន​៦០​រូប ​ដើម្បី​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។​ ការ​ស្នើ​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បញ្ជា​ឲ្យ​អ្នក​ក្រោម​ឱវាទ​របស់​លោក​សរសេរ​សំណើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោ​បាយ ដែល​នឹង​កំណត់​ថា ​ប្រធាន​ ឬ​អនុ​ប្រធាន​គណ​បក្ស​នយោបាយ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​

លោក​សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ Facebook ​របស់​លោក​ជាមួយ​និង​លិខិត​លាលែង​ពី​ប្រធាន​គណបក្ស ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ។​

លោក​បាន​សរសេ​នៅ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ច្បាប់​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​គណបក្ស​តែ​មួយ​ឡើង​វិញ​ ដូច​កាលពី​សម័យ​កុម្មុយនិស្ត»។​

លោក​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​រដ្ឋ​សភា​ជាតិ​ថា​ ជា​រដ្ឋសភា​ទីងមោង​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន ​ដែល​តែងតែ​ចង់​រំលាយ​គណបក្ស​ប្រឆាំង៕