គណបក្សសង្គ្រោះជាតិបាន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការចាប់តំណាងរាស្ត្ររបស់ខ្លួនគឺលោក អ៊ុំ សំអាន ដោយអាជ្ញាធរនឹងបញ្ជូនខ្លួនទៅកាន់តុលាការភ្លាមៗក្រោយពេលមកដល់ប្រទេសកម្ពុជាមិនដល់២៤ម៉ោងផងនោះ។ គណបក្សនេះបានចោទថា ការចាប់ខ្លួនតំណាងរាស្ត្រក្នុងអភ័យឯកសិទ្ធិ គឺវាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ការចាប់ខ្លួននេះ គឺដោយបទល្មើសជាក់ស្តែងនិងមានចេតនា«ញុះញង់ឲ្យមានចលាចលក្នុងសង្គម» និង«ការរើសអើងជាតិសាសន៍»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សជំទាស់មណ្ឌលសៀមរាប ដែលធ្លាប់តស៊ូមតិរឿងផែនទីនឹងព្រំដែនកម្ពុជាវៀតណាមត្រូវបានចាប់ខ្លួននាពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប គឺមិនបានប៉ុន្មានម៉ោងក្រោយពេលដែលលោកវិលចូលកម្ពុជាវិញ។ តំណាងរាស្ត្ររូបនេះត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានប្រឆំាងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃច័ន្ទ មុនពេលបញ្ជូនបន្តទៅតុលាការក្រុងភ្នំពេញ ភ្លាមៗនាថ្ងៃដដែលនោះ ដើម្បីធ្វើការសាកសួរបន្តទៀត។
គណបក្សសង្គ្រោះជាតិ បានហៅការចាប់ខ្លួនលោក អ៊ុំ សំអាន ថាជា «ទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានការពារដោយច្បាប់និងរដ្ឋធម្មនុញ្ញ» កម្ពុជា មាត្រា៨០។ នេះបើតាមសេចក្តីថ្លែងការណ៍ដែល VOA បានទទួលនាថ្ងៃច័ន្ទ។ លិខិតដដែលក៏បានសុំឲ្យអាជ្ញាធរនិងរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងរាស្ត្រ អ៊ុំ សំអាន ជាបន្ទាន់ ហើយលោកមិនគួរត្រូវបានគេចាប់ខ្លួនឃុំដោយលោកគ្រាន់តែ «សម្តែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួន» នោះទេ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា៖
«មានតែការតស៊ូតាមផ្លូវច្បាប់ទេ ដើម្បីធ្វើម៉េចឲ្យរដ្ឋាភិបាលដោះលែងគាត់ ព្រោះអាជ្ញាធរដែលពាក់ព័ន្ធ ចាប់ខ្លួនគាត់ហ្នឹងគឺចាប់ដោយខុសច្បាប់រដ្ឋធម្មនុញ្ញ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ពីព្រោះគាត់ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មានអភ័យឯកសិទ្ធិ។ ហើយចាប់យ៉ាងដូច្នោះគឺជាការរំលោភលើរដ្ឋធម្មនុញ្ញ ដែលគណបក្សកាន់អំណាចហ្នឹងត្រូវតែដោះលែងគាត់ ត្រូវតែដោះស្រាយរឿងបញ្ហាហ្នឹងបាទ!»។
លោកបន្តថា គណបក្សកាន់អំណាចមិនគួរចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន នោះទេ ដោយលោកគ្រាន់តែរិះគន់រឿងព្រំដែននឹងការប្រើប្រាស់ផែនទីនោះ។
យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទាត់ចោលការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ដោយថ្លែងថា លោក អ៊ុំ សំអាន ប្រើពាក្យញុះញង់ដែលបង្កឲ្យមានចលាចលក្នុងសង្គមនិងអាចឈានដល់សង្គ្រាមស៊ីវិលដូចកាលឆ្នាំ ១៩៧០។
អ្នកនាំពាក្យរូបនេះថ្លែងប្រាប់ VOA ថា៖
«បាទ! ដូចនែបងប្អូនអ្នកស្តាប់វិទ្យុ VOA បានឮពាក្យពេចន៍របស់គាត់មុនពេលចាប់ខ្លួន តាំងពីគាត់នៅក្នុងប្រទេស ហើយនិងទៅសហរដ្ឋអាមេរិក។ ពាក្យពេចន៍ទាំងអស់ហ្នឹងគឺគ្មានអីទេ បើយើងសរុបមកគឺជាពាក្យញុះញង់ ដើម្បីបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គមរបស់យើងណឹង។ ទី១ គឺថានិយាយយ៉ាងម៉េចគឺឲ្យប្រជាពលរដ្ឋហ្នឹង ផ្តោតទៅលើអ្វីដែលគាត់ចង់បានគឺថា ខឹងសម្បារ ទៅលើការបាត់ទឹក បាត់ដី ផែនទីក្លែងក្លាយដែលរដ្ឋាភិបាលបានប្រើអ៊ីចឹង គាត់ចង់បានអញ្ចឹង។ ដូច្នោះយើងយល់ថានេះគឺជាពាក្យញុះញង់ ដើម្បីធ្វើឲ្យចលាចលក្នុងសង្គមជាតិទាំងមូល ហើយបង្កឲ្យទៅមានអសន្តិសុខជាតិ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា៖
«ទី២គឺដូចយើងដឹងទាំងអស់គ្នា គាត់បានប្រើពាក្យប្រកាន់ពូជសាសន៍ ដែលពាក្យនេះយើងធ្លាប់បានរងគ្រោះតាំងពីឆ្នាំ១៩៧០ មកម្ល៉េះ ដែលធ្វើឲ្យយើងធ្លាក់ក្នុងភ្លើងសង្គ្រាម។ បាទ! អញ្ចឹងបានយើងបានធ្វើការចាប់ខ្លួនគាត់។ សរុបមកគឺអ្វីដែលគាត់បានធ្វើហ្នឹងគឺមិនខុសពីពិរុទ្ធជន ដែលយើងធ្វើហ្នឹងជាមួយលោក ហុង សុខហួរ នោះទេ។ ហើយយើងនឹងបញ្ជូនគាត់ទៅកាន់តុលាការដើម្បីវិនិច្ឆ័យតាមអ្វីដែលគាត់បានប្រព្រឹត្ត»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា លោកមើលមិនឃើញពីលើបទល្មើសជាក់ស្តែងដូចអ្វីដែលអាជ្ញាធរបានលើកឡើងនោះទេ ដោយលោក អ៊ុំ សំអាន គ្រាន់តែធ្វើការបញ្ចេញមតិផ្ទាល់ខ្លួនទាក់ទិននិងរឿងផែនទីនឹងព្រំដែនកម្ពុជានោះ។
«បាទ! អត់មានអីជាក់ស្តែង។ មានបទល្មើសអី។ បើគាត់ថា៖ ទេ! ឥឡូវគាត់ថាផែនទីហ្នឹងត្រឹមត្រូវ ហើយគណបក្សកាន់អំណាចរដ្ឋាភិបាលថា ផែនទីហ្នឹងមិនត្រឹមត្រូវ។ អ៊ីចឹងយើងជជែកគ្នាទៅ យើងបកស្រាយបំភ្លឺរៀងៗខ្លួនទៅ ពីព្រោះវាពាក់ព័ន្ធនឹងរឿងជាតិទេតើ វាមិនទាក់ទងទៅហ្នឹងផលប្រជយោជន៍ផ្ទាល់ខ្លួនរបស់អ្នកណា។ ម៉េចក៏យើងចាំបាច់ប្រើប្រាស់ដល់ទៅមធ្យោបាយបែបហ្នឹង។ ហ្អាហ្នឹងវាមិនល្អទាល់តែសោះចំពោះវប្បធម៌របស់យើង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិឲ្យដឹងថា មកដល់ពេលនេះមានសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់១៦នាក់ហើយដែលត្រូវបានឃុំឃាំងទាក់ទិននឹងបាតុកម្មនិងព្រំដែនកម្ពុជាវៀតណាម រួមទាំងលោក ហុង សុខហួរ។ សមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញចាប់ខ្លួនក្នុងខែសីហា កន្លងទៅ ទាក់ទិននឹងការក្លែងបន្លំឯកសាររឿងផែនទី។ ក្នុងពេលនោះដែរ លោក អ៊ុំ សំអាន ដែលសកម្មក្នុងការតស៊ូមតិរឿងផែនទីនិងព្រំដែន បានចាកចេញពីប្រទេសកម្ពុជាក្នុងដំណើរស្វែងរកការណ៍ពិតរឿងផែនទីកម្ពុជានោះ។
នាថ្ងៃច័ន្ទនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងផងដែរថា អាជ្ញាធរកម្ពុជានឹងធ្វើរបាយការណ៍ស្តីពីបទល្មើសនិងការចាប់ខ្លួន លោក អ៊ុំ សំអាន ទៅកាន់រដ្ឋសភាជាតិដើម្បីសុំការអនុញ្ញាតិបន្តនីតិវិធីច្បាប់បន្ថែម។
អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទថា សភាជាតិនឹងបើកអង្គប្រជុំរបស់ខ្លួននាថ្ងៃអង្គារខាងមុខដើម្បីបោះឆ្នោតសម្រេច ថាតើគួរឲ្យផ្អាករឿងក្តីរបស់លោក អ៊ុំ សំអាន ឬយ៉ាងណា៕