កាលពីថ្ងៃសៅរ៍ ក្រុមអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៧រូបបន្ថែមទៀតហើយដែលជាប់បម្រាម បានទទួលព្រះរាជក្រឹត្យផ្ដល់នីតិសម្បទានូវសិទ្ធិធ្វើនយោបាយឡើងវិញ តាមការស្នើសុំរបស់ពួកគេ។
នេះជាការស្នើសុំនិងទទួលបានសិទ្ធិធ្វើនយោបាយជាក្រុមក្នុងចំនួនច្រើនបំផុត ចាប់តាំងពីមានយន្តការផ្ដល់ឱ្យឡើងវិញនៃសិទ្ធិធ្វើនយោបាយ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន។ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ បានជាប់បម្រាមធ្វើនយោបាយ៥ឆ្នាំ ចាប់តាំងពីពេលបក្សនេះត្រូវបានរំលាយដោយតុលាការកំពូល កាលពីខែវិច្ឆិកាឆ្នាំ២០១៧។
សមាសភាពនៃមន្ត្រីទាំង៧រូបនេះក៏មានផងដែរ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រពីរអាណត្តិនិងធ្លាប់ជាប្រធានគណៈកម្មការជំនាញទី៧នៃរដ្ឋសភា និងលោក មុត ចន្ថា អតីតនាយខុទ្ទកាល័យលោក កឹម សុខា ផ្ទាល់តែម្ដង។
ព័ត៌មានទាក់ទង៖ អតីតមន្ត្រីសង្គ្រោះជាតិ៧រូបបន្ថែមទៀតទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមន្ត្រីលេចធ្លោផ្សេងទៀត ក៏បានសុំសិទ្ធិធ្វើនយោបាយនាពេលកន្លងមកដែរ ដូចជាអតីតតំណាងរាស្ត្រចាស់វស្សា សុន ឆ័យ និងអតីតសមាជិកព្រឹទ្ធសភា ថាច់ សេដ្ឋា ដែលមានឥទ្ធិពលក្នុងចំណោមសហគមន៍ខ្មែរក្រោម។
ការចេញមកស្នើសុំនិងទទួលបានសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់នេះ បង្កជាចំណោទលើសាមគ្គីភាពនិងយុទ្ធសាស្ត្ររបស់ក្រុមជំទាស់ នៅក្នុងបរិបទនៃការដឹកនាំទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជានិងក្នុងបរិបទដែលការបោះឆ្នោតថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិខិតជិតមកដល់។
មកទល់ពេលនេះ មានមន្ត្រីបក្សសង្គ្រោះជាតិជាប់បម្រាម២១នាក់ហើយ ដែលបានស្នើសុំនិងទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបើដកលោក ជាម ចន្នី ដែលទទួលមរណភាពចេញ មានអតីតមន្ត្រីបក្សសង្គ្រោះជាតិ៩៨នាក់ផ្សេងទៀត ដែលនៅជាប់បម្រាម។
ក្រុមអ្នកបានសិទ្ធិធ្វើនយោបាយមុនៗបានបង្កើតគណបក្សជាបន្តបន្ទាប់ ដោយខ្លះបានភ្ជាប់ឈ្មោះនឹងបក្សសង្គ្រោះជាតិ ខ្លះទៀតមិនបានភ្ជាប់នោះទេ។
លោក ជីវ កត្តា និងលោក កង គឹមហាក់ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីខែមីនា ឆ្នាំ២០១៩ បានបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ។ លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានសិទ្ធិធ្វើនយោបាយនាគ្រានោះដែរ ទើបបានបង្កើតគណបក្សកែទម្រង់កម្ពុជា នាពេលថ្មីៗនេះ។
លោក គង់ គាំ ដែលបានសិទ្ធិធ្វើនយោបាយមុនគេ កាលពីខែមករា ឆ្នាំ២០១៩ បានចូលរួមនឹងគណបក្សឆន្ទៈខ្មែរ ដឹកនាំដោយកូនប្រុសលោក គឺលោក គង់ ម៉ូនីកា។
រាប់ចាប់តាំងពីគណបក្សឆន្ទៈខ្មែរដល់គណបក្សខ្មែរស្រឡាញ់ជាតិ និងចុងក្រោយបង្អស់នេះគឺ គណបក្សកែទម្រង់កម្ពុជា សុទ្ធសឹងតែបានលើកហេតុផលនយោបាយ អំពីភាពចាំបាច់ក្នុងការចងក្រងសំឡេងបក្សជំទាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដ្បិតបើសិនជារង់ចាំដល់ផុតបម្រាមនយោបាយនៅខែវិច្ឆិកា ឆ្នាំ២០២២ មុខជានឹងយឺតពេល។
យ៉ាងណាក្ដី សម្រាប់លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា អត្រានៃអ្នកសុំសិទ្ធិធ្វើនយោបាយនេះហាក់នៅតិចតួចនៅឡើយ ហើយទោះបក្សសង្គ្រោះជាតិត្រូវរំលាយតាមផ្លូវច្បាប់ទៅហើយក្ដី ក៏សមាសភាពធ្វើការនិងប្រជាប្រិយភាពបក្សនេះ នៅតែមានក្នុងចំណោមមហាជន។
«អ៊ីចឹងស្ថានភាពគណបក្សសង្គ្រោះជាតិ នៅក្នុងស្មារតី នៅក្នុងព្រលឹងពលរដ្ឋ វានៅដិតដាមទេ វាមិនទាន់អស់សុពលភាព វាមិនទាន់អស់តម្លៃនយោបាយនៅឡើយ តម្លៃនយោបាយបានន័យថាប្រជាពលរដ្ឋគាំទ្រឱ្យតម្លៃទៅលើអ្វីដែលគាត់បានស្ដែងចេញនោះណា អ៊ីចឹងគាត់នៅមានឥទ្ធិពលហ្នឹង»។
ប្រការនេះ លោក ឯម សុវណ្ណារ៉ា ថាការណ៍ដែលអ្នកដែលបានសិទ្ធិធ្វើនយោបាយឡើងវិញទៅបើកគណបក្សថ្មីប្រជែងនឹងបក្សប្រជាជននោះ ហាក់ជួបឧបសគ្គលើការកៀរគរអ្នកគាំទ្រ។
«ក៏ប៉ុន្តែអ្នកដែលសុំហ្នឹងបានន័យថា យើងឃើញថាស្ថានភាពមានការលំបាកក្នុងការបង្កើតគណបក្សនយោបាយវិញ ក៏គាត់អត់មានតម្លៃនយោបាយពេញលេញ សម្រាប់ទទួលការគាំទ្រពីប្រជាពលរដ្ឋដែរ គាត់ពិបាកណាស់»។
ការដាក់រនាំងផ្លូវច្បាប់ជាបន្តបន្ទាប់លើក្រុមលោក សម រង្ស៊ី និងអ្នកមានសមានចិត្តនឹងរូបលោក និងក៏ដូចជាការអូសបន្លាយពេលយូររកទីបញ្ចប់មិនឃើញនៃដំណើរការតស៊ូផ្លូវច្បាប់របស់លោក កឹម សុខា ប្រឆាំងនឹងបទចោទ«ក្បត់ជាតិ»លើរូបលោក ក៏ជាមូលហេតុដែលបណ្ដាបក្សបង្កើតថ្មីលើកហេតុផល ដើម្បីគាំទ្រអំណះអំណាងនៃវត្តមានបក្សថ្មីរបស់ពួកគេដែរ។
លោក សម រង្ស៊ី និងលោក កឹម សុខា បានរួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១២ និងបានបង្កបង្កើតជាកម្លាំងជំទាស់ដ៏មានសក្តានុពលប្រកួតនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។
ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ដែលអវត្តមានបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះដោយងាយស្រួលនិងធំធេង ដោយក្រសោបអសនៈទាំង១២៥នៅរដ្ឋសភា ហើយរដ្ឋកាលដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែបន្ត។
ក្រុមអ្នកវិភាគបរទេសធ្លាប់លើកឡើងថាលោក ហ៊ុន សែន ចង់បានការចុះទន់ខ្សោយស្ទើរតែគ្មានវត្តមានរបស់គណបក្សជំទាស់នៅរយៈពេល១០ឆ្នាំទៅមុខទៀត ដើម្បីបង្កើតនូវបរិយាកាសស្ថិរភាពធ្វើអន្តរកាលផ្ទេរអំណាចប្ដូរជំនាន់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ជូនជំនាន់ដឹកនាំទីពីរនៃគណបក្សប្រជាជនកម្ពុជា។
ព័ត៌មានទាក់ទង៖ គម្រប់ខួបកាន់អំណាច៣៦ឆ្នាំ លោក ហ៊ុន សែន សំឡឹង«ជម្រើសច្រកចេញ»លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ បានលើកឡើងថាសករាជដឹកនាំចលនាជំទាស់របស់លោក សម រង្ស៊ី និងលោក កឹម សុខា មិនទាន់បញ្ចប់នៅឡើយ ហើយរាល់បក្សជំទាស់ថ្មីណាដែលមិនទទួលការគាំទ្រពីលោកទាំងពីរ ក៏ពិបាកនឹងឈរជើងរឹងមាំដែរ។
មន្ត្រីបក្សជំទាស់រូបនេះលើកឡើងថាទោះមានការវាយប្រហារគ្នារវាងក្រុមអ្នកស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី និងលោក កឹម សុខា មួយភាគធំនៃក្រុមទាំងពីរមានជំហរស្របគ្នាមួយគឺរឿងមិនទៅស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
«រឿងដែលប៉ូលអាវស ប៉ូលអាវលឿង វាជារឿងរបស់ថ្នាក់ក្រោម ប៉ុន្តែមេដឹកនាំទាំងពីរមិនទាន់បាននិយាយថាបែកបាក់គ្នានៅឡើយ សុំចែកផ្លូវ ចែកមុង ចែកខ្នើយ ចែកកន្ទេល ចែកទ្រព្យអ្វីនៅឡើយទេ អ៊ីចឹងល្គឹកណា បើមេដឹកនាំទាំងពីរនៅស្ងាត់ស្ងៀម មិនមែនមានន័យថាអស់សង្ឃឹមរៀងៗខ្លួនទេ គឺយើងអត់ដឹងពីយុទ្ធសាស្ត្រយ៉ាងម៉េចរបស់គាត់ទាំងពីរនាក់»។
សម្រាប់លោក កឹម សុខា ជំហរមិនសុំសិទ្ធិធ្វើនយោបាយ ស្ដែងឡើងតាមរយៈសំណេររបស់តំណាងផ្លូវច្បាប់របស់លោក ដែលផ្សាយកាលពីថ្ងៃសៅរ៍ ចំពេលដែលលោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា និងមន្ត្រីទាំង៥រូបផ្សេងទៀតបានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក ចាន់ ចេន សហមេធាវីការពារក្ដីរបស់លោក កឹម សុខា បានសរសេរជាសំណេរមួយលើទំព័រហ្វេសប៊ុករបស់លោក ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«អ្នកនៅក្បែរក្លៀកលោក កឹម សុខា ខ្លះដោយមានមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក៏បបួលលោក កឹម សុខា ប្តូរជំហរនយោបាយឲ្យងាកចេញពីឆន្ទៈរាស្ត្រ ដល់លោក កឹម សុខា នៅតែរក្សាជំហរដើមដដែល ដោយស្មោះត្រង់និងទឹកដី ម្ចាស់ឆ្នោតជិតពាក់កណ្តាលនគរដែលបានខិតខំលះបង់គ្រប់បែបយ៉ាងនោះ បែរអ្នកមានមហិច្ឆតាផ្ទាល់ខ្លួន ក្រុមខ្លួនមួយដំបរស្វានោះ ចោទលោក កឹម សុខា ថារឹងរូស ហើយដើរចេញពីលោក កឹម សុខា ទៅវិញ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ មើលឃើញថាតម្លៃមូលធននយោបាយរបស់ថ្នាក់ដឹកនាំនិងមន្ត្រីលេចធ្លោនានារបស់បក្សសង្គ្រោះជាតិ ដែលនៅជាប់បម្រាមនៅមាន ក្នុងការកំណត់នូវជំហានយុទ្ធសាស្ត្របន្ទាប់សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ឬផុតពីនេះ។
«លោក កឹម សុខា ដែលជាប្រធានស្របច្បាប់ដែលត្រូវគេរំលាយហ្នឹងរបស់គណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិហ្នឹង មិនទាន់មានទស្សនៈខ្វែងគ្នាជាមួយនឹងលោក សម រង្ស៊ី ទេ អ៊ីចឹងយើងឃើញថាស្ថានភាពគណបក្សប្រឆាំងនៅមានស្មារតីរួមមួយ ដែលអាចរក្សាបាននូវតម្លៃនយោបាយ ដែលប្រជាពលរដ្ឋផ្ដល់ឱ្យគាត់ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ ដែលគាត់អាចមានទុនក្នុងការវិនិយោគទៅអនាគត»។
ចំពោះជម្រើសចុងក្រោយរបស់បក្សជំទាស់ក្នុងការប្រើប្រាស់ទុននយោបាយដែលសន្សំតាមរយៈការនៅជ្រោងស្មារតីបក្សនេះ លោក មាជ សុវណ្ណារ៉ា លើកឡើងថានៅពេលផុតបម្រាមនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមមេដឹកនាំទាំងពីរប៉ូលនៃគណបក្សសង្គ្រោះជាតិអាចសម្ដែងការអំពាវនាវកៀរគរការគាំទ្រសម្រាប់បក្សស្របច្បាប់ណាមួយដែលចូលរួមបោះឆ្នោត តែលោកមិនច្បាស់ថាបក្សនោះជាបក្សប្រឆាំងទើបបង្កើតថ្មីឬយ៉ាងណានោះទេ។
តែជម្រើសនេះក៏ហាក់ពិបាកដែរ ព្រោះយន្តការនៃការដោះឱ្យរួចបម្រាមនយោបាយ៥ឆ្នាំនាពេលខាងមុខ ក៏មិនបានចែងច្បាស់នោះដែរ។ មន្ត្រីរដ្ឋាភិបាលធ្លាប់ព្រលយពីលទ្ធភាពនៃការបន្តបម្រាមសម្រាប់អ្នកជាប់បម្រាមណាដែលល្មើសធ្វើសកម្មភាពនយោបាយអំឡុងពេលបម្រាម៥ឆ្នាំនេះ។
មួយវិញទៀត សុវត្ថិភាពផ្លូវនយោបាយឬផ្លូវច្បាប់ សម្រាប់បក្សជំទាស់ណាមួយដែលតំណាងសំឡេងប្រឆាំងពិតប្រាកដមានវត្តមានចូលរួមការបោះឆ្នោតខាងមុខអាចនឹងក្លាយជាចំណោទសួរ ខណៈបក្សប្រជាជនកម្ពុជា នឹងមានលក្ខណៈរសើបចំពោះបក្សណាដែលទទួលបានការកៀរគរគាំទ្ររុញពីក្រោយដោយគណបក្សសង្គ្រោះជាតិនោះ។ នេះបើតាមលោក មាជ សុវណ្ណារ៉ា៕