លោកស្រី​គ្លីនតុន​នៅ​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​និង​បំណុល

  • Scott​ Stearns
​កម្ពុជា​ចង់ឲ្យស.រ.អា.​លុបចោល​បំណុល​ជាង​៤០០​លានដុល្លារ​សល់​ពី​របប​លោក​លន់ នល់ ​ដែលគាំទ្រ​ដោយ​អាមេរិក។

លោកស្រី​គ្លីនតុន​នៅ​កម្ពុជា​ពិភាក្សា​ជាមួយ​លោកហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ អំពី​ការ​វិនិយោគ​ទុន​ស.រ.អា.​នៅ​កម្ពុជា​និង​បំណុល​កម្ពុជា​ ជំពាក់ស.រ.អា.។ ​

​កម្ពុជា​ចង់ឲ្យស.រ.អា.​លុបចោល​បំណុល​ជាង​៤០០​លានដុល្លារ​សល់​ពី​របប​លោក ​លន់ នល់ ​ដែលគាំទ្រ​ដោយ​អាមេរិក។ ​លោកលន់ នល់​បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​សម្តេច​នរោត្តម​សីហនុ​នៅឆ្នាំ​១៩៧០ ​ហើយ​បាន​ខ្ចីលុយ​ពីអាមេរិក​ ដែល​មាន​ការប្រាក់៣% ​ដើម្បី​ចិញ្ចឹម​អ្នក​គាំទ្រ​នៅភ្នំពេញ​ មុន​ពេល​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច។​

លោក​ហ៊ុន សែន​និយាយ​ថា ​នេះជា​បំណុល​ក្រខ្វក់​ដែល​កម្ពុជា​មិន​គួរសង​វិញ​ទេ។​

លោកស្រី​ហ៊ីលឡារី​គ្លីនតុន​ត្រូវ​បាន​សួរ​អំពី​បំណុល​នេះ​ ក្រោយពី​បាន​ពិភាក្សា​ជា​មួយ​លោកហ៊ុន​សែន ​ហើយ​ថា ​តាមច្បាប់​អន្តរជាតិ ​រដ្ឋាភិបាល​កូន​បំណុល​ត្រូវ​ទទួលខុស​ត្រូវ​បន្ត​ពី​រដ្ឋាភិបាល​ចាស់ ​ទោះជា​ហាក់​ដូចជា​អយុត្តិធម៌​ក្តី។​លោកស្រី​បង្ហាញ​សុឆ្ទៈ​ធ្វើការ​ជាមួយ​ កម្ពុជា​ដោះស្រាយ​បំណុល​នេះ។​

«យើង​ចង់ធ្វើ​ការងារ​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ដោយ​ យុត្តិធម៌​អំពី​បញ្ហា​ដ៏យូរ​នេះ ​ដើម្បី​ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​កិត្តិយស​ បង្កើន​ពាណិជ្ជ​កម្ម​ក្នុង​ទីផ្សារ​អន្តរជាតិ។​ យើង​គិត​ថា ​ការឈាន​ចូល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​គឺជា​ប្រយោជន៍​កម្ពុជា​ ដោយ​មិន​ពឹង​ផ្អែក​លើប្រភព​ហិរញ្ញវត្ថុ​ណា​មួយ​ តែមាន​លទ្ធភាព​ដោយ​ខ្លួន​ឯង»។​

វិធីមួយ​គឺ​ការ​សង​បំណុល​ក្នុង​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍​បន្ថែម​របស់​ ស.រ.អា.​ក្នុង​វិស័យ​អប់រំ ​និង​បរិស្ថាន ។ ​ជំនួយ​នោះ​កន្លងមក​ត្រូវផ្អាក​ដោយ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ​ដើម្បី​ធានា​ថា ​ជំនួយ​នេះ​បាន​ទៅ​ពលរដ្ឋ​ខ្មែរ។​

លោកស្រី​គ្លីន​តុនប្រាប់​អ្នកយក​ព័ត៌មាន​ថា ​ជំនួយ​ស.រ.អា.​សម្រាប់​កម្ពុជា​ឡើង​ទ្វេ​ដង​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​ នេះ​គឺ​ដល់​ទៅ​៧៥លាន​ដុល្លារ។​ លុយ​នេះជួយ​ប្រយុទ្ធ​ជំងឺអេដស៍ ​មេរោគ​អេដស៍ ​ជួយ​ខ្មែរ​ក្រីក្រ​ជិត​១ភាគ៤​ក្នុង​ប្រទេស​នេះ ដែល​ខ្វះខាត​អាហារ ​ជួយ​កាត់​បន្ថយ​មរណភាព​មាតា​ និងទារក។​

«ខ្ញុំទទួល​ស្គាល់​ថា​ ជួនកាល​ស.រ.អា.​មាន​ការ​សៅហ្មង​បន្តិច។​ យើង​ផ្តល់​ជំនួយ​ឲ្យប្រជាជន​ផ្ទាល់។ ​យើង​ចង់ឲ្យ​មាន​ចំណី​អារហារ ​ឲ្យ​ប្រជាជន​មាន​សុខភាព​ប្រសើរ​ឡើង។​ ដូច្នេះ ​យើង​មិនអាច​អួតអាង​អំពី​អាគារ​ធំៗទេ​ ប៉ុន្តែ​យើង​អាច​និយាយ​ពីការ​សង្គ្រោះ​ជីវិតកុមារ​បាន​ច្រើន»។​
លោកស្រី​ ហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​

តាំងពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធម្មតា​ឡើងវិញ​ជាមួយ​កម្ពុជា​នៅឆ្នាំ​ ១៩៩២​ វិនិយោគ​ទុន​ស.រ.អា.​នៅ​កម្ពុជា​កើន​ជា​ប្រចាំ​ដល់​ជាង​១៤៤​លាន​ដុល្លារកាល​ ពី​ឆ្នាំទៅ។​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និយាយ​ថា ​តួលេខ​នេះ​ឡើង​ទ្វេលើ​ឆ្នាំ​២០១០។​

កម្ពុជា​នាំចេញ​ច្រើន​មក​ស.រ.អា.​គឺ​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ភាគ​ច្រើន​ខាង​វិស័យកាត់​ដេរ។​

លោក​ស្រីគ្លីនតុន​កំពុង​ដឹកនាំ​គណៈ​ប្រតិភូពាណិជ្ជករ​អាមេរិកាំង​ច្រើន​ បំផុត​ទៅ​កម្ពុជា ​ជា​ផ្នែកមួយ​នៃ​វេទិការ​វិនិយោគទុន​សម្រាប់​តំបន់​អាស៊ាន។ ​ក្រុម​ហ៊ុន​ចូលរួម​ រួមមាន​ Boeing, Chevron, Coca-Cola, FedEx, Ford, General Electric និង​Proctor and Gamble។​

​ប្រែសម្រួល​ដោយ៖ ពិន ស៊ីសុវណ្ណ