ឆ្នាំ​សិក្សា​ថ្មី​ចាប់​ផ្តើម​ខណៈ​ដែល​កង្វះ​ខាត​ជីវភាព​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​​គ្រូ​បង្រៀន

សិស្ស​​ស្រី​ម្នាក់​កំពុង​សរសេរ​នៅ​ក្នុង​​ថ្នាក់​រៀន​មួយ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ខេត្ត​ តាកែវ​ អ្នក​ទទួល​ខុស​ត្រូវ​និយាយ​ថា ​គ្រូ​បង្រៀន​ត្រូវ​បង្ខំ​ចិត្ត​បង្កើត​មុខ​របរ​ផ្សេង​ក្រៅ​ពី​ការបង្រៀន​ ដើម្បី​អាច​រស់បាន​។ ដំណាល​គ្នា​នេះ ​សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯករាជ្យ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​ឲ្យ​ដល់ ​២៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្ដែ​មន្ដ្រី​ក្រសួង​អប់រំ​និយាយថា ​ក្រសួង​មិនអាច​ធ្វើ​តាម​សំណើ​នេះ​បាន​ទេ។

សំឡេង​ជួង​បន្លឺ​ឡើង​ចេញ​ពី​សាលា​បឋម​សិក្សា​ បានយ នៅ​ស្រុក​ព្រៃ​កប្បាស​ចម្ងាយ​ប្រមាណ​ជា ៥០​គីឡូម៉ែត្រ ​ពីទី​រួមខេត្ត​តាកែវ ​ដែល​ជា​សញ្ញាថា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​បវេសនកាល​បាន​បញ្ចប់​ហើយ។ សិស្សា​នុសិស្ស​ក្មេងៗ ​បុ្រស​ស្រី​តូចៗ​រត់​ចេញ​មក​ពី​ថ្នាក់​រៀន​របស់​ពួក​គេ​ព្រមៗ​គ្នា។ ពួកគេ​ដើរ​សំដៅ​ទៅ​រក​គេហដ្ឋាន​រៀងៗ​ខ្លួន។​ ខ្លះ​មាន​ឯក​សណ្ឋាន​ខោ​ខៀវ ​អាវ​ស​ រីឯ ​ខ្លះ​ទៀត​មាន​សម្លៀក​បំពាក់ចាស់ៗ​ ហាក់​បីដូចជា ​មិនទាន់​ត្រៀម​គ្រប់​លក្ខណៈ​សម្រាប់​ការ​ចូល​រៀន​នៅ​ឡើយ។ រីឯ​គ្រួ​បង្រៀន​មួយ​ចំនួន​ទៀត​មិនទាន់​បាន​ចូល​មក​កាន់​បន្ទប់​បង្រៀន​ផង​ទេ ​ដោយ​សារ​តែ​រវល់​ស្វែង​រកកម្រៃ​ពី​ប្រភព​ផ្សេងៗ​សម្រាប់​ទ្រទ្រង់​ជីវភាព។

លោក​ ពាង ខ្យង ​នាយក​រង​នៃ​សាលា​បឋម​សិក្សា​បានយ ​បណ្ដើរ​កង់​ចាស់​មួយ​ដែល​ច្រែះ​ស៊ី​ស្ទើរ​គ្មាន​សល់​ សំដៅ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។ លោក​មាន​ប្រសាសន៍​ដោយ​កាន់​កង់​ចំណាស់​របស់​គាត់​ជាប់​នឹង​ដៃ​ស្ដាំ​ថា ​គ្រូ​បង្រៀន​នៅ​ទីនេះ​ចាំបាច់​ត្រូវតែ​មាន​មុខ​របរ​ផ្សេង​ពី​ការ​បង្រៀន​ទើប​អាច​ធានា​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន។

«គ្រូ​មួយ​ចំនួន​ពេល​ដែល​ចេញ​ពី​បង្រៀន​វិញ​គឺ​មាន​មុខរបរ​ធ្វើស្រែ ​និង​លក់​ដូរ​តិចតួច​នៅ​ទីផ្សារ​ តែ​មួយ​ចំនួន​ធំ​ជា​អ្នកធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​។ កាល​ណា​លុយ​តិច ​ជីវភាព​មិន​គ្រប់​ គ្រាន់ ​ដូច្នេះ ​លោក​គ្រូ​អ្នកគ្រូ ​គាត់​ឆ្លៀត​ទៅ​ធ្វើការ ​ឬ​រក​ស៊ី​ខាងក្រៅ ​ហើយ​គាត់​មិនសូវ ​យក​ចិត្ត​ ទុកដាក់​បង្រៀន​»។

សាលាបឋមសិក្សា​បានយ ​គឺជា​សាលារៀន​ ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​មួយ​របស់ខេត្ត​តាកែវ។​ គេ​អាច​ទៅ​កាន់​សាលារៀន​នេះ​បាន ​តាម​ផ្លូវលំ​ធ្វើ​អំពី​ដីក្រហម ​គ្រលិកគ្រលុក​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ២​ ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​តាកែវ។

លោក​នាយក​រង​ពាង ខ្យង ​បាន​ត្អូញ​ត្អែរថា ​ដោយ​សារ​តែ​ការ​ឆ្លៀត​រក​កម្រៃ​ក្រៅ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ដល់​ការ​បង្រៀន​របស់​លោកគ្រូ ​អ្នកគ្រូ​ផង​ដែរ។​ ប៉ុន្ដែ​គ្រូ​បង្រៀន​ក្នុង​សាលា​របស់​លោក​នៅ​តែ​ព្យាយាម​តស៊ូ​បង្រៀន​ដោយក្ដី​ស្រឡាញ់​ការងារ។

«រាជរដ្ឋាភិបាល​ ខ្ញុំ​មិនដឹង​ថា ​ពេលណា​លោក​គិត​ឃើញទេ ពួក​យើង​ក៏​មិន​ហ៊ាន​ទាមទារ​ដែរ។ ​រាល់ ថ្ងៃគឺ​ថា​បង្រៀន​គឺ​ដូច​ជា ​ការ​ស្រលាញ់​អឹចឹង ​ទោះបើ​ជា​មាន​ប្រាក់ខែ​តិច​ក៏យើង​យក​ចិត្ត​ទុកដាក់​បង្រៀន​សិស្ស​ដែរ​។ កាល​ណា​ក្រពះ​យើង​មិន​ឆ្អែត​ ក៏​យើង​មិន​អាច​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​កម្លាំង​កំហែង​នឹង​ធ្វើការ​ងារដែរ។ រឿង​ប្រាក់ខែ​ប៉ុន្មាន​ ក៏​មិន​អាច​គ្រប់គ្រាន់​ដែរ​ តែ​បើ​បាន​ប្រហែល​២០០​ទៅ​៣០០ដុល្លារ​វិញ​ គឹថា​គ្រាន់តែ​មួយ​រស់​ មួយ​រស់​បាន ​ដូច​រាល់ថ្ងៃ​បា្រក់ខែ​រកតែ​ទិញ​ម្ហូប​ក៏​មិន​គ្រាន់​ដែរ»។

បច្ចុប្បន្ន​នេះ ​ប្រាក់ខែ​អប្បបរមា​សម្រាប់​គ្រូ​បឋមសិក្សា​ មាន​ចំនួន​ដប់​ម៉ឺន​រៀល​ ឬ​ស្មើ​នឹង​ជិត​២០​ដុល្លារ​អាមេរិក។ ប្រាក់ខែ​អប្បបរមា​សម្រាប់​គ្រូ​អនុវិទ្យាល័យ​វិញ​មាន​ចំនូន​២០​ម៉ឺន​រៀល​ ឬ​ស្មើ​នឹង​ ជិត​៥០​ដុល្លារ ​ចំណែក​ ឯ​ប្រាក់ខែ​អប្បបរមា​សម្រាប់​គ្រូ​នៅ​តាម​វិទ្យាល័យ​មាន​ចំនួន​ប្រហែល​ជា​ ៣០​ម៉ឺន​រៀល​ ឬ​ប្រហែល​ជា​៧០​ដុល្លារ។

ការ​ត្អូញត្អែរ​របស់​គ្រួ​បង្រៀន​ចំពោះ​ប្រាក់ខែ​តិច​តួច​តែង​តែ​ត្រូវ​គេ​ឮ​ជា​ប្រចាំ​ ដោយ​សារ​តែ​ទំនិញ​នៅ​លើ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​ជា​លំដាប់​។ ក៏​ប៉ុន្ដែ​រដ្ឋាភិបាល​កម្ពុជា ​មាន​យុទ្ធសាស្ដ្រ​សម្រាប់​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន​ចំនួន​២០​ភាគរយ​ក្នុង​មួយឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក្រុម​គ្រូបង្រៀន​ លើក​ឡើង​ថា​ ការ​ដំឡើង​នេះ​មាន​ចំនួន​តិចតួច​ណាស់។

ហេតុ​ដូច្នេះ​ហើយ ​នៅ​ថ្ងៃ​នេះ​ គឺ​នៅ​ចំ​ទិវា​គ្រូបង្រៀន​ពិភពលោក ​លោក​រ៉ុង ឈុន ​ប្រធាន​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់ខែ​គ្រូ​បង្រៀន​យ៉ាង​តិច​ចំនួន​មួយ​លាន​រៀល​ ឬ​ស្មើ​ប្រហែល​នឹង​២៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រធាន​សមាគម​ដដែល គ្រោងនឹង​ប្រារព្ធ​ជា​ក្បួន​ដង្ហែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ឧទ្ទិស​ដល់​ទិវា​នេះ ​និង​រំឭក​ពីការ​ទាម​ទារ​ដំឡើង​ប្រាក់ខែ​នេះ។ ក៏​ប៉ុន្ដែ​គម្រោងការ​របស់​លោក​ត្រូវ​រារាំង​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

លោក​ រ៉ុង ឈុន ​លើក​ឡើង​ថា​ ប្រាក់ខែ​ដ៏​តិចតួច ​មិនបាន​លើក​ទឹកចិត្ត​ដល់​គ្រូ​បង្រៀន​នោះ​ទេ​ ហើយ​វា​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ឥទិ្ធពល​អាក្រក់​លើ​វិស័យ​អប់រំ​មួយ​ផ្នែក​ដែរ។ លោក​ រ៉ុង ឈុន​ បន្ថែម​ថា​ បញ្ហា​ប្រាក់ខែ​នេះ ​គឺជា​កង្វល់​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​គ្រូបង្រៀន​គ្រប់​រូប។

«បញ្ហា​ប្រឈម​របស់​គ្រូបង្រៀន​ដែល​ខ្លាំងក្លា​ គឺ​ទៅលើ​ជីវភាព​។ អញ្ចឹង​ហើយ​បាន​ជា​យើង​ឆ្លៀត​ឱកាស​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ហ្នឹង​ ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ បៀវត្សរ៍​ឲ្យ​គាត់​អប្បរមា​មួយ​លាន​រៀល​ក្នុង​មួយខែ»។

លោក​ថោន បូរ៉ាន់ ​អគ្គនាយក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និយាយ​ថា​ ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន ​គឺជា​រឿង​របស់​លោក​រ៉ុង ឈុន​ រីឯ​ក្រសួង​របស់​លោក​បាន ​ធ្វើ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ​ពោល​គឺ​ការ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន​ក្នុង​មួយ​ ឆ្នាំ​ចំនួន​២០​ភាគរយ។

«យើងខ្ញុំ​ ការងារ​គឺ​ធ្វើ​តាម​តែ​គោលការណ៍​និង ​គោលនយោបាយ​ទេ ​ហើយ​រឿង​របស់​ រ៉ុង ឈុន​ គឺ​ផ្សេង»។

សូម​រំឭក​ថា​ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ព្យាយាម​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​និង​មន្ដ្រីរាជការ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្ដែ​ជានិច្ចកាល​គេ​មិន​ដែល​ឃើញ​ថា​ការ​ទាមទារ​ទាំង​នោះ​ ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​របស់​រដ្ឋាភិបាល​ទេ៕