ក្រុមអង្គការសង្គមស៊ីវិលជាង៥០ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ចាត់ទុកការផ្តន្ទាទោសលើសកម្មជនមាតាធម្មជាតិថាជា«រឿងគួរឱ្យអាម៉ាស់»ដោយស្នើឱ្យអាជ្ញាធរទម្លាក់ចោលការផ្តន្ទាទោសនិងបញ្ឈប់ការចំណាយធនធាន សម្រាប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើពួកគេបន្តទៀត។ ពួកគេក៏បានរិះគន់ការឃុំខ្លួនសកម្មជនទាំងនោះ នៅទីតាំងផ្សេងៗគ្នា ក្រោយការប្រកាសសាលក្រមរបស់តុលាការកាលពីថ្ងៃអង្គារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ដោយបំបែកពួកគេឱ្យនៅឆ្ងាយពីគ្នា និងឆ្ងាយពីគ្រួសារគឺជា ការដាក់ទណ្ឌកម្មបន្ថែមទៀតលើពួកគេ ហើយក៏អាចជាសារមួយដើម្បីដាក់បន្ទុកទៅលើសកម្មជនដទៃទៀតដែរ។
លោកថ្លែងថា៖«ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញជា ទណ្ឌកម្មមួយសម្រាប់ពួកគាត់ ហើយការបញ្ជូនទៅឆ្ងាយជាទណ្ឌកម្មផ្លូវចិត្តមួយទៀតសម្រាប់ពួកគាត់ផងដែរ...យើងមើលទៅនេះ គឺជារូបភាពមួយទៀតដែរ បើយើងមើលទៅវាជា ការបំបាក់ទៅលើយុវជនផ្សេងៗទៀតសម្រាប់ការចូលរួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ សកម្មដូចពួកគាត់»។
អង្គការលីកាដូ(LICADHO)ស្ថិតនៅក្នុងចំណោមអង្គការសង្គមស៊ីវិលដែលបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃព្រហស្បតិ៍នេះ ដែលមានដូចជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL)មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងសហគមន៍ដែលប្រឈមនឹងបញ្ហាដីធ្លីនៅតាមបណ្តាខេត្តនានា។
អង្គការសង្គមស៊ីវិល និងសហគមន៍ដីធ្លីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិយើង»។
អាជ្ញាធរមានសមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និងសកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើយុវជនវ័យក្មេងដែលក្លាហាន និងមានឆន្ទៈខ្ពស់ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់កម្ពុជា។នេះបើតាមសេចក្តីថ្លែងការណ៍។
ក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាទម្លាក់ចោលការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ធានាថាអ្នកទាំងនោះត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌនិងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា។
ពួកគេបានសង្កត់ធ្ងន់ថាការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់ ។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក រស់ សារ៉ាត់ថ្លែងថា សកម្មជនចលនាមាតាធម្មជាតិបានចូលរួមសកម្មភាពជាច្រើនក្នុងការជួយការពារបរិស្ថាន និងធនធានធម្មជាតិ ហេតុដូច្នេះមិនគួរណាមានការចាប់ពួកគេមកដាក់ទោសទណ្ឌនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖«យើងខ្ញុំ យល់ថាកិច្ចការងាររបស់ពួកគាត់ហ្នឹង គួរតែទទួលបានការកោតសរសើរចំពោះភាពក្លាហាន ការដែលគាត់ហ៊ានលះបង់ជាជាង ការដាក់ទោសទណ្ឌ ដែលត្រូវបានចោទពីបទព្រហ្មទណ្ឌ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ ហើយយើងក៏ស្នើឱ្យអាជ្ញាធរ មេត្តាពិចារណាក្នុងការទម្លាក់ចោលនៃការផ្តន្ទាទោសលើសកម្មជនមាតាធម្មជាតិ និងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ឃើញថា ការឃុំខ្លួនសកម្មជនដោយបំបែកឱ្យពួកគេនៅឆ្ងាយពីក្រុមគ្រួសារ និងឆ្ងាយពីសាលាក្តី គឺជារឿងខាតបង់ច្រើន ហើយក៏ជារឿងមួយដែលអាចរំលោភទៅលើសិទ្ធិជនជាប់ឃុំ។
លោកបញ្ជាក់ថា៖«ខ្ញុំគិតថា នេះមិនមែនជារឿងមួយដែលចំណេញទេ! មិនមែនជាផលចំណេញទេ វាជាការខាតបង់។ ទីពីរវាជាការបង្ហាញពីការរំលោភនូវសិទ្ធិរបស់ជនជាប់ឃុំដែលជនជាប់ឃុំទាំងអស់ គេអាចមានការទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិអីហ្នឹងគឺថា មិនគួរណាដែលត្រូវបានយកជនជាប់ឃុំទៅដើម្បីបំបែកឱ្យឆ្ងាយពីក្រុមគ្រួសារទេ...ទោះបីថា គេជាប់ឃុំក៏ដោយក៏សិទ្ធិក្នុងភាពជាមនុស្សគេនៅតែមានសិទ្ធិក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រួសារ សិទ្ធិសម្តែងមនោសញ្ចេតនាជាមួយក្រុមគ្រួសារមិត្តភក្តិ បងប្អូនអីជាដើម»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានប្រាប់វីអូអេកាលពីថ្ងៃពុធថា ការឃុំខ្លួនសកម្មជនទាំង៥ នៅពន្ធនាគារផ្សេងៗគ្នាបែបនេះ គឺជាការងារបច្ចេកទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងការងារសន្តិសុខ។
អ្នកស្រី លី ចាន់ណាវី ម្តាយរបស់សកម្មជនចលនាមាតាធម្មជាតិ លី ចាន់ដារ៉ាវុត ដែលជាកូនប្រុសតែម្នាក់ក្នុងគ្រួសារមានទីលំនៅនៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា អ្នកស្រីមិនបានទៅសួរទុក្ខកូនប្រុសនៅឡើយទេ ដោយរវល់នឹងការងាររកស៊ី ប៉ុន្តែអ្នកស្រីនៅតែបារម្ភពីស្ថានភាពរបស់កូនខណៈមានការបញ្ជូនកូនរបស់អ្នកស្រីទៅឆ្ងាយពីគ្រួសារ។
អ្នកស្រីថា៖«មីង! ក៏បារម្ភដោយសារកន្លែងហ្នឹងកន្លែងថ្មី យើងអត់ដឹងម៉េចដែរ។ យើងអត់ធ្លាប់ទៅ អត់ធ្លាប់ដឹងស្ថានភាពនៅហ្នឹង»។
អ្នកស្រីស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទម្លាក់ចោលការផ្តន្ទាទោសលើកូនប្រុសរបស់អ្នកស្រី និងសកម្មជនដទៃទៀត ដោយអះអាងថា កូនប្រុសរបស់អ្នកស្រីពិតជាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
អ្នកស្រីថ្លែងថា៖«សំណូមពរ សុំឱ្យទម្លាក់បទចោទទាំងអស់ គាត់អត់បានទៅធ្វើអីប៉ះពាល់ដល់អ្នកណា គាត់អត់បានប៉ះពាល់ដល់សង្គម គាត់អត់បានធ្វើអីខុស គាត់ធ្វើដោយឈរលើភាពត្រឹមត្រូវ គាត់មិនបានទៅបំពានអ្នកណា ហើយគាត់ក៏ដែលចោទអ្នកណាថា មិនល្អ! គាត់គ្រាន់តែធ្វើការផ្តល់ព័ត៌មានសម្រាប់ទៅកាន់ខាងរដ្ឋាភិបាល ឬក៏ឱ្យអ្នកដទៃដឹង ហើយកែប្រែអ្វីដែលមិនល្អមកល្អប្រសើរឡើងវិញ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ជាគោលការណ៍ច្បាប់ ការប្រកាសគាំទ្រសកម្មជនហើយប្រឆាំងទៅនិង វិធានការច្បាប់ គឺមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារដល់ជនជាប់ចោទទេ។
លោកបន្ថែមថា ការសម្រេចផ្តន្ទាទោសនេះផ្អែកលើការអនុវត្តច្បាប់ទៅតាម អង្គហេតុ អង្គច្បាប់រឹងមាំ និងច្បាស់លាស់តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ច។
លោកថ្លែងថា៖«មធ្យោបាយតាមផ្លូវច្បាប់ តែមួយគត់ក្នុងការជួយដល់ជនជាប់ចោទគឺ ការចូលរួមក្នុងដំណើរការនីតិវិធី របស់តុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភស្តុតាង សក្ខីកម្មឱ្យបានរឹងមាំក្នុងការដោះបន្ទុកទៅនឹងបទចោទដែលសមត្ថកិច្ចមាន ដើម្បីធ្វើការដោះបន្ទុក។ ចំណែកការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ យ៉ាងណានោះមិនមានឥទ្ធិពលអីទៅលើតុលាការហើយក៏មិនអាច ជួយដល់ជនត្រូវចោទដែលជាសកម្មជនទាំងអស់នោះបានដែរ។ នេះផ្អែកលើរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកអាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងប្រាំនាក់ផ្សេងទៀតដែលមិនបង្ហាញខ្លួន ក្នុងសាលសវនាការត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់។ នេះបើតាមមេធាវីលោកសំ ចំរើន។
ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានសម្រុកចាប់ខ្លួនពួកគេបញ្ជូនចូលរថយន្តទាំងបង្ខំ ដោយមិនបានប្រាប់ពីលទ្ធផលនៃសាលក្រម៕