សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​​បោះ​ឆ្នោត​ឱ្យ​បាន​ស្មើ​គ្នា​ចំពោះ​រាល់​​គណបក្ស​នយោបាយ​​​​

រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២១ បង្ហាញ​ការ​ខកចិត្ត​នឹង​ការណ៍​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ​គឺ ​គណបក្ស​ភ្លើង​ទៀន ​និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ក្នុង​នោះ​មាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល)​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​(អាដហុក)​ ចាត់​ទុក​ថា​ អវត្តមាន​របស់​បក្ស​ទាំងពីរ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​ ២០២៣​ នេះ​ជា​ការ​បាត់​បង់​ជម្រើស​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រើស​តំណាង​ដែល​ពួក​គេ​យល់​ថា​ អាច​ការពារ​សិទ្ធិ​ និង​ប្រយោជន៍​របស់​ពួក​គេ​បាន។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចុះ​នៅ​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៣។​

អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល ​(Comfrel) ​លោក​ កន សាវាង្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ធានា​បាន​នូវ​សិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​មាន​ភាព​ចំា​បាច់​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ពីព្រោះ​ថា​ សិទ្ធិ​ទាំងនេះ​ក៏​មានចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​យើង​ហ្នឹង​ គឺ​យើង​មាន​ចំណុច​ពីរ​ដែល​សំខាន់​ជាង​គេ​គឺ​ថា​ ទី១ ​សូម​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ជាពិសេស​រដ្ឋា​ភិបាល ​ក៏ដូច​ជា​ស្ថាប័ន​ គ.ជ.ប ​ពិនិត្យ​មើល​ឱ្យ​មាន​ការ​ធានា​អំពី​សិទ្ធិ​ឈរ​ឈ្មោះ​និង​សិទ្ធិ​បោះឆ្នោត​ហ្នឹង។ ​នេះ​គឺជា​រឿង​មួយ​សំ​ខាន់»។​

គណបក្ស​ភ្លើង​ទៀន​ និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ច្រាល​ចោល​ការ​ចុះ​បញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​នាខែ​កក្កដា​ខាង​មុខ ដោយ​ផ្តល់​ហេតុ​ផល​ថា​គណ​បក្ស​ទាំងពីរ​នេះ​មិន​បាន​ភ្ជាប់​នូវ​ប្រកាស​ដើម​ស្តីពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​ការ​បញ្ជាក់​នីត្យានុកូលកម្ម។​

សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «យើង​ខ្ញុំ​ជា​អង្គ​ការ​សង្គម​ស៊ីវិល ​សមាគម​ និង​សហជីព យល់​ថា ការ​ចូល​រួម​ពីគ្រប់​គណ​បក្ស​នយោបាយ ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ធានា​បាន​នូវ​ការ​លើក​កម្ពស់​សិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ គឺ​ជា​គ្រឹះនៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន​ តាម​គោល​នយោបាយ​នៃ​ការ​បង្រួប​បង្រួម​ជាតិ ​និង​ឯកភាពជាតិ»។​

អ្នក​នាំពាក្យ​ គ.ជ.ប ​លោក ​ហង្ស ពុទ្ធា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលជាផ្នែក​មួយ​នៃ​ការ​សម្តែង​មតិ​ ហើយ​ថា​ គ.ជ.ប​ អនុវត្តទៅ​តាម​តែ​ច្បាប់​ប៉ុណ្ណោះ​ក្នុង​ដំណើរ​នៃ​ការ​រៀប​ចំ​ការ​បោះឆ្នោត។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ គ.ជ.ប ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន។ ​នៅ​ពេល​ដែល​ខ្វះ​ឯកសារ ​មិន​បាន​បំ​ពេញ​គ្រប់​គ្រាន់ ​គ.ជ.ប ​មាន​តែ​ធ្វើ​ការ​បដិសេធ។ ​អ៊ីចឹង​សូម​កុំ​ឱ្យ​គិត​ពី​រឿង​ទិដ្ឋភាព​នយោបាយ ​សូម​គិត​ពី​រឿង​ទិដ្ឋភាព​បច្ចេកទេស។ ​យើង​ខ្ញុំជា​អ្នក​បច្ចេក​ទេស​រៀប​ចំ​ការ​បោះ​ឆ្នោត»។​

រូបឯកសារ៖ ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសសម្រេចបិទផ្លូវតវ៉ាដោយបដិសេធចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ រ៉ុង ឈុន​ ប្រាប់​វីអូ​អេ​ថា​ គណបក្សនៅ​តែ​មាន​ឆន្ទៈ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ដើម្បី​ផ្តល់​ជម្រើស​ដល់​ប្រជា​ពលរដ្ឋ​និង​ដើម្បី​ជ្រោង​ទង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «បើ​យើង​មើល​ទៅ​ការ​បដិសេធ​ដែល​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ដែល​មាន​សក្តានុពល​ប្រហាក់​ប្រហែល​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ យើង​ឃើញ​ថា ​វា​មាន​ផល​ប៉ះពាល់​ទាក់ទង​ទៅ​នឹង​ការ​បាត់បង់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន»។​

នៅ​ពេល​សួរ​ថា​តើ​គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើអ្វី​បន្ត​ទៀត​ លោក​ រ៉ុង​ ឈុន​ លើក​ឡើង​ថា​ គណបក្ស​មាន​គម្រោង​ធ្វើការ​តស៊ូ​មតិ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​អាជ្ញាធរ​នៅ​ឡើយ។​ ទោះ​យ៉ាង​ណាក្តី​ លោក​អះ​អាង​ថា ​គណបក្ស​នៅ​តែ​តស៊ូ​តាម​នីតិវិធី​ដូច​ជា​ការ​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហា​ក្សត្រ​ និង​ជួប​ជជែក​ជា​មួយ​ក្រសួង​មហាផ្ទៃ។​

គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​ ១​លាន​ ៦​សែន​នាក់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០២២។ ​សំឡេង​គាំទ្រ​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​ទស្សន៍​ទាយ​ថា​ គណបក្ស​ជំទាស់​មួយ​នេះ​អាច​ទទួល​បាន​អាសនៈ​ចន្លោះ​ពី​ ២០​ ទៅ​ ៣០ ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ចំនួន ​១២៥។​

គេ​នៅ​មិន​ទាន់ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ហេតុអ្វី​បាន​ជា​គណបក្ស​ភ្លើង​ទៀន​អាច​ចូល​រួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​បាន ​កាលពី​ឆ្នាំ​ ២០២២ ​ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​មិន​អាច​ចូល​ប្រកួត​បាន​នោះ។​

គណ​បក្ស​ភ្លើង​ទៀនក៏​បាន​ខិតខំ​តវ៉ា​នឹង​ការ​សម្រេច​របស់​ គ.ជ.ប​ ដោយ​បាន​ប្តឹង​ជំទាស់​ទៅក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ដើម្បី​បាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៣ នេះ។​

ប៉ុន្តែ​ទាំង​គណបក្ស​ជំទាស់​នេះ ​និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ដែល​គេ​មិន​សូវ​ស្គាល់​នោះ​ ត្រូវ​បានសមាជិក​៩​រូប​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​សម្រេច​ថា គ្មាន​ភាព​ស្របច្បាប់​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត។ ​ហើយ​ការ​សម្រេច​របស់​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះគឺ​ជា​ការ​បិទ​ផ្លូវ​តវ៉ា។​

ក្រោយ​ការ​សម្រេច​របស់​ គ.ជ.ប​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ជា​បន្ត​បន្ទាប់​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាសថា កង្វះ​ឯកសារ​រដ្ឋបាលរបស់​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ ​គឺ​ជា​«ឧបាយកល» ​និង​ជា​គោលដៅ​របស់​គណបក្ស​ប្រឆាំង​ដោយ​ផ្ទាល់ ​ដែល​ចង់​ដក​ខ្លួន​ពីការ​បោះ​ឆ្នោត។ ​លោកថា ​ការណ៍​នេះ​ជា​ចេតនា«១ចង់​យក​បរទេស​មក​គាប»សង្កត់​រដ្ឋាភិបាល​កម្ពុជា។​

ភ្លាមៗ​បន្ទាប់​ពី​ប្រតិកម្ម​របស់​លោក​ ហ៊ុន សែន​ យ៉ាង​ដូច្នេះ គណបក្ស​ភ្លើង​ទៀន​បាន​ផ្តល់​សេចក្តី​ពន្យល់​ដល់​សាធារណជន​ថា ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស្នើ​សុំ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​ ១៩៣​ ពី​ក្រសួង​មហា​ផ្ទៃ ​ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។​

ប្រកាស​លេខ​ ១៩៣​ គឺ​សំដៅ​ទៅ​លើ​សំណៅ​ដើម​របស់​គណបក្ស​ សម រង្ស៊ី​ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​កាល​ពីឆ្នាំ​ ១៩៩៨​ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​នៅ​ឆ្នាំ​ ២០១៧​ ដែល​ក្រសួង​បាន​ទទួល​ស្គាល់​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​នោះ​ផង​ដែរ។​ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន៕