សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ឱ្យ​ក្រុម​ហ៊ុន

دو دختر در پنوم پن برای نوردوم سیهانوک، پادشاه پیشین کامبوج دعا می کنند.

សង្គម​ស៊ីវិល​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ដល់​ដី​​សម្ប​ទាន​សេដ្ឋ​កិច្ច​ដោយ​មិន​ស្រប​​ច្បាប់។ ​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដោយ​មិន​ស្របច្បាប់។ ​ការ​ព្រួយ​បារម្ភ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ក្រុម​ហ៊ុន​ខ្លះ​រាជ​រដ្ឋា​ភិបាល​បាន​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដល់​ក្រុម​ហ៊ុន​បីតែ​បាន​គ្រប់​គ្រង​ដោយ​រូប​វន្ត​បុគ្គល​តែ​ម្នាក់​មាន​លើស​ពី​ចំនួន​១០.០០០​ហិចតា។

លោក​ ហេង​ រស្មី ​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​រួម​មាន​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ វេទិកា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា​ និង​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​រៀបចំ​សន្និសីទ​កាសែត​មួយ ​ដោយ​បាន​ដាក់​ចេញ​នូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋា​ភិបាល​កម្ពុជា​ នា​ពេល​កន្លង​មក​នេះ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន​មិន​ស្រប​ច្បាប់​ភូមិ​បាល​និង​ស្មារតី​អនុក្រិត្យ​ ស្តី​ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​លេខ​១៤៦។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ ដែល​អាន​ដោយ​លោក​នី ចរិយា ​មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​សមា គម​សិទ្ធិ​មនុស្ស​ADHOC​បាន​លើក​ឡើង​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ក្រុម​ហ៊ុន​៣ ​ដែល​គ្រប់​គ្រង​ដោយ​បុគ្គល​តែ​ម្នាក់​ គឺ​ក្រុម​ហ៊ុន​កោះ​កុង​ SUGAER​ INDUSTRY​ចំនួន​៩៧០០​ហិកតា​ នៅ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ ក្រុម​ហ៊ុន​អង្គរ​ SUGAR ​ក្រុម​ហ៊ុន​ទនេ្ល​ SUGAR​ CANE​ និង​ក្រុម​ហ៊ុន​ភ្នំពេញ​ SUGAR​ បានដី​សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៨៣៤៣​ហិកតា​ នៅ​ឃុំ​អមលាំង​ ស្រុក​ថ្ពង ​ខេត្ត​កំពង់​ស្ពឺ។

ក្រុម​ហ៊ុន​ទាំង​៣​នេះ​គ្រប់​គ្រង​ដោយ​លោក​លី ​យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូបខាង​គណ​បក្ស​គ្រប់​គ្រង​អំណាច។

លោក​នី ចរិយា​បាន​លើក​ឡើង​ទៀត​ថា ​យោង​តាម​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​មិន​ស្រប​ច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ដល់​ក្រុម​ហ៊ុន​ផ្សេងៗ​ ដែល​គោរព​ច្បាប់​ត្រឹម​ត្រូវ​មិន​ហ៊ាន​ចូល​មក​ធ្វើ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

“ការ​ដែល​អនុវត្ត​ខុស​ទៅ​នឹង​គោល​ការណ៍​ច្បាប់​ និង​អនុក្រិត្យ​ទាំង​នេះ​ ការ​ឈូស​ឆាយ​ធ្វើ​ឲ្យ​មានភាព​វឹក​វរ​កើត​ឡើង”។

លោក​សុខ ចិន្តា​ អគ្គ​នាយក​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​ដែល​ហៅ​កាត់​ថា​ CDC​បាន​បដិសេធ​ពុំ​ធ្វើ​ អត្ថា​ធិប្បាយ​ទេ​ ដោយ​លោក​បាន​បង្វែ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​វិញ។

“អ្នក​ទាំង​អស់​គ្នា​អត់​ចេះ​ធ្វើ​ការ​ទេ។​ អូន​ឯង​ត្រូវ​ដឹង ​ធ្វើ​ការ​ត្រូវ​ដឹង​កុំ​រំខាន​គេ​ផ្តេស​ផ្តាស់។​ អូន​ឯង​ដឹង​ទេ ​អ្នក​ណា​អ្នក​ស៊ីញ៉េ​កិច្ច​សម្បទាន​សេដ្ឋ​កិច្ច​ គឺ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ដូច្នេះ​សូម​ទៅ​គោះ​ទ្វារ​ឲ្យ​ចំ។ ​យល់​ទេ​ CDC​ មិន​មែន​ជា​សមត្ថ​កិច្ច​ចុះ​ហត្ថ​លេខា​ជា​មួយ​អ្នក​វិនិយោគ​ទៅ​លើ​កិច្ច​សន្យា​សម្បទាន​ទេ”។

លោក​ច័ន្ទ ​សារុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ពុំ​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួររបស់ ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទេ ​ដោយ​លោក​បាន​និយាយ​តាម​សំនៀង​ដើម​យ៉ាង​ដូច្នេះ​ថា៖

“សូម​ទោស​ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ​ ហើយ​ចំា​ឲ្យ​គាត់​ជួប​ក្រសួង​កសិកម្ម”។

យោង​តាម​គេហ​ទំព័រ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ​មាន​ក្រុម​ហ៊ុន​ សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៧៦​ បាន​ចុះ​បញ្ជី ​ដែល​នៅ​ក្នុង​នោះ​មាន​៦៨​ ក្រុម​ហ៊ុន​កំពុង​តែ​ដំណើរ​ការ​ ៨​ក្រុម​ហ៊ុន​បាន​លុប​ចោល ​និង​៩​ក្រុម​ហ៊ុន​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ការ​ចរចា​អំពី​កាត់​ទំហំ​ដី​ ពី​១០.០០០​ហិកតា​មក ​នៅ​ក្រោម​១០.០០០​ហិកតា​វិញ។

លោក​ឈិត ​សំអាត​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា​ បាន​និយាយ​ថា​ តាម​ ការ​សិក្សា​ពី​អង្គការ​របស់​លោក​បាន​ឲ្យ​ដឹង​ថា​ មាន​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​រហូត​ដល់​២២៨​ក្រុម​ហ៊ុន​នៅ​ទូទាំង​១៨​ខេត្ត​ក្រុង​ ក្នុង​ប្រទេស​កម្ពុជា។

“តាម​ព័ត៌មានដែល​យើង​ទទួល​បាន​ពី​ខេត្ត​ ពី​សារ​ព័ត៌មាន​ផ្សេងៗ​ទៀត ​ យើង​ឃើញ​ថា ​រាជ​រដ្ឋា​ភិបាល​លុប​ចោល​នូវ​ក្រុម​ហ៊ុន​ចំនួន​៣៨​ក្រុម​ហ៊ុន​ផង​ដែរ”។

កាល​ពី​ឆ្នាំ​២០០៥​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​អនុក្រិត្យ​ស្តី​ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដែល​មាន​ចំនួន​ ៤៥​មាត្រា​ ៨​ជំពូក ​ហើយ​គោល​បំណង​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ​ គឺ​សម្រាប់​តាម​ដាន​ត្រួត​ពិនិត្យ​ អនុវត្ត​កិច្ច​សន្យា​ និង​ សម្រាប់​ពិនិត្យ​ឡើង​វិញ​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ និង​កសិឧស្សាហ​កម្ម។

លោក​អាន ​ហៃយ៉ា ​ប្រធាន​សហគមន៍​មក​ពី​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ បាន​និយាយ​ថា​ ការ​ផ្តល់ ​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិបាល​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ និង​ដីចម្ការ​របស់​ពួក​គេ៕