សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៩ ដោយ​មិន​ពេញ​លេញ

ស្ត្រីម្នាក់​ដើរ​កាន់​​បដា​​មួយ​​លើ​ឆាក​​​បង្ហាញ​ពី​ការ​ចង់​បាន​របស់​ពលរដ្ឋ ​ដើម្បី​អបអរ​ក្នុង​​ពិធី​​​​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៩ នៅ​សួន​ប្រជាធិបតេយ្យ ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

ក្រុម​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៩ដោយមាន​ការកំណត់ទំហំ​ទីធ្លា​សម្រាប់ ប្រារព្ធ​ពិធី​ត្រឹម៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ព្រមទាំង​មានការ​ឃ្លាំមើល​ពី​សមត្ថកិច្ច។​

​នៅ​ថ្ងៃ​ទី​៨ ខែមីនា ​នេះ ​ក្រុម​សង្គម​ស៊ីវិល​ចំនួន​១៧​បាន​ប្រារព្ធ​ទិវានារី​អន្តរ​ជាតិ​ នៅ​សួន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មានការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​មួយ​ចំនួន​ ទាំង​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល។ ក្នុង​ពិធី​នោះ​មាន​ការ​ថ្លែង​ពី​ប្រវត្តិ​នារី​អន្តរជាតិ ការ​ច្រៀង​ចម្រៀង​ដែល​រៀបរាប់​អំពី​សិទ្ធិ ការ​សម្តែង​រឿងពាក់ព័ន្ធ​នឹង​បញ្ហា​ស្រ្តី ព្រមទាំង​ការ​បង្ហាញ​ម៉ូត​អំពី​ការ​ទាមទារ​សិទ្ធិ​ជាដើម។

អ្នកស្រីចក់សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ប្រាប់ VOA ថា ក្រុម​សង្គម​ស៊ីវិលទាំង​១៧​បាន​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ សម្រាប់​ការ​ចូលរួម​មនុស្ស​ចំនួន​៥៥០នាក់និង​សង់​រោង​សម្រាប់ ប្រារព្ធ​ពិធី​ទំហំ​២០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​លើ​សួន​ប្រជាធិបតេយ្យ។ អ្នកស្រី​បន្ត​ថា សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​រៀប​ចំ ប៉ុន្តែ​កំណត់​ចំនួន​មនុស្សចូលរួម​ត្រឹម​២០០នាក់ និង​សង់​រោង​ទំហំ​ត្រឹម​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រប៉ុណ្ណោះ។​

​អ្នកស្រី ចក់ សុភាព ថ្លែង​ថា៖ «នៅ​ពេល​ដែល​រដ្ឋាភិបាល​គាត់​មិន​យល់​ទាស់​ចំពោះ​ការ​រៀប​ចំ​នេះ​ គាត់​ក៏​គួរ​តែ​ផ្តល់​នូវ​ភាព​អំណោយ​ផល​សម្រាប់សង្គម​ស៊ីវិល​ក្នុង​ការ​រៀប​ចំ​ឲ្យ​បាន​សមរម្យ។ ហើយ​យើង​ឃើញ​ថា​អ្នក​ចូលរួម​ថ្ងៃ​នេះមួយ​ចំនួន​ហ្នឹង​គាត់​ត្រូវ​អង្គុយ ឬ​ឈរ​ហាល​ថ្ងៃ»។

ប្រជាពលរដ្ឋ តំណាង​សហគមន៍ សហជីព កម្មករ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​លើក​ទី​១០៩ នៅ​សួន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)​

អ្នកស្រី​ ចង់ សុភាព ថ្លែង​បន្ថែម​ថា ការ​កម្រិត​ចំនួន​មនុស្ស​និង​ទីធ្លា​សម្រាប់​អ្នកចូលរួម​បែប​នេះ ជា​ការ​បង្ហាញ​អំពី​កង្វះ​ខាត​ការ​សហការ​ពី​អាជ្ញាធរ និង​ធ្វើ​ឲ្យ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារីនេះប្រព្រឹត្ត​ទៅ​ដោយ​មិន​ពេញ​លេញ។

អ្នកស្រី ចក់ សុភាព ថ្លែង​ទៀត​ថា៖ «ថ្ងៃ​នេះ​ជា​ទិវា​សិទ្ធិ​នារី ប៉ុន្តែ​សូម្បី​តែ​យើង​រៀប​ចំ​ទិវា​សិទ្ធិ​នារី​មួយ​ឲ្យបាន​សម​រម្យ​ យើង​ដឹង​ហើយ​សង្គម​យើង​មួយ​រយៈ​គឺ​យើង​នាំ​គ្នា​លើក​ថា​ឲ្យ​គុណតម្លៃ​ស្រ្តី អញ្ចឹង​តើ​គុណ​តម្លៃ​ស្រ្តី​នៅ​ត្រង់​ណា​បើ​សិន​គ្រាន់​តែ​យើង​រៀប​ចំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះ​មិន​បាន​ផង»។

អ្នកស្រី​ ចក់ សុភាព​ បន្ថែម​ថា ​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រារព្ធ​នូវទិវានារី​អន្តរជាតិ​នេះ​ដោយ​សេរី​និង​មាន​ចំនួន​ច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹងកាន់​តែ​ច្បាស់​អំពី​សិទ្ធិ​និង​ផ្នត់​គំនិត​អំពីស្រ្តី។

​អ្នកស្រី ឡាយ ស្រីម៉េត ពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​ប្រារព្ធទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​លើក​ឡើងថា ការ​ចូលរួម​ដើម្បី​ប្រារព្ធ​ទិវា​នេះ អាច​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​សិទ្ធិនិង​បង្ហាញ​អំពី​បញ្ហា​ដែល​ស្រ្តី​កំពុង​ប្រឈម។ ស្រ្តី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បន្ថែម​ថា អ្នកស្រី​ត្រូវ​បាន​ឪពុក​ម្តាយ​ឈប់​ឲ្យ​ទៅ​រៀន​ត្រឹម​ថ្នាក់​ទី​ពីរ​ដើម្បី​ជួយ​ធ្វើ​ការងារ​ផ្ទះទៅ​តាម​ផ្នត់​គំនិត​របស់​មនុស្ស​ចាស់​។​ អ្នកស្រី​ថា ការណ៍​នេះជា​ហេតុ​ធ្វើ​ឲ្យអ្នកស្រី​មិន​មាន​ការងារ​ល្អ​ធ្វើ​។

អ្នកស្រី ឡាយ ស្រីម៉េត បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ប្តេជ្ញា​ចិត្ត​ឲ្យ​កូន​ខ្ញុំ​រៀន​ឲ្យ​បាន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ដូច​ខ្ញុំ​រៀន​បាន​ថ្នាក់​ទាប ​ដោយ​សារ​ផ្នត់​គំនិត​ស្រ្តី​បង្វិល​ចង្ក្រាន​មិន​ជុំ​»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ម៉េតមាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ។

ទិវា​នារី​អន្តរជាតិ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ជា​រៀងរាល់​ឆ្នាំ។ ទិវា​នេះ​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ ១៩០៨ នៅ​ពេល​ដែល​កម្មករ​កាត់ដេរ​ជា​ស្ត្រី​ប្រហែល​១ម៉ឺន​៥ពាន់​នាក់ ​ធ្វើ​កូដកម្ម​ដើរ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​មាន​ម៉ោង​ធ្វើ​ការ​តិច ប្រាក់​ខែ​ប្រសើរ​ជាង​មុន និង​សិទ្ធិ​បោះ​ឆ្នោត។

អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ទិវា​នារី​អន្តរជាតិ​នេះ​ជា​ផ្លូវការ​លើក​ដំបូង​បង្អស់​ នៅ​ក្នុង​ឆ្នាំ ១៩៧៥។ នៅ​ក្នុង​ឆ្នាំ ២០១១ អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ឈាន​មួយ​ជំហាន​បន្ថែម​ពី​នេះ​ទៀត ដោយ​ប្រកាស​ទទួល​ស្គាល់​ខែ​មិនា​ថា​ជា​ខែ​ប្រវត្តិសាស្ត្រ​របស់​ស្ត្រី៕