សង្គមស៊ីវិល​ស្នើឲ្យ​ទម្លាក់​រាល់​បទ​ចោទប្រកាន់​លើ​សកម្មជន​បរិស្ថាន​៦នាក់​ដែល​ត្រូវបាន​ដោះលែង

សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ចំនួន ៦ នាក់​ត្រូវបាន​សមត្ថកិច្ចដោះលែង។(Licadho)

បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ដោះលែង​សកម្មជន​ព្រៃឈើនិង​បរិស្ថាន ​៦ នាក់ឲ្យមាន​សេរី​ភាព​វិញកាលពី​ល្ងាច​ថ្ងៃចន្ទ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​បទចោទ​នានា​លើ​សកម្មជន​បរិស្ថានទាំង​អស់​នេះ ដើម្បីធានា​ថា​ ពួកគេ​អាច​បន្តសកម្មភាពការពារ​បរិស្ថាន​របស់​ពួកគេ​ដោយគ្មានការ​ភ័យ​ខ្លាច។

កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែវិច្ឆិកា លោក​ ​អ៊ូច ឡេង​ លោក ​ហេង ស្រស់​ លោក ​តាត​ ឧត្តម​ លោក​ អូត​ ឡា​ទីន​ លោក មេន​ម៉ាត់​ និង​លោក​ ព្រំ ម៉ៅ​ ត្រូវបាន​ឃាត់ខ្លួនក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹង​ត្រែង​ ​ដោយ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ស្ទឹងត្រែង ជាង​ ២៤ ​ម៉ោង ដើម្បី​សាកសួរ​ជុំវិញ​ការ​ចូលទៅ​ចង​ក្រង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុសច្បាប់​ក្នុង​ឧទ្យាន​ជាតិ​ វើន​សៃ​-សៀមប៉ាង​នៅ​ក្នុង​ខេត្ត​ដែលនៅ​ជាប់​ប្រទេស​ឡាវ​។​ នេះបើតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​សកម្មជន​បរិស្ថាន​។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត យល់​ឃើញថា​ ការ​ចុះ​សង្កេត​បទល្មើស​ព្រៃ​ឈើ​ ឬក៏ចូលរួម​ការពារ​បរិស្ថាន និង​ធនធានព្រៃ​ឈើ​មិន​គួរត្រូវបាន​ចាត់​ទុក​ថាជា​បទល្មើស​ទេ​ ព្រោះការ​ងារ​បរិស្ថាននេះតម្រូវឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់​ព័ន្ធ​។ លោក​បន្ថែម​ថា ការ​បន្ត​ចាប់​ខ្លួន​ និង​ការ​ឃាត់​ខ្លួន​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ និង​បរិស្ថាន​ ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ឧក្រិដ្ឋ​ជន​ព្រៃ​ឈើ​មាន​ឱកាស​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​បរិ​ស្ថានទូទៅ។

លោកថ្លែងថា​៖ ​«ការ​ចាប់​ ការ​ឃាត់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​ទៅ​លើ​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ ​បរិស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​ វា​ជា​ការ​បន្ទច់​បង្អាក់​ ឬ​ជា​ការ​បំភិត​បំភ័យ​ និង​ការ​គំរាម​កំហែង​សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​ ធន​ធាន​ធម្ម​ជាតិ​ និង​បរិស្ថាន​ទៅ​វិញ​។ ​ហើយ​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​ឧក្រិដ្ឋ​ជន​ ឬ​ក៏​ជន​ដែល​បំផ្លាញ​ព្រៃ​ឈើ​ ធន​ធាន​ធម្ម​ជាតិ​ហ្នឹងមិន​ខ្លាច​ទៅ​វិញ ​ពី​ព្រោះ​ដោយ​សារ​តែ​អ្នក​ការ​ពារ​ហ្នឹងត្រូវ​បាន​ធ្វើ​ការ​រារាំង​ ធ្វើ​ការ​ចាប់​ខ្លួន​ ធ្វើ​ការ​ឃុំ​ខ្លួន​អី​ជា​ដើម​ទៅ​វិញ​»។

បើ​តាម​លោក ​អំ សំអាត​ អាជ្ញាធរ​ពាក់​ព័ន្ធគួរ​តែ​ពិចារណា​ទម្លាក់​រាល់​ការចោទ​ប្រកាន់​លើ​សកម្ម​ជន​ដែល​ទើប​ត្រូវ​បាន​ដោះលែង​កាលពីពេលថ្មីៗនេះ​ បើ​ទោះបី​មក​ដល់​ពេល​នេះ​ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ការណ៍​ណា​មួយ​ថា អ្នកទាំង​ ៦ នាក់​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​ស្ទឹងត្រែង​ចោទ​ប្រកាន់​ឬ​យ៉ាង​ណា​ទេ​ ខណៈ​សម្ភារៈ​មួយ​ចំនួន​ដែល​បាន​ដក​ហូត​មិន​ទាន់ត្រូវបានប្រគល់​ឲ្យ​ពួក​គេវិញ​នៅឡើយ។

លោកបន្ថែម​ថា​៖ «ករណី​ពួក​គាត់​ទាំង ​៦​ នាក់​នេះ​ គួរ​តែ​ទម្លាក់​បទ​ចោទ​ ឬ​ក៏​ប្រគល់​សម្ភារៈ​ឲ្យ​ពួក​គាត់​វិញ​ ដើម្បី​ធ្វើ​ការ​ការ​ពារ​ព្រៃ​ឈើ​ ធនធានធម្មជាតិ និងបរិស្ថានជា​បន្ត​ទៅ​ទៀត ហើយ​បើ​សិន​ជា​មាន​អ្វី​ដែល​ជា​ចំណុច​ខ្វះ​ខាត ​វា​គួរ​តែ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​ឲ្យ​ពួក​គាត់​ហ្នឹង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​ពារ​ព្រៃ​ឈើ​ ធនធានធម្មជាតិ និងបរិស្ថាន​ទៅ​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​សាលា​ដំបូង​ខេត្ដ​ស្ទឹង​ត្រែងលោក​ ឡៅ ​លាង​ហេង ប្រា​ប់​វីអូអេ​ថា​ លោក​មិន​បាន​ដឹង​ពី​ការ​ឃាត់​ខ្លួន​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ និង​បរិស្ថាន​ទាំង​ ៦ រូប​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​នៅ​ខាង​សាលា​ដំបូង​នេះ​ ដូច​អត់​ឃើញ​ អត់​ដែល​ អត់​បាន​ឃើញ​ គេ​សួរ​ខ្ញុំ​ដែរ​ សួរ​រឿង​ ខាង​ហ្នឹងដែរ​ សួរ​រឿង​មាន​ឃើញ​គេ​ឃាត់​ខ្លួន​សកម្ម​ជន​ព្រៃ​ឈើ​ហ្នឹងមក​តុលាការ​អត់​ ខ្ញុំ​ថា​អត់​បាន​ឃើញ​ផង​ ហើយ​គេ​សួរ​ថា​នៅ​ខាង​ណា​ ប្រហែល​ជា​ខាង​អាជ្ញាធរ​ ឬ​មួយ​ខាង​អី​ ខ្ញុំ​ថា​ប្រហែល​ជា​ខាងអាជ្ញាធរ​មិន​ដឹង​ ខ្ញុំ​អត់​ដឹង​ដែរ​។ រហូត​មក​ដល់​ឥឡូវ​ខ្ញុំ​អត់​ដឹង​ ឃើញ​គេ​តេ​មក​សួរ​ខ្ញុំ​បួន​ ប្រាំ​នាក់​ហើយ​»។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង ៦ ​នាក់​នោះ​ មាន​លោក អ៊ូច ឡេង ​ដែល​ជា​អ្នក​ការពារ​ព្រៃ​ឈើ​ដ៏​លេច​ធ្លោ​មួយ​រូប​ និង​បាន​ឈ្នះ​ពាន​រង្វាន់​ឆ្នើម​ផ្នែក​ការពារ​បរិស្ថាន​ The Goldman Environmental Prize​) ក្នុង​ឆ្នាំ​ ២០១៦​។ រីឯសកម្មជន​ម្នាក់ទៀត​ ​គឺ​លោក​ តាត​ ឧត្តម ត្រូវគេ​ដឹង​ថា ជា​អ្នក​កាសែត​ឯករាជ្យ​មួយ​រូប​ផង​ដែរ​។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​ពី​សកម្មជន​មួយ​ចំនួន​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ចេញ​ពី​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្ទឹង​ត្រែង​ តែមិន​មាន​ការ​ឆ្លើយ​តបតាម​សារ​ក្នុង​បណ្តាញ​សង្គម​។

បើ​តាម​អង្គការ​លីកាដូ​ សកម្មជន​មួយចំនួន​ដូច​ជា​លោក ​អ៊ូច​ ឡេង និង​លោក ហេង ​ស្រស់​ ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១​ និង​ ២០២០​ ក្នុង​ខេត្ត​ក្រចេះ ​ក្នុងករណី​ឃ្លាំ​មើល​ការ​ចូល​កាប់​ព្រៃ​ឈើ​ដោយ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់។

អង្គការ​សិទ្ធិមនុស្ស​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ សកម្ម​ជន​ និង​អ្នក​សារព័ត៌មាន​ បាន​ចង​ក្រង​ពី​សកម្ម​ភាព​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ វើន​សៃ សៀម​ប៉ាង ជាទី​ដែល​សកម្ម​ជន​ទាំង ៦ រូបនោះ​ ត្រូវបាន​ឃាត់​ខ្លួន និង​កន្លែង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ ធី.អេស.អិម.​ដាប់បែលយូ ឯ.ក​ (T.S.M.W) ក្នុង​ឆ្នាំ​ ២០២៣​ និង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ជីក​យក​រ៉ែ​ ទៅ​ក្រុមហ៊ុន​ឈ្មោះ​ ហ្រ្គីន វូដ ឌីវេលឡូប​មេន​ (Green Wood Development)។ ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ T.S.M.W បាន​រំលោភ​ដល់​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​ ២០១២​ ស្តីពី​ការ​ផ្អាក​ផ្តល់​ដីសម្បទាន​សេដ្ឋ​កិច្ច​ថ្មី​ ដោយសារ​តែ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ។​

ប្រធាន​ប្រតិបត្តិ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា​លោក​ ហេង គឹមហុង​ យល់​ឃើញ​ថា​ សកម្ម​ជន​ទាំង​ ៦ នាក់​នោះ​ គួរ​តែ​ទទួល​បាន​សេរីភាព​ពេញលេញ​ ហើយ​សម្ភារៈ​ប្រើប្រាស់របស់​ពួក​គេ​ក៏គួរ​ត្រូវបាន​ប្រគល់​ឲ្យទៅ​ពួក​គេ​វិញ​ផងដែរ​ ដោយ​ភាគី​អាជ្ញាធរ​មិន​គួរ​បន្តរឹប​អូស​ទុក​ជា​ភស្តុតាង​ ដែល​អាចបង្ក​ការ​រំលោភបំពានលើសិទ្ធិឯកជនភាព​ និង​បង្អាក់​សកម្មភាព​បរិស្ថាន​និយម​របស់​ពួក​គេ។​ ​

លោក​ថ្លែង​ថា​៖ «ខ្ញុំ​នៅ​តែ​យល់​ថា បើសិន​ជា​អាជ្ញាធរ​មូលដ្ឋាន​ ឬក៏នគរបាល​យុត្តិធម៌​បាន​រក​ឃើញ​ថា​ ពួកគេ​ជា​សកម្មជន​ព្រៃ​ឈើ​ជា​អ្នកការពារ​ធនធាន​ហើយ​ គួរ​តែ​ដោះលែង​ពួក​គេ​ឱ្យ​មាន​ សេរីភាព​ហ្នឹង​ពេញលេញ​ មិន​មែន​គ្រាន់​តែ​ដោះ​លែង​ហើយ​[រឹបអូស​]វត្ថុ​តាង​ផ្សេង​ៗ​ ឬក៏វត្ថុ​ប្រើប្រាស់​របស់​ពួកគេ​ហ្នឹង​ត្រូវ​បាន​រឹបអូស​អញ្ចឹង​ទេ​។ ហើយ​អានេះ​ ជារឿង​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​ទៅ​លើ​ឯកជន​ភាព​បន្ថែម​ទៀត​ ព្រោះអី​មានការ​ដក​ហូត​ទូរសព្ទ​ដៃ​ដក​ហូត​ទ្រព្យសម្បតិ្ត​ផ្សេង​ៗ​ ដែល​អាច​ឈាន​ទៅ​រក​តម្រុយ​នៃ​ការ​ប៉ះពាល់​ឯក​ជន​ភាព​បន្ថែម​របស់​ពួកគាត់​»។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ ​រដ្ឋាភិបាល​អាច​សម្រេច​គោល​ដៅ​ក្នុងការ​ការពារ​គម្រប​ព្រៃ​ឈើ​ និង​ស្តារគម្រប​ព្រៃ​ឈើ​ឱ្យបាន​ ៦០ ភាគរយ​នៅឆ្នាំ​ ២០៥០ និង​គោល​នយោ​បាយ​បរិស្ថាន​ផ្សេង​ទៀត​បាន​ជោគជ័យ លុះណា​តែ​មានការ​បើក​ទូលាយ​ឱ្យ​សកម្ម​ជន​ និង​សាធារណជន​ទូទៅ​បាន​ចូល​រួម​ក្នុង​សកម្មភាព​អភិរក្ស និង​ការពារ​ធន​ធាន​ធម្មជាតិ​ ហើយ​បញ្ឈប់​ការ​ឃាត់​ខ្លួន​សកម្មជន​ ដូច​ករណី​ដែល​បាន​កើតឡើងនៅ​ខេត្ត​ស្ទឹង​ត្រែង​នា​ពេល​ថ្មីៗ​នេះ​៕