មេធាវី​ជន​រងគ្រោះ​ដោយ​ខ្មែរក្រហម​ប្តឹង​ការ​ទាត់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​របស់​ខ្លួន

ភ្នំពេញ៖ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី ​កំពុង​តែ​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​ទៅ​នឹង​ការ​ទាត់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក្នុង​ករណី​ឌុច។​ មេធាវី​ទាំង​នោះ​គ្រោង​នឹង​ធ្វើ​ការ​បញ្ជាក់​ភស្ដុតាង​ឲ្យ​កាន់​តែ​ជាក់​ច្បាស់​ថែម​ទៀត​អំពី​សក្ដានុ​ពល​នៃ​កូន​ក្ដី​របស់​ផង​ខ្លួន។

ក្រុម​មេធាវី​តំណាង​ឲ្យដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​កំពុង​តែ​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំងទៅនឹងការទាត់​ចោល​នូវ​សិទ្ធិ​កូនក្ដី​របស់​ផង​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០១​ ពី​សំណាក់​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​ របស់​សាលាក្ដី​ខ្មែរក្រហម​ ដោយ​ចាត់ទុក​ថា​ ​ការ​ទាត់ចោល​នោះ​គឺជា​ករណី​អយុត្តិ​ធម៌។

នៅ​ក្នុង​សាលក្រម​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​កក្កដា​ ក្នុង​សំណុំ​រឿង​ កាំង​ ហ្គេកអ៊ាវ​ ហៅ ​ឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​ ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ បាន​បដិសេធ​ជន​រងគ្រោះ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ សរុប​ចំនួន​ ២៤​រូប​ ​ក្នុង​ចំណោម​ដើម​បណ្ដឹង​ រដ្ឋ​ប្បវេណី​សរុប​នៅ​សល់​ត្រឹម​ ៩០​នាក់​ នៅ​ក្នុង​សំណុំ​រឿង​០០១​នេះ​ ​មូលហេតុ​ដោយសារ​ម្ចាស់​ដើម​បណ្ដឹង​ទាំង​នោះ​ខ្វះ​ភស្តុតាង​រឹងមាំ​ ដែល​ជាប់ទាក់​ទង​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​ក្រោម​អំណាច​របស់ ​ឌុច។

លោក​ ហុង គឹម​សួន​ មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណីក្នុង​ក្រុមទី​ ២​ នៃ​សំណុំ​រឿង ​០០១​មាន​ប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​កូនក្ដី​របស់​លោក​មាន​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​ខាង​លើ​នេះ។ ​ហើយ​មេធាវី​ក្នុង​ក្រុម​របស់​លោកកំពុង​តែ​រៀបចំ​ឯកសារ​ដាក់​ប្ដឹង​ឧទ្ធរណ៍​ទៅ​កាន់អង្គ​ជំនុំ​ជម្រះតុលាការកំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

កូនក្ដី​របស់​លោក​ ហុង គឹម​សួន ​ចំនួន​ប្រាំ​នាក់​ត្រូវ​ច្រាន​ចោល​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី។

“ពួក​គាត់​បាន​ទទួល​រង​ព្យសនកម្ម​ទាំង​ផ្លូវកាយ​ផង ​និង​ផ្លូវចិត្ត​ផង​ ​រួច​ហើយ​ហេតុ​អ្វី​បាន​ជា​ចៅក្រមច្រាន​គាត់​ចោល​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី?​ គាត់​មិន​សុខចិត្ត​កន្លែង​ហ្នឹង​ ​ដែល​គាត់​ខកចិត្ត​ខ្លាំង​ ​ហើយខាង​យើង​ខ្ញុំ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណីកំពុង​តែ​រៀបចំ​ធ្វើ​សារណា​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​គាត់​ហើយ "។

សូម​រំឭកថា​ ​មាន​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ដែល​ត្រូវ​ទទួល​ស្គាល់​សរុប​ចំនួន​ ៩៤​រូប​នៅ​ក្នុង​សំណុំ​រឿង ​០០១ ​ដែល​មាន​ឌុចជា​ជន​ជាប់​ចោទ​នេះ។​ ឌុច​ត្រូវ​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ​ឧក្រិដ្ឋ​កម្ម​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​និង​មនុស្ស​ឃាត​ ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​ទោស​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស ២១​ស្លាប់​បាត់បង់​ជីវិត​យ៉ាងតិច​ចំនួន​ ១២៣៨០​នាក់។

ដើម​បណ្ដឹង​ម្នាក់​ត្រូវ​បាន​ទាត់ចោល​ក្នុង​ពេល​កំពុង​បើក​សវនាការ​កាត់​ទោស​ឌុច។​ សវនាការ​នេះបាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ប្រាំបួន​ខែ​ ​និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​បី​នាក់​ទៀត​បាន​ដកខ្លួនចេញ​ពី​ដំណើរ​ការ​ក្ដី។​ ដូច្នេះ​នៅ​ពេល​នេះ​ ​អតីត​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​របស់ឌុច​ នៅ​សល់​ត្រឹមតែ​៦៦​នាក់​ប៉ុណ្ណោះ។

យោង​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម​ ​ភាគី​នានាមាន​ពេល​៣០​ថ្ងៃ​សម្រាប់​ប្ដឹង​ឧទ្ធ​រណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។

លោក​ គឹម​ ម៉េង​ឃី​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្រុមបី ​ដែល​កូនក្ដី​របស់​លោកចំនួន​១០ ​នាក់ត្រូវ​ទាត់ចោល​ ​បាន​មាន​ប្រសាសន៍​ថា​ ​ ​លក្ខខណ្ឌ​នៃ​អង្គ​ជំនុំជម្រះ​មាន​ភាព​រឹតត្បិត​ខ្លាំង​ពេក​ ដែល​ធ្វើ​ឲ្យ​កូនក្ដី​របស់​លោក​បាត់បង់​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី។​ លោក​បញ្ជាក់​ថា​ ​មេធាវី​ក្នុងក្រុម​របស់​លោក​កំពុងតែ​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​សម្រាប់​កូនក្ដី​ទាំងនេះ​ ​ប៉ុន្ដែ​លោក​មិនទាន់​ប្រាកដ​ថា​ តើ​បណ្ដឹង​នេះនឹង​ត្រូវ​ដាក់​ទៅ​កាន់​តុលាការ​កំពូល​នៅ​ពេល​ណា​នោះ​ទេ។

លោក ​ឡាស អលសិន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​ មានប្រសាសន៍ថា​ ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី ​អាច​នឹង​ដាក់​ភស្ដុតាង​បន្ថែម​នៅ​ក្នុង​បណ្ដឹងឧទ្ធរណ៍នេះ។

“គឺ​មាន​ន័យ​ថា​ ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​មាន​លទ្ធភាព​ផ្ដល់​ភស្ដុតាង​បន្ថែម​ទៅកាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ ​ហើយ​តុលាការ​កំពូលនឹងសម្រេច​ថា​ ​តើ​នឹង​ត្រូវ​ទទួល​យក​ភស្ដុតាង​ទាំងនេះ​ ឬ​យ៉ាងណា?"

ទោះ​ជាយ៉ាង​នេះ​ក្ដី​ ​លោក​គឹម ម៉េង​ឃី មិន​រំពឹង​ទេ​ថា​ ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ដែល​ត្រូវ​ទាត់​ចោលទាំង​នោះ​អាចនឹង​ត្រូវ​ទទួល​ស្គាល់​ឡើង​វិញ​ទាំងអស់​ដោយ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នោះ​ទេ៕