រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​បញ្ហា​បឹងកក់​

រូបថត​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​​ឆ្នាំ​២០១១​នេះ បង្ហាញ​​ទិដ្ឋភាព​​ទូទៅ​នៃ​តំបន់​បឹងកក់​​ដែល​កំពុង​ត្រូវ​លុប​បំពេញ។ កាល​ពី​ថ្ងៃ​អង្គារ ធនាគារ​ពិភពលោក​​បាន​ដាក់​សម្ពាធ​ថ្មី​មួយ​ដល់​រដ្ឋា​ភិបាល​​កម្ពុជា​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ដ

អាជ្ញាធរ​ដែន​ដី​ហាក់​ដូចជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខុស​ពី​ធម្មតា​លើ​បញ្ហា​អភិវឌ្ឍ​នៅ​បឹងកក់​ បន្ទាប់​ពី​មាន​ការ​គំរាម​បង្កក​ប្រាក់​កម្ចី​ពី​ធនាគារ​ពិភពលោក។

អ្នក​ស្រី​ ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​លិខិត​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​សាលា​ក្រុង​ភ្នំពេញ​និង​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​សុខ​ គង់។

អ្នក​ស្រី​បាន​បញ្ជាក់​ថា ការ​បង្ហាញ​លិខិត​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ធនាគារ​ពិភព​លោក​បាន​ព្រមាន​ពី​ការ​បង្កក​ប្រាក់​កម្ចី​ដល់​កម្ពុជា​ដោយសារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ដោះស្រាយ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា លោក​ឧកញ៉ា​សុខ គង់​ បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​បូម​ខ្សាច់​ផ្ទាល់​នៅ​តំបន់​បឹង​កក់​ជាលើក​ដំបូង​ និង​បាន​សន្យា​ជា​មួយ​ប្រជា​ពលរដ្ឋ​ថា​ ការ​បូម​ខ្សាច់​នឹង​មិន​ធ្វើ​អោយ​លិច​លុង​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរៗមាត់​បឹង​ទេ។ អ្នក​ស្រី​ទេព វន្នី មាន​ប្រសាសន៍​ថា៖

«ចាប់​តាំង​ពី​ធនាគារ​ពិភព​លោក​គាត់​ចេញ​មក ប៉ុន្នាន​ថ្ងៃ​នេះ​មាន​គេ call មក​ខ្ញុំ​ដែរ​សួរ​ថា​បញ្ហា​ទឹក​ក្រុមហ៊ុន​មាន​លួច​បូម​ទៀត​អត់? ទឹក​មាន​ច្រាល​អត់? ថ្ងៃ​ម្សិលមិញ​ គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​គេ​ចាប់​ផ្តើម​កាយ​លូ»។

លោក​ស្រី​អាណ្ណែត្តិ៍ ឌិកសុន (Annette Dixon) នាយក​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់ កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រាប់វីអូអេ​ខ្មែរ តាម​រយៈសារ​អេឡិច​ត្រូនិក​ថា ធនាគារ​ពិភព​លោក​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០។ ធនាគារ​ពិភព​លោកនឹង​មិន​ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ដល់​កម្ពុជា​ទេ​ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ដោះសា្រយ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់។

លោក​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​ទាមទារ​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​ធនាគារ​ពិភព​លោក​ជុំ​វិញ​ការ​ប្រកាស​តាម​រយៈបណ្តាញ​ព័ត៌មាន។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«​អានេះ​ជា​ការ​ប្រើ​ប្រាស់​សិទ្ឋិ​មួយ។ យើង​ដឹង​ថាសិទ្ឋិ​ទី​១សិទ្ឋិ​ទ្វេ​ភាគី ដែល​យើង​ទទួល​ក្នុង​ការ​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​នីមួយៗ។ ហើយ​ការ​រំលោភ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ យើង​មិន​អាច​ទទួល​យក​បាន។ យើង​នឹង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់»។

ការ​ចាក់​ដី​ដើម្បី​លប់​បំពេញ​ផ្ទៃ​បឹងកក់​បណ្តាល​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ច្រើន​រាប់​ពាន់​គ្រួសារ។ យោង​តាម​កិច្ច​ព្រមព្រៀង​រវាង​សាលា​ក្រុង​ភ្នំពេញ​ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន តំបន់​អភិវឌ្ឍ​បឹង​កក់​នេះ​មាន​ទំហំ​ជាង​១៣៣​ហិកតា។

គម្រោង​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​សាលា​ក្រុង​ភ្នំពេញ​ និង​ក្រុម​ហ៊ុន​ស៊ូកាគូ​អ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ​ ម៉េង​ឃីន​ សមាជិក​ព្រឹទ្ឋ​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ហ៊ុន​ចិន​មួយ​ទៀត​ដើម្បី​ជួល​ដី​បឹងកក់​រយៈ​ពេល​៩៩​ឆ្នាំ​សម្រាប់​អភិវឌ្ឍ​តំបន់​នេះឲ្យ​ទៅ​ជា​មជ្ឃមណ្ឌល​ពាណិជ្ជ​កម្ម​ទំនើបៗ​ សណ្ឋាគារ​ និង​ផ្ទះ​ល្វែង។

ក្រុម​ជន​រងគ្រោះ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​ផ្តល់​ដី​មួយ​ចំណែក​ឲ្យ​ខ្លួន​ដើម្បី​ជៀស​វាង​ការ​ទៅ​រស់​នៅ​ជាយ​ក្រុង​ភ្នំពេញ។ ក្រុម​អ្នក​ស្រុក​បឹងកក់​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​ជា​ច្រើន​លើក​ដើម្បី​ស្វែង​រក​ដំណោះស្រាយ ​ក៏ប៉ុន្តែ​ជាញឹក​ញាប់​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ និង​ចាប់​ខ្លួន៕