ភ្នំពេញ៖ អ្នកតវ៉ាច្រើនរយតំណាងឱ្យប្រជាពលរដ្ឋបឹងកក់ជាង១៥០០គ្រួសារបាននាំគ្នាតវ៉ានៅមុខសាលាក្រុងភ្នំពេញប្រឆាំងនឹងការដាក់ឱសានវាទបណ្តេញពួកគាត់ចេញពីផ្ទះសម្បែងនិងបានបង្ខំឱ្យ អាជ្ញាធរសាលាក្រុងភ្នំពេញផ្អាកការបណ្តេញនេះជាបណ្តោះអាសន្នសិន។ អ្នកភូមិបឹងកក់ទាមទារដីទំហំ១៥ហិចតាក្នុងចំណោមដីសរុប១៣៣ហិចតាសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។ មន្ត្រីសាលាក្រុងភ្នំពេញនឹងយកសំណើនេះជូនទៅជូនលោកអភិបាល។
នៅថ្ងៃច័ន្ទនេះ សាលាក្រុងភ្នំពេញបានប្រកាសផ្អាកការបណ្តេញអ្នកភូមិបឹងកក់ចេញពីផ្ទះសម្បែង ដែលនឹងចូលជាធរមាននៅក្នុងសប្តាហ៍នេះ ខណៈដែលប្រជាពលរដ្ឋបឹងកក់បានប្រមូលផ្តុំគ្នានៅ មុខសាលាក្រុងភ្នំពេញ ដើម្បីតវ៉ាប្រឆាំងនឹងការកំណត់ឱសានវាទបណ្តេញពួកគាត់ចេញពីតំបន់បឹងកក់។
សាលាខណ្ឌដូនពេញ កាលពីសប្តាហ៍មុន បានដាក់ឱសានវាទរយៈពេលប្រាំពីរថ្ងៃសម្រាប់ការ បណ្តេញអ្នកភូមិបឹងកក់ដែលនឹងចូលជាធរមាននៅថ្ងៃពុធខាងមុខនេះ ហើយក្នុងករណីប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សាលាខណ្ឌដូនពេញនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ពិសេសមិនទទួលខុសត្រូវលើការបាត់បង់ ឬការខូចខាតសម្ភារៈរបស់ប្រជាពលរដ្ឋឡើយ។
អ្នកភូមិបឹងកក់ប្រមាណ២០០នាក់ តំណាងឱ្យប្រជាពលរដ្ឋបឹងកក់ជាង១៥០០គ្រួសារ បាននាំគ្នាតវ៉ានៅមុខសាលាក្រុងភ្នំពេញ ប្រឆាំងនឹងឱសានវាទបណ្តេញពួកគាត់ចេញពីផ្ទះសម្បែង។
លោកកើត ឆែ នាយករងផ្នែករដ្ឋបាលសាលាក្រុងភ្នំពេញ បានថ្លែងប្រាប់អ្នកតំណាង១០នាក់របស់អ្នកតវ៉ានៅតំបន់បឹងកក់ក្នុងការជួបពិភាក្សានៅសាលាក្រុងភ្នំពេញថា សាលាក្រុងភ្នំពេញបានផ្អាកការបណ្តេញប្រជាពលរដ្ឋបឹងកក់សិន ហើយត្រួតពិនិត្យមើលផលប៉ះពាល់នៃការកសាងផ្លូវ។
អ្នកស្រីលី ស្រីមុំ តំណាងប្រជាពលរដ្ឋបឹងកក់ បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីការពិភាក្សាជាមួយមន្ត្រីសាលាក្រុងភ្នំពេញថា អ្នកភូមិបឹងកក់បានទទួលយកការផ្អាកការបណ្តេញ ចេញនេះ ប៉ុន្តែនៅតែទទូចស្នើសុំដីទំហំ១៥ហិចតានៃផ្ទៃដីសរុប១៣៣ហិចតាសម្រាប់ធ្វើការអភិវឌ្ឍ នៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋជាង១៥០០គ្រួសារ។
«ឥឡូវនេះ គាត់នឹងផ្អាកការបណ្តេញប្រជាពលរដ្ឋ។ ខ្ញុំយល់ថា ការអភិវឌ្ឍនេះគ្មានតម្លាភាពសម្រាប់ ប្រជាពលរដ្ឋទេ ព្រោះថា ប្រជាពលរដ្ឋមានផ្ទះ គេអភិវឌ្ឍរហូតដល់គាត់អត់ផ្ទះ។ អញ្ចឹង ខ្ញុំចង់ឱ្យរាជ រដ្ឋាភិបាលក៏ដោយ សាលារាជធានីភ្នំពេញក៏ដោយ សូមឱ្យគិតផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ»។
លោកកើត ឆែបានបញ្ជាក់ថា លោកនឹងបញ្ជូនសំណើសុំអភិវឌ្ឍន៍នៅនឹងកន្លែងចំនួន១៥ហិចតានេះ ទៅជូនលោកឯកឧត្តមកែប ជុតិមា អភិបាលសាលាក្រុងភ្នំពេញនៅថ្ងៃពុធ ហើយបានសន្យាជូនដំណឹងដល់អ្នកភូមិបឹងកក់ តាមរយៈប្រធានភូមិអំពីលទ្ធផលនេះ នៅពេលក្រោយ។
អ្នកស្រីលី ស្រីមុំបាននិយាយយ៉ាងដូច្នេះថា «បើគ្មានដំណោះស្រាយ និងគ្មានបើកការចរចាជាមួយ ប្រជាពលរដ្ឋទេ ពួកខ្ញុំនៅថ្ងៃច័ន្ទនឹងមកជួបឯកឧត្តមកែប ជុតិមាម្តងទៀត»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ករណីបឹងកក់នេះគឺជាការរំលោភ ច្បាប់ និងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យមានអស្ថិរភាពនៅក្នុងសង្គម។
«ការពន្យារពេល (ការបណ្តេញចេញ)នេះមិនដោះស្រាយ(បញ្ហា)ទេ ពីព្រោះទោះបីមានការពន្យារ ពេលក៏ដោយ ក៏ប្រជាពលរដ្ឋរងគ្រោះនូវការរំលោភសិទ្ធិរបស់គាត់ដែរ។ ជាទូទៅ គាត់រស់នៅដោយ ការភ័យខ្លាចដដែល ទោះបីជាពន្យារពេល ឬមិនពន្យារពេលក៏ដោយ។ ការរំលោភសិទ្ធិមនុស្សបាន រំលោភទៅលើប្រជាពលរដ្ឋរួចទៅហើយដែលធ្វើឱ្យគាត់មានការភ័យខ្លាច ដោយសារយើងមិនយកច្បាប់មកប្រើ។ ដល់ពេលឥឡូវនេះ ទោះបីជាមានការពន្យារពេល ក៏វានៅតែជាការរំលោភសិទ្ធិមនុស្សដែរ ពីព្រោះយើងទុកឱ្យគាត់មានការភ័យខ្លាច។ រឿងនៅបឹងកក់នេះ រឿងពន្យារពេល (ការបណ្តេញចេញ)នេះមិនមែនជាដំណោះស្រាយទាល់តែសោះ។ វាគ្រាន់តែជាការព្យាយាមបន្ធូរ សម្រាលបរិយាកាសបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែចុងបញ្ចប់ ការរំលោភសិទ្ធិរបស់គាត់នៅតែជាការរំលោភសិទ្ធិរបស់គាត់ដដែល»។
នៅក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ដែលមានតម្លៃទឹកប្រាក់៧៩ លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ Shukaku Inc. របស់លោកឡាវ ម៉េងឃីន សមាជិក ព្រឹទ្ធសភារបស់គណបក្សគ្រប់គ្រងអំណាច CPP ធ្វើការអភិវឌ្ឍទីក្រុងទំនើប។
សម្រាប់ជាថ្នូរនឹងការចាកចេញ រដ្ឋាភិបាលបានផ្តល់៨៥០០ដុល្លារអាមេរិកក្នុងមួយគ្រួសារ ឬទៅតាំងទីលំនៅថ្មីនៅជាយទីក្រុងភ្នំពេញ ឬការអភិវឌ្ឍនៅនឹងកន្លែង៕