សាលាក្រុង ស្នើ​​ជា​ថ្មី​ឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​ពន្យារ​ការជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ

រូបឯកសារ៖ អ្នក​ចូលរួម​ដែល​ជា​ពលរដ្ឋ កម្មករ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើកទី​៧១ នៅ​សួន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ បាន​ស្នើ​ជា​លើក​ទីពីរ​ ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលគ្រោងរៀប​ចំការ​ជួប​ជុំនៅ​ទីលាន​ប្រជាធិប​តេយ្យ​ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ពន្យារ​ពេល​ការ​ជួប​ជុំ ក្រោម​ហេតុ​ផល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​មិន​ទាន់​បញ្ចប់។ នេះ​បើ​យោង​តាម​លិខិត​ចុះថ្ងៃ​ទី​១៧ ខែ​ធ្នូ ដោយអភិបាល​រងរាជ​ធានី​ភ្នំពេញ លោក មាន ចាន់​យ៉ាដា។

ក្នុង​លិខិត​នេះ​ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ទៅ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថាការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុងសហ​គមន៍​លើក​ដំបូង​ទាក់ទង​នឹង​ព្រឹត្តិ​ការណ៍​២៨ ខែ​វិច្ឆិកា មិន​ទាន់​ត្រូវ​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ សាលា​ក្រុង​ឲ្យ​ដឹង​ថា ​ការណ៍នេះ«មិន​អំណោយផល​ដល់​ការ​ជួប​ជុំ​ និង​រៀបចំ​ពិធី​ផ្សេងៗ»។

សាលា​រាជ​ធានី​ភ្នំពេញ​បញ្ជាក់​ថា៖ «ចំពោះ​កា​រ​ជូន​ដំណឹង​រៀបចំ​ប្រារព្ធពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧២​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​១.៥០០​នាក់ របស់​តំណាង​គណៈ​កម្មការ​រៀបចំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​លោក​តំណាង​ពន្យារ​ពេល​រៀបចំ​ពិធី​សិន និង​ត្រូវ​រង់ចាំ​ព្រឹត្តិការណ៍ខាង​លើ ​បាន​បិទ​បញ្ចប់ ចាំ​ដាក់​លិខិត​ជូន​ដំណឹង​ជា​ថ្មី​ពី​ការ​រៀបចំ​ពិធីនេះ»។

នេះ​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋបាល​ភ្នំពេញទៅ​នឹង​លិខិត​ស្នើ​សុំ​ជា​ថ្មីរបស់ក្រុម​សិទ្ធិ​មនុស្ស ដែល​មាន​បំណង​រៀបចំ​ព្រឹត្តិការណ៍​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោយ​មាន​ការ​ស្នើ​ពន្យារពេល​ជា​លើក​ទីមួយ​របស់​សាលា​ក្រុង ​កាល​ពី​ចុង​ខែ​វិច្ឆិកា។

លិខិត​របស់​អង្គការ​សម្ព័ន្ធ​ភាព​ការ​ពារសិទ្ធិ​មនុស្ស ​(CHRAC)​ ដែលជា​តំណាង​ឲ្យ​គណៈ​កម្មការ​រៀបចំ​ពិធី​នៃ​ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន​៥៣​ ឲ្យ​ដឹង​ថា​ពួក​គេ​ស្នើ​សុំរៀបចំ​ព្រឹត្តិការណ៍​នេះ ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដោយ​នឹងមាន​ការ​ដង្ហែ​ក្បួន​ទៅ​កាន់មន្ទីរ​រដ្ឋសភា ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍។

អង្គ​ការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា​ព្រឹត្តិ​ការណ៍​នេះពាក់​ព័ន្ធ​នឹង​«សិទ្ធិ​មនុស្ស​សុទ្ធ​សាធ រៀបចំ​ដោយ​ឯក​រាជ្យ និង​គោរព​នូវ​វិធាន​ការ​ការ​ពារ​ជំងឺកូវីដ​១៩»។

កាល​ពី​ថ្ងៃ​អង្គារ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហ​គមន៍​លើក​ដំបូង ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​នៅ​បន្ត​រឹត​បន្តឹង​ការ​ជួបជុំទ្រង់​ទ្រាយ​ធំ។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​មិន​មាន​ករណី​វិជ្ជមាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​កើត​ចេញ​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ដំបូង​នោះ​ទេ៕