សាលា​រាជធានី​ភ្នំពេញ​ចាប់​សង់​ស្តូប​រំលឹក​ពី​សោកនាដកម្ម​កោះពេជ្រ

ទង់ជាតិ​កម្ពុជា​បក់​រវិច​នៅ​ក្បែរ​ស្ពាន​ពេជ្រ​​ក្នុង​អំឡុង​ពិធី​បញ្ចុះ​សីមា​កសាង​រំលឺក​វិញ្ញាណក្ខន្ធកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែ​សីហា​ឆ្នាំ​២០១១។ ស្ពាន​ពេជ្រ​​​ជា​កន្លែង​កើត​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​កាល​ពី​ចុង​ឆ្នាំ​២០១១​ដែល​បាន​សម្លាប់​មនុស្ស​យ៉

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​កសាង​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នកស្លាប់​ចំនួន​៣៥៤​នាក់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​ប្រាំបួន​ខែ​មុន​នេះ។

អ្នក​ដើរ​លេង​កម្សាន្ត​ចំនួន​៣៥៤​នាក់​បាន​ស្លាប់​ និង​៣៩៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​ភ័យ​ស្លន់​ស្លោរ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​នៅ​យប់​ថ្ងៃ​ទី​២២ខែ​វិច្ចិកាឆ្នាំ​២០១០ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក។

លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​សាលា​រាជធានី​ភ្នំពេញ​កសាង​ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​នេះ​ ដើម្បី​ចង​ចាំ​នូវ​មហា​សោកនាដកម្ម​នេះ​ និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​នេះ​ឲ្យ​បាន​ទទួល​នូវ​សេចក្តីសុខ​សេចក្តី​ចម្រើន។

«អត្ថន័យ​របស់​ស្តូប​នេះ​គឺ​សម្រាប់​រំលឹក​ដល់​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​ ហើយ​ឧបទ្ទវហេតុ​នោះ​គឺ​បាន​កត់ត្រាទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ​ ហើយ​ដែល​ជា​មេរៀន​ដ៏​ឈឺចាប់​មួយ​ដែល​គ្មាន​នរណា​មួយ​អាច​បំភ្លេច​បាន​ទេ​ ជា​ពិសេស​សមត្ថកិច្ច​ខ្លួន​ឯង​នេះ​ គឺ​ត្រូវ​តែ​គិត​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់​ចត់​ នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ជាតិ​ធំ​ៗ​ និង​នៅ​ពេល​ដែល​មាន​មនុស្ស​ម្នា​មក​ចូល​រួម។​ វិធានការ​ធំ ​របស់​យើង​ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង»។

គម្រោង​កសាង​ស្តូប​ បាន​បង្ហាញ​ថា​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ដី​ទំហំ​៣៣​ម៉ែត្រ​គុណ​៣២​ម៉ែត្រ​ជាប់​គល់​ស្ពានពេជ្រ​ត្រើយ​ខាង​លិច​ ជា​ទីក​ន្លែង​ដែល​ឧបទ្ទវហេតុ​បាន​កើត​ឡើង។​ ស្តូប​នេះ​ត្រូវ​កសាង​ឡើង​ដោយ​ថ្ម​ភក់​ទំហំ​៧០​សង់ទីម៉ែត្រ​គុណ​៧០​សង់ទីម៉ែត្រ​និង​មាន​កម្ពស់​៥​ម៉ែត្រ។​ សសរ​គោល​ព្រហ្ម​មុខ​បួន​ ជា​ការ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទៅ​កាន់​ឋាន​ព្រហ្ម​ ឬ​ ឋាន​សុគតិភព។​ អក្សរ​ចារឹក​មាន​នៅ​គ្រប់​ជ្រុង​ទាំង​បួន។​ បង្គោល​សីមា​មាន​បង្កប់​អំពូល​ភ្លើង​ខាង​ក្នុង។​ បង្គោល​សីមា​ទាំង​អស់​មាន​ចំនួន​២២​ដើម​ (​ម្ខាង​១១​ដើម)​ តំណាង​ឲ្យ​ថ្ងៃទី​២២​ ខែ​១១​ ដែល​ជា​ថ្ងៃ​កើត​ឧបទ្ទវ​ហេតុ។​ ច្រវ៉ាក់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​តំណាង​ឲ្យ​ខ្សែ​កាប​ស្ពាន។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​ សសរ​គោល​ព្រហ្ម​មុខ​បួន​នេះ​មាន​ទម្រង់​បែប​សិល្បៈ​ខ្មែរ​ទំនើប​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សិល្បៈបុរាណ​ និង​ជំនឿ​របស់​ខ្មែរ​ ព្រម​ទាំង​មាន​លក្ខណៈ​សមស្រប​នឹង​បរិស្ថាន​នៅ​តំបន់​នោះ។

លោក​ កែប​ ជុតិមា​ បាន​បញ្ជាក់​ថា​ស្តូប​នេះ​ត្រូវ​ចំណាយ​អស់​ជាង​១២០.០០០​ដុល្លារ​អាមេរិក​ ហើយ​នឹង​ត្រូវ​កសាង​ចប់​នៅ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការកើត​ឧបទ្ទវ​ហេតុ។

លោក​ស្រី​ ចឹក​ បូភី​ ម្តាយ​សព​របស់​កញ្ញា​ ឌុក​ ស្រី​មុំ​ ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ​ បាន​និយាយ​ថា​អ្នក​ស្រី​មាន​ការពេញ​ចិត្ត​ ចំពោះ​ការកសាង​ស្តូប​នេះ​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ។

លោក​ស្រី​ យល់​ថា​ស្តូប​នេះ​មិន​មែន​ត្រឹម​តែ​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​ចងចាំ​សម្រាប់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​អំពី​ឧបទ្ទវហេតុ​ដ៏​ប្រល័យ​នេះ​ ព្រម​ទាំង​ជា​សញ្ញា​ព្រមាន​យ៉ាង​សំខាន់​ណាស់​ដល់​អាជ្ញាធរ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការគ្រប់​គ្រង​មនុស្ស​ច្រើន​រាប់​ពាន់​នាក់​នៅ​ពិធី​បុណ្យ​ជាតិ​សំខាន់​នៅ​ពេល​អនាគត។

«គេ​ធ្វើ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​សព​ដែល​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ ដើម្បី​ទុក​ជា​ប្រវត្តិ​សាស្ត្រ​ឲ្យ​បង​ប្អូន​ ក្មួយៗ​ កូន​ចៅ​ក្រោយ​ ឲ្យ​ចង​ចាំ​ កុំ​ឲ្យ​ភ្លេច​ថា​កន្លែង​ណា​ជា​ប្រជុំជន​ កន្លែង​ហ្នឹង​មាន​គ្រោះថ្នាក់​ហើយ»។

លោក​ កែប​ ជុតិមា​ បាន​ថ្លែង​ថា​សាលា​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​សម្រាប់​គ្រប់​ពិធី​បុណ្យ​ជាតិ​ សំខាន់​បំផុត​វិធានការ​នៃ​ការគ្រប់គ្រង​មនុស្ស។

«ឥឡូវ​នេះ​ យើង​កំពុង​កសាង​ស្ពាន​ថ្មី​ពីរ​ទៀត​ចេញ​ពី​កោះ​ពេជ្រ​ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ពី​កោះ​ពេជ្រ​មក​ដី​គោក​នេះ។ ​បទ​ពិសោធ​ ដែល​យើង​បាន​ឆ្លង​កាត់​កាល​ពី​យប់​ថ្ងៃ​ទី​២២​ ខែ​វិច្ចិកា​ គឺ​ជា​បទ​ពិសោធ​ដ៏​ឈឺចាប់​មួយ​ដែល​យើង​ត្រូវ​តែ​កត់​ត្រា​ទុក​ ហើយ​ត្រូវ​តែ​មាន​វិធាន​ការ​ចាំបាច់​ក្នុង​ការ​គ្រប់​គ្រង​មនុស្ស»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហៅ​សោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ​ថា​ជា​សោកនាដកម្ម​ដ៏​ធំធេង​បំផុត​ ចាប់​តាំង​ពី​របប​វាល​ពិឃាត​របស់​ពួក​ខ្មែរ​ក្រហម​បាន​ដួល​រលំ៕