ភ្នំពេញ៖ រោងភាពយន្តនៅក្នុងទីក្រុងភ្នំពេញទន្ទឹងរង់ចាំចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» ប៉ុន្តែអ្នកផលិតខ្សែភាពយន្តនោះលើកឡើងថា ខ្លួនពុំទាន់ទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ ដើម្បីដាក់បញ្ចាំងរឿងនេះជាសាធារណៈនៅឡើយទេ។
រោងភាពយន្តដែលមានប្រជាប្រិយភាពមួយចំនួនក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ពួកគេកំពុងរង់ចាំចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន»ដែលជាស្នាដៃផលិតរួមគ្នារបស់អ្នកកាសែតខ្មែរម្នាក់និងអ្នកថតខ្សែភាពយន្តឯកសារសញ្ជាតិអង់គ្លេសម្នាក់ទៀត ដើម្បីឲ្យសាធារណជនខ្មែរទូទៅបានស្វែងយល់បន្ថែមអំពីមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម។
លោកគាំ ចន្ធី នាយករោងកុនសូរិយានៅអែបផ្សារធំថ្មី កណ្ដាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា រោងកុនរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការទទួលយកខ្សែភាពយន្តឯកសាររឿង «សត្រូវរបស់ប្រជាជន»នេះ មកបញ្ចាំងជូនសាធារណជនទស្សនា។
លោកគាំ ចន្ធីដែលបានឮអំពីរឿង«សត្រូវរបស់ប្រជាជន»តាមរយៈសារព័ត៌មានកន្លងមក មានប្រសាសន៍បន្ថែមថា ទោះបីជាលោកពុំទាន់បានមើលខ្សែភាពយន្តឯកសារនេះក៏ដោយ ក៏លោកចង់ឲ្យមានការចាក់បញ្ចាំងខ្សែភាពយន្តនេះនៅតាមរោងកុន ឲ្យបានឆាប់ៗដែរ ដើម្បីឲ្យប្រជាជនខ្មែរជាពិសេសយុវជនជំនាន់ក្រោយ អាចយល់ដឹងបន្ថែមទៀតអំពីឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម។
«ខ្ញុំចង់ឲ្យមានដែរ ប្រសិនណាជាអាចបាន គួរតែចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ វាល្អដែរ ព្រោះថា ក្នុងនាមយើងជាខ្មែរមួយរូប ហើយការផ្សព្វផ្សាយខាងភាពយន្តវាទូលំទូលាយសម្រាប់ដាស់សតិដល់កូនខ្មែរទាំងអស់ឲ្យគាត់នឹកដល់សម័យនោះ ឬក៏នឹកដល់នយោបាយនិងការធ្វើនយោបាយនៅសម័យនោះដែរ»។
ខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» ដែលជាស្នាដៃផលិតដោយអ្នកកាសែតខ្មែរម្នាក់គឺលោកថេត សម្បត្តិ និងអ្នកថតខ្សែភាពយន្តឯកសារសញ្ជាតិអង់គ្លេស លោក Rob Lemkin បានលាតត្រដាងអំពីការសារភាពដ៏កម្រពីសំណាក់អតីតកម្មាភិបាលខ្មែរក្រហមសរុបចំនួនជាង១០នាក់ អំពីការអនុវត្តគោលនយោបាយខ្មែរក្រហមក្នុងការសម្លាប់រង្គាលនៅក្នុងសម័យនោះ។
តួអង្គសំខាន់ជាងគេនៅក្នុងខ្សែភាពយន្តឯកសារនេះ គឺអតីតមេមនោគមវិជ្ជាខ្មែរក្រហម នួន ជាដែលនឹងត្រូវនាំខ្លួនយកទៅកាត់ទោសនៅដើមឆ្នាំ២០១១ខាងមុខនេះ។
ខ្សែភាពយន្តឯកសារ ដែលមានរយៈពេលជាង១ម៉ោងកន្លះនេះ បានទទួលរង្វាន់ចំនួន១៦ផ្សេងៗគ្នា ដោយរួមមានរង្វាន់គណៈវិនិច្ឆ័យពិសេស ឬ Special Jury Prizeក្នុងមហោស្រពភាពយន្តក្រុងសាន់ដាន់ កាលពីខែមករា ឆ្នាំ២០១០ និងរង្វាន់ The Nestor Almendros Award ចំពោះភាពក្លាហានក្នុងការផលិតខ្សែភាពយន្ត នៅក្នុងមហោស្រពភាពយន្តប្រចាំឆ្នាំរបស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅនេះជាដើម។
ខ្សែភាពយន្តដែលទទួលរង្វាន់ដ៏ច្រើននេះ ត្រូវបានដាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសមួយចំនួនទៀត។
លោក ពៅ វន្នី អ្នកគ្រប់គ្រងរោងភាពយន្តលុច ដ៏មានប្រជាប្រិយភាពក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកចង់បានខ្សែភាពយន្តដែលទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម ដូចជារឿង«សត្រូវរបស់ប្រជាជន»នេះ មកដាក់បញ្ចាំងនៅក្នុងរោងកុនរបស់លោកផងដែរ ដើម្បីរំឭកប្រជាជនខ្មែរអំពីរបបដ៏សាហាវព្រៃផ្សៃនោះ។
លោក ពៅ វន្នី មានប្រសាសន៍បន្ថែមដោយស្នើសុំមិនបញ្ចេញសំឡេងថា ការដាក់បញ្ចាំងរឿង«សត្រូវរបស់ប្រជាជន» នេះក៏នឹងជួយអប់រំយុវជនខ្មែរអំពីអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមផងដែរ។
លោក Rob Lemkin សហផលិតករខ្សែភាពយន្តឯកសាររឿង «សត្រូវរបស់ប្រជាជន»នេះ បានមានប្រសាសន៍ថា ការដែលខ្សែភាពយន្តរបស់លោកពុំទាន់ត្រូវបានដាក់បញ្ចាំងនៅតាមរោងកុនក្នុងប្រទេសកម្ពុជានេះ គឺដោយសារលោកពុំទាន់ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បញ្ចាំងរឿងនេះជាសាធារណៈនៅឡើយ។
«យើងចង់ចាក់បញ្ចាំងរឿងនេះនៅតាមរោងកុនដែរ ប៉ុន្តែយើងមិនទាន់ទទួលបានការអនុញ្ញាតឲ្យធ្វើអញ្ចឹងនោះទេ។ ខ្ញុំមិនដឹងថា តើហេតុអ្វីបានជារដ្ឋាភិបាលមិនទាន់ផ្តល់ការអនុញ្ញាតនោះទេ»។
លោក ថេត សម្បត្តិ សហផលិតករនៃខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» នេះដែរ មានប្រសាសន៍ថា លោកបានដាក់ពាក្យស្នើសុំសិទ្ធិបញ្ចាំងខ្សែភាពយន្តរបស់លោកនេះ ទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាអស់រយៈពេលបីខែមកហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបជាវិជ្ជមានអំពីការអនុញ្ញាតឲ្យបញ្ចាំងរឿងនេះជាសាធារណៈនៅឡើយទេ។
លោក ថេត សម្បត្តិ មានប្រសាសន៍បន្ថែមថា ប្រសិនបើទទួលបានការអនុញ្ញាត លោកនឹងចាក់បញ្ចាំងរឿងរបស់លោកនៅតាមរោងកុននិងទីជនបទនានាទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនខ្មែរបានមើលឃើញផ្ទាល់ភ្នែក ហើយឮផ្ទាល់នឹងត្រចៀកនូវផែនការនិងមូលហេតុរបស់ខ្មែរក្រហមក្នុងការកាប់សម្លាប់រង្គាល នៅក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃនោះ។
«ប្រសិនជាយើងទទួលបានការអនុញ្ញាតនៅស្រុកខ្មែរ យើងនឹងយកដាក់នៅរោងកុនធំៗ ដូចជានៅរោងកុនចេនឡា និងរោងកុនលុចជាដើម ដើម្បីឲ្យប្រជាជនយើងបានមើលកាន់តែច្រើន។ ហើយទី២ ប្រសិនជាអាច យើងនឹងដាក់បញ្ចាំងនៅតាមខេត្តនានាដើម្បីឲ្យប្រជាជនយើងទស្សនា ពីព្រោះប្រជាជនខ្មែរយើង គាត់មិនអាចមានលទ្ធភាពធ្វើដំណើរមកភ្នំពេញមើលតាមរោងកុនបានទេ។ អញ្ចឹងប្រសិនរៀបចំដាក់បញ្ចាំងនៅតាមទីវាលនៅជនបទអីទៅ វាជាការល្អ»។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នមានសមត្ថកិច្ចផ្តល់ទិដ្ឋាការ ឬការអនុញ្ញាតដល់ខ្សែភាពយន្តដែលចង់ដាក់បញ្ចាំងជាសាធារណៈក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា គណៈកម្មការត្រួតពិនិត្យរបស់ក្រសួងបានពិនិត្យខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន»នេះរួចហើយ ប៉ុន្តែពុំទាន់បានឯកភាពគ្នាដើម្បីសម្រេចអំពីការផ្តល់ទិដ្ឋាការដល់ខ្សែភាពយន្តនេះនៅឡើយទេ ដោយសារតែខ្សែភាពយន្តនេះនិយាយជាភាសាអង់គ្លេស។
«ខាងគណៈកម្មការហ្នឹងគេបានមើលហើយ។ គេបានផ្តល់យោបល់ហើយ ប៉ុន្តែមិនទាន់សម្រេចថាយ៉ាងម៉េចទេ។ ឥឡូវហ្នឹងវានៅជាភាសាអង់គ្លេសនៅឡើយ។ ប្រសិនជាលោកមានបំណងថា នឹងបញ្ចាំងនៅស្រុកខ្មែរ ទាល់តែសម្លេងសន្ទនាហ្នឹងជាភាសាខ្មែរ»។
សហផលិតករទាំងពីរគឺលោក ថេត សម្បត្តិនិងលោក Rob Lemkin បានអះអាងថា ពួកលោកនឹងដាក់ពាក្យស្នើសុំការអនុញ្ញាតម្តងទៀត ដោយរួមជាមួយនឹងការបញ្ចូលការបកប្រែជាភាសាខ្មែរនៅក្នុងរឿងរបស់ពួកលោកផងដែរ។
យ៉ាងណាក៏ដោយ អ្នកស្រី សាន យ៉ុន វ័យ៦០ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់នៅក្នុងទីក្រុងភ្នំពេញដែលបានបាត់បង់ម្តាយ ប្តីដែលជាអតីតទាហានលន់ នល់ និងកូនស្រីតែមួយគត់របស់អ្នកស្រីនៅក្នុងសម័យខ្មែរក្រហមនោះ មានប្រសាសន៍ថា អ្នកស្រីទន្ទឹងរង់ចាំមើលខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» នេះដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដថា តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ប្រជាជនខ្មែរ ដោយរួមទាំងក្រុមគ្រួសារជាទីស្រឡាញ់របស់អ្នកស្រីផងដែរនោះ។
«ខ្ញុំចង់មើល ព្រោះអីចង់ដឹងរឿងជាក់ស្តែង ដូចថា ពីមុនមក គ្រួសារខ្ញុំ និងគ្រួសារនរណាក៏ដោយគ្មានកំហុសអីសោះ គេយកទៅសម្លាប់ទទេៗ ខ្ញុំចង់ដឹងអាហ្នឹង»។
សូមបញ្ជាក់ថា បើទោះជាខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន»នេះ ពុំទាន់ត្រូវបានចាក់បញ្ចាំងជាសាធារណៈនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជានេះក៏ដោយ ក៏រឿងនេះនឹងត្រូវដាក់បញ្ចាំងសាកល្បងសម្រាប់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធ ទី២១ខែកក្កដានេះតទៅនៅឯវិចិត្រសាលMeta House ក្នុងទីក្រុងភ្នំពេញ ដោយមានការលក់សំបុត្រចូលទស្សនា និងការកម្រិតចំនួនអ្នកចូលទស្សនាដោយឥតបង់ថ្លៃចំនួន១០នាក់ប៉ុណ្ណោះ។
បន្ទាប់ពីការដាក់បញ្ចាំងសាកល្បងនៅក្នុងទីក្រុងភ្នំពេញ រឿង«សត្រូវរបស់ប្រជាជន»នេះ ក៏នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសចាប់ពីថ្ងៃទី៣០ ខែកក្កដានេះ។