សេដ្ឋី​អចលនទ្រព្យ​ចិន​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ ឆ្នាំ​ពី​បទ​ពុករលួយ

រូបឯកសារ៖ លោក Ren Zhiqiang ត្រូវ​បាន​តុលាការ​មួយ​នៅ​ក្រុង​ប៉េកាំង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ ពី​បទ​ពុករលួយ។

កាល​ពី​ថ្ងៃ​អង្គារ ទី ២២ ខែ​កញ្ញា តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ផ្តន្ទាទោស​សេដ្ឋី​អចលនទ្រព្យ​ចិន​លោក Ren Zhiqiang ដែល​ធ្លាប់​ហៅ​មេដឹកនាំ​ចិន​លោកXi Jinping ថា​ជា «អ្នក​លេង​សៀក​កំប្លែង» ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦២០.០០០ ដុល្លារ​អាមេរិក បន្ទាប់​ពី​រក​ឃើញ​ថា លោក​មាន​ទោស​ពី​បទ​ពុករលួយ សូកប៉ាន់ កេង​បន្លំ​ថវិកា​សាធារណៈ និង​រំលោភ​អំណាច​ជា​នាយក​ប្រតិបត្តិ​សហគ្រាស​រដ្ឋ។

ពលរដ្ឋ​ចិន​មួយ​ចំនួន​ដែល​រិះគន់​លើ​រឿង​នេះ បាន​ហៅ​សាលក្រម​ខាង​លើ​ថា «គ្មាន​ការ​អៀនខ្មាស» និង​ជា «ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នយោបាយ» ខណៈ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ ដែល VOA បាន​និយាយ​ជាមួយ បាន​លើកឡើង​ថា សាលក្រម​នេះ​មាន​គោលដៅ​បំបិទ​សំឡេង​ក្រុម​ប្រឆាំង ក៏​ដូចជា​សមាជិក​នៅ​ក្នុង​ជួរ​គណបក្ស​កុម្មុយនីស្ត​ចិន​ណា​ដែល​រិះគន់​លោក​ប្រធានាធិបតី Xi Jinping ហើយ​នេះ​ជា​សញ្ញា​ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​កង្វះ​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក Xi Jinpingផង​ដែរ។

លោក Yang Jianli អ្នក​រិះគន់​ជនជាតិ​ចិន​ម្នាក់ ដែល​ឥឡូវ​នេះ​កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​អង្គការ Citizen Power Initiatives for China បាន​ថ្លែង​ប្រាប់ VOA មុន​ពេល​ការ​ចេញ​សាលក្រម​លើ​លោក Ren Zhiqiang នេះ​ថា៖ «នេះ​ជា​ឧទាហរណ៍​បង្ហាញ​ថា មាន​រលក​ប្រឆាំង​នឹង​លោក Xi Jinping នៅ​ក្នុង​ជួរ​គណបក្ស។ ហើយ​លោក Xi Jinping កំពុង​ធ្វើ​អ្វី​តាម​តែ​លោក​អាច​ធ្វើ​បាន ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​នោះ និង​រារាំង​អ្នក​ដែល​ប្រឆាំង​នឹង​លោក​មិន​ឲ្យ​រួបរួម​គ្នា»។

បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Ren Zhiqiang

បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​តុលាការ​ប្រជាជន​កណ្ដាល​លេខ ២ ប្រចាំ​ទីក្រុង​ប៉េកាំង លោក Ren Zhiqiangត្រូវ​បាន​រកឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បាន​កេង​ចំណេញ​ប្រាក់​ដោយ​ខុសច្បាប់​ចំនួន​ជិត ៧ លាន ៤ សែន​ដុល្លារ​អាមេរិក ទទួល​សំណូក​ចំនួន ១៨៤.៥០០ ដុល្លារ​អាមេរិក និង​កេង​បន្លំ​ថវិកា​សាធារណៈ​ចំនួន ៨ លាន ៩ សែន​ដុល្លារ​អាមេរិក រវាង​ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១៧ នៅ​ពេល​លោក​បម្រើការ​ជា​នាយក​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ Huayuan Real Estate Group។

តុលាការក៏​បាន​រក​ឃើញ​ផង​ដែរ​ថា លោក Ren Zhiqiang បាន​រំលោភ​អំណាច​ជា​នាយក​ប្រតិបត្តិ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ថវិកា​ជិត ១៧ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ក្រុមហ៊ុន​រដ្ឋ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន​ក្នុង​ទឹក​ប្រាក់​ជិត ៣ លាន​ដុល្លារ​អាមេរិក។

សេចក្តីថ្លែងការណ៍​ខាងលើ​បាន​បន្ថែម​ថា លោក Ren Zhiqiang បាន​សារភាព​ទទួល​កំហុស និង​បាន​សង​ប្រាក់​ដែល​រក​បាន​ដោយ​ខុសច្បាប់​ទាំង​នេះ ហើយ​ព្រមព្រៀង​មិន​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ក្រោយ​ពី​តុលាការ​បាន​ប្រកាស​សាលក្រម។

លោក Ren Zhiqiang វ័យ ៦៩ ឆ្នាំ គឺ​ជា​កូន​ប្រុស​របស់​អតីត​អនុ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​មួយ​រូប។ លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយសារតែ​ការ​និយាយ​ដោយ​ចំហ​របស់​លោក​អំពី​ការ​រឹតត្បិត​លើ​បណ្តាញ​ផ្សព្វផ្សាយ និង​ប្រធានបទ​ប្រទាំងប្រទើស​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។

ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី Xi Jinping ដោយ​ចំហ

លោក Ren Zhiqiang ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ការ​ស៊ើបអង្កត​ពី​បទ​ឧក្រិដ្ឋ​កាល​ពី​ខែ​មីនា គឺ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​លើកឡើង​របស់​លោក ដែល​បាន​រិះគន់​ថា​រដ្ឋាភិបាល​ចិន​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន ហើយ​ការ​អធិប្បាយ​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​យ៉ាងច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

នៅ​ក្នុង​អត្ថបទ​ដ៏​ប្រទាំងប្រទើស​មួយ លោក Ren Zhiqiang មិន​បាន​បញ្ជាក់​ឈ្មោះ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ហាក់ដូចជា​បាន​ហៅ​លោក​ប្រធានាធិបតី Xi Jinping ថា​ជា «អ្នក​លេង​សៀក​កំប្លែង​ស្រាត​ម្នាក់ ដែល​ទទូច​បន្ត​ធ្វើ​ជា​អធិរាជ»។

សាលក្រម​របស់​តុលាការ​លើ​លោក Ren Zhiqiang បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​រិះគន់ និង​អ្នក​តាមដាន​ស្ថានការណ៍​ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​ក្រៅ​ប្រទេស។

លោក Li Datong ស្ថាបនិក​ទំព័រ​ប្រចាំ​សប្ដាហ៍ Freezing Point នៃ​សារព័ត៌មាន China Youth Daily បាន​ហៅ​សាលក្រម​នោះ​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ «ដោយ​ឥត​អៀនខ្មាស»។

លោក Li Datong បាន​ប្រាប់ VOA ថា នៅ​ពេល​ដែល​លោក Ren Zhiqiang ចុះ​ចេញ​ពី​តំណែង​ជា​នាយក​សាជីវកម្ម Huayuan កាល​ពី​ឆ្នាំ ២០១១ «អង្គភាព​សវនកម្ម​របស់​រដ្ឋាភិបាល​បាន​តាមដាន​បញ្ជី​ហិរញ្ញវត្ថុ​របស់​សាជីវកម្ម​នេះ​យ៉ាង​ដិតដល់ [ពេល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ren Zhiqiang] ហើយ​អង្គភាព​នោះ​មិន​បាន​រក​ឃើញ​ថា​មាន​កំហុស​ណា​មួយ​នោះ​ទេ។ ...ដូច្នេះ [សាលក្រម] នេះ​គឺ​ដូចជា​ការ​ទះ​កំផ្លៀង​ខ្លួន​ឯង​អ៊ីចឹង​សម្រាប់​រដ្ឋាភិបាល»។

លោក Li Datong បាន​បន្ត​ថា លោក​ជឿ​ថា លោក Ren Zhiqiang ព្រម​សារភាព​កំហុស ដោយសារ​តែ​កូន​ប្រុស​របស់​លោក​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ចាប់​ជា​ចំណាប់ខ្មាំង។ លោក Li Datong បាន​បន្ថែម​ថា បទ​ចោទ​ប្រកាន់​ចំនួន ៤ ប្រឆាំង​នឹង​លោក Ren Zhiqiang គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។

លោក Li Datong បាន​ហៅ​លោក Ren Zhiqiang ថា​ជា​អ្នក​រិះគន់​ដោយ​បើក​ចំហ​មួយ​រូប ដែល​និយាយ​ពី​គំនិត​របស់​ពលរដ្ឋ​ចិន​ទូទៅ។

លោក Li Datong បាន​និយាយ​ថា៖ «លោក Ren Zhiqiang គឺ​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​និយាយ​អ្វី​ដែល​ស្ថិត​នៅ​ក្នុង​គំនិត​មនុស្ស​ជា​ទូទៅ។ លោក​មិន​បាន​បង្ក​ការ​គំរាមកំហែង​ដល់​នរណា​ម្នាក់​នោះ​ទេ ហើយ​គ្មាន​ស្ថាប័ន​ណា​ត្រូវ​បាន​ផ្តួល​រលំ ដោយសារតែ​ការ​បញ្ចេញ​មតិ [ដោយ​សេរី] នោះ​ឡើយ។ លោក​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​និយាយ​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ​ទូទៅ​តែ​ប៉ុណ្ណោះ ដែល​ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​មិន​អាច​អត់ធ្មត់​បាន»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា