នាគ​ចិន​ពង្រឹង​ខ្លួន​នៅ​អាស៊ាន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ខ្លាំង​ជាងគេ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទះដៃ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ក្នុង​អំឡុងពេល​នៃ​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​ឯ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៩។

ប្រទេស​កម្ពុជា​គឺជា​សម្ព័ន្ធមិត្ត​ដ៏​មាន​សារប្រយោជន៍​សម្រាប់​ប្រទេស​ចិននៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន)​ក្នុង​ពេល​ដែល​រដ្ឋបាល​ក្រុងប៉េកាំង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ពង្រីក​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ដោយ​គ្មាន​ការប្រឆាំង​ខ្លាំងក្លា​ពី​គូ​ប្រជែង​ធំៗ​ដទៃ​ទៀត។ នេះ​បើ​តាម​សៀវភៅ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អ្នកនិពន្ធ​សេបាសៀន ​ស្ត្រង់ជីអូ (Sebastian Strangio)។

សៀវភៅ​មាន ចំណងជើង​ថា​«នៅក្រោម ស្រមោល​នាគ» (In the Dragon’s Shadow) បាន ​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ស្អិតរមួត​ដែល​ប្រទេស​ចិន​មាន​លើរដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​និង​ក៏បាន​ពិនិត្យមើលថយក្រោយ​ចូល​ក្នុង​អតីតកាលរហូត​ដល់​របបខ្មែរ​ក្រហម​ដែល​ធ្លាប់ទទួលបានការគាំទ្រដ៏ខ្លាំងក្លានិង​ស្ទើរតែ​ទាំងស្រុង​ពី​រដ្ឋបាល​ក្រុង​ប៉េកាំង​ផង​ដែរ។

លោកសេបាសៀន ​ស្ត្រង់ជីអូ​បាន​រៀបរាប់​ថា៖​ «ឥឡូវនេះ​ ប្រទេសចិនគឺជាអ្នកគាំទ្រ​នៅ​ឆាក​អន្តរជាតិ​ដ៏សំខាន់​ដល់​កម្ពុជា ​ជាដៃគូពាណិជ្ជកម្ម​ដ៏សំខាន់ ជាប្រភព​ទេសចរណ៍​និង​អ្នកវិនិយោគទុនបរទេស​ដ៏សំខាន់»។

សៀវភៅ​«នៅក្រោម​ស្រមោលនាគ»​បាន​វាយតម្លៃ​ថា៖ «គ្មានប្រទេសណានៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជិតស្និទ្ធ​នឹងចិន​ជាងកម្ពុជាទេ​ហើយគ្មាន​ប្រទេស​ណា​ដែល​បង្ហាញ​ពី​ការងើបឡើងវិញ​ខាងផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ចិនដោយបាន​កែប្រែ​ដល់សកម្មភាពជំនួយនិង​ការអភិវឌ្ឍ​ក្នុង​តំបន់ជាង​កម្ពុជា​ទេ»។​

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺ​ជា​ច្រកដ៏សំខាន់​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមាគម​អាស៊ានដោយ​បានគាំទ្រ​គោលជំហររបស់ចិន​ក្នុងការដោះស្រាយ​បញ្ហាជម្លោះនៅសមុទ្រចិន​ខាងត្បូង​ដែល​មហាអំណាច​ចិន​ប្រទាញប្រទង់​ទាមទារ​នឹង​បណ្តាសមាជិកអាស៊ានមួយចំនួន​ដោយ​ទ្វេភាគី​គឺមិន​ដោះស្រាយក្នុងក្របខណ្ឌរួមរបស់អាស៊ានទេ។​

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធសៀវភៅ ​«នៅ​ក្រោម​ស្រមោល​នាគ» (In the Dragon’s Shadow)ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។

លោកសេបាសៀន ស្ត្រង់ជីអូ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​កាលពី​ដើម​ខែកញ្ញា​ថា៖

«ប្រទេស​កម្ពុជា​មាន​ផលប្រយោជន៍​សំខាន់​ក្នុងការគាំទ្រ​ប្រទេសចិន​នៅ​ក្នុង​ប្លុកអាស៊ាន និង​រារាំង​ប្លុក​នេះ​មិន​ឲ្យ​ប្រឆាំង​នឹង​ចិន​ ឬ​ក៏រារាំង​មិន​ឲ្យ​បង្កើតយោបល់​ឯកភាពគ្នាមួយ​ដែល​គេ​យល់​ថា​ប្រឆាំង​នឹង​ចិន»។

លោកស្ត្រង់ជីអូ​បានរំលឹកដល់​កិច្ច​ប្រជុំអាស៊ាន​ក្នុង​ឆ្នាំ​២០១២ ដែលកម្ពុជា​គឺ​ជាម្ចាស់ផ្ទះ​ហើយ​បាន​រាំងខ្ទប់​មិន​ឲ្យ​ចេញ​សេចក្តី​ប្រកាសរួម​លើបញ្ហាសមុទ្រចិន​ខាងត្បូង​បើសូម្បី​ពាក្យ​ពេចន៍​មិន​សូវ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ចិនក៏ដោយ។

ក្រៅពីនេះ​គឺ​នៅ​មាន​កិច្ចការ​កន្លង​មក​ទៀត​លើ​ផ្នែក​សិទ្ធិមនុស្ស​និង​នយោបាយដែល​កម្ពុជា​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​ប្រទេស​ចិន។ ក្នុងនោះ​មាន​ដូចជា​ការរារាំង​សម្តេច​សង្ឃដាឡៃ ឡាម៉ានៃ​ដែនដី​ទីបេ​មិន​ឲ្យ​យាង​ទៅប្រទេស​កម្ពុជា​ និង​បញ្ជូនក្រុមសាសនា​ហ្វាឡុងហ្កុងត្រឡប់ទៅចិនវិញ​។ នៅចុង​ឆ្នាំ​២០០៩ ​ជនជាតិចិន​វីហ្គ័រ​២០នាក់ដែលស្វែងរកសិទ្ធិ​ជ្រកកោណ​ត្រូវបាន​បញ្ជូនត្រឡប់ទៅវិញ។

ប្រទេស​ចិន​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ​ស៊ី ជីនពីង​កំពុង​ខិតខំ​ស្តារ​ឋានៈ​ជា​ប្រទេស​ខ្លាំង​ក្នុង​តំបន់​អាស៊ី​ឡើងវិញ​ដោយ​ខិតខំ​ពង្រឹង​ផ្នែក​នយោបាយ ​យោធា ​វប្បធម៌ ​និង​សេដ្ឋកិច្ច ជាពិសេស​តាមរយៈគម្រោង​អភិវឌ្ឍន៍​ខ្សែក្រវ៉ាត់​ពាណិជ្ជកម្ម​និងការផ្តល់​ជំនួយទ្វេភាគី។ ការណ៍​នេះនាំ​ឲ្យបណ្តាប្រទេសនៅក្នុងសមាគម​អាស៊ានរិះរកវិធីរស់​នៅប្រកបដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​នឹង​មហាអំណាច​ចិន ​ហើយស្របពេលជាមួយគ្នានេះដែរ​ពួកគេ​ក៏ប្រឹង​ប្រែង​រក្សាអធិបតេយ្យភាព​ក៏ដូចជា​ព្យាយាម​ជៀសវាង​ការស្រូប​ចូល​ប៉ូល​ណាមួយ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោកសុខ ឥសាន អ្នកនាំពាក្យ​នៃ គណបក្ស​ប្រជាជន​កម្ពុជានេះ​បានសរសើរទំនាក់​ទំនង​រវាងចិននិងកម្ពុជាក្នុងបទសម្ភាសជាមួយនឹងវីអូអេ​កាលពីសប្តាហ៍មុន​ថា៖

«ខ្ញុំយល់ថាទំនាក់ទំនង​ទ្វេភាគី​រវាងកម្ពុជា​និង​ចិន​គឺដូច​បាន​ជ្រាប​ស្រាប់​ហើយ​រាជរដ្ឋាភិបាល​លោក​បាន​ប្រកាស​ជាចំហរ​ថា​ជាទំនាក់​ទំនង​មិត្តភាព​សាមគ្គីភាព​ ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ជា​មិត្ត​ដែកថែប​ដែល​មាន​ការជឿ​ទុកចិត្ត​ពិតប្រាកដ»។​

កម្ពុជា​មើល​ឃើញ​ថា​ការមិន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​មិនប្រៀន​ប្រដៅ​លើ​បញ្ហា​

អភិបាលកិច្ច​ល្អ​ឬ​លើ​សិទ្ធិមនុស្ស​នាំ​ឲ្យ​ចិន​មាន​លទ្ធភាព​ចូលចុះ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​អាស៊ាន។ ការណ៍​នេះ​ខុសពីក្រុមបស្ចិមប្រទេស​ដែល​តែងតែ​ដាក់​លក្ខខណ្ឌសិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅពេល​ផ្តល់​ជំនួយ។

កម្ពុជា​ក៏ទទួលបានការគាំទ្រ​ផ្នែក​នយោបាយ​និងផលប្រយោជន៍​សេដ្ឋកិច្ច​ពីមហាមិត្ត​ចិន​ផងដែរ។​ ដូចក្នុងករណីដែលកម្ពុជា​បាន​រំលាយ​គណបក្ស​ប្រឆាំង​ហើយ​រងការរិះគន់​និង​ដាក់​សម្ពាធ​ពី​បស្ចិម​ប្រទេស​ប៉ុន្តែ​ចិន​នៅគាំទ្រ​កម្ពុជា​ជានិច្ច។​

គម្រប​សៀវភៅ​ស្រាវជ្រាវ​ថ្មី​ ដែល​មាន​ចំណងជើង​ថា​«នៅ​ក្រោម​ស្រមោល​នាគ» (In the Dragon’s Shadow) ដែល​និពន្ធ​ដោយ​លោក Sebastian Strangio ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០២០​ នេះ។ (រូបថត​ពី​ហ្វេសប៊ុក Sebastian Strangio)

តាមរយៈគម្រោង​ផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន​ ​កម្ពុជា​បាន​ស្តារ​សេដ្ឋកិច្ច​យ៉ាងច្រើន​ដូចជា​ការអភិវឌ្ឍ​នៅក្រុងព្រះសីហនុ​ដែល​ធ្លាប់ជាទីក្រុង​មិនសូវមានសកម្មភាពមួយមកជាកន្លែង​កាស៊ីណូ ភោជនីយដ្ឋាន​និង​សណ្ឋាគា​រទំនើបៗ​របស់​ចិន​ដោយ​មាន​ជនជាតិ​ចិន​ហូរចូល​ច្រើន​យ៉ាងគំហុក។​

ប៉ុន្តែ​ការអនុវត្តគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន​មាន​លក្ខណៈ«រញ៉េរញ៉ៃ» ដោយវា​បាន​បង្កផល​ប៉ះពាល់អវិជ្ជមាន​ច្រើន​ក្នុងនោះ​មាន​ការបណ្តេញ​ពលរដ្ឋ​មូលដ្ឋាន​ដើម្បី​សាងសង់​ទំបន់វារីអគ្គីសនី ការហូរចូល​កម្មករចិន​មកធ្វើការក្នុងគម្រោង​អភិវឌ្ឍន៍ ការព្រួយបារម្ភ​ពីអន្ទាក់​បំណុលសម្រាប់ប្រទេស​ក្នុងតំបន់។ នេះបើតាមការកត់សម្គាល់របស់លោកសេបាសៀន។​

លោក​សេបាសៀន ស្ត្រង់ជីអូ​បាន​បន្ថែមថា៖

«យើងបានឃើញ​ប្រទេស​ជាច្រើនបាន​តបតវិញប្រឆាំងនឹងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម​ឬក៏ចរចាឡើងវិញ។ ខ្ញុំគិតថាអ្វីដែលយើងបានឃើញ​នៅក្នុង​ប្រទេស​ភូមា និង​ម៉ាឡេស៊ី​គឺ​កិច្ចព្រមព្រៀង​សំខាន់ៗ​ត្រូវបានលុបចោលឬ​ចរចាឡើងវិញ គឺមានន័យ​ថា​ប្រទេស​អាស៊ីអាគ្នេយ៍​គឺមិន​ទទួលបាន​ភាពយុត្តិធម៌​ពី​ការចូលរួមក្នុង​គម្រោង​ក្រវ៉ាត់ផ្លូវពាណិជ្ជកម្មទេ»។

ក្រៅពីអន្ទាក់បំណុលដែលផ្តល់ជូនតាមរយៈគម្រោង​អភិវឌ្ឍន៍ដ៏មហិមានេះ អ្នកវិភាគ​នានា​ក៏​សង្ស័យ​លើ​ចេតនា​របស់​ចិន​ក្នុង​ការប្រែក្លាយ​តំបន់នេះ​ជាតំបន់​យោធាផងដែរ។ កាលពីខែ​កក្កដា​ឆ្នាំ២០១៩ កាសែត​ The Wall Street Journal បាន​រាយការណ៍​ថា ចិននិង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងសម្ងាត់មួយ អនុញាត​ឲ្យកង​ទ័ពជើងទឹក​ចិន ប្រើប្រាស់ទីតាំង​យោធា​កម្ពុជាមួយ នៅ​ក្បែរ​តំបន់​រាម នៃខេត្ត​ព្រះសីហនុ។ រាជរដ្ឋាភិបាល​កម្ពុជា បានបដិសេធ​ថា​មិនមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន បែប​នេះ​ទេ ហើយ​បាន​ហៅ​របាយការណ៍​របស់​កាសែត​នេះ​ថាជា​របាយការណ៍​ក្លែងក្លាយ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ ការសង្ស័យ​ពីវត្តមាន​កងទ័ពចិននៅក្នុង​ប្រទេស​កម្ពុជា​នៅតែគ្របដណ្តប់លើក្រសែភ្នែកអ្នកស្រាវជ្រាវ។​

លោកសេបាសៀនបាន​បន្ថែម​ថា៖

«លោកដឹងទេថា​មានពាក្យចចាមអារ៉ាម​ថា​ថ្ងៃណាមួយ​ប្រទេស​កម្ពុជា​នឹង​ទទួល​ឲ្យដាក់មូលដ្ឋាន​យោធាឬទ័ព​ជើង​ទឹក​ចិន​គឺ មាន​សក្តានុពល​សម្រាប់​ប្រទេស​ចិន​ពីព្រោះ​វា​នឹង​ផ្តល់​មូលដ្ឋាន​ភស្តុភា​រនិងចាក់សាំង​ដែល​នៅ ម្ខាង​ទៀត​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ»។

ក្រៅពីកត្តានយោបាយ ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ រដ្ឋាភិបាល​ចិនក៏​ប្រើកត្តាប្រជាជននិងវប្បធម៌​ដើម្បី​ជាទុន​ក្នុង​ការពង្រីកនិង​ពង្រឹងឥទ្ធិពលនៅក្នុងតំបន់ដែរ។ នៅបណ្តាប្រទេសអាស៊ានមួយចំនួនជួប​ប្រទះ​ការប្រឆាំង​ខ្លះ​ដូចជា​នៅ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ជាដើម​ដែល​ធ្លាប់​សង្ស័យ​លើ​ការស្មោះស្ម័គ្រ​នយោបាយ​របស់​ពលរដ្ឋខ្លួនដែលមានជាប់សែស្រឡាយចិនប៉ុន្តែនៅកម្ពុជាមិនមានអ្វីចោទជាបញ្ហា​ទេ​។

លោកសុខ ឥសាននៃគណបក្សប្រជាជនកម្ពុជា​បាន​បន្ថែម​ថា៖

«ខ្មែរ​យើង​អត់​មាន​បញ្ហា​ទេ។ ការគិតឃើញ​របស់ប្រទេស​ដទៃ​ជាសិទ្ធិ​របស់គាត់។ តែ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​យក​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាកម្ពុជា​ទៅអនុវត្ត​នេះ​គឺ យើង​មិន​មាន​ការរើស​អើង​ឬមានការសង្ស័យ​គ្នាទៅវិញទៅមកទេ។ ការសង្ស័យ​នេះ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការនេះ​មិន​បាន​ទូលំទូលាយ​ឬ​មួយ​ក៏​មិនបានស៊ីជម្រៅទេ»។

យ៉ាងណាក៏ដោយ​ជំងឺកូវីដ១៩​ដែលកំពុង​រាលដាល​លើ​ពិភពលោក​ដោយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​៩២ម៉ឺននាក់នឹងមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ចិន​ដោយសារ​តែវាមានប្រភព​មក​ពី​ទីក្រុងវូហាន នៃខេត្ត​ហឺប៉ី ប្រទេស​ចិន។

លោកសេបាសៀន ស្ត្រង់ជីអូ​ ដែលជាក៏ជានិពន្ធនៃទស្សនាវដ្តី​ “The Diplomat” ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​បាន​បញ្ជាក់ថា៖

​«ខ្ញុំគិតថា​ជំងឺរាតត្បាតកូវីដ១៩ ពង្រីកកាន់តែ​ធំ​នូវគំនិតនានា​ដែលមានស្រាប់​លើប្រទេស​ចិន​ក្នុង​នោះ​រួមមាន​ប្រព័ន្ធ​ដែល​បរាជ័យ​យ៉ាងខ្លាំង​ក៏ដូច​ជា​បរាជ័យ​ក្នុងការទប់ស្កាត់​និងគ្រប់គ្រង​ជំងឺរាតត្បាតនេះតាំងពីដើមទី»។​

ប៉ុន្តែ​លោកសេបាសៀន ស្ត្រង់ជីអូ​បាន​បន្ថែមថា​ចិនក៏​ប្រើ​វិធានការ​គ្មាន​សណ្តោស​ប្រណី​ដើម្បី​ទប់ស្កាត់​វីរុស​ផងដែរ​ដែលក្នុងនោះ​មាន​ការបិទទីក្រុង​និង​ប្រទេស​រហូតដល់​គ្រប់គ្រង​វីរុស​បាន។ ការណ៍នេះនាំឲ្យបណ្តាប្រទេស​នៅ​អាស៊ីអាគ្នេយ៍សរសើរដល់ចិនបើទោះបីជាមិន​អាច​លុប​បំបាត់​ក្តីបារម្ភ​និង​ការមន្ទិលសង្ស័យ​ដែល​តែងតែមានលើ​ប្រទេស​ចិន​និង​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់ក៏ដោយ៕