មន្ត្រីកំពូលរបស់ចិនបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ពង្រឹងវត្តមាន និងការវិនិយោគរបស់ខ្លួន ក្នុងការច្នៃប្រឌិតនិងនវានវត្តន៍នៅក្នុងប្រទេសសេដ្ឋកិច្ច ធំទីពីររបស់ពិភពលោក នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ និងក្រុមហ៊ុននានា កំពុងផ្លាស់ប្តូរផលិតកម្ម និងប្រតិបត្តិការចេញពីប្រទេសចិន។
ស្ថិតិរបស់រដ្ឋាភិបាលបានឱ្យដឹងថា នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិនកាន់តែក្តៅឡើង និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងទីក្រុងប៉េកាំង និងប្រទេសលោកខាងលិចកាន់តែខ្លាំងឡើង ការវិនិយោគបរទេសនៅក្នុងប្រទេសចិនបានធ្លាក់ចុះនៅឆ្នាំ២០២៣ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចេញបច្ចេកវិជ្ជាទំនើបទៅកាន់ប្រទេសចិន ហើយការបង្រ្កាបរបស់ទីក្រុងប៉េកាំងលើការធ្វើចារកម្មក្នុងហេតុផលព្រួយបារម្ភអំពីសន្តិសុខជាតិ បានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល។
កាលពីថ្ងៃពុធ លោក Jin Zhuanglong រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ថា លោកសង្ឃឹមថា «ក្រុមហ៊ុន Apple នឹងបន្តធ្វើឱ្យវត្តមានរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនកាន់តែស៊ីជម្រៅ» ដោយជំរុញឱ្យ លោក Cook បង្កើនការវិនិយោគលើការបង្កើតថ្មី រីកចម្រើនជាមួយក្រុមហ៊ុនចិន និងចែករំលែកនៅក្នុងផលចំណេញនៃការវិនិយោគដែលមានគុណភាពខ្ពស់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងចិនមួយ។
នៅក្នុងកិច្ចប្រជុំ លោក Jin ក៏បានពិភាក្សាអំពី «ការអភិវឌ្ឍរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យបណ្តាញ និង សេវាកម្មCloud» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។
ប្រទេសចិនមានទីផ្សារស្មាតហ្វូនធំជាងគេលើពិភពលោក ហើយក្រុមហ៊ុន Apple គឺជាដៃគូប្រកួតប្រជែងឈានមុខគេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កាន់តែខ្លាំងឡើង បានបាត់បង់ចំណែកទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែការកើនឡើងនៃចំនួនគូប្រជែងក្នុងស្រុកនៅក្នុងវិស័យស្មាតហ្វូន៕
ព័ត៌មានមួយចំនួននៅក្នុងរបាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ទ៌មាន Reuters និង AFP ។