ដោយ Kate Lamb
ប្រែសម្រួលដោយ ឌី ខាំបូលី
សម្រាប់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដើមកំណើតចិន សេរីភាពក្នុងការគោរពប្រពៃណីវប្បធម៌របស់ពួកគេ នៅមានភាពថ្មីថ្មោងនៅឡើយ។ ទោះជាយ៉ាងនេះក្តី នៅតាមទីក្រុងធំៗទាំងឡាយនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ទីក្រុងទាំងនោះត្រូវបានតុបតែងពណ៌ក្រហម ដើម្បីប្រារព្ធថ្ងៃបុណ្យចូលឆ្នាំចិន។ ប៉ុន្តែមិនមែនគ្រប់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដើមកំណើតចិនទាំងអស់និយាយថា ពួកគេអាចអនុវត្តជំនឿរបស់ពួកគេដោយបើកចំហរបានទេ។ ខេត ឡាមប៍ (Kate Lamb) បានទៅទស្សនាការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលខុសពីធម្មតា នៅក្នុងទីក្រុងហ្សាកាតា (Jakarta) ដើម្បីស្វែងយល់បន្ថែមអំពីរឿងនេះ។
ការអំពាវនាវរបស់សាសនាអ៊ីស្លាមទៅកាន់អ្នកបួងសួង គឺមិនមែនជាអ្វី ដែលអ្នកនឹងផ្សារភ្ជាប់ជាទូទៅជាមួយថ្ងៃបុណ្យចូលឆ្នាំចិននោះទេ។
ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដើមកំណើតចិនមួយចំនួនតូច ឆ្នាំម្សាញ់នេះ ត្រូវបានប្រារព្ធពិធីជារបៀបអ៊ីស្លាមនៅក្នុងព្រះវិហារ។
«នេះគឺជាលើកទីមួយរបស់ខ្ញុំ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅក្នុងវិហារអ៊ីស្លាមមួយ ពីព្រោះខ្ញុំទើបតែចូលសាសន៍ ឬប្រកាសខ្លួនឯងជាអ្នកកាន់សាសនាអ៊ីស្លាមម្នាក់ កាលពីខែកញ្ញាឆ្នាំមុន។»
នេះគឺជា គង់ លីហា (Cung Li Ha) ដែលមានអាយុ២៧ឆ្នាំ។
ជាផ្នែកមួយនៃជនជាតិភាគតិចចិនរបស់ឥណ្ឌូនេស៊ី ជម្រើសសាសនារបស់នាង ធ្វើឱ្យនាងក្លាយទៅជាអ្វីមួយដែលខុសពីធម្មតា នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើននេះ។
នៅក្នុងចំណោមប្រជាពលរដ្ឋ ឥណ្ឌនេស៊ី ចំនួន២៤០លាននាក់ ប្រហែល៩លាននាក់គឺជាប្រជាពលរដ្ឋ ដែលមានដើមកំណើតជាជនជាតិចិន ដែលភាគច្រើនគឺជាអ្នកកាន់សាសនាព្រះពុទ្ធ គ្រិស្ត និងកុងហ៊្វូ។ មនុស្សតិចតួចប៉ុណ្ណោះបានចូលសាសនាអ៊ីស្លាម។
គង់លី និយាយថា បញ្ហាប្រឈមធំៗនៅមាននៅឡើយ។ ឧទាហរណ៍ នៅព្រឹកនេះ នាងត្រូវកុហកក្រុមគ្រួសាររបស់នាងអំពីទីកន្លែងដែលនាងត្រូវទៅ។
«វាមានការលំបាកខ្លាំងណាស់ ពីព្រោះគ្រួសារចិនភាគច្រើន នៅតែមិនអាចទទួលយកបានដែលថា កូនៗរបស់ពួកគេ ឬគ្រួសាររបស់ពួកគេផ្លាស់ចូលសាសនាអ៊ីស្លាម។ ជាធម្មតា ពួកគេមានការបើកចំហរជាងចំពោះសាសនាគ្រិស្តទៅវិញ។»
នៅក្នុងកំឡុងពេលបីទសវត្សរ៍ នៃរបបផ្តាច់ការរបស់លោក ស៊ូហារតូ (Suharto) ភាសានិងប្រពៃណីវប្បធម៌របស់ប្រជាពលរដ្ឋ ឥណ្ឌូនេស៊ី ដើមកំណើតចិន ត្រូវបានវាយបង្រ្កាប។
នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ប្រជាពលរដ្ឋ ឥណ្ឌូនេស៊ី ដើមកំណើតចិន បានប្រារព្ធពិធីបុណ្យអ៊ីមលិក(Imlek) ដែលជាភាសាក្នុងស្រុកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន ដោយសេរី ជាមួយនឹងសកម្មភាពយ៉ាងអធិកអធម។
នៅទីក្រុងហ្សាកាតា រូបនាគយ៉ាងធំរបស់ចិន ត្រូវបានព្យួរចាប់ពីអគារលក់ទំនិញធំៗ និងនៅតាមទីវត្តអារ៉ាម ដែលត្រូវបានដាក់រាយនៅជុំវិញទីក្រុង។ អ្នកបួងសួងរាប់ពាន់នាក់ បានបន់ស្រន់ដោយមានការអុជធូបផង។
ប៉ុន្តែ ប្រជាពលរដ្ឋចិនកាន់សាសនាអ៊ីស្លាម មិនសូវតុបតែងលម្អរច្រើនទេ។
នៅក្នុងសហគមរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដើមកំណើតចិន មានទស្សនមួយថា ប្រជាពលរដ្ឋចិនដែលកាន់សាសនាអ៊ីស្លាម បានធ្វើឱ្យបាត់បង់កេមរតករបស់ពួកគេ ហើយលែងជាជនជាតិចិនទៀតហើយ។
ទោះជាយ៉ាងនេះក្តី អ្នកទាំងឡាយនៅឯវិហារអ៊ីស្លាម លូតហ្ស៍ (Lautze) ក្នុងទីក្រុង ហ្សាកាតា មិនយល់ស្របដូចនេះទេ។
អាលី ការីម (Ali Karim) ធំពេញវ័យជាជនជាតិចិនដែលកាន់សាសនាអ៊ីស្លាមមួយរូប ហើយនិយាយថា វាមានសារសំខាន់ក្នុងការបែងចែកឱ្យបានច្បាស់រវាងប្រពៃណីនិងសាសនា។
ការីម និយាយថា ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដើមកំណើតចិនភាគច្រើន ជឿជាក់ថា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាពិធីសាសនានោះទេ ប៉ុន្តែ ជាអ្វីមួយដូចជាបុណ្យចូលឆ្នាំសកលដែរ។ លោកនិយាយថា វប្បធម៌មិនដូចគ្នានឹងសាសនាទេ។
វិហារអ៊ីស្លាម លូតហ្ស៍ គឺជាវិហារអ៊ីស្លាមតែមួយគត់ នៅក្នុងទីក្រុង ហ្សាកាតា ដែលមានមនុស្សច្រើនកុះករ និងដែលមានសុទ្ធតែជនជាតិចិន។
ជាជាងមានដំបូលរាងគ្រឡូម ដែលរចនាទៅដោយប៉មជាច្រើន ចង្កៀងគោមពណ៌ក្រហម ត្រូវបានចងព្យួរពីលើក្លោងទ្វារធំ។
នៅផ្នែកខាងក្នុង អក្សរផ្ចង់ចិនបុរាណ ដែលជារំលេចពាក្យពេចន៍របស់ព្រះមហាមាត់ (Prophet Mohammed) ត្រូវបានព្យួរនៅតាមជញ្ជាំង ហើយកម្រាលព្រំសម្រាប់ក្រាលបួងសួងដែលមានប៉ាក់រូបក្រុងម៉ាកាស (Mecca) មានពណ៌ក្រហមឆ្អៅ។
អ្នកស្រី ម៉ូឌី អាស្ទុតទី (Mudhi Astuti) ដែលមានវ័យ៤៦ឆ្នាំ និយាយថា អ្នកស្រីមានអារម្មណ៍ដូចជាផ្ទះ នៅឯវិហារ លូតហ្ស៍ ទោះបីជាអ្នកស្រីមិនមែនជាជនជាតិចិនក៏ដោយ។
«នៅពេលដែលខ្ញុំមកវិហារ លូតហ្ស៍ វាដូចជាផ្ទះរបស់ខ្ញុំដែរ។ និយាយតាមត្រង់ទៅ នេះមិនមែនគ្រាន់តែជាវិហារអ៊ីស្លាមដ៏អស្ចារ្យមួយនោះទេ បេះដូងរបស់យើងគឺនៅទីនេះ ពីព្រោះនៅពេលដែលមិត្តភក្តិជនជាតិចិនជាច្រើនមកទីនេះ ហើយក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាម ហើយមនុស្សគ្រប់គ្នាលែងមានគ្រួសារទៀតហើយ គ្មានកាងារធ្វើ គ្មានលុយ។ យើងមិនត្រឹមតែស្រលាញ់គ្នាប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងយំទាំងអស់គ្នាទៀតផង។»
អ្នកស្រី ម៉ូឌី និយាយថា នៅក្នុងចំណោមជនជាតិចិនប្រមាណមួយពាន់នាក់ ដែលបានចូលសាសនាអ៊ីស្លាម នៅឯវិហារ លូតហ្ស៍ ភាគច្រើនត្រូវបានបដិសេធដោយក្រុមគ្រួសាររបស់ពួកគេ។
មនុស្សមួយចំនួនថែមទាំងចាកចេញពីឪពុកម្តាយនិងកូនៗរបស់ពួកគេ ដើម្បីប្រតិបត្តិតាមសាសនាអ៊ីស្លាម។
ប៉ុន្តែ លោកស្រីនិយាយថា ពេលវេលាអាចជួយផ្សះផ្សា ហើយជួនកាល បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំក្រោយមក ពួកគេបានបង្កើតទំនាក់ទំនងល្អជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ។
វាគឺជាការប្រឈមដ៏ថ្លៃថ្លា ដែលគង់លី ដែលទើបតែចូលសាសន៍ថ្មីៗនេះ នៅតែកំពុងព្យាយាមពន្យល់គ្រួសាររបស់នាង។
លោកស្រីនិយាយថា អ្នកស្រីមានការព្រួយបារម្ភ ដែលថាពួកគេប្រហែលជានឹងមិនទទួលយកសាសនាថ្មីរបស់លោកស្រី ប៉ុន្តែ កន្លងមក ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី មិនមានអ្វីខុសប្លែកគ្នានោះទេ។
«ខ្ញុំទស្សទាយថា វាគឺជារឿងតែមួយ។ ខ្ញុំគ្រាន់តែមិនទៅនិយាយបែបន់ និងសូត្រមន្ត នៅចំពោះមុខផ្លាកព្រលឹងបុព្វបុរសដែលត្រូវបានរៀបពេញនៅលើតុតែប៉ុណ្ណោះ។ វាគ្រាន់តែថា ខ្ញុំមិនបានធ្វើដូច្នេះ ហើយខ្ញុំព្យាយាមមិនហូបសាច់ជ្រូក ប៉ុន្តែ ខ្ញុំនៅតែហូបនំ ដែលម្តាយរបស់ខ្ញុំធ្វើ និងគុយទាវ ប៉ុន្តែ ក្រៅពីនេះ ខ្ញុំព្យាយាមមិនប៉ះពាល់អ្វីទាំងអស់។»
នៅក្នុងឆ្នាំពស់ធាតុទឹក ឆ្នាំថ្មីនេះ គង់លី សង្ឃឹមថានឹងមានសេចក្តីក្លាហានក្នុងការនិយាយប្រាប់ឪពុកម្តាយរបស់នាងថា នាងចូល សាសនាអ៊ីស្លាម។
ទោះបីជានាងសារភាពថា ពួកគេប្រហែលជាបានដឹងរឿងនេះរួចទៅហើយក៏ដោយ៕