ក្រុមហ៊ុន​ចិន​ដាំអំពៅ​ដែល​មាន​ជម្លោះ​ដី​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច​បិទ​ដំណើរ​ការ

ផ្លូវចូលរោងចក្រផលិតស្ករអំពៅ Rui Feng ត្រូវបានបិទទាំងស្រុងក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ក្រុមហ៊ុន​ចិន Rui Feng ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ជិត​១០​ឆ្នាំ​មក​ហើយ ក្រោយ​ទទួល​បាន​ដី​សម្បទាន​សរុប​ជាង​៤ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល បាន​បិទ​ដំណើរការ។

ដំណាំ​អំពៅ​នៅ​ទីនេះ ត្រូវ​បាន​បោះបង់​ចោល​ទាំង​ស្រុង ហើយ​រោងចក្រ​ផលិត​ស្ករ​ក៏​បាន​បិទ​ដំណើរ​ការ​ទាំង​ស្រុង​ដែរ។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុមហ៊ុន​នៅ​ក្នុង​ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​ ​អ្នក​រាយការណ៍​ព័ត៌មាន​របស់ VOA​ បាន​សង្កេត​ឃើញ​ថា​ មិន​មាន​កម្មករ​ធ្វើ​ការនៅ​ក្រុមហ៊ុន​ កន្លែង​ផលិត​ស្ករ​អំពៅ ​និង​តាម​ការ​ដ្ឋាន​ដាំ​អំពៅ​នោះ​ទេ។

ក្រុមហ៊ុន​ចិន​ ឈ្មោះ​Rui Feng ដែល​ជា​បណ្តាញ​នៃ​ក្រុមហ៊ុន​ចំនួន​៤​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន​នៅ​ពេល​នេះ។​ មន្រ្តី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​ អះអាង​ថា ​ការ​បិទ​ដំណើរការ​នេះ​គឺ​ដោយ​សារ​បញ្ហា​ថវិកា​និង​បញ្ហា​ផ្ទៃ​ក្នុង។ ក្រុមហ៊ុន​ចិន​មួយ​នេះ ​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ស្រុក​ចំនួន​៣​នៅ​ខេត្ត​ព្រះវិហារ ក្រោយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង​៤ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ ក្រោម​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះ​ថា ​Hengfu Group Sugar Industry។

លោក ​មាស ​សាវី​ អាយុ​៣៣​ឆ្នាំ ជា​អ្នក​បក​ប្រែ​ឲ្យ​ជនជាតិ​ចិន​នៅ​ក្រុមហ៊ុន​នោះ​ បាន​ថ្លែង​ប្រាប់​VOA​កាល​ពី​ចុង​សប្តាហ៍​ថា​ លោក​ត្រូវ​បាន​ឲ្យ​ឈប់​ពី​ក្រុមហ៊ុន​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៩ ​ខណៈ​បុគ្គលិក​ក្រុមហ៊ុន ​និង​កម្មករ​តាម​ការដ្ឋាន​អំពៅ​ក៏​ត្រូវ​បាន​ឲ្យ​ឈប់​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ផ្លាកសញ្ញារបស់ក្រុមហ៊ុនRui Feng នៅតាមបណ្តោយផ្លូវជាតិក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

លោក សាវី ដែល​បក​ប្រែ​នៅ​ទីនោះ​ប្រមាណ​៥​ឆ្នាំ​និង​រក​ចំណូល​បាន​ប្រមាណ​៧០០​ដុល្លារ​ក្នុង​មួយ​ខែ​អះអាង​ថា ហេតុ​ផល​នៃ​ការ​បិទ​ក្រុមហ៊ុន​នោះ មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ តែ​លោក​ថា​មាន​ការ​បន្ថែម​ភាគហ៊ុន​និង​ម្ចាស់​ថ្មី។

លោក​បាន​ថ្លែង​ប្រាប់VOAនៅ​ជិត​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន​ក្នុង​ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប​ថា៖ «ខ្ញុំ​អត់​ច្បាស់​ទេ តែ​គេ​ថា​គេ​អត់​លក់​ទេ​រោងចក្រ​ហ្នឹង គេ​ផ្អាក​សិន។ ដូចថា​គេ​បន្ថែម​ភាគ​ហ៊ុន។ មាន​ន័យ​ថា​កាល​មុនមាន​៥​ភាគហ៊ុន ឥឡូវ ឡើង​៦​ភាគ​ហ៊ុន។ អាហ្នឹង​កាល​ពី​ពួក​ខ្ញុំ​ទៅ​ចូល​ប្រជុំ កាល​ប្រជុំ​ផ្តាច់​កិច្ច​សន្យា​ការងារ អតីត​ភាព​ការងារ»។

​អ្នក​ស្រី ​លឹម ​សុឃីម ​អាយុ​៥០​ឆ្នាំ​ជា​អ្នក​លក់​ចាប់​ហួយ​នៅផ្លូវ​ចូល​ក្រុមហ៊ុន។ អ្នកស្រី​ បាន​ថ្លែង​ថា ​ចំណូល​លក់​ឥវ៉ាន់​របស់​អ្នកស្រី​ បាន​ធ្លាក់​ចុះ​ពី២​ទៅ​៣​លាន​រៀល​ក្នុង​មួយ​ថ្ងៃ មក​ដល់​ក្រោម​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដោយសារ​លែង​មាន​កម្មករធ្វើ​ការនៅ​ទីនោះ។ អ្នកស្រី​បន្ត​ថា សកម្មភាព​ដាំអំពៅ​និង​ដឹក​ស្ករ​ស​ចេញ​ក៏​លែង​មាន​ដែរ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​VOA​នៅ​តូប​លក់​ដូរ​របស់​អ្នកស្រី​ថា៖ «ភ្ញាក់​ផ្អើល​ថា​នឹក​ឃើញ​ថា រោងចក្រ​ធំ​យ៉ាង​ហ្នឹង ប្រហែល​ជា​គេ​មិន​ផ្អាក​ដំណើរ​ការ​ទេ។ ដល់​ពេល​មក​ផ្អាក​អញ្ចឹង ដូច​ខ្ញុំ វា​ពិបាក​ដែរ ក្នុង​ជីវភាព​យើង​រស់​នៅ»។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​បាន​អះអាង​ថា​ក្រុមហ៊ុន​មួយ​នេះ​ បាន​បិទ​ទ្វារ​ទាំង​ស្រុង​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ពួកគេ​ថា​កម្មករ​ត្រូវ​បាន​ឲ្យ​ឈប់​កាល​ពី​ឆ្នាំ​មុន​ជា​បន្ត​បន្ទាប់។ ពួក​គេ​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​ដាំ​ស្រូវ ជំនួស​ដើម​អំពៅ ដែល​នាំ​ជា​ចម្ងល់​ដល់​ប្រជាពលរដ្ឋ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន។

ចំណែក​នៅ​ក្នុង​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប​ ដែល​ប្រជា​ពលរដ្ឋ​ក៏​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ដែរ ​ពួកគេ​បាន​អះអាង​ថា​ ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ តែ​ពួកគេ​មិន​ដឹង​មូល​ហេតុ​នោះ​ទេ។

លោក ​ផាវ ​យ៉ន ​ជនជាតិ​ដើម​ភាគ​តិច​គួយ ​ដែល​រស់​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សង្កែពីរ ស្រុក​ឆែប បាន​ថ្លែង​ប្រាប់​VOA​នៅ​ផ្ទះ​របស់​លោក​ថា​ លោក​បាន​បាត់​បង់​ដី​គ្រប់​គ្រង​តាម​បែប​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​៦​ហិកតា តាំង​ពី​ឆ្នាំ​២០១២ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ទទួល​ដី​សម្បទាន។ លោក​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​ក្រុមហ៊ុន​មិន​មាន​សកម្មភាព​ត​ទៅ​ទៀត ​គួរ​មាន​ការ​ប្រគល់​ដី​ទៅ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​ជម្លោះ​វិញ។

លោក ផាវ យ៉ន ជនជាតិដើមភាគតិចគួយ ដែលរស់នៅក្នុងភូមិសំបូរ ឃុំត្រពាំងសង្កែ ស្រុកឆែប បាត់បង់ដីប្រមាណ៦ហិកតាទៅក្រុមហ៊ុនRui Fengថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖«ចម្ការ​អំពៅ​ហ្នឹង​ភ្លើង​ឆេះ​អស់​ហើយ គ្មាន​សល់​ទេ។ បាន​តែ​ដាំ ប្រមូល​តែ​ស្រូវ។ ព្រោះ​ពី​មុន​ វា​ដាំ​ស្រូវ តែ​ក្រោយ​មក​វា​ដាំ​អំពៅ។ ដល់​ពេល​ជែក​ជាមួយ​ក្រុមហ៊ុន ថា​មិន​មែន​វា​ដាំ​ស្រូវ​ទេ ការ​ពិត​ដោយ​សារ​វា​អស់​ពូជ​អំពៅ»។

លោក​បន្ត​ថា លោក​មិន​មាន​ក្រុមគ្រួសារ​ដែល​ធ្វើការ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មើល​ទៅ​កូន​ចៅ​ខ្ញុំ ខ្ញុំ​មិន​ឲ្យ​ទៅ​ស៊ី​ឈ្នួល​ទេ ព្រោះ​មើល​ទៅ ចិន​វា​ធ្វើ​លើ​ដី​ប្រជាពលរដ្ឋ​យើង បើ​យើង​ទៅ​ស៊ី​ឈ្នួល បាន​ន័យ​ថា​យើង​ទៅ​គាំទ្រ​វា​ដែរ»។

មេឃុំ​សង្កែ​ពីរ ​លោក ​ខៀវ ​យែន ​មាន​ប្រសាសន៍​នៅ​សាលាឃុំ​ថា លោក​បាន​ដឹង​ថា ​ក្រុមហ៊ុន​បិទ​ដំណើរ​ការ​ ប៉ុន្តែ​លោក​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។ លោក​បន្ត​ថា ​កន្លង​ទៅ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ ហើយ​មក​ដល់​ពេល​នេះ​មិន​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។ លោក​ថា​វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​របស់​លោក ប្រសិន​បើ​មាន​ការ​ប្រគល់​ដី​ទៅ​ឲ្យ​ពួកគេ​វិញ។

មេឃុំ​រូប​នោះ​មាន​ប្រសាសន៍​ថា៖ «អាស្រ័យ​នឹង​ថ្នាក់​លើ។ ប្រសិន​បើ​ថ្នាក់​លើ​គេ​ថា​ធ្វើ​ម៉េចៗ ខ្ញុំ​ខាង​ក្រោម​នេះ នឹង​អាច​ធ្វើ​តាម​គាត់​ផង​ដែរ។ ឬ​ក៏​ប្រសិន​ជា​ពលរដ្ឋ​តវ៉ា​យ៉ាងណា ជា​សិទ្ធិ​របស់គាត់​តវ៉ា»។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ចិន ឈ្មោះ​Rui Fengបាន​នៅ​ឡើយ​ទេ។

លោក ​ពឹង ​ទ្រីដា ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា បុគ្គលិក​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​មក​មន្ទីរ​កសិកម្ម​ថា​ ក្រុមហ៊ុន​មាន​បញ្ហា​ផ្ទៃ​ក្នុង​ថវិកា។ ប៉ុន្តែ​លោក​ថា​ ក្រុមហ៊ុន​ថា​នឹង​ដំណើរ​ការ​វិញ​នៅ​ឆ្នាំ​ក្រោយ។

លោក​បាន​ថ្លែង​ថា៖ «ដោយ​បញ្ហា​ទុន​ផ្ទៃ​ក្នុង​រោងចក្រ​គាត់​បាន​អត់​ដំណើរ​ការ។ តាម​គាត់​បញ្ជាក់​វិញ​នឹង​រៀបចំ​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ»។

អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ​បដិសេធ​មិន​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ។ VOAក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ​លោក ​ស្រី​ វុឌ្ឍី ​បាន​ដែរ។

ប្រធាន​អង្គការ​ពន្លក​ខ្មែរ​ លោក ​ប៉ឹក ​សោភ័ណ ដែល​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​បាន​ថ្លែង​ប្រាប់​VOA​ថា នេះ​ជា​ការ​អនុវត្ត​ខុស​ពី​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​ក្រុមហ៊ុន​ទៅ​ដាំ​ស្រូវ ​ជំនួស​ដើម​អំពៅ។

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​បើ​សិន​ជា​ផ្តល់​ដី​សម្បទាន​ហ្នឹង​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ធម្មតា​វិញ ហើយ​មាន​ការ​បង់​ពន្ធ​ធម្មតា វា​មិន​ជា​ការ​ចំណេញ​ទៅ​វិញ។ហើយ​បើ​ផ្តល់​ទៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មាន​ការ​ដាំ​ស្រូវ​វិញ វា​មិន​ច្របូល​ច្របល់​ច្រឡំ​គ្នា ដូច​នឹង​ពលរដ្ឋ​សាមញ្ញ​ធម្មតា​ដែរ ដែល​គាត់​ធ្វើ​ការងារ​កសិកម្ម​ធម្មតា​អញ្ចឹង»។

លោក ឡោ ចាន់ មន្រ្តី​សម្របសម្រួល​របស់​សមាគម​អាដហុក​ក្នុង​ខេត្ត​ព្រះវិហារ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ដាំ​ស្រូវ​ឡើង​វិញ​ជំនួស​អំពៅ កាល​ពី​ឆ្នាំ​មុន តែ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។

ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​មិន​យល់​ផង​ដែរ​ថា ក្រុមហ៊ុន​គាត់​អភិវឌ្ឍ គាត់​ធ្វើ​តែ​ស្ករ​អំពៅ និង​អំពៅ​ទេ ចុះ​ហេតុ​អី​ក៏នៅ​ពេល​បច្ចុប្បន្ន​នេះ បែរ​ជា​ក្រុមហ៊ុន អភិវឌ្ឍ​ដាំណាំ​ស្រូវ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​វិញ»។

លោក​បន្ត​ថា រដ្ឋាភិបាល​អាច​យក​ដី​នោះ​មក​វិញ ហើយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​ដី​ដែល​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​អះអាង​ថា​ជា​ដី​របស់​គាត់ គួរ​ណា​តែ គួរ​ណា​ខ្វាល​ជូន​ពួកគាត់​វិញ»។

គួរ​បញ្ជាក់​ថា​រោងចក្រ​ផលិត​ស្ករ​អំពៅ​ដែល​បាន​បិទ​ដំណើរ​ការ​នេះ ​មាន​តម្លៃ​ប្រមាណ​៣៦០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​សម្ពោធ​កាល​ពី​ឆ្នាំ​២០១៦។ បើ​តាម​ឯកសារ​ផ្តល់​ដោយ​អង្គការ​ពន្លក​ខ្មែរ ក្រុមហ៊ុន​Rui Feng បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ចពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៨៨៤១​ហិកតា កាល​ពី​ឆ្នាំ​២០១១។ ចំណែក​ក្រុមហ៊ុន​៤​ផ្សេង​ទៀត ដែល​ជា​បណ្តាញ​ជាមួយ​គ្នា គឺ​ក្រុមហ៊ុនLan Feng ទទួល​បាន​៩០១៥​ហិកតា ក្រុមហ៊ុនHeng Rui ចំនួន​៩១១៩ហិកតា ក្រុមហ៊ុនHeng Non ចំនួន​៦៤៨៨ហិកតា​និង​ក្រុមហ៊ុន​Heng Yue ចំនួន​៨៩៥៩​ហិកតា។ សរុប​ផ្ទៃ​ដី​សម្បទានទាំង​អស់​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន ​មាន​ចំនួន​៤២៤២២​ហិកតា​គឺផ្ទុយ​ពី​ច្បាប់​ភូមិ​បាល​ដែល​អនុញ្ញាត​ឲ្យ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​១ម៉ឺន​ហិកតា​តែ​ប៉ុណ្ណោះ៕