បចេ្ចកវិទ្យា 5G របស់​ចិន​មិន​អស្ចារ្យ​ដូច​ការ​ឃោសនា​បំផ្លើស​ឡើយ

រូបឯកសារ៖ អ្នកចូលរួមពាក់ម៉ាស់ការពារពីវីរុសកូរ៉ូណា ខណៈពួកគេដើរកាត់ផ្លាកសម្គាល់ប្រព័ន្ធអ៊ីនធឺណិត 5G នៅក្នុងពិព័រណ៌បច្ចេកវិទ្យាទំនើបអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ទូទាំង​ប្រទេស​ចិន​ចាប់​តាំង​ពីឆ្នាំ​មុន​មក​ម្ល៉េះ​នៅ​លើ​ដំបូល​ផ្ទះ​នានា លើ​បង្គោល​ខ្សែ​ភ្លើង​និងតាម​បង្គោលភ្លើង​បំភ្លឺ​ផ្លូវ គេ​ឃើញ​មាន​ការ​បំពាក់ប៉ម​ចល័តសម្រាប់​បណ្តាញ​បច្ចេកវិទ្យា​ទំនើប 5G ដែល​ឧបករណ៍​ទាំង​អស់​នេះ​ ជា​សញ្ញា​បង្ហាញ​ពី​មហិច្ឆិតា​របស់​ប្រទេស​ចិន​ ក្នុង​ការ​នាំ​មុខ​ពិភពលោក​ខាង​បច្ចេកវិទ្យា​ថ្មី​នេះ។ ទោះជាយ៉ាង​នេះ​ក្តី ឧបករណ៍​ដែល​គេ​បំពាក់​ទាំង​នេះជា​ច្រើន ដំណើរការ​តែ​កន្លះ​ថ្ងៃ​ទេ។

ក្រុមហ៊ុន China Unicom ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរគមនាគមន៍​បី​របស់​ចិន បាន​ប្រកាស​កាល​ពី​ខែ​សីហា​ថា ​សាខា​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង Luoyang នៃ​ខេត្ត Henan នឹងបិទ​ជា​ស្វ័យប្រវត្តិ​នូវស្ថានីយ​បញ្ជូនបន្ត​សញ្ញា 5G ពី​ម៉ោង ​៩ ​យប់​ដល់ ​៩ ​ព្រឹក ដោយ​សារ​មិន​សូវ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​ថ្មី​នេះ។ ភ្លាមៗ​បន្ទាប់​ពី​នោះ​មក ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ពីរ​ផ្សេង​ទៀត ​ក៏សម្រេច​ធ្វើ​ដូច្នេះ​ដែរ​ នៅ​តាម​ទី​ក្រុង​ផ្សេង​ទៀត​នៅទូទាំង​ប្រទេស​ចិន។

លោក Wang Xiaochu ប្រធាន​ក្រុមហ៊ុន China Unicom បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ចំណូល​ពាក់​កណ្តាល​ឆ្នាំ​របស់​ក្រុមហ៊ុនថា៖ «ការ​បិទ​អង់តែន​ចែកចាយ​បន្ត​ទាំង​នេះ ​មិន​មែន​ជា​ការ​បិទ​ដោយ​ដៃ​នោះ​ទេ ប៉ុន្តែ​ជាប្រតិបត្តិការ​បើកបិទ​ស្វ័យប្រវត្តិ​ ក្នុង​ពេល​ជាក់លាក់​មួយ»។​

បណ្តាញ​ 5G ជា​គម្រោង​វិនិយោគ​ខាង​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន។​ ដោយ​ត្រូវ​គេ​ចាត់​ទុក​ថាជាជំហាន​ធំ ​បន្ទាប់​ខាង​ប្រព័ន្ធគមនាគមន៍​ឌីជីថល​បច្ចេកវិទ្យាបណ្តាញ​ចល័ត ​5G នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​ផ្លាស់ប្តូរ​ពិភពលោក និង​ជំរុញ​ឲ្យមានបដិវត្តន៍​ឌីជីថល​ថ្មី​មួយ។​

ប្រទេស​ចិន​បានបើក​សម្ពោធ​បណ្តាញ 5G ពាណិជ្ជកម្ម​របស់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​បាន​សន្យា​ថា ​នឹង​ផ្តល់​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​មិន​ធ្លាប់​មាន ដើម្បី​ទ្រទ្រង់​ការ​ប្រើប្រាស់​ថ្មីៗ​មួយ​ចំនួន ដូច​ជា​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​ការ​វះកាត់​ដោយ​បញ្ជា​ម៉ាស៊ីនពី​ចម្ងាយ។ ប៉ុន្តែ​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ទី​ផ្សារ​ 5G ធំ​ជាង​គេ​នេះ កំពុង​រង​ការ​រិះគន់​ជា​ច្រើន​អំពីបញ្ហា​សេវា​អ៊ីនធឺណិត​យឺត និង​ការ​កើន​ឡើង​យ៉ាង​កំហុគ​នៃ​ថ្លៃ​តំឡើង​បណ្តាញ 5G នេះ។​

សញ្ញា​ឆ្លង​មិន​ផុត​ជញ្ជាំង

ដើម្បី​អាច​បញ្ជូន​ទិន្នន័យបាន​ច្រើន​ជាង​មុន​ក្នុង​ល្បឿន​លឿន​ជាង​មុន បច្ចេវិទ្យា 5G ប្រើប្រាស់​ប្រេកង់​ខ្ពស់​ជាង​បណ្តាញ​បច្ចុប្បន្ន។ ប៉ុន្តែ​រលក 5G ធ្វើ​ដំណើរ​បាន​តែ​ចម្ងាយ​ជិតៗ ហើយ​ងាយរង​ការ​ជ្រៀតជ្រែក។

លោក Wang Xiaofei អ្នក​ជំនាញ​ខាង​គមនាគមន៍​ម្នាក់​នៅ​សាកលវិទ្យាល័យ Tianjin បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋ​ចិនកាល​ពី​ឆ្នាំ​មុន ​ខណៈ​ដែល​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ​ចាប់​ផ្តើម​ចែកចាយ​ការ​ប្រើប្រាស់​បណ្តាញ​ 5G ដល់​សាធារណជ ន​ថា៖ «បច្ចេកវិទ្យា 5G ប្រើប្រាស់​រលកសញ្ញា​ប្រេកង់យ៉ាង​ខ្ពស់​ គឺ​ខ្ពស់​ជាង​រលកសញ្ញា​របស់​ 4G បច្ចុប្បន្ន ដូច្នេះការបំពាក់​បណ្តាញ 5G នៅតំបន់នានា នៅ​មាន​កម្រិត»។

លោក Wang ថ្លែង​ថា​អង់តែន 5G អាចចែកចាយសញ្ញា​បាន​ត្រឹម​ ១០០ ​ម៉ែត្រ​ទៅ​ ៣០០ ​ម៉ែត្រ​ជុំវិញ​អង់តែន​ប៉ុណ្ណោះ ​ដូច្នេះប្រទេស​ចិន​ត្រូវ​ស្ថាបនា​ស្ថានីយ​អង់តែនមួយ ​រាល់ ​២០០ ​ទៅ ​៣០០ ​ម៉ែត្រ​ក្នុង​តំបន់​ទី​ប្រជុំជន។ ហើយ​ដោយ​សារ​សញ្ញា 5G ខ្សោយ​ខ្លាំង នៅ​តំបន់​សង្កាត់មានបណ្តុំ​អគារ​ការិយាល័យ​អគារ​ស្នាក់នៅ ​និង​អគារ​ពាណិជ្ជកម្ម​ច្រើន គេថែមទាំង​ត្រូវ​តំឡើង​អង់តែន 5G នៅ​ក្នុង​អគារ​តែ​ម្តង។

បើ​តាម​សេចក្តី​រាយការណ៍​មួយ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua ដើម្បី​អាច​ចែកចាយសេវា​បាន​ទំហំ​ដូច​បណ្តាញ 4G បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនាគមន៍នឹង​ត្រូវ​តំឡើង​អង់តែន​ចែកចាយ 5G រហូត​ដល់ ​១០ លាន​ស្ថានីយ​នៅ​ទូទាំង​ប្រទេស​ចិន។

លោក Xiang Ligang អគ្គនាយក​នៃ​ក្រុម​សម្ព័ន្ធ​ការ​ប្រើប្រាស់​ព័ត៌មាន ដែល​ជា​សមាគម​វិស័យ​ទូរគមនាគមន៍ បាន​ថ្លែង​ប្រាប់បណ្តាញ​ផ្សាយ​រដ្ឋ​ចិន​នេះ ​កាល​ពី​ឆ្នាំ​មុន​ថា៖ «នៅ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ខាង​មុខ ស្ថានីយ​ចែកចាយ​ 5G ១ ​លាន​កន្លែង​ទំនង​ត្រូវ​បានគេ​តំឡើង​ក្នុង​មួយ​ឆ្នាំៗ»។

នៅ​ក្នុង ​៦ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ប្រទេសចិន​បាន​តំឡើង​ស្ថានីយ​អង់តែន​ចែកចាយ ​5G ថ្មីត្រឹម ២៥៧.០០០​ កន្លែង​ប៉ុណ្ណោះ។ ចំនួន​សរុប​នៃ​ស្ថានីយ​ចែកចាយ​ដែល​ត្រូវ​បាន​តំឡើង​នៅ​ទូទាំង​ប្រទេស​ចិន​មក​ទល់​នឹង​ពេល​នេះ ​មាន​ត្រឹម ​៤១០.០០០​ ស្ថានីយ​ប៉ុណ្ណោះ គិត​ត្រឹម​ចុង​ខែ​មិថុនា។ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ចិន។

រូបឯកសារ៖ អេក្រង់ទិន្នន័យព័ត៌មានដោយប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ត្រូវបានឃើញនៅក្នុងពិព័រណ៌អន្តរជាតិ 5G នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

តម្លៃ​ថ្លៃ​តែ​ប្រយោជន៍​តិច?

ការចំណាយ​លើ​ថាមពល​ដើម្បី​អាច​ទ្រទ្រង់​បណ្តាញ 5G បាន បាន​បង្ក​ជា​បញ្ហា​ធំ​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន។​

លោក Soumya Sen សាស្ត្រាចារ្យ​រង​ខាង​វិទ្យាសាស្ត្រ​ព័ត៌មាន​និង​ការ​សម្រេច​ចិត្ត បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ថា៖​ «ស្ថានីយ​អង់តែន 5G ប្រើ​ថាមពល​ប្រមាណ​ ៣ ​ដង​ច្រើន​ជាង​ស្ថានីយ 4G ដោយ​សារ​របៀប​ដែល​បច្ចេកវិទ្យា​នេះ​ប្រតិបត្តិការ។ បច្ចេកវិទ្យា 5G ប្រើប្រាស់​អង់តែន​ជា​ច្រើន​ ដើម្បី​អាច​ចាប់​សញ្ញា​ដែល​ឡង​ពី​អគារ​ ដើម្បី​បង្កើន​កម្រិត​សញ្ញា​និង​ការ​បញ្ជូន​ទិន្នន័យ​នៃ​បណ្តាញ 5G»។

ប្រសិន​បើ​គេ​ចង់​ឈានដល់បំពាក់​បណ្តាញ​ 5G ឲ្យ​ស្មើ​នឹង​ទំហំ​បណ្តាញ​ 4G បច្ចុប្បន្ន​បាន​ថ្លៃ​អគ្គិសនី​ប្រចាំ​ឆ្នាំ​សម្រាប់​ស្ថានីយ​អង់តែន​ចែកចាយ ​នឹង​មាន​តម្លៃ​រហូត​ដល់​ ២៩ ពាន់លាន​ដុល្លារ។ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន China Post និង Telecommunications News ដែល​ជា​សារព័ត៌មាន​របស់​ក្រសួង​ទូរគមនាគមន៍​ចិន។ ចំនួន​នេះ​គឺ​ស្មើ​នឹង​ ១០ ​ដង​នៃ​ប្រាក់​ចំណេញ​ កាល​ពី​ឆ្នាំ​ ២០១៩​ របស់​ក្រុមហ៊ុន China Telecom ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​បី​របស់​ចិន។

ដំបូង​ឡើយ​គេ​បាន​ខិតខំ​ធ្វើ​ឲ្យ​បណ្តាញ​ 5G អាច​ប្រើប្រាស់​ថាមពល​តិច​ជាង​បណ្តាញ​មុនៗ ប៉ុន្តែ​មហិច្ឆិតា​នេះ​បាន​រលាយ​ទៅ​វិញ​យ៉ាង​ឆាប់ ព្រោះជាក់​ស្តែង​គេ​មិន​អាច​សម្រេច​បាន​ឡើយ។

នៅ​ពីរ​ខែ​ក្រោយ​ពី​បណ្តាញ 5G ត្រូវ​គេ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​របស់​ចិន​ បាន​ទទួល​ស្គាល់​ថា ក្រុម​ប្រតិបត្តិករ​មិន​បាន​សម្រេច​អ្វី​ច្រើន​ទេ​ ដើម្បី​ធ្វើ​ឲ្យ​បណ្តាញ 5G ប្រើប្រាស់​ថាមពល​តិច​ជាង​មុន។ ថ្លែង​នៅ​ឯ​សន្និបាត​ឈ្មោះ​ GSMA នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ដើម​ខែ​តុលា លោក Li Zhengmao អនុប្រធាន​ក្រុមហ៊ុន China Mobile បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ចេញ​ចំណាយ​ខាង​អគ្គិសនី​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍។​

លោក Ross Feingold មេធាវីនិងអ្នក​វិភាគ​ម្នាក់ខាង​ហានិភ័យ​នយោបាយ​ថ្លែង​ថា៖ «ការណ៍​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ជួយចេញ​សោហ៊ុយប្រចាំ​ខែ ឬ​ជួយចេញ​ថ្លៃ​ឧបករណ៍​ទូរស័ព្ទ​នៅ​កម្រិត​ក្រុមហ៊ុនទៅកាន់អតិថិជន ឬ​ផ្តល់​ការ​លើកលែង​ពន្ធ​ឬ​ការ​លើក​ទឹកចិត្ត​ផ្សេង​ទៀត»។

​ការ​វិនិយោគ​សរុប​អាច​កើន​រហូត​ដល់​ជាង​ ២២០​ ពាន់លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ នេះ​បើ​តាមលោក Li Yizhong អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន ដែល​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ។

អតីត​មន្ត្រី​មួយ​រូប​ទៀត​ក៏​បាន​ព្រមាន​នៅ​ក្នុង​ការ​ថ្លែង​នា​ពេល​ថ្មីៗ​នេះ​ថា ការ​ជំរុញ​នូវ​គម្រោង 5G របស់​ចិន​អាច​ក្លាយ​ជា​គម្រោង​វិនិយោគ​ដែល​នឹង​បរាជ័យ។

លោក Lou Jiwei អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ព្រមានកាល​ពី​ខែ​មុន​ថា៖ «បច្ចេកវិទ្យា 5G បច្ចុប្បន្ន​នៅ​ថ្មីថ្មោង​ខ្លាំង​ណាស់ ហើយ​បាន​ទទួល​ការ​វិនិយោគ​រាប់រយ​ពាន់លានរួច​ទៅ​ហើយ ហើយ​ការ​ចំណាយ​ខាង​ប្រតិបត្តិការ​មាន​តម្លៃ​យ៉ាង​ខ្ពស់ គេ​មិន​ទាន់​ឃើញ​ពី​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​ណា​មួយ​នៅ​ឡើយ គេ​ពិបាក​នឹង​ទស្សន៍ទាយ​ការ​ចំណាយ​ទៅ​អនាគត»។

ចំណែក​ឯ​បណ្ឌិតសភា​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​របស់​ចិន បាន​និយាយ​នៅ​ក្នុង​សៀវភៅ​សឈ្មោះ «របាយការណ៍​សេដ្ឋកិច្ច 5G របស់​ប្រទេស​ចិន​ប្រចាំ​ឆ្នាំ​ ២០២០» ថា៖ «វា​ជា​ការ​លំបាក​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​និង​អ្នក​បម្រើការ​ក្នុង​វិស័យ [ទូរគមនាគមន៍] ឲ្យ​អាច​មើល​ឃើញ​ពី​ប្រយោជន៍​រយៈ​ពេល​វែង​របស់​បច្ចេកវិទ្យា ​5G»។​

ការ​ស្ទង់​មតិ​ថ្មី​មួយ​ទៅ​លើ​អ្នក​ប្រើប្រាស់​ចិន​បាន​ឲ្យ​ឃើញ​ថា ជាង​ ៧៣ %​នៃ​អ្នក​ដែល​ត្រូវ​បាន​សាកសួរ​ថា ពួកគេជឿ​ថា​ សាធារណជន​មិន​មាន​តម្រូវការ​ទិញ​ទូរស័ព្ទ 5G ទេ។ ការ​សិក្សា​នេះ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ដោយ​ក្រុមហ៊ុន​សិក្សា​ទី​ផ្សារ​ឈ្មោះ iiMedia ក៏​បាន​រក​ឃើញ​ថា​មូលហេតុ​ចម្បងដែលគេ​មិន​ផ្តើមចាប់​ទិញ​ទូរស័ព្ទ​ 5G គឺ​ដោយ​សារ​មិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G។​

ទោះ​បី​មាន​ការ​រំពឹង​និង​ការ​វិនិយោគ​យ៉ាង​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា 5G ក្តី ក៏​បច្ចេកវិទ្យា​នេះ «តាម​ពិត​ជា​ការ​ពន្លើស» ហើយ​វា​មិន​មែន​ជា​អ្វី​ដែល​សង្គម​នានា​ត្រូវការ​នោះ​ទេ។ នេះបើ​តាមប្រសាសន៍​របស់​អ្នកដឹកនាំ​ក្រុមហ៊ុន​ដែល​ក្តោបក្តាប់​បច្ចេកវិទ្យា 5G នេះ​គឺ​ក្រុមហ៊ុន Huawei។

លោក Ren Zhengfei ស្ថាបនិក​និង​ប្រធានប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei បាន​ថ្លែង​ថា៖ «តាម​ពិត​ទៅ សង្គម​មនុស្ស​មិន​ចាំបាច់​ត្រូវ​ការ​បច្ចេកវិទ្យា 5G ជា​បន្ទាន់​នោះ​ទេ។ អ្វី​ដែល​មនុស្ស​នានា​ត្រូវ​ការ​នៅ​ពេល​នេះ​ គឺ​សេវា​អ៊ីនធឺណិត​ប្រើ​ខ្សែ Broadband ហើយ​ធាតុ​សំខាន់​របស់បច្ចេកវិទ្យា 5G ជា​អ៊ីនធឺណិត​ចល័ត មិន​មែន​ប្រើ​ខ្សែ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ សឹង សុផាត