តើ​រូបិយប័ណ្ណ​ឌីជីថល​របស់​ចិន​ដែល​លេច​ចេញ​ជា​រូបរាង​ហើយ នឹង​ផ្តួល​​ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ​ដែរ ឬទេ?

បុគ្គលិក​ធនាគារ​ម្នាក់​រាប់​ប្រាក់ yuan និង​ប្រាក់​ដុល្លារ​អាមេរិក​​នៅ​សាខា​ធនាគារ​ Bank of China ក្នុង​ក្រុង Taiyuan ប្រទេស​ចិន។

នៅ​ខែឧសភា​ខាងមុខ​នេះ ទីក្រុង​ចំនួន ៤ នៅ​ក្នុង​ប្រទេស​ចិន នឹង​ចាប់ផ្តើម​កម្មវិធី​សាកល្បង​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល។ មាន​សំណួរ​ចោទ​សួរ​ឡើង​ថា តើ​រូបិយប័ណ្ណ​ឌីជីថល​របស់​ចិន​នេះ នឹង​ផ្តួល​ឧត្តមភាព​នៃប្រាក់​ដុល្លារ​អាមេរិក​ដែរ ឬ ទេ?

អស់រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​សប្តាហ៍មុន ចំ​ពេល​ដែល​មាន​ការធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​ដោយ​សារវីរុស​កូរ៉ូណា​នោះ ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជួញ​ដូរ​ក្នុងផ្សារ​ហ៊ុន​សំខាន់ៗ​របស់​ចិន បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​ត្រូវ​បាន​បញ្ឈប់​ដោយ​ស្វ័យប្រវត្តិ។ ក៏ប៉ុន្តែ ការផ្អាក​ធ្វើ​ពាណិជ្ជកម្មពេល​នោះ មិនមែន​ដោយសារ​តែ​តម្លៃ​ហ៊ុន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ​ទេ គឺ​ដោយសារតែ​វា​បាន​ឡើង​ខ្ពស់។

ការ​កើន​តម្លៃ​យ៉ាង​គំហុក​ភ្លាមៗ​នៃភាគហ៊ុន​ដែល​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល កើត​មាន​ឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា បន្ទាប់ពី​ការទន្ទឹង​រង់ចាំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ រដ្ឋាភិបាល​ចិន បាន​កំណត់​ចេញ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ចំនួន ៤។

នៅ​ខែ​ឧសភា​ខាង​មុខ​នេះ បុគ្គលិក​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​ទាំង៤​នោះ នឹង​ប្រើ​កម្មវិធី​ស្មាតហ្វូន​ដើម្បី​ទទួល​បាន​យ៉ាងហោចណាស់​មួយ​ផ្នែក​នៃ​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​ក្នុង​ទម្រង់​ជា​ការទូទាត់​បែបប្រាក់​ឌីជីថល ដែល​នេះ​ជា​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​រូបិយប័ណ្ណ​ឌីជីថល​ដំបូង​គេ​បំផុត​នៅក្នុង​ពិភពលោក​ដោយ​ធនាគារ​កណ្តាល​ចិន ដែល​ជា​ធនាគារ​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក។

ចំពោះ​អ្នកជំនាញ​ខ្លះ រូបិយប័ណ្ណ​ឌីជីថល​នេះ អាច​ជា​ការគំរាម​កំហែង​យ៉ាងខ្លាំង​ដល់​ធនធាន​ហិរញ្ញវត្ថុ​របស់អាមេរិកមួយ ដែលមាន​ឧត្តមភាព​គ្មាន​គូ​ប្រជែង​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ គឺ​ប្រាក់​ដុល្លារ​អាមេរិក។

បុគ្គលិក​ធនាគារ​ចិន​ម្នាក់​រាប់​ក្រដាស​ប្រាក់ yuan និង​ប្រាក់​ដុល្លារអាមេរិក នៅ​ក្នុង​ធនាគារ​មួយ​ ក្នុង​តំបន់ Nantong ខេត្ត Jiangsu ប្រទេស​ចិន ថ្ងៃ​ទី​៦ ​ខែសីហា ឆ្នាំ​២០១៩។

ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ

ប្រាក់​ដុល្លារ​អាមេរិក​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។ ជិត ៩០ភាគរយ នៃ​ការធ្វើ​ប្រតិបត្តិការ​អន្ដរជាតិ​ក្នុង​ឆ្នាំ ២០១៩ គឺ​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ប្រមាណ​ជា ៦០ ភាគរយ​នៃ​ប្រាក់បម្រុង​សម្រាប់​ការប្តូរប្រាក់​បរទេស​ទាំងអស់​នៅ​លើ​ពិភពលោក គឺ​គិត​ជា​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់​យន់​ចិន ដែល​មាន​តែ ប្រមាណជា ២ ភាគរយ​ប៉ុណ្ណោះ​នៃ​ការទូទាត់ និង​ប្រាក់​បម្រុង​ជា​សាកល។

ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ​នេះ ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យ៉ាងខ្លាំង សូម្បីតែ​នៅក្នុង​បញ្ហា​ដែល​មិន​ទាក់ទងនឹង​ហិរញ្ញវត្ថុ​ក៏ដោយ។ ដោយសារតែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក ដែល​ជា​ប្រព័ន្ធ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញូវយ៉ក​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​អំណាច​ជា​សកល ក្នុងការ​អនុវត្ត​ការដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ផ្សេងៗ។

ដោយសារ​មាន​ប្រទេស​ជា​ច្រើន​នៅក្នុង​ពិភពលោក​ពឹងផ្អែក​លើ​ធនាគារ​អាមេរិក​នោះ វា​អាច​មាន​ន័យ​ថា សូម្បីតែ​ក្រុមហ៊ុនដែលមិន​មាន​ប្រតិបត្តិការ​ក្នុងសហរដ្ឋ​អាមេរិក ក៏​នៅតែ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​ដែរ។

លោក Jarrett Blanc សមាជិក​ស្រាវជ្រាវ​ជាន់ខ្ពស់​មួយ​រូប​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវឈ្មោះ​ថា Carnegie Endowment for International Peace បាន​ប្រាប់​ទស្សនាវដ្តី The Atlantic កាលពី​ឆ្នាំ​មុន​ថា៖

«សូម្បីតែ​ក្រុមហ៊ុន​ដែល​គ្មាន​ពាណិជ្ជកម្ម​នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​ធនាគារ​របស់​ពួកគេ​ធ្វើ​ពាណិជ្ជកម្ម​នៅ​អាមេរិក​ដែរ»។

ដោយសារតែ​អំណាច​ពិសេស​នេះ​ហើយ ទើប​អង្គភាព​ដូចជា​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ និង​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​កូរ៉េ​ខាងជើង​ជាដើម បាន​រងប៉ះពាល់​នៅ​ពេល​ពួកគេ​រង​ការដាក់​ទណ្ឌកម្ម​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន។

រីឯ​នៅក្នុង​ស្រុក​វិញ ប្រាក់ដុល្លារ ក៏​ជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​អាមេរិក​ផងដែរ ជាពិសេស​នៅ​ពេល​មាន​វិបត្តិ។ នៅ​ពេល​ដែល​តម្រូវការ​ប្រាក់ដុល្លារ​អាមេរិក​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ សហរដ្ឋ​អាមេរិក​ផ្តល់​ការ​ខ្ចី​ប្រាក់​ដល់​ពលរដ្ឋ​ក្នុង​អត្រា​ការប្រាក់​ទាប ដើម្បី​ជា​ការជួយ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ។

លោក Ross Darrell Feingold ជា​មេធាវី​និង​ជា​អ្នកវិភាគ​អំពី​ហានិភ័យ​នយោបាយ​ដែល​មាន​បទពិសោធន៍​ជាង ២០ ឆ្នាំ​ក្នុង​ការផ្តល់ប្រឹក្សា​ដល់​អតិថិជន​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​អាស៊ី។ លោក​បាន​ប្រាប់ VOA ថា៖

«នេះ​គឺ​ជា​គុណសម្បត្តិ​ដ៏​សំខាន់​របស់​អ្នក​តាក់តែង​គោលនយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ការឆ្លើយតប​យ៉ាងឆាប់​រហ័ស​ចំពោះ​វិបត្តិ ដែល​អ្នក​តាក់តែង​គោលនយោបាយ​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត មិន​មាន»។

ក៏ប៉ុន្តែ នេះ​គឺជា​គុណវិបត្តិ​មួយ​សម្រាប់​ប្រទេស​ដទៃទៀត​ដែល​រូបិយប័ណ្ណ​របស់​ខ្លួន​ប្រែប្រួល​ទាក់ទងនឹង​ប្រាក់​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ការព្យាករណ៍​ថវិកា​រយៈពេល​យូរ​កាន់តែ​ពិបាក។

ដូច​ឃ្លា​ដ៏​ល្បី​ដែល​លោក John Connally រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ជំនាន់​លោក Richard Nixon​ ជា​ប្រធានាធិបតី ថ្លែង​ទៅ​កាន់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​មួយ​ក្រុម​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ១៩៧១ ថា៖ «ប្រាក់​ដុល្លារ​ជា​រូបិយប័ណ្ណ​របស់​យើង ប៉ុន្តែ​វា​ជាបញ្ហា​សម្រាប់​លោក​អ្នក»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (ស្តាំ) ដើរ​ចេញ​ពី​កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​សេដ្ឋកិច្ច​នៅ​ឯ​វិមាន​ប្រជាជន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ការប្រឈមពីចិន

អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ រដ្ឋាភិបាល​ចិន រុស្ស៊ី និង​ប្រទេស​ជាច្រើន​ទៀត បាន​ជំរុញ​យ៉ាងខ្លាំង​ដើម្បី​បង្កើត​ប្រព័ន្ធ​រូបិយប័ណ្ណ​បម្រុង។ ក៏ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ បាន​ទទួល​ជោគជ័យ​ជា​ដុំ​កំភួន​នោះ​ទេ។

រូបិយប័ណ្ណ​របស់​ប្រទេស​ចិន ត្រូវបាន​ប្រើប្រាស់​ជា​ធម្មតា​នៅក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន ហើយ​ដោយសារតែ​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នោះ នៅក្នុង​ប្រតិបត្តិការ​មួយ​ចំនួន​ដូចជា​ការទិញ​ប្រេងឆៅ​ពី​ប្រទេស​អ៊ីរ៉ង់ ធ្វើ​ឲ្យ​អ៊ីរ៉ង់​មាន​ការលំបាក​ក្នុង​ការទទួល​យក​ការទូទាត់​ជា​ប្រាក់​ដុល្លារ។

ក៏ប៉ុន្តែ ទោះបីជា​មាន​ការត្អូញត្អែរ​ពី​ប្រទេសចិន​ទាក់ទងនឹង​ឧត្តមភាព​នៃ​ប្រាក់ដុល្លារ​នេះ​ក៏ដោយ ក៏​ទីក្រុង​ប៉េកាំង​បាន​កសាង​សេដ្ឋកិច្ចមួយ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នេះ ដោយសារ​ប្រាក់​ដុល្លារ​នេះ​ផងដែរ។ ប្រទេស​ចិន ទទួល​បាន​ប្រាក់​ដុល្លារ​ភាគច្រើន​តាមរយៈ​ការនាំ​ទំនិញ​ចេញ​ទៅលក់​នៅ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ចិន​ទទួល​យក​ប្រាក់​ដុល្លារ​ទាំងនោះ ហើយ​ប្តូរ​ទៅ​ជា​ប្រាក់​យន់​ជាមួយ​ធនាគារ​កណ្តាល​ចិន ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​របស់​ពួកគេ។ ធនាគារ​កណ្តាល​ចិន​រក្សា​ប្រាក់​ដុល្លារ​ទាំងនោះ​ទុក​ជា​ប្រាក់​បម្រុង។ គិតត្រឹម​ខែមីនា​ឆ្នាំ​នេះ ប្រទេស​ចិន ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា កំពុង​កាន់កាប់​រូបិយប័ណ្ណ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៣ លាន លាន​ដុល្លារ។

នៅ​ឆ្នាំ ២០១៤ ប្រទេស​ចិន ចាប់ផ្តើម​មើលឃើញ​រូបិយប័ណ្ណ​ឌីជីថល​ថា​ជា​មធ្យោបាយ​មួយ ដើម្បី​ងាក​ចេញ​ពី​ប្រាក់​ដុល្លារ​អាមេរិក។ ចាប់តាំង​ពី​ពេលនោះ​មក​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​រូបិយប័ណ្ណ​ឌីជីថល ក្លាយជា​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ​សំខាន់​មួយ។

ផែនការ​សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ ២០១៦ មាន​និយាយ​អំពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​ blockchain ដែល​ជា​បច្ចេកវិទ្យា​ទ្រទ្រង់​រូបិយប័ណ្ណ​ឌីជីថល​ដ៏​ពេញនិយម​ដូចជា Bitcoin ជាដើម​នោះ។

លោក​ប្រធានាធិបតី​ស៊ី ជិនពីង (Xi Jinping) បាន​ប្រាប់​ការិយាល័យ​នយោបាយ​របស់​លោក​នៅ​ខែតុលា​ឆ្នាំ ២០១៩ ថា ប្រទេសចិន ត្រូវតែ​ពន្លឿន​ការអភិវឌ្ឍ​បច្ចេកវិទ្យា blockchain។

ប្រតិបត្តិការ​ឌីជីថល​ពង្រីក​វិសាលភាព​នៃប្រាក់យន់

ឥឡូវនេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​ពីរ​ដែល​ប្រើ​រូបិយប័ណ្ណ​ផ្សេង​គ្នា​បង្កើត​កិច្ចសន្យា​អាជីវកម្ម តម្លៃ​ប្រាក់​ដែល​ត្រូវ​បាន​ផ្ទេរ​ចុះ​ឡើង​នោះ ជា​ធម្មតា​ត្រូវ​បាន​គេ​គិត​ជា​ប្រាក់​ដុល្លារ។ ការណ៍​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ «ការពារ​ហានិភ័យ» ក្នុង​ករណី​ដែល​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​មាន​ការផ្លាស់ប្តូរ ដែល​វា​នឹង​ផ្លាស់ប្តូរ​តម្លៃ​កិច្ចសន្យា។ នោះ​មាន​ន័យ​ថា ជាញឹកញាប់​ពួកគេ​ត្រូវការ​ធនាគារ ជាអ្នក​នៅ​កណ្តាល​ដើម្បី​ធ្វើការ​សម្រប​សម្រួល ក៏ប៉ុន្តែ​រឿង​ដូច​នោះ ប្រហែល​ជា​នឹង​លែង​មាន​ទៀត​ហើយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក Michael J. Casey ជា​ប្រធាន​ផ្នែកខ្លឹមសារ​ព័ត៌មាន​នៅ​បណ្តាញ​សារព័តមាន CoinDesk ដែល​ជាសារព័តមាន​ឯកទេស​ខាង​រូបិយប័ណ្ណ​ឌីជីថល។ លោក​បាន​ថ្លែង​ថា ក្រុមហ៊ុន​បរទេស​នាំ​ទំនិញ​ចូល និង​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​របស់​ចិន អាច​បង្កើត​កុំព្យូទ័រ​ដែល​ប្រើប្រាស់​បណ្តាញ​ប្រើ​បច្ចេកវិទ្យា blockchain ដែល​ប្រើប្រាស់​ប្រាក់​យន់​ជា​គោល​ក្នុងការ​ទូទាត់​ប្រាក់​ដែល​ជា​រូបិយប័ណ្ណ​ឌីជីថល​នេះ ជា​វិធី​ថ្មី​នៃ​ការធ្វើ​ជំនួញ​របស់​ពួកគេ។

នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ VOA លោក Casey បាន​ថ្លែង​ថា៖ «ប្រព័ន្ធ​រក្សា​ប្រាក់​បញ្ញើរ​ដែល​មិន​មាន​ស្ថាប័ន​កណ្តាល​នេះ​ អាច​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បរទេស​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ប្រាក់​ដុល្លារ​ដើម្បី​ការពារ​ហានិភ័យ​នៃ​អត្រា​ប្តូរប្រាក់​របស់​ពួកគេ​នោះ​ទេ»។

លោក Jeremy Allaire ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Circle ដែល​ជា​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទូទាត់​ប្រាក់​ពី​ម្នាក់​ទៅ​ម្នាក់។ លោក បាន​ថ្លែង​ថា រូបិយប័ណ្ណ​ឌីជីថល​របស់​ចិន អាច​នាំ​ទៅ​ឲ្យ​មាន​ការប្រើប្រាស់​ប្រាក់យន់​យ៉ាងទូលំ​ទូលាយ​ជាង​មុន​ក្នុង​ពិភពលោក។

លោក Allaire បាន​និយាយ​នៅ​លើ​បណ្តាញ​ទូរទស្សន៍​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ CNBC កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៩ នៅ​ពេល​ដែល​ប្រទេស​ចិន បាន​ប្រកាស​ជា​លើក​ដំបូង​ថា ខ្លួន​នឹង​ចាប់ផ្តើម​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន​ដើម្បី «ការពារ» អធិបតេយ្យភាព​ការប្តូរប្រាក់​បរទេស​របស់​ខ្លួន នោះ​ថា៖

«នេះ វា​ក្លាយជា​យន្តការ​មួយ​ដែល (ប្រាក់យន់ចិន) អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក»។

ក្រុមអ្នកជំនាញ​បាន​ចង្អុល​បង្ហាញ​ថា រូបិយប័ណ្ណ​ឌីជីថល​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រទេសចិន​នេះ នឹង​មិន​ឆ្លង​កាត់​ប្រព័ន្ធ​ធនាគារ​លោកខាងលិច​រួមមាន SWIFT ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែលហ្សិក​ទេ ដែល​វា​ជាប្រព័ន្ធ​ទូរគមនាគមន៍អន្តរ​ធនាគារ​និង​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក​សម្រាប់​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ក្នុង​ពិភពលោក​អាច​ផ្ញើ​និង​ទទួល​ព័ត៌មាន​អំពី​ការផ្ទេរ​ប្រាក់​ដោយ​សុវត្ថិភាព។

លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយអំពី​ការ​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច នៅក្នុង​បន្ទប់​ធ្វើ​សន្និសីទ​កាសែត​នៅ​សេតវិមាន​។

«បញ្ហាសន្តិសុខជាតិ»

កាលពី​ខែកក្កដា​ឆ្នាំ​មុន រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សេតវិមាន​ថា រូបិយប័ណ្ណ​ឌីជីថល cryptocurrency ត្រូវ​បាន​គេ​កេងចំណេញ​រួច​ទៅ​ហើយ ដើម្បី​ប្រើប្រាស់​វា​ក្នុងការ​គាំទ្រ​សកម្មភាព​ខុសច្បាប់​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ លោក Steven Mnuchin បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«រឿង​នេះ ប្រាកដណាស់​ជា​បញ្ហា​សន្តិសុខ​ជាតិ»។

អ្នកវិភាគ​បាន​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ការពារ​ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ សហរដ្ឋ​អាមេរិក​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ឈាន​មុខ​គេ លើ​រូបិយប័ណ្ណ​ឌីជីថល cryptocurrencies បាន​ទេ។

លោក Tim Morrison សមាជិក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Hudson Institute ដែល​បាន​បម្រើ​ការ​ងារ​ជា​ជំនួយ​ការពិសេស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​ VOA ថា លោក​ជឿ​ថា ទស្សនៈ​វិស័យ​របស់​ទីក្រុង​ប៉េកាំង «ក្នុងការ​គ្របដណ្តប់​ឥទ្ធិពលលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​នេះ គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ»។

នៅ​សហរដ្ឋ​អាមេរិក​រូបិយប័ណ្ណ​ឌីជីថល នៅតែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​នៅ​ឡើយ។ នៅ​រដូវក្តៅ​ឆ្នាំ​មុន ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រកាស​អំពី​រូបិយប័ណ្ណ​ឌីជីថល​សកលមួយ​ដែល​មាន​ឈ្មោះ​ថា Libra ក៏ប៉ុន្តែ នៅ​តែស្ថិត​នៅក្នុង​ស្ថានភាព​ព្យាយាម​ដើម្បី​ទទួល​ការយល់ព្រម​ពី​និយ័តករ​នៅ​ឡើយ។

កាលពី​ដើម​ខែមេសា សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយដែល​នឹង​អនុញ្ញាត​ឲ្យ​ធនាគារ​កណ្តាល​បង្កើត «គណនី​កាបូប​លុយ​ដុល្លារ​ឌីជីថល» ដែល​មាន​ឈ្មោះ​ថា «FedAccounts» សម្រាប់​ចែកចាយ​មូលប្បទានប័ត្រ​ដល់​អាជីវកម្ម និង​ពលរដ្ឋ​ដើម្បី​ជា​ការលើកស្ទួយ​សេដ្ឋកិច្ច។

លោក Casey នៃ​ក្រុមហ៊ុន CoinDesk បាន​ថ្លែងថា ថ្វីបើ​កិច្ចខិតខំ​ទាំងពីរ​ខាងលើ​នេះ មាន​ទំហំ​តូចតាច​ក្តី តែ​វាមាន​សារៈសំខាន់​ខ្លាំង​ណាស់។ លោក Casey បាន​ថ្លែង​បន្ត​ក្នុងសម្តី​ដើម​ថា៖

«ជ័យជម្នះ​របស់​ចិន​នៅក្នុង​ការប្រណាំង​ប្រជែង​រឿង​រូបិយប័ណ្ណ​ឌីជីថល​នេះ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​សហរដ្ឋ​អាមេរិក និង​មូលធន​និយម​របស់លោក​ខាង​លិច​ជាទូទៅ​ផងដែរ»។

លោក Casey បាន​និយាយ​ទៀត​ថា សូម្បី​តែ​ប្រទេសចិន បាន​ឈាន​មុខ​នៅក្នុង​ការចាប់ផ្តើម​ដំបូង​នេះ​ក៏ដោយ ក៏​ចិន​នៅតែមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ​ដើម្បី​ឈ្នះ​នៅក្នុង​ការប្រណាំង​ប្រជែង​នេះ។ ប៉ុន្តែ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក តាម​មិន​ទាន់​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ នោះ​អាមេរិក​នឹង​ចាញ់»។

លោក Michael Hirson ជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Eurasia Group បាន​សរសេរ​នៅក្នុង​សារ​អេឡិចត្រូនិក​មួយ​មក​កាន់ VOA ថា ទោះ​បី​ការអភិវឌ្ឍអធិបតេយ្យ​ភាព​រូបិយប័ណ្ណ​ឌីជីថល​ដោយ​ប្រទេស​ចិន​នេះ មិន​បង្ក​ការគំរាម​កំហែង​ដោយ​ផ្ទាល់​ចំពោះ​ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ​ក្តី​ ក៏​ទីក្រុង​វ៉ាស៊ីនតោន​មិនគួរ​ធ្វេសប្រហែស​អំពី​ស្ថានភាព​រូបិយប័ណ្ណ​បម្រុង​របស់​ខ្លួន​ឡើយ។

លោក Hirson ដែល​ធ្លាប់​បំរើ​ការងារ​ជា​ប្រធាន​តំណាង​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ប៉េកាំង បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ក្នុង​រយៈពេល​យូរ​រូបិយប័ណ្ណ​ឌីជីថល​អាច​ជួយ​ដល់​ប្រទេស​ចិន​ក្នុងការ​ជំរុញ​ភាវូបនីយកម្ម​នៃ​រូបិយប័ណ្ណ renminbi ឬ ប្រាក់​យន់»។

ទោះបីជាវា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការទស្សន៍ទាយ​ថា តើ​ពេល​ណា​ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ​នឹង​ត្រូវ​ធ្លាក់​ចុះ​នោះ មាន​អត្ថបទ​ទស្សនៈ​មួយ​បោះពុម្ព​ផ្សាយ​ឡើងវិញ​ ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី ៦ ឆ្នាំមុន​នៅ​ពេល​ដែល​ប្រទេស​ចិន​ទើបតែ​ចាប់ផ្តើម​សិក្សា​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ឌីជីថល​របស់​រដ្ឋ អាច​ផ្តល់​ជា​តម្រុយ​មួយ​ថា៖ «រូបិយប័ណ្ណ renminbi ឬ ហៅ​កាត់​ថា RMB ឬ ប្រាក់​យន់ នឹង​ជំនួស​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាង​មុខ​ទៀត»។

ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល គឺជា​អាទិភាព​យុទ្ធសាស្ត្រ​កំពូល​សម្រាប់​ប្រទេស​ចិន ហើយ​ប្រទេស​ចិន ហាក់ដូចជា​សុខចិត្ត​រង់ចាំ​ឲ្យ​កិច្ចការ​នេះ បាន​សម្រេច៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់