កិច្ច​ពិភាក្សា​ ចិន-វ៉ាទីកង់ គំរាម​កំហែង​កោះ​តៃវ៉ាន់​អំពី​ការ​បាត់បង់​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​បំផុត

  • Ralph Jennings

រូបឯកសារ៖ ស្រ្តីជនជាតិ​ចិន​ដើរ​កាត់​កន្លែង​តុបតែង​រូប​ព្រះយេស៊ូជាទារក នៅឯព្រះវិហាកាតូលិក​​ Nantang ក្នុងទីក្រុងប៉េងកាំង។

ប្រទេស​ចិន​និង​វិមាន​វ៉ាទីកង់​បានធ្វើ​ការ​ពិភាក្សា​ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ កិច្ច​ពិភាក្សា​នេះ​ អាច​នឹង​ចាប់​ផ្តើម​ចំណង​ការទូត​ឡើង​វិញ បន្ទាប់​ពី​ផ្តាច់​ទំនាក់ទំនង​អស់​រយៈ​ពេល​ជាង​៦០ឆ្នាំ។ ការណ៍​នេះ​មាន​ន័យថា រដ្ឋ​របស់​សម្តេចប៉ាប​ ផ្អាក​ទំនាក់ទំនងការទូត​ជាមួយ​កោះតៃវ៉ាន់ ដែល​ជា​គូប្រជែង​របស់​ប្រទេសចិន​ ហើយ​វា​ជា​ការ​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​ចំពោះ​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​នៅ​លើ​ឆាក​អន្តរជាតិ។

កាល​ពី​ខែ​មុន​ មេដឹកនាំ​កិច្ចការ​សាសនា​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​មន្រ្តី​របស់​ព្រះវិហារ​កាតូលិក​នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិ​កុម្មុយនីស្ត​ដ៏​ធំ​នេះ​ថា លោក​សង្ឃឹម​ថា​វិមាន​វ៉ាទីកង់​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ការ​សម្រប​ទៅ​នឹង​សង្គម​របស់​លោក។ ប្រទេស​ចិន​និង​វិមាន​វ៉ាទីកង់​ កំពុង​ប្រកែក​គ្នា ថា​តើ​ប្រទេស​ណា​មាន​អំណាច​ក្នុង​ការ​តែង​តាំង​បុព្វជិត​ជាន់​ខ្ពស់ នៅ​ក្នុង​ប្រទេស​ចិន ដោយ​បាន​ព្យាយាម​បន្ថែម​ឥទ្ធិលពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ទទួល​ស្គាល់​របស់​វិមាន​វ៉ាទីកង់​លើ​កោះតៃវ៉ាន់ បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុង​ទ្វីប​អាស៊ី​មួយ​នេះ​ បង្ហាញ​ទៅ​ប្រទេស​ដទៃ​ទៀត​ថា​ ប្រទេស​ខ្លួន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព​សាសនា ខុស​ពី​កិត្តិសព្ទ​នៃ​ប្រទេស​ចិន​និង​បង្ហាញ​ថា​ ប្រទេស​ខ្លួន​មាន​ប្រទេស​ដ៏​មាន​ឥទ្ធិពល​នៅ​អឺរ៉ុប​ជា​សម្ព័ន្ធ​មិត្ត​ ដែល​ប្រទេស​ចិន​មិន​អាច​មាន។

ប្រទេស​ចិន​ ចាត់​ទុក​កោះ​តៃវ៉ាន់ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ ជា​ជាង​ក្នុង​នាម​រដ្ឋ​មួយ​ដែល​មាន​សិទ្ធិ​ទំនាក់ទំនង​កិច្ចការ​បរទេស។

លោក​ Wu Chung-li អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​នយោបាយ​ នៅសាកលវិទ្យាល័យ Academia Sinica នៅ​ក្នុង​ទីក្រុង​តៃប៉ិ​បាន​ថ្លែង​ថា៖«ដើម្បី​ក្លាយ​ជា​ប្រទេស​តូច​មួយ​ យើង​នៅ​តែ​ត្រូវ​ការ​ការ​កសាង​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ ហើយ​វាជា​ភ័ស្តុតាង​បង្ហាញ​ថា​ កោះ​តៃវ៉ាន់​គឺ​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ វិមានវ៉ាទីកង់​ជា​ប្រទេស​តូច​មួយ​ ប៉ុន្តែ​វាមាន​អត្ថន័យ​នយោបាយ​ជ្រាលជ្រៅ​និង​និមិត្ត​សញ្ញា​សម្រាប់​កោះ​តៃវ៉ាន់»។

ប្រទេស​ចិនបាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​វិមាន​វ៉ាទីកង់​នៅ​ឆ្នាំ​១៩៥១ ពីរ​ឆ្នាំ​បន្ទាប់​ពី​បក្ស​កុម្មុយនីស្ត​បាន​យក​ឈ្នះ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ចិន​ ហើយ​បាន​រុញច្រាន​ក្រុម​ជាតិ​និយម​ទៅ​កោះ​តៃវ៉ាន់​ ជា​ទី​ដែល​ពួកគេ​បង្កើត​រដ្ឋាភិបាល​របស់​ពួកគេ​ឡើងវិញ។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រទេស​ចិន​បាន​បិទព្រះវិហារនិង​ចាប់​ឃុំបុព្វជិត​សាសនា​អស់​ជា​ច្រើន​ នេះ​បើ​យោងតាម​ព័ត៌មាន​រាយការណ៍​ពី​ទីក្រុងប៉េកាំង​។ គ្រិស្ត​បរិស័ទ​អាច​ប្រណិប័តន៍​សាសនា​បាន​ដោយ​ស្រប​ច្បាប់​ក្នុង​ព្រះវិហារ​ដែល​អនុញ្ញាត​ដោយ​រដ្ឋ​ចិន​តែ​ប៉ុណ្ណោះ​ ដែល​ព្រះវិហារ​ទាំង​នោះ​មិនមាន​ការ​ត្រួត​ពិនិត្យ​ពី​វិមាន​វ៉ាទីកង់​ឡើយ។

សម្តេច​ប៉ាប ហ្រ្វង់ស៊ីស ត្រូវ​បាន​បរិយាយនៅ​ក្នុង​កោះតៃវ៉ាន់​ថា​ ព្រះអង្គ​មាន​បំណង​យ៉ាងច្បាស់​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​កាតូលិក​រៀបរាប់​កាលពីខែតុលា​ថា​ ជា«កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំ​មួយ​របស់​ទ្រង់​ក្នុងឋានៈ​ជា​សម្តេច​សង្ឃ​» បើទោះបីជា​ការណ៍​នេះ​ត្រូវបាន​ប្រឈម​ដោយសំណួរ​អំពីការ​ទទួលស្គាល់​ចំពោះ​កោះតៃវ៉ាន់​ក៏ដោយ។

អនុ​ប្រធានាធិបតី​កោះតៃវ៉ាន់​ លោក​ Chen Chien-jen​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅក្នុង​ក្រុងតៃប៉ិ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការពិភាក្សា​អំពី​ទំនាក់ទំនង​ ចិន-វិមានវ៉ាទីកង់​ កាលពី​ឆ្នាំ​មុន ផ្តោត​សំខាន់​ទៅ​លើ​ការតែងតាំង​បុព្វជិត​ជាន់​ខ្ពស់​នៃ​សាសនា​គ្រិស្ត​និកាយ​កាតូលិក ​ប្រចាំ​ប្រទេស​ចិន។ លោកនិយាយថា​ ទំនាក់ទំនង​ជាមួយ​កោះតៃវ៉ាន់​មានសភាព​ «ធម្មតា» ហើយថា​ វាជា​រឿង​ធម្មតា​ដែល​ជនជាតិ​ចិនកាន់សាសនាគ្រិស្ត​និកាយកាតូលិក ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វិមាន​វ៉ាទីកង់។

លោក​ Chen និយាយ​ថា៖«ខ្ញុំគិត​ថា​ ទំនាក់ទំនង​ជាមួយ​កោះតៃវ៉ាន់​ កំពុងបន្ត​អភិវឌ្ឍ​តាម​មាគ៌ា​ដ៏​មាន​ស្ថិរភាពមួយ។ ចំពោះ​ការ​ពិភាក្សា​អំពី​ទំនាក់ទំនង​ចិន-វិមានវ៉ាទីកង់​ ពួកយើង​គិត​ថា​ ចំពោះ​ជនជាតិចិន​កាន់សាសនាគ្រិស្ត​និកាយ​កាតូលិក​ចាត់​ទុក​ការណ៍​នេះ​ជា​ការ​សំខាន់​ ពីព្រោះ​រាល់​អ្នក​កាន់​សាសនាគ្រិស្ត​និកាយ​កាតូលិក តែងតែ​ចង់​បាន​ការ​ប្រទានពរ​ពី​វិមាន​វ៉ាទីកង់។

កិច្ច​ព្រមព្រៀង​ ចិន-វ៉ាទីកង់ ​ដែល​អាចគួរ​នឹង​កើត​មាន​ឡើង​កាល​ពី​ខែ​មុន​ ត្រូវ​បាន​ផ្អាក​ទៅវិញ​ នៅ​ពេល​ដែល​បុព្វជិត​ជាន់​ខ្ពស់​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ត្រូវ​បាន​វិមាន​វ៉ាទីកង់​កាត់​ផ្តាច់​ទំនាក់​ទំនង​នោះ បាន​ចូលរួម​ក្នុង​ពិធី​តែង​តាំងបុព្វជិតជាន់ខ្ពស់​ថ្មី។ ប្រទេស​ចិន​និង​តុលាការ​សាសនា Holy See បាន​ធ្វើការ​ទាក់ទង​ឆ្លងឆ្លើយ​គ្នា​អំពី​ប្រធានបទ​ដដែល​នេះ​ កាលពី​ឆ្នាំ​មុន​ម្តង​ហើយ។

លោក Fabrizio Bozzato អ្នក​ស្រាវជ្រាវ​ផ្នែកកិច្ចការ​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ Tamkang ក្នុង​កោះតៃវ៉ាន់​ និយាយ​ថា​ ទំនាក់ទំនង​រវាង​កោះតៃវ៉ាន់​ជាមួយ​វិមានវ៉ាទីកង់ បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កោះ​នេះ​នូវ​ការបង្ហាញមុខ​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​មាន​តម្លៃ​មួយ​ នៅ​ពេល​ដែល​ប្រធានាធិបតី​កោះ​នេះ​បានចូលរួម​ពិធីបុណ្យសព​នៃ​អតីតសម្តេច​សង្ឃ​កាតូលិក​មុនៗ។ ការទទួលស្គាល់​របស់​វិមានវ៉ាទីកង់​លើ​កោះតៃវ៉ា់ន់ ក៏​រួម​មាន​ «ប្រទានសិទ្ធិ​ក្នុង​ការបោះពុម្ភ​សៀវភៅ​សាសនា​អនុញ្ញាត​ដោយ​ព្រះវិហារ​រ៉ូម៉ាំង​កាតូលិក» នៅ​ក្នុង​កោះ​នេះ​ផង​ដែរ។

លោក Wu ​និយាយ​ថា​ សម្ព័ន្ធ​ភាព​ជាមួយ​វិមាន​វ៉ាទីកង់​ ក៏​បាន​ជួយ​កោះ​តៃវ៉ាន់​ឲ្យ​ទទួលបាន​ការទទួល​ស្គាល់​ពី​ប្រទេស​ចំនួន​៦​ទៀត​នៅ​អាមេរិកឡាទីន​ ដែល​កាន់សាសនា​គ្រិស្ត​និកាយ​កាតូលិក​ដ៏​លើសលប់ផង​ដែរ។ លោក​បន្ថែមថា បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រាកដ​ជា​នឹង​ចង​សម្ព័ន្ធ​ជាមួយ​ចិន​វិញ។​ ប្រទេស​ចិន​មិន​អនុញ្ញាត​ឲ្យ​សម្ព័ន្ធមិត្ត​ជាង១៧០​ប្រទេស​របស់​ខ្លួន​ ឲ្យ​ទទួល​កោះ​តៃវ៉ាន់​ឡើយ។

កាល​ពី​ខែ​មុន​ កោះតៃវ៉ាន់​បាន​បាត់បង់​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក គឺ​ប្រជុំកោះ​សៅតូម៉េ និងប្រាំង ស៊ីប (São Tomé and Principe) ​ដោយ​ប្រទេស​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​វិញ។

លោក​ Bozzato និយាយ​ថា​ ប្រទេស​ចិន​នឹង​មិន​ប្រញាប់​ប្រញាល់​ភ្ជាប់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​វិមាន​វ៉ាទីកង់​ ដែល​មាន​ទំហំ៤៤​ហិកតា ជាសង្កាត់​មួយ​នៅក្នុង​ទីក្រុងរ៉ូម​ឡើយ ប៉ុន្តែ​ប្រសិនបើ​ទំនាក់​ទំនង​របស់​ប្រធានាធិបតី​លោកស្រី Tsai Ing-wen នៃ​ក្រុង​តៃប៉ិ​ខ្សោយ​ជាមួយ​វិមាន​វ៉ាទីកង់​ ការណ៍​នេះ​អាច​នឹង​បែរ​ទៅ​បង្កើន​ល្បឿន​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​វិញ។

លោកស្រី​ប្រធានាធិបតី​ Tsai បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត​ ចាប់​តាំង​ពី​លោកស្រី​ បាន​ចូល​កាន់​តំណែង​កាល​ពី​ខែឧសភា​ឆ្នាំ​មុន​ ដោយ​បន្ថយ​រូបភាព​របស់​កោះតៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ«ចិន​តែ​មួយ» ដែល​ជា​បុរេ​លក្ខខណ្ឌ​មុន​ការពិភាក្សា​ណាមួយ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ការខឹង​សម្បាយ៉ាង​ច្បាស់​ នៅ​ពេល​ដែល​លោក​ស្រី​ Tsai​ បានហៅ​ទូរស័ព្ទ​ទៅ​កាន់​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​ទី​២​ ខែ​ធ្នូ ដើម្បី​បង្កើន​ទំនាក់ទំនង​ជិតស្និទ​រវាង​តៃវ៉ាន់-អាមេរិក នៅ​ក្នុង​អាណត្តិ​របស់​លោក Trump។

លោក​ Alex Chiang សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅសាកលវិទ្យាល័យ Chengchi នៅ​ក្នុង​ក្រុង​តៃប៉ិ​ បាននិយាយ​ថា ​វិមាន​វ៉ាទីកង់​បង្វែរ​ទំនាក់ទំនង​ទៅរក​ប្រទស​ចិន​ អាច​បង្ហាញ​ពី​បរាជ័យ​របស់​លោកស្រី​ប្រធានាធិបតី​ Tsai ក្នុង​ការរក្សា​ទំនាក់ទំនង​ការទូត។ វា​អាច​ជា​សញ្ញា​បង្ហាញ​ថា លោកស្រី​ប្រធានាធិបតី​ Tsai​ គួរ​តែ​រក​វិធី​ណា​មួយ​ដើម្បី​បើក​ចំហរ​ការចរចា​ជាមួយ​ប្រទេស​ចិន។

លោក Chiang និយាយ​ថា៖​ «វា​ជា​ការឈឺចាប់​ ពីព្រោះ​យើង​បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​វិមាន​វ៉ាទីកង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ»។ លោក​រៀបរាប់​អំពី​ករណី​ដែល​វិមាន​វ៉ាទីកង់​អាច​នឹង​ផ្តាច់​ទំនាក់​ទំនង។ ប៉ុន្តែ​លោក​បាន​ក្រើន​រំឭក​ថា​៖ «សម្តេច​ប៉ាប គឺ​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ ដោយសារ​តែមូលហេតុមាន​អ្នក​កាន់​សាសនាគ្រិស្ត​និកាយ​កាតូលិក​នៅ​ក្នុង​ប្រទេស​ចិន​ច្រើន»៕

ប្រែសម្រួល​ដោយ​ នូវ ពៅលក្ខិណា