វ៉ាស៊ីនតោន — អ្នកជំនាញនិយាយថា ការមិនជឿជាក់លើវ៉ាក់សាំងចិននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍អាចប៉ះពាល់ដល់គោលដៅរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនតាមរយៈការចែកចាយវ៉ាក់សាំង។
រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសកាលពីខែធ្នូ ឆ្នាំមុន ដោយមិនមានចេញផ្សាយទិន្នន័យដែលមកពីការសាកល្បងប្រើប្រាស់។ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសបានចិននាំចេញ ឬស្ថិតក្នុងដំណើរការនាំចេញវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ទៅកាន់ប្រទេសចំនួន ២២ ហើយនឹងផ្តល់ជំនួយវ៉ាក់សាំងទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ ដែលរួមមានប្រទេសប៉ាគីស្ថានផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។
វីរុសកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ១៩ ត្រូវបានគេរកឃើញដំបូងនៅក្នុងខ្លួនមនុស្សនៅក្នុងទីក្រុង Wuhan ក្នុងប្រទេសចិន នៅចុងឆ្នាំ ២០១៩។ ដោយចាប់ផ្តើមពីទីនោះមក វាបន្តឆ្លងរាលដាលជុំវិញពិភពលោក។ បើយោងតាមមជ្ឈមណ្ឌលទិន្នន័យស្តីពីវីរុសកូរ៉ូណារបស់សាកលវិទ្យាល័យ Johns Hopkins មនុស្សជាង ១២៣,២ លាននាក់ នៅទូទាំងពិភពលោក បានឆ្លងជំងឺនេះ ហើយមនុស្សជាង២,៧ លាននាក់ បានស្លាប់។
ទោះបីជាចិនបានគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះបានភាគច្រើនលើប្រជាជនខ្លួនជាមួយនឹងការគ្រប់គ្រងសង្គមដ៏តឹងរ៉ឹងនៅគ្រប់ទីកន្លែង និងការចាក់វ៉ាក់សាំងក្តី នៅក្នុងខែមករា ក្រុមហ៊ុន YouGov ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនៅចក្រភពអង់គ្លេស បានធ្វើការស្ទង់មតិលើមនុស្សប្រមាណ ១៩.០០០ នាក់នៅក្នុងប្រទេសនិងដែនដីចំនួន ១៧ និងរកឃើញថា វ៉ាក់សាំងដែលផលិតដោយចិនត្រូវបានគេគិតបែបអវិជ្ជមាន និងបានទទួលពិន្ទុបានលើតែវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ។
ចិនបានបដិសេធថា ខ្លួនមិនប្រើប្រាស់វ៉ាក់សាំងដែលពិភពលោកកំពុងត្រូវការនេះជាឧបករណ៍ការទូតនោះទេ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា វ៉ាក់សាំងនឹងត្រូវប្រើប្រាស់ក្នុងគោលដៅល្អសម្រាប់សាកលលោក។
ទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលគ្រប់គ្រងដោយរដ្ឋបានសរសេរនៅក្នុងអត្ថបទបញ្ចេញមតិយោបល់មួយ ថា «ចិនបានលើកកម្ពស់កិច្ចសហការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ប៉ុន្តែមិនដែលមានគោលដៅភូមិសាស្ត្រនយោបាយណាមួយនោះទេ ហើយក៏មិនដែលគិតគូរពីអត្ថប្រយោជន៍សេដ្ឋកិច្ច ឬភ្ជាប់លក្ខខណ្ឌនយោបាយណាមួយនោះដែរ»។
របាយការណ៍ព័ត៌មានរាយការណ៍ថា គ្មានវ៉ាក់សាំងចិនណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកទេ។
អ្នកស្រាវជ្រាវនៅសាលាសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ (LSE) និងមជ្ឈមណ្ឌល Belgrade សម្រាប់គោលនយោបាយសន្តិសុខ លោក Vuk Vuksanovic បាននិយាយថា វាសមហេតុផលក្នុងការប្រើប្រាស់ «ការទូតជំនួយវ៉ាក់សាំង» ដើម្បីបង្ហាញឱ្យឃើញពីគោលនយោបាយវ៉ាក់សាំងរបស់ចិន ដែលបន្តពី «ការទូតជំនួយម៉ាស» ដែលមានបំណងបង្ហាញឱ្យឃើញថា ចិនជាអ្នកមានការទទួលខុសត្រូវដែលអាចជួយសម្រាលបញ្ហាកង្វះខាតសម្ភារៈចាំបាច់ទាំងនេះ នៅក្នុងពិភពលោកក្នុងពេលមានការរាតត្បាតជំងឺ។
លោក Vuksanovic បានប្រាប់ VOA ថា «គោលនយោបាយ(វ៉ាក់សាំង) នេះគឺជាការប៉ះប៉ូវដល់ការខូចខាតកិត្តិនាមដែលកើតឡើងចំពោះចិន ដែលជាកន្លែងផ្ទុះជំងឺកាលពីដំបូងបង្កើនឥទ្ធិពលនយោបាយចិនជាមួយនឹងប្រទេសនីមួយៗ កសាងអំណាចទន់ជាសាកលរបស់ចិន និងការព្យាយាមយកឈ្នះចំណែកទីផ្សារវ៉ាក់សាំងក្នុងសាកលលោក ដែលជាការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ី និងបស្ចិមប្រទេស»។
ប្រទេសចិនបានភ្ជាប់ការនាំចេញវ៉ាក់សាំងទៅនឹងគោលដៅយុទ្ធសាស្ត្រសាកលលោក។ គម្រោង «ផ្លូវក្រវ៉ាត់សុខាភិបាល» បានក្លាយជាផ្នែកដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមដែលមន្ត្រីសុខាភិបាលចិនបានអំពាវនាវឱ្យផ្តល់វ៉ាក់សាំងទៅដល់ប្រទេសក្នុងគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (BRI) ជាមុន ដើម្បីធ្វើឱ្យគម្រោង BRI នេះកាន់តែមានទម្ងន់ថែមទៀត។
គម្រោង BRI ដែលជួនកាលត្រូវបានគេហៅថា ផ្លូវសូត្រថ្មី គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមាមួយ ដែលពិភពលោកមិនដែលបានឃើញ។ លោកប្រធានាធិបតី ស៊ី បានចាប់ផ្តើមគម្រោងនេះនៅក្នុងឆ្នាំ ២០១៣ ជាមួយនឹងទស្សនៈវិស័យយកគម្រោងអភិវឌ្ឍន៍និងការវិនិយោគរបស់ចិនពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសាកលលោក។
នាយកកម្មវិធីសិក្សាសន្តិសុខ និងភាពធន់នៅសាកលវិទ្យាល័យ Northeastern University ក្នុងទីក្រុង Boston លោក Daniel Aldrich បានប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា៖ «ចិនមិនបានផ្តល់វ៉ាក់សាំងទៅឱ្យកូរ៉េខាងត្បូង ឬជប៉ុន ឬប្រទេសជិតខាងចិននោះទេ។ ផ្ទុយទៅវិញ ចិនបានផ្តោតលើការបង្កើនអំណាចទន់របស់ខ្លួនទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ទីកន្លែងដែលចិនសង្ឃឹមថា នឹងបង្កើតឱ្យមានកិត្តិនាមល្អ និងកសាងបណ្តាញសម្ព័ន្ធមិត្តមួយ»។
នៅក្នុងរដូវក្តៅ ឆ្នាំ២០២០ ចិនបានចាប់ផ្តើមផ្តល់ជំនួយវ៉ាក់សាំងទៅឱ្យបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក ដោយលើកកម្ពស់ឱកាសសម្រាប់ពាណិជ្ជកម្មក្នុងស្រុក និងការវិនិយោគ។
អនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក អ្នកស្រី Martha Delgado បានថ្លែងកាលពីថ្ងៃទី១៥ ខែមីនាថា ម៉ិកស៊ិកនឹងចងចាំនូវជំនួយពីប្រទេសចិន។
ចិនក៏មើលឃើញពីការកើនឡើងនៃការទទួលស្គាល់ជាអន្តរជាតិទៅលើវ៉ាក់សាំងរបស់ខ្លួន ដែលនេះជាវិធីក្នុងការលើកកម្ពស់ផលិតផលវេជ្ជសាស្ត្ររបស់ចិន។ នៅមុនការរាតត្បាតវីរុសកូរ៉ូណា ក្រុមហ៊ុនឱសថចិនកម្រនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចផ្តល់ផលិតផលវេជ្ជសាស្ត្ររបស់ខ្លួនទៅឱ្យទីភ្នាក់ងារអន្តរជាតិណាស់។ នៅក្នុងឆ្នាំ ២០១៩ ចិនទទួលបានការបញ្ជាទិញតែ ១,៩% ប៉ុណ្ណោះនៃការបញ្ជាទិញផលិតផលវេជ្ជសាស្ត្រសរុបរបស់អង្គការសហប្រជាជាតិខណៈ ដែលឥណ្ឌាដែលជាគូប្រជែងនឹងខ្លួនទទួលបាន ២១,៩%។
រដ្ឋាភិបាលក្រុងប៉េកាំងក៏មានគម្រោងបន្ធូរបន្ថយការរឹតត្បិតលើការចូលក្នុងប្រទេសខ្លួនសម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផលិតនៅក្នុងប្រទេសចិនផងដែរ។
សាស្ត្រាចារ្យរងផ្នែកសន្តិសុខសុខាភិបាលនៅសាកលវិទ្យាល័យ City University of Hong Kong លោក Nicholas Thomas បានប្រាប់ VOA ថា៖ «ការលើកទឹកចិត្តបែបនេះ គឺច្បាស់ណាស់មានគោលដៅលើសហគមន៍ពាណិជ្ជកម្ម និងជាវិធីសាស្ត្រមួយដែលចិនអាចជួយធានាថា វ៉ាក់សាំងរបស់ខ្លួននៅតែជាជម្រើសដែលគេចង់បាន និងបង្ហាញយ៉ាងច្បាស់ពីការកិច្ចខិតខំប្រឹងប្រែងដែលផ្តោតលើផ្នែកការទូតខ្លាំងដូចទៅនឹងការផ្តល់សេវាសុខាភិបាលសាធារណៈ»។
ចិនទទួលផលប្រយោជន៍ក្នុងដំណាក់កាលដំបូងនៃការនាំចេញវ៉ាក់សាំងរបស់ខ្លួន ដោយសារតែមិនសូវមានការប្រកួតប្រជែងពីបស្ចិមប្រទេស។ ប៉ុន្តែនៅថ្ងៃទី ១២ ខែមីនា ប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមនៅក្នុងកិច្ចសន្ទនាសន្តិសុខចតុភាគី ឬ QUAD ក្នុងការផ្តល់វ៉ាក់សាំង ១០០ លានដូស ដែលផលិតដោយក្រុមហ៊ុន Johnson & Johnson នៅសហរដ្ឋអាមេរិកទៅកាន់ប្រទេសភាគច្រើននៅអាស៊ី ឱ្យបានត្រឹមចុងឆ្នាំ ២០២២ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Thomas បានសរសេរនៅក្នុងអ៊ីម៉ែលថា៖ «ឥឡូវនេះ ដោយមានកិច្ចព្រមព្រៀង QUAD មិនមានការគ្របដណ្តប់លើសលុបនេះទៀតទេ។ វាជារឿងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលឃើញនូវជម្រើសដែលប្រជាជននៅក្នុងតំបន់ជ្រើសរើសរវាងវ៉ាក់សាំងចិន និងវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J។ ការជ្រើសរើស គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ថាតើ ប្រជាជននៅក្នុងតំបន់និងរដ្ឋាភិបាលរបស់ពួកគេទុកចិត្តលើវ៉ាក់សាំងចិនកម្រិតណា»។
លោក Aldrich បាននិយាយថា សមាជិកនៃក្រុមប្រទេស QUAD «គឺសុទ្ធតែជាប្រទេសដែលមើលឃើញការពង្រីក និងការវិវត្តយ៉ាងគឃ្លើនរបស់ចិន។ កិច្ចខិតខំប្រឹងប្រែងពីក្រុមប្រទេស QUAD ក្នុងការប៉ុនប៉ងទប់ទល់នឹងឥទ្ធិពលអំណាចទន់របស់ចិននឹងអាចផលិតបានវ៉ាក់សាំងបន្ថែមទៀត សម្រាប់ពិភពលោក។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech ក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Johnson & Johnson អាចរក្សាទុកនៅកម្រិតសីតុណ្ហភាពចាប់ពី ២ ទៅដល់ ៨ អង្សា។ ដែលការណ៍នេះជួយដោះស្រាយបញ្ហាស្តុកទុកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដោយសារតែវ៉ាក់សាំងផ្សេងទៀតត្រូវការលក្ខខណ្ឌត្រជាក់ខ្លាំង ចាប់ពី -៨០ ទៅដល់ -១៥ អង្សា ដើម្បីអាចរក្សាប្រសិទ្ធភាពរបស់វាបាន។
វ៉ាក់សាំងចិនត្រូវការចាក់ពីរលើក ប៉ុន្តែវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson ត្រូវការចាក់តែមួយលើកប៉ុណ្ណោះ ដែលនេះមានន័យថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson អាចនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតភាពស៊ាំដល់ប្រជាជនបានលឿនជាង។
បន្ថែមពីលើការជំរុញការចាក់វ៉ាក់សាំងដែលមានភាពស្មុគស្មាញរបស់ចិន អង្គការសុខភាពពិភពលោក WHO ក៏មានផែនការរបស់ខ្លួនផងដែរ។ដោយសហការជាមួយនឹងអង្គការលើកកម្ពស់វ៉ាក់សាំងពីរផ្សេងទៀត អង្គការ WHO បានបង្កើតយន្តការ COVAX ដែលបានចាប់ផ្តើមផ្តល់វ៉ាក់សាំងនៅទ្វីបអាហ្វ្រិកកាលពីថ្ងៃទី ០១ ខែមីនា ជាមួយនឹងគោលដៅចែកចាយវ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ២ ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១ នៅក្នុងប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម៕