​​​​បែបផែន​ដែល​ចិន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ដើម្បី​កែប្រែ​ការ​យល់ឃើញ​មក​លើ​ខ្លួន​អំឡុងពេល​​ជំងឺ​រាតត្បាត

រូបឯកសារ៖ អ្នក​កាសែត​មើល​ផ្ទាំង​កញ្ចក់​មួយ​ដែល​បង្ហាញ​រូប​ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​ ក្នុង​អំឡុងពេល​បើក​សម្ពោធ​សន្និសីទ​ប្រចាំ​ឆ្នាំ Boao សម្រាប់​តំបន់​អាស៊ី ខេត្ត Hainan ប្រទេស​ចិន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

នៅ​ពេល​មាន​ការ​រាតត្បាត​វីរុស​កូរ៉ូណា​កាល​ពី​គ្រា​ដំបូង ចិន​ព្យាយាម​បំបិទ​ព័ត៌មាន​ពី​ការ​រាតត្បាត​យ៉ាង​លឿន​នៃ​វីរុស​នេះ ដោយ​ចាប់​ឃុំ​ខ្លួន​បុគ្គល​ណា​ដែល​ហ៊ាន​និយាយ​ពី​រឿង​នេះ​ជា​សាធារណៈ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​មក​ ខណៈ​ការរាតត្បាត​ជំងឺ​បាន​បង្ក​ផល​ប៉ះពាល់​មក​លើ​មនុស្ស និង​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វះស្វែង​កែប្រែការ​យល់​ឃើញ​ជា​សាធារណៈ​មក​លើ​ខ្លួន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស។ នេះ​បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​ដោយ​សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ)។

ការ​ស្ទង់មតិ​លើ​សហជីព​អ្នក​សារព័ត៌មាន​ចំនួន​៥៤​នៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន​៥០​ បាន​រក​ឃើញ​ការ​កើនឡើង​នូវ​ចំនួន​ប្រទេស​ ដែល​រាយការណ៍​ពី​វត្តមាន​របស់​ចិន​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន រវាង​៦៤​ភាគរយ ទៅ​៧៦​ភាគរយ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ។ សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​ក៏​បាន​រក​ឃើញ​ថា នៅ​តាម​បណ្តា​ប្រទេស​ដែល​ចិន​បាន​ផ្តល់​ជំនួយ និង​ការ​ហ្វឹកហ្វឺន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ភាគច្រើន​និយាយ​ថា ការ​ផ្សព្វផ្សាយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្ថិត​នៅ​ក្រោម​រូបភាព​វិជ្ជមាន។

លោក Jeremy Dear អគ្គ​លេខាធិការ​រង​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​ បាន​ថ្លែង​ប្រាប់ VOA ថា៖ «រឿង​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នៅ​ក្នុង​រយៈពេល​១២​ខែ​កន្លង​មក​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​ដោយ​ជោគជ័យ ដើម្បី​បង្កើត​ជា​រូបភាព​វិជ្ជមាន​ជាង​មុន​មួយ​ពី​ប្រទេស​ចិន នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន»។

អ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់មតិ​ត្រូវ​បាន​ស្នើ​ឲ្យ​ចាត់​ចំណាត់​ថ្នាក់​ពី​លេខ​១ រហូត​ដល់​១០ ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រទេស​ចិន ដោយ​លេខ​១ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​អវិជ្ជមាន​បំផុត និង​លេខ​១០ វិជ្ជមាន​បំផុត។ ការ​ស្ទង់​មតិ​បាន​រកឃើញ​ថា ទ្វីប​ដែល​ការ​ផ្សព្វផ្សាយ​អំពី​ចិន​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​ជាង​គេ​គឺ​ អឺរ៉ុប ដោយ​ទទួល​បាន​ពិន្ទុ ៦.៣ ខណៈ​ទ្វីប​អាមេរិក​ខាងជើង​ឃើញ​មាន​ការ​ប្រែប្រួល​អវិជ្ជមាន​ជាង​គេ​ ដោយ​ទទួល​បាន​ពិន្ទុ ៣.៥។

​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​យល់ឃើញ​ជា​វិជ្ជមាន​ភាគច្រើន​នៅ​ទ្វីប​អាហ្វ្រិក ដែល​ពាក់​កណ្តាល​នៃ​អ្នក​ឆ្លើយតប​នឹង​ការ​ស្ទង់មតិ​ពណ៌នា​ថា ឥទ្ធិពល​នេះ​មាន​ប្រយោជន៍ ហើយប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដែល​ឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ ​បាន​រាយការណ៍​ពី​វត្តមាន​របស់​ចិន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន។

លោក Dear និយាយ​ថា ចិន​«កំពុង​តែ​ប្រឹងប្រែង និង​ប្រើប្រាស់​ធនធាន​ផ្សេងៗ​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​ព្យាយាម​កែប្រែ​ការ​យល់ឃើញ​អំពី​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ» ដោយ​រួម​មាន​ ការ​ដាក់​សម្ពាធ​ពី​អគ្គ​រដ្ឋ​ទូត និង​ប្រេសិត ការ​ផ្តល់ការ​ហ្វឹកហ្វឺន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ផ្តល់​កិច្ចសន្យាការងារ​ដែល​មាន​ប្រាក់​ចំណូល​ដ៏​ទាក់ទាញ និងការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ព័ត៌មាន​ដោយ​សេរី​សម្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច។ ការ​ធ្លាក់​ចុះ​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កាន់​តែ​ធ្វើ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយផ្សេងៗ​នៅ​លើ​សាកលលោក​រួម​តូច។ ​

​ស្រប​ពេល​ដូច​គ្នា​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វះស្វែង​ដាក់​កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​ខាង​ក្នុង​ប្រទេស​ចិន ដោយ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន ឬ​បណ្តេញ​អ្នក​សារព័ត៌មាន​ចេញ​ពី​ប្រទេស។ ចំណាត់ការ​នេះ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​កំហិត​លើ​ទិដ្ឋាការ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​មក​លើ​បុគ្គលិក​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​ចំនួន​៥ ដែល​រួម​មាន​ ទីភ្នាក់ងារ​សារព័ត៌មាន Xinhua ផងដែរ ហើយ​និយ័តករ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​អង់គ្លេស​ឈ្មោះ​កាត់​ថា Ofcom បាន​ដក​ចេញ​នូវ​បណ្តាញ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ CGTN របស់​រដ្ឋ​ចិន ដោយ​និយាយ​ថា អ្នក​កាន់​អាជ្ញាបណ្ណ​សម្រាប់​បណ្តាញ​ផ្សព្វផ្សាយ​នេះ​មិន​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​ការ​ផ្សាយ​ខ្លឹមសារ​លើ​បណ្តាញ​ផ្សព្វផ្សាយ​នេះ។ និយ័តករ Ofcom របស់​អង់គ្លេសមាន​តួនាទី​ត្រួត​ពិនិត្យ​លើ​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​វីដេអូ​បញ្ជា​ទិញ ក៏​ដូចជា ប្រព័ន្ធ​ទូរស័ព្ទអចល័ត និង​ចល័ត​ផង​ដែរ។

រូបឯកសារ៖ ប្រជាជន​កាន់​កាសែត Apple Daily ខណៈ​ដែល​ពួកគេ​តវ៉ា​ប្រឆាំង​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ ហុង កុង ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០។

​លោក​ Dear បាន​ថ្លែង​ថា៖ «ទោះបីជា​ពេល​ខ្លះ​មាន​ការ​ប៉ុនប៉ងពី​ចិន​ដើម្បី​ជះ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សាកលលោក​ក៏​ដោយ ក៏​ការ​ប៉ុនប៉ង​ទាំង​នោះមាន​គោល​បំណងចម្បង​គឺ​ព្យាយាម​ជំរុញ​ការ​កើនឡើង​នូវ​អំណាចផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន (ដោយ​រៀបរាប់) ពី​រឿងរ៉ាវ​មួយ ដោយ​សំដៅ​ចំៗ​មក​លើ​រដ្ឋាភិបាល​ចិន»។

ក្រសួង​ការ​បរទេស​ចិន​បាន​ការពារ​ការ​ពង្រឹង​ការ​ឈោង​ចាប់​របស់​រដ្ឋាភិបាល​ចិន​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។ លោក​ស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​លើ​សាកលលោក និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​ជាង​គេ​បង្អស់ «ពិត​ណាស់​យើង​ត្រូវ​មាន ហើយ​យើង​ត្រូវ​ទទួល​បាន» កន្លែង​មួយ​នៅ​ក្នុង​បរិបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ»។ ​

លោក​ស្រី Hua បាន​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារតាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត​លើ​ប្រទេសចិន​ក្រោម​បរិក្ខារ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ» ដោយ​បន្ថែម​ថា ​ចិន​មិន​ដែល​ចាត់​គោល​ដៅ​វាយប្រហារ​លើ​បណ្តា​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។​

លោកស្រី Hua បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក «បាន​អនុម័ត​ថវិកា​៣០០​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី «ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​លើ​សកលលោក»។ លោកស្រី Hua បាន​សំដៅ​ទៅ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១ ដែលព្រឹទ្ធសភា​អាមេរិក​តាក់តែង​ឡើង «ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។ ​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​សំដៅ​ទៅ​ភាព​ខុសគ្នា​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដូចជា​ព័ត៌មាន CGTN និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​មាន​ឯករាជ្យភាព​ផ្នែក​ខ្លឹមសារ​ដូចជា ទីភ្នាក់ងារ​ព័ត៌មាន BBC របស់​ចក្រភព​អង់គ្លេស និង​ Deutsche Welle របស់​អាល្លឺម៉ង់។ ទីភ្នាក់ងារ​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​បណ្តាញ​ដៃ​គូ​ផ្សេងៗ​របស់​ខ្លួន​រួមមាន​ វិទ្យុ​អឺរ៉ុប​សេរី ឬ​វិទ្យុ​សេរីភាព (RFE/RL) ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សភា​អាមេរិក ប៉ុន្តែ​ត្រូវ​បាន​ផ្តល់​ឯករាជ្យ​ភាព​ផ្នែក​ផ្សាយ​ពី​ការ​លូកដៃ​ចូល​ផ្នែក​នយោបាយ​ណា​មួយ។​

លោក Dear បាន​ថ្លែង​ថា ប្រទេស​ទាំង​អស់​នឹង​ត្រូវ «ប្រើ​ឥទ្ធិពល​ផ្នែក​បញ្ចុះបញ្ចូល​ក្នុង​កម្រិត​ណា​មួយ ដែល​ភាគច្រើន​មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​លើក​កម្ពស់គោលជំហរនយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​លើ​ពិភពលោក។ ​នេះ​ជា​អ្វី​ដែល​ចិន​កំពុង​ធ្វើ ហើយ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​អំណាច​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ»។

លោក Dan Garrett អតីត​អ្នក​វិភាគ​ផ្នែក​ស៊ើបការណ៍​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់ VOA ថា​ការ​រាតត្បាត​ជំងឺ​ជា​សាកល​បាន​ផ្តល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ផ្សព្វផ្សាយ​លើក​កម្ពស់​ពី​ប្រព័ន្ធ​សង្គម​និយម និង​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តថា​មាន​ឧត្តមភាព​ជាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ តម្លៃ​ជា​សាកល និង​សេរីភាព​ របស់​បស្ចិម​លោក»។

លោក​បាន​បន្ថែម​ថា៖ «អ្នក​អាច​ឃើញ​យុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មាន​មួយ​បែប​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​មាន​គោលដៅ​បន្ទាប​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​លោក​ថា​ លម្អៀង រើសអើង​ពូជសាសន៍ និង​ប្រឆាំងចិន»។

នៅក្នុង​ប្រទេស​ទាំងអស់​លើកលែង​តែ​បី​ប្រទេស​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ ចិន​បាន​ផ្តល់​ជំនួយ​ចំពោះ​វិបត្តិ​រាតត្បាត​ជំងឺ​ គ្រឿងប្រដាប់​ផ្នែក​សុខាភិបាល និង​គ្រឿងសម្ភារៈ​ការពារ​ខ្លួន។ របាយការណ៍​របស់​សហព័ន្ធ​រក​ឃើញ​ថា ជារឿយៗ​ គ្រឿង​សម្ភារៈ​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​ពណ៌នា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ជា​ការ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺ​ត្រូវ​បាន​ទិញ​ពី​ចិន​ដោយ​រដ្ឋាភិបាល​ប្រទេស​នានា។

នៅប្រទេស​ស៊ែប៊ី រដ្ឋាភិបាល​បាន​សម្រប​ខ្លួន​ជាមួយ​ចិន​ ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ខ្លួន​អំឡុង​ពេល​ជម្លោះកូសូវ៉ូ​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ការ​ទម្លាក់​គ្រាប់បែកដោយ​អង្គការ​អូតង់​ទៅ​លើ​ទី​តាំង​ឈរ​ជើង​របស់​ស៊ែប៊ី​ក្នុង​ខេត្ត​កូសូវ៉ូ នៃ​ប្រទេស​យូហ្គោស្លាវី។

របាយការណ៍​របស់​សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ​បាន​លើក​ឡើង​ថា កាល​ពីគ្រា​ដើម​នៃ​វិបត្តិការ​រាតត្បាត​ជំងឺ រដ្ឋមន្ត្រីការ​បរទេស​ស៊ែប៊ី​លោក Ivica Dacic បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៉េកាំង ដោយ​និយាយ​ថា៖ «អ្នក​មិន​ខ្លាច​គ្រាប់​បែក​របស់​អង្គការ​អូតង់​ទេ។ ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​បង្ហាញ​ថា យើង​មិន​ខ្លាច​វីរុស​នេះ​នោះ​ទេ»។

រូបឯកសារ៖ វ៉ាក់សាំង Sinopharm របស់​ចិន​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ដាម៉ាស ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ចិន​ក៏​បាន​ផ្តល់​គ្រឿង​សម្ភារៈ និង​វ៉ាក់សាំង​មួយ​ភាគ​ធំ​ទៅ​ឲ្យ​ប្រទេស​ស៊ែប៊ី​ផង​ដែរ។ ​កាល​ពី​ខែ​មេសា នាយក​រដ្ឋមន្ត្រី​ស៊ែប៊ី​លោកស្រី Ana Brnabic បាន​និយាយ​ថា​ប្រទេស​សែប៊ី​បាន​ទទួល​វ៉ាក់សាំង​ Sinopharm ផលិត​នៅ​ចិន​ចំនួន​ប្រមាណ ២,៥ លាន​ដូស និង​វ៉ាក់សាំង​តិច​ជាង​មួយ​លាន​ដូស​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដទៃ​ទៀត​សរុប​ចូល​គ្នា។

​លោក Dinko Gruhonjic ការីនិពន្ធនាយក​នៃ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ VOICE របស់​ស៊ែប៊ី និង​ជា​នាយក​ផ្នែក​កម្មវិធី​នៃ​សមាគម​អ្នក​សារព័ត៌មាន​ឯករាជ្យ Vojvodina បាន​និយាយ​ថា ឥទ្ធិពល​របស់​ចិន និង​ការ​គាំទ្រ​ពី​ក្រោយ​ដោយរដ្ឋាភិបាល​ក្រុង​ប៊ែល​ក្រាដ​ «គឺ​មាន​ដោយ​ឥត​សង្ស័យ​ឡើយ»។

លោក​ Gruhonjic បាន​ថ្លែង​ប្រាប់​VOA​ថា៖ «និយាយ​ឲ្យ​ស្រួល​ទៅ​គឺ​ជា​ការ​ឃោសនាផ្លូវការ​មួយ ដែល​អះអាង​ថា សហភាព​អឺរ៉ុប និង​បស្ចិម​លោក​បាន​បោះបង់​ចោល​ស៊ែប៊ី​នៅ​ពេល​ចាំ​បាច់។ ហើយ​ប្រទេស​នេះ​អាច​នឹង​ដួល​រលំ​ប្រសិន​បើ​មិន​មាន​ជំនួយ​ពី​«បងប្អូន​ចិន» ដែល​ផ្តល់​សម្ភារៈ​ផ្នែក​អនាម័យ វ៉ាក់សាំង និងជំនួយ​ជា​មធ្យោបាយ​ដទៃ​ទៀត»។

លោក​បាន​បន្ត​ថា៖ «នេះ​ជា​ភាសា​ដែល​គេ​និយាយនៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ភាគច្រើន ហើយ​ផ្ទាំង​បាណូ​ធំៗ​ត្រូវ​បាន​ដាក់​ជុំវិញ​ក្រុង​ប៊ែលក្រាដ​ដើម្បី​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រជាជន​ស៊ែប និង​ប្រជាជន​ចិន»។

ផ្ទាំង​ប៉ាណូ​បាន​ដាក់​បង្ហាញ​ឡើង​នៅ​ក្រុង​ប៊ែលក្រាដ​កាល​ពី​ឆ្នាំ​មុន ដោយ​សរសេរ​ថា៖ «សូម​ថ្លែង​អំណរគុណ បង Xi»។ ផ្ទាំង​ប៉ាណូ​ទាំង​នោះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​កាសែត​គាំទ្រ​ដោយ​រដ្ឋ។ នេះ​បើ​យោង​តាម​វិទ្យុ​អឺរ៉ុប​សេរី។​

សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ​រាយការណ៍​ថា រដ្ឋាភិបាល​ស៊ែប៊ី​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​គ្រប់គ្រង​សឹង​តែ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស។

លោក Gruhonjic បាន​និយាយ​ថា៖ «សាធារណជន​ស៊ែប​ទទួល​យក​ការ​ភាសា​តាម​ការផ្សព្វផ្សាយ​ និង​ការ​ឃោសនា​ទាំង​នោះ។ ពួកគេ​ភាគច្រើន​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​បណ្តាញ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ថា សម្ព័ន្ធមិត្ត​របស់​ស៊ែប៊ី​គឺ​នៅ​ភាគ​បូព៌ា​នៃ​ពិភពលោក ហើយ​សត្រូវ​គឺ​នៅ​បស្ចិមលោក»។

ក្រៅ​ពី​កត់​សម្គាល់​ពី​កំណើន​វត្តមាន​ចិន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន ជាង​៨០​ភាគរយ​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​ស្ទង់មតិ​ទូទាំង​ពិភពលោក​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ផ្តល់​ព័ត៌មាន​ខុស​ពី​ការ​ពិតតាម​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក Garrett ប្រចាំ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Securing Tianxia បាន​និយាយ​ថា ចិន រុស្ស៊ី និង​ប្រទេស​ដទៃ​ទៀត «ពឹងផ្អែក​លើ​ភាព​អសមត្ថភាព​របស់​ពលរដ្ឋ​ជា​បុគ្គល និង​អ្នក​អាន​ព័ត៌មាន​ ឬ​កង្វះ​ខាត​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការវាយតម្លៃ​លើ​ប្រភព​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយដើម្បី​អាច​ដឹង​រឿងរ៉ាវ​ពេញលេញ​ពី​ប្រភព​ផ្សេង​គ្នា»។

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​ផ្ទាំង​ប៉ាណូ​មួយ​ដែល​សរសេរ​ថា «សូម​ថ្លែង​អំណរគុណ បង​ Xi» ​ក្នុង​ទីក្រុង​ប៊ែលក្រាដ ប្រទេស​ស៊ែកប៊ី កាល​ពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​បញ្ហា​ប្រឈម​ខ្លាំង​មួយ​សម្រាប់​អ្នក​ទទួល​ព័ត៌មាន​ជា​មធ្យម»។

របាយការណ៍​របស់​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​បាន​រក​ឃើញ​ថា ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​មើល​ក្នុង​រូបភាពវិជ្ជមាន​នៅ​អាហ្វ្រិក​ជាង​បណ្តា​ទ្វីប​ណា​ទាំងអស់។

ចិន​បាន​ផ្តល់​ជា​ខ្លឹមសារ​ព័ត៌មាន​សម្រាប់​ផ្សព្វផ្សាយ ការ​ហ្វឹកហ្វឺន និង​ធនធាន​ផ្សេងៗ​ទៅ​ឲ្យ​ប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក ជា​ទី​ដែល​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​កំពុង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច។

លោក Eric Oduor អគ្គលេខាធិការ​នៃ​សហជីព​អ្នកសារព័ត៌មានកេនយ៉ា បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ចិន​ពិត​ជា​វិនិយោគ​យ៉ាងខ្លាំង​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាហ្វ្រិក ហើយ​ជា​ពិសេស​នៅ​កេនយ៉ា ដើម្បី​ពួកគេ​អាច​មាន​ស្ថាប័ន​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន»។ ​

​របាយការណ៍​កាល​ពី​គ្រា​មុន ដោយ​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​បាន​រកឃើញ​ថា នៅ​ប្រទេស​កេនយ៉ា ភាគច្រើន​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​មាន​កិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​រវាង​គ្នា រួម​មាន​ទាំង​បណ្តាញ​ផ្សព្វផ្សាយ​ Kenya Broadcasting Cooperation ផងដែរ​ ដែល​មាន​បន្ទប់​ស្ទូឌីយោ​ដ៏​ប្រណីត​ទាន់​សម័យ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ចិន។

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន CGTN និង​ Xinhua មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ជា​ទី​ដែល​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​ពីរ​នេះ​បាន​បង្កើត និង​ចែករំលែក​ព័ត៌មាន​ជាមួយ​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក Oduor បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ជឿ​ថា មាន​ការ​រំពឹង​ណា​មួយ​ ដែល​ក្រុម​អ្នកសារព័ត៌មាន​ត្រូវ​គោរព​តាម​នោះ​ទេ»។ នៅ​ពេល​មន្ត្រី​ចិន​នានា​មក​ប្រទេស​កេនយ៉ា ដូចជា​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Xi Jinping «ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល និង​ធ្វើការ​ជាមួយ​នឹង​ក្រុម​អ្នកសារព័ត៌មាន ក៏ដូចជា​អ្នក​ចាត់ចែង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កន្លែង​ផ្សាយ​ព័ត៌មាន​ខ្លួន​ឯង»។

​អ្នកស្រី Maria Repnikova ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​គមនាគមន៍​សាកល​នៅ​សាកលវិទ្យាល័យ Georgia State University ជា​ទី​ដែល​អ្នកស្រី​ផ្តោត​លើ​គមនាគមន៍​ផ្នែក​នយោបាយ​របស់​ចិន រួម​មាន សារព័ត៌មាន​បែប​រិះគន់ ការ​ឃោសនា ហើយ​នា​ពេល​ថ្មីនេះ យុទ្ធនាការ​ប្រើប្រាស់​ឥទ្ធិពល​ទាក់ទាញរបស់​ចិន​នៅ​ប្រទេស​អេត្យូពី។

អ្នកស្រី​បាន​និយាយ​ថា ​ការ​ព្យាយាម​របស់​ចិន​ដើម្បី​ជះ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ ប៉ុន្តែ​រឿង​សំខាន់​គឺ​កំណត់​នូវ​គោលបំណង​នៃ​ការ​ព្យាយាម​នោះ។

​អ្នកស្រី Repnikova បាន​ថ្លែង​ថា៖ «(ចិន) គឺ​ជា​សំឡេង​យ៉ាង​សំខាន់ និង​មាន​ឥទ្ធិពល​មួយ​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា សំឡេង​នេះ​មិន​គួរ​មិនត្រូវ​ស្តាប់​នោះ​ទេ។ ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​បែងចែក​រវាង​បែបផែន​ផ្សេងគ្នា​នៃ​ប្រតិបត្តិការ​ផ្នែក​ព័ត៌មាន ជា​ពិសេស​រវាង​ប្រតិបត្តិការ​បែប​បង្ខិតបង្ខំ​ ដូចជា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត និងព័ត៌មាន​ជា​ទូទៅ​ដូចជា ព័ត៌មាន​អន្តរជាតិ​ជា​ដើម»។

សម្រាប់​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ ការ​រក​ឃើញរបស់​ខ្លួន​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ព័ត៌មាន​ឯករាជ្យ និង​ការ​យល់​ដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​ការ​ជួយជ្រោមជ្រែង​អ្នក​ចាត់ការ​ទូទៅ​ផ្នែក​ព័ត៌មាន​ឲ្យ​យល់​ដឹង​ពី​ក្រមសីលធម៌​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​ពី​ចិន។

​លោក Dear នៃ​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ​ បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​កំពុង​ឃើញ​នៅ​ទីនេះ​គឺ​ជា​ភាសា​លើកឡើង​ចំៗ មិន​ថា អំពី​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ មិន​ថា​ អំពី​វីរុស​កូរ៉ូណា មិនថា​ អំពី​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ មិន​ថា​ អំពី​សមុទ្រ​ចិន​ខាង​ត្បូង។ ទាំង​នេះ​ជាបញ្ហា​ដែល​មាន​សារៈសំខាន់​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​សម្រាប់​ចិន។ នេះ​ជា​ហេតុផល​ដែល​សារព័ត៌មាន​មាន​សារៈសំខាន់.. គឺ​មិនមែន​គ្រាន់​តែ​ទទួល​យក​នូវ​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​នោះ​ទេ។ សារព័ត៌មាន​គឺ​ត្រូវ​ចោទ​សួរ​រដ្ឋាភិបាល​នោះ ហើយ​ផ្តល់​ឱកាស​សម្រាប់​ទស្សនៈ​ផ្សេងៗ​ទៀត»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា