ចិន​ប្រើ DeepSeek AI ដើម្បី​ឈ្លបមើល​និង​វាយ​ប្រហារ​ផ្នែក​ព័ត៌មាន​លើ​អាមេរិក

រូបឯកសារ៖ រូបសញ្ញា Deepseek ត្រូវបានគេមើលឃើញនៅក្នុងរូបភាពដែលបានថតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

សហរដ្ឋ​អាមេរិក​ប្រហែល​ជា​ក្លាយជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ហាមឃាត់​បច្ចេកវិទ្យាAIរបស់​ក្រុមហ៊ុន DeepSeek របស់​ចិន​លើ​ឧបករណ៍​អេឡិចត្រូនិក​នានា​របស់​រដ្ឋាភិបាល។

សមាជិក​រដ្ឋសភា​អាមេរិក​លោក Josh Gottheimer ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Darin LaHood បាន​ស្នើ​ច្បាប់​មួយ​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​ដើម្បី​ហាមឃាត់​បច្ចេកវិទ្យា AI របស់​ក្រុមហ៊ុន DeepSeek នេះ។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​អភិបាល​រដ្ឋ​សហរដ្ឋ​អាមេរិក​ចំនួន ៤៧ និង​អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ទាំងពីរ​បាន​ព្រមាន​ថា ក្រុមហ៊ុន DeepSeek អាច​បង្ក​ហានិភ័យ​ផ្នែក​សន្តិសុខ​ចំពោះ​ទិន្នន័យ​រសើប​នានា​របស់​រដ្ឋាភិបាល សន្តិសុខ​អ៊ីនធឺណិត និង​ឯកជនភាព​របស់​ពលរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ NBC កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា។

ប្រទេស​ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។ ទោះជា​យ៉ាងនេះ​ក្ដី អ្នក​ជំនាញ​ថា ក្ដី​បារម្ភ​ដែល​សមាជិក​រដ្ឋសភា​អាមេរិក​និង​មន្ត្រី​ថ្នាក់​រដ្ឋ​លើកឡើង​គឺ​មិន​មែន​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះទេ។

រដ្ឋាភិបាល​ចិន​ត្រូវគេ​រាយការណ៍​ថា​ក៏​បាន​ប្រើ​គំរូ AI ដូចជា DeepSeek ជាដើម​ដើម្បី​ឈ្លប​យកការណ៍​ទ្រង់ទ្រាយ​ធំ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រមូល​ទិន្នន័យ​ជីវមាត្រ​និង​ប្រព័ន្ធ​វិភាគ​កិច្ច​សន្ទនា​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ដែល​រាយការណ៍​ទៅកាន់​ទីភ្នាក់ងារ​សន្តិសុខ​និង​យោធា​របស់​ប្រទេស​ចិន ក៏ដូចជា​ដើម្បី​វាយ​ប្រហារ​ផ្នែក​ព័ត៌មាន​លើ​ពលរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​ចិន​នៅ​បរទេស​ផងដែរ។

ក្រុមហ៊ុន​ផ្នែក​ឈ្លប​យកការណ៍​និង​សន្តិសុខ​ធំៗ​របស់​ចិន​យ៉ាងតិច ៣ ដែល​នោះ​គឺ​ក្រុមហ៊ុន TopSec ក្រុមហ៊ុន QAX និង​ក្រុមហ៊ុន NetEase បាន​ប្រកាស​អំពី​ការ​បញ្ចូល​បច្ចេកវិទ្យា AI របស់​ក្រុមហ៊ុន DeepSeek នេះ​ ដើម្បី​ធ្វើឲ្យ​សេវាកម្ម​របស់​ខ្លួន​មាន​ភាព​ប្រសើរ​ជាងមុន។

ក្រុមហ៊ុន​ទាំង ៣ នេះ​ផ្ដល់​សេវាកម្ម​ដល់​រដ្ឋាភិបាល​ចិន ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា DeepSeek នឹង​ជួយ​ធ្វើឲ្យ​សមត្ថភាព​ត្រួតពិនិត្យ​និង​ឈ្លបមើល​តាម​អ៊ីនធឺណិត​មាន​ភាព​ប្រសើរឡើង។ នេះ​គឺ​រួម​ទាំង​ការ​ចាប់​ទិន្នន័យ​ជីវមាត្រ​ដែល​នាំមុខ​ដោយ AI បច្ចេកវិទ្យា​ចាប់​សញ្ញា​មុខ​និង​ឃ្លាំមើល​ដូចជា «smart cities» គម្រោង Skynet និង​គម្រោង Xueliang ផងដែរ ដែល​អាច​តាមដាន​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​សាធារណៈ​របស់​បុគ្គល​នីមួយៗ​បាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​លោក Wenhao Ma នៃ VOA សេវា​ភាសាចិន។

កាលពី​ខែ​មករា ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Feroot Security របស់​កាណាដា​បាន​រកឃើញ​កូដ​បង្កប់​នៅក្នុង​ដំណើរការ​ចូល​ប្រើ​អនឡាញ​របស់ DeepSeek ដែល​ចែកចាយ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ជាមួយ​នឹង​ក្រុមហ៊ុន China Mobile ដែល​ជា​ក្រុមហ៊ុន​ទំនាក់ទំនង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​បញ្ជាក់​ថា កូដ​នោះ​គឺជា«ភាសា​កូដ​កុំព្យូទ័រ​ដ៏​ស្មុគស្មាញ​បំផុត​ដែល​នៅ​ពេល​ដែល​ផ្លាស់ប្ដូរ​មក​ជា​ភាសា​ធម្មតា​វិញ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនាក់ទំនង​ទៅ​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន China Mobile»។

សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​ក្រុមហ៊ុន China Mobile នេះ​នៅ​ក្នុង​ឆ្នាំ ២០១៩ បន្ទាប់ពី​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​បង្ហាញ​ថា​ក្រុមហ៊ុន​នេះ​ដើរតួ​ជា​ដៃ​ចារកម្ម​របស់​យោធា​ចិន។

តួអង្គ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​កំពុង​ប្រើ​កម្មវិធី ChatGPT ជាមួយ​នឹង​គំរូ​នានា​របស់ DeepSeek ដើម្បី​បង្កើត​អ៊ីមែល​បោកប្រាស់​និង​ការ​វាយ​ប្រហារ​បែប​ព័ត៌មាន​ប្រឌិត​លើ​សហរដ្ឋ​អាមេរិក«តាងនាម​ឲ្យ​អតិថិជន​មិន​ជាក់ច្បាស់​នៅ​ក្នុង​ប្រទេស​ចិន»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន OpenAI នៅ​ក្នុង​របាយការណ៍​ខែ​កុម្ភៈ​របស់​ខ្លួន។

ក្រុមហ៊ុន OpenAI បាន​កំណត់​និង​រារាំង​បណ្ដុំ​ទំព័រ​អនឡាញ​ផ្ទាល់ខ្លួន​ជាច្រើន​ដែល​មាន​ប្រភព​នៅ​ប្រទេស​ចិន​ដែល​ពាក់ព័ន្ធ​នៅក្នុង​សកម្មភាព​ទុច្ចរិត​នានា​ដូចជា Qianyue Overseas Public Opinion AI Assistant ជាដើម ដែល​គេ​បាន​រាយការណ៍​ថា​ត្រូវបាន​តាក់តែង​ឡើង​ដើម្បី​ស្រូបយក​និង​វិភាគ​លើ​សារ​បង្ហោះ​និង​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន​នៅ​លើ​វេទិកា​អនឡាញ​នានា​ដូចជា X, Facebook, YouTube, Instagram, Telegram និង Reddit ជាដើម។

គោល​បំណង​នៃ​ប្រតិបត្តិការ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ដើម្បី«ផ្ដល់​នូវ​ការ​យល់ដឹង​ជ្រៅជ្រះ​ដល់​អាជ្ញាធរ​ចិន»ដូចជា«ស្ថានទូត​ចិន​នៅ​បរទេស​និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​តាមដាន​មើល​ការ​តវ៉ា​នៅ​តាម​បណ្ដា​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​ជាដើម»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន OpenAI។

ទំព័រ​ផ្ទាល់ខ្លួន​របស់ ChatGPT ជាច្រើន​ដែល OpenAI បាន​ហាមឃាត់​កាលពី​ខែ​កុម្ភៈ​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រតិបត្តិការ​ជះ​ឥទ្ធិពល​របស់​ចិន​ដែល​ផ្ដោត​លើ​ការ​បង្កើត​មតិ​ខ្លីៗ​ជា​ភាសា​អង់គ្លេស​និង​អត្ថបទ​វែងៗ​ជា​ភាសា​អេស្ប៉ាញ​រិះគន់​លើ​សហរដ្ឋ​អាមេរិក​ដែល​ចេញផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​និង​ថ្នាក់​ជាតិ​នៅ​ទូទាំង​តំបន់​អាមេរិក​ឡាទីន​និង​ប្រទេស​អេស្ប៉ាញ។

ក្រុមហ៊ុន​ចិន​មួយ​ដែល​ផ្សាយអត្ថបទ​ទាំងនេះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អេស្ប៉ាញ​គឺ​ក្រុមហ៊ុន Jilin Yousen Culture Communication Co. ដែល​ជា​សាខា​របស់​រោងពុម្ព Beijing United Publishing House ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។

VOA បាន​ពិនិត្យ​មើល​អត្ថបទ​ចំនួន ៩ ជា​ភាសាអេស្ប៉ាញ​ដែល​បង្កើត​ឡើង​ដោយ AI របស់​ចិន​រវាង​ខែ​តុលា​និង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ដូច​ដែល​ក្រុមហ៊ុន OpenAI បាន​កំណត់។

អត្ថបទ ២ ក្នុង​ចំណោម​នោះ​ដែល​បោះពុម្ព​នៅ​ក្នុង​កាសែត El Universal ក្នុង​ប្រទេស​ម៉ិកស៊ិក​និង​កាសែត El Popular ក្នុង​ប្រទេស​ប៉េរូ បាន​រិះគន់​ការ​ប្រើប្រាស់​របស់​សហរដ្ឋ​អាមេរិក​នូវ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​បុគ្គល​បរទេស។

អត្ថបទ​បញ្ចេញ​មតិ​នៅ​ក្នុង​កាសែត El Universal បាន​បញ្ជាក់​ថា ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ឧស្សាហកម្ម​ប្រេង​ឥន្ធនៈ​របស់​អ៊ីរ៉ង់​សម្រាប់​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​លើ​ក្រុម​ភេរវកម្ម​ហាម៉ាស់​និង​ក្រុម​ភេរវកម្ម​ហេសបូឡា​គឺ​ជា​ការ​បង្ហាញ​នូវ«ភាព​គ្មាន​សមត្ថភាព»របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​នយោបាយ​សាកល​និង«ការ​ធ្លាក់ចុះ​យ៉ាង​លឿន»នៃ«គោល​សីលធម៌»របស់​ខ្លួន។

ស្រដៀងគ្នា​នេះ​ដែរ កាសែត El Popular បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុម​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ហាម៉ាស់​ថា«មិន​សមហេតុផល»និង​ជា«ការ​វាយ​ប្រហារ​លើ​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន»។

អត្ថបទ​មួយ​នៅ​ក្នុង​កាសែត La Republica របស់​ប្រទេស​ប៉េរូ​បាន​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ធំ​បំផុត​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដូច​ទៅ​នឹង​ការ​លើកឡើង​ដ៏​ចម្បង​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែរ។ អត្ថបទ​នេះ​បាន​រិះគន់​សហរដ្ឋ​អាមេរិក​ថា​បាន​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ដោយ​ថា​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺជា​ការ​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​រីក​រាលដាល។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​ផ្ដល់​បច្ចេកវិទ្យា​យោធា​និង​សព្វាវុធ​ដ៏​ចម្បង​ដល់​រុស្ស៊ី ដែល​រុស្ស៊ី​ប្រើ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​អ៊ុយក្រែន។

អត្ថបទ​មួយ​ទៀត​ដែល​សាបព្រោះ​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​កាសែត La Republica បាន​ហៅ​គោល​នយោបាយ​ពន្ធគយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថា«ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជំហរ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក»។

អត្ថបទ ៣ នៅ​ក្នុង​កាសែត Wapa កាសែត El Popular និង​កាសែត El Plural បាន​កេង​ចំណេញ​លើ​បញ្ហា​ភាព​គ្មាន​ផ្ទះ​សម្បែង​រស់នៅ អាហារូបត្ថម្ភ​កុមារ និង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​បង្ហាញ​ឡើង​ថា​បញ្ហា​ទាំងអស់​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​ខ្លាំង។

ជា​ឧទាហរណ៍ អត្ថបទ​អំពី​អាហារូបត្ថម្ភ​កុមារ​នោះ​បាន​អះអាង​ថា​កុមារ​ភាគច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក«គ្មាន​អាហារ​បរិភោគ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​និង​ថ្ងៃ​ឈប់​សម្រាក»ដោយសារតែ​កង្វះ​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​សន្តិសុខ​ម្ហូប​អាហារ​របស់​កុមារ។

ទោះបីជា​ប្រធានបទ​នៃ​អត្ថបទ​ទាំងនេះ​មាន​ផ្សេងៗ​គ្នា​តាំងពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សង្គម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​ដល់​បញ្ហា​នយោបាយ​ក្នុង​និង​ក្រៅ​ប្រទេស​ក៏ដោយ ក៏​អត្ថបទ​ទាំងអស់​នេះ​បាន​បង្ហាញ​នូវ​រូបភាព​នៃ​ប្រទេស​មួយ​ដែល​មិន​ដំណើរការ​ត្រឹមត្រូវ​ដែល​មាន​ការ​ធ្លាក់ចុះ​នូវ​គុណតម្លៃ​សីលធម៌​និង​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នេះ​គឺ​ដូច​ការ​លើកឡើង​ជា​ទូទៅ​របស់​រដ្ឋាភិបាល​ចិន៕

ប្រែសម្រួល​ដោយ​លោក​ ភី សុភាដា​