ចិន​និង​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហការ​ជាមួយ​គ្នា​កាន់​ស្អិត​ល្មួត​ថែម​ទៀត

លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា​ ចាប់​រលាក់​ដៃគ្នា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

ប្រទេស​កម្ពុជា​ និង​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នឹងជំរុញ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ ​ខណៈ​ដែល​មន្ត្រី​ដឹក​នាំ​ប្រទេស​ចិន​បាន​ទទូចជា​អាទិភាព​ឲ្យ​មាន​កិច្ច​សហការ​រវាង​ចិន​និង​សមាគម​អាស៊ាន។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើ​រ​ទស្សន​កិច្ច​របស់​លោក​យ៉ាង ជែឈី​ (Yang Jiechi) ​ទី​ប្រឹក្សា​រដ្ឋ​ចិនមក​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។​

លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក​ Yang ​នៅ​ល្ងាច​នេះ​ថា ​ប្រទេស​ទាំង​ពីរ​បាន​លើក​ផែន​ការ​កិច្ច​សហការ «គ្រប់​ជ្រុង​ជ្រោយ​និង​លើ​គ្រប់​វិស័យ»សម្រាប់​ឆ្នាំ​២០១៥។

«ចិនក៏បាន​សន្យា​ថា ​នឹង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ បង្កើន​ទេសចរ​និង​ការ​ហោះ​ត្រង់​មក​កម្ពុជា​ដើម្បី​នាំ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន​ ​ហើយ​ប្រទេស​ចិន​ក៏​បាន​កំណត់​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា​ពី​អតីត​កាល​ និង​ទៅ​មុខធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រជាជន»។

ការ​លើក​ឡើង​នេះ​ធ្វើឡើង​ក្រោយ​ពី​កិច្ច​ប្រជុំអន្តរ​រដ្ឋា​ភិបាល​លើក​ទី​២​នៃ​គណៈ​កម្មការ​សហ​ប្រតិបត្តិការ​កម្ពុជា​ និង​ចិន​នៅ​រសៀល​ថ្ងៃ​នេះ។​

លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ កម្ពុជា​និង​ចិន​បាន​សន្យា​នឹង​ជំរុញ​បណ្តូរ​ពាណិជ្ជ​កម្ម​ឲ្យ​ដល់​៥០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​ ​ហើយ​ប្រទេស​ចិន​ក៏​បានសន្យា​ទិញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ផង​ដែរ។​

ក្នុង​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​លើក​នេះ​ ប្រទេស​ទាំង​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំ​បី​ ក្នុង​នោះ​ រួម​មាន​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋ​កិច្ច ​និង​បច្ចេក​ទេស​ ដែល​មាន​ទឹក​ប្រាក់​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន​ចំនួន​៧០០​លាន​យន់​ ឬ​ស្មើ​នឹង​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ និង​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ដដែល​នេះ​តាម​រយៈ​ការ​ផ្តល់​កម្ចី​ដោយ​មិន​យក​ការ​ប្រាក់​ចំនួន​២០០​លាន​យន់​ ឬ​ស្មើ​នឹង​ប្រមាណ​ជា​៣២​លាន​ដុល្លារ​អាមេរិក។ ​បន្ថែម​ពី​នោះ​ទៀត​ក៏​មាន​កិច្ច​ព្រម​ព្រៀង​លើ​ផ្នែក​ការពារ​ជាតិ ​ផ្នែក​សន្តិសុខ ​អប់រំ​ផង​ដែរ។​

ប្រទេស​ចិន​ នៅ​ក្នុង​នោះ​ដែរ ​ក៏​បាន​សម្រេច​ផ្តល់​រថយន្ត​សង្គ្រោះ​សម្រាប់​មន្ទីរ​ពេទ្យ​នានា​ចំនួន២០០​គ្រឿង ​និង​ម៉ាស៊ីន​ឆ្លុះស្កែន​អ្នក​ជំងឺ​២០០​គ្រឿង​សម្រាប់​មន្ទីរពេទ្យ​នានា​នៅ​តាម​បណ្តា​ខេត្ត​និង​ស្រុក។​

លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​នេះ​ផង​ដែរ​ លោក​ Yang Jiechi​ បញ្ជាក់​ថា ​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ និង​កិច្ច​សហការ​រវាង​គណបក្ស​កាន់​អំណាច​ផង​ដែរ។​

«ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ពង្រឹង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គណបក្ស​កាន់​អំណាច។ ​ហើយ​ភាគី​ចិន​បាន​សន្យា​ថា ​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍ​ដល់​ភាគី​កម្ពុជា​តាម​លទ្ធភាព។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា​ ថ្ងៃ​ក្រោយ​ជំនួយ​របស់​ប្រទេស​ចិន​ផ្តោត​សំខាន់​ទៅ​លើ​គម្រោង​ដែល​ទាក់​ទង​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន»។​

សូម​បញ្ជាក់​ថា​ រយៈ​ពេល​ចុង​ក្រោយ​នេះ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍ​ដល់​កម្ពុជា​យ៉ាង​ច្រើន​ ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​មួយ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ស្រប​ពេល​ដែល​ចិន​កំពុង​ឈាន​មុខ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ៕