ចិន​រិះគន់​អាមេរិក​បន្ទាប់ពី​ស្ថានីយ​​អវកាស​​«ជិតប៉ះ»ជាមួយ​ផ្កាយរណប​​របស់​លោក Elon Musk

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ថ្លែងនៅក្នុងសន្និសិទ និងពិព័រណ៍ផ្កាយរណបនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០។ (AP)

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារបាន​ចោទ​ថា សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​សកម្មភាព​ក្នុង​អវកាស​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​និង​គ្មាន​សុវត្ថិភាព​ដោយសារ«ការជិត​ប៉ះគ្នា»ចំនួន​ពីរ​លើក​រវាង​ស្ថានីយ​អវកាស​ចិន​និង​ផ្កាយ​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន SpaceX របស់​លោក Elon Musk។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

Tiangong ដែល​ជា​ស្ថានីយ​អវកាស​ថ្មី​របស់​ចិន​ត្រូវ​ប្រើ​យុទ្ធ​បច្ចេកទេស​ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​ជាមួយ​ផ្កាយ​វិទ្យាសាស្ត្រ​មួយ​របស់​ប្រព័ន្ធ Starlink កាលពី​ខែ​កក្កដា ​និង​មួយទៀត​កាលពី​ខែ​តុលា។ នេះ​បើយោង​តាម​កំណត់​ហេតុ​របស់​ក្រុង​ប៉េកាំង​បញ្ជូន​ទៅ​ទីភ្នាក់ងារ​អវកាស​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ខែ​នេះ។

កំណត់​ហេតុ​បាន​សរសេរ​ថាឧបទ្ទវហេតុ​នេះ«អាច​នាំឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឬ​សុខភាព​របស់​អវកាស​យានិក​នៅ​លើ​ស្ថានីយ​អវកាស​ចិន» ។ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មានកាលពី​ថ្ងៃ​អង្គារ​ថា «សហរដ្ឋ​អាមេរិក​មិនអើ​ពើ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​តាម​សន្ធិសញ្ញា​អន្តរជាតិ ដោយ​បង្កការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​និង​សុវត្ថិភាព​របស់​អវកាសយានិក»។

ប្រព័ន្ធ Starlink នៃ​ក្រុមហ៊ុន SpaceX បញ្ជា​ផ្កាយ​វិទ្យាសាស្ត្រ​ជិត​២ពាន់​ដែល​មាន​បំណង​ផ្តល់​សញ្ញា​អ៊ីនធឺណិត​មក​កាន់​ផ្នែក​ភាគច្រើន​នៃ​ផែនដី។ SpaceX គឺ​ជា​ក្រុមហ៊ុន​ឯកជន​របស់​អា មេរិក​ដែល​ឯករាជ្យ​ពី NASA​ ដែល​ទីភ្នាក់ងារ​អវកាស​យោធា​និង​ស៊ីវិល​របស់​សហ​រដ្ឋ​អាមេ រិក។
ប៉ុន្តែ​ចិន​បាន​និយាយ​នៅ​ក្នុង​កំណត់​ហេតុ​បញ្ជូន​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​ថា សមាជិក​នៃ​សន្ធិ​សញ្ញា​អវកាស Outer Space Treaty ដែល​ជា​គ្រឹះ​នៃ​ច្បាប់​អវកាស​អន្តរជាតិ​ក៏​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​អង្គភាព​ក្រៅ​រដ្ឋាភិបាល​ដែរ។

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោកNed Price បាន​បដិសេធ​មិន​ឆ្លើយ​តប ជាពិសេស​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ចិន។ លោកPriceបាន​និយាយ​ថា «យើង​បាន​លើក​ទឹកចិត្ត​ប្រទេស​ទាំងអស់​ដែល​មាន​កម្ម​វិធី​អវកាស​ឲ្យ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​បញ្ចៀស​ទង្វើ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អវកាសយានិក អវកាសចរ មនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី»។

ក្រុមហ៊ុន SpaceX មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

លោក Jonathan McDowellមកពី​មជ្ឈមណ្ឌល​រូបវិទ្យា​តារាសាស្ត្រ​នៃ Harvard-Smithsonian​បាន​និយាយ​ថា យុទ្ធ​បច្ចេកទេស​គេច​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះទង្គិច​គ្នា​ក្នុង​លំហ​ត្រូវ​ប្រើ​កាន់​តែ​ញឹកញាប់​នៅ​ពេល​ដែល​វត្ថុ​កាន់តែ​ច្រើន​ក្នុង​គន្លង​ផែនដី។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFP ថា «យើង​ពិតជា​បាន​កត់​សម្គាល់​ឃើញ​កំណើន​នៃ​ការ​ហោះ​យ៉ាង​ជិត​គ្នា​ចាប់តាំង​ពី​ចាប់​ផ្តើម​ដាក់​ពង្រាយ​ប្រព័ន្ធStarlink»។

លោក McDowell បាន​បន្ថែមទៀត​ថា ការប៉ះទង្គិច​ទំនង​ជា​នឹង«បំផ្លាញ»ស្ថានីយ​អវកាស​ចិន​ទាំងស្រុង​និង​សម្លាប់​មនុស្ស​ទាំងអស់​នៅ​ទីនោះ។ ម៉ូឌុល​ស្នូល​នៃ​ស្ថានីយTiangong របស់​ចិន​ដែល​មាន​ន័យ​ថា «វិមាន​សួគ៌» បាន​ចូល​គន្លង​ផែនដី​នៅ​ដើម​ឆ្នាំ​នេះ ហើយរំពឹង​ថា នឹង​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ៕