ក្រុមអ្នកធ្វើការលើទូកនេសាទត្រីតៃវ៉ាន់បានត្រូវឃុំខ្លួនបន្ទាប់ពីទូកនេសាទរបស់ពួកគេត្រូវបានរឹបអូសយកដោយឆ្មាំការពារដែនសមុទ្រចិនខណៈដែលទូកនេសាទនោះកំពុងនេសាទនៅជិតកោះមួយដែលត្រួតត្រាដោយតៃវ៉ាន់។
ឆ្មាំការពារដែនសមុទ្រតៃវ៉ាន់បាននិយាយថាទូកនេសាទនោះបានត្រូវស្កាត់ចាប់ដោយនាវាចិនកាលពីយប់ថ្ងៃអង្គារនៅជិតប្រជុំកោះ Kinmen ដែលតាំងនៅចម្ងាយ៣ឬ៤ គីឡូម៉ែត្រនៅទល់មុខឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Xiamen។ ឆ្មាំការពារដែនសមុទ្រនោះនិយាយទៀតថាខ្លួនបានបញ្ជូននាវាយាមល្បាតទៅជួយទូកនេសាទនោះ ក៏ប៉ុន្តែ នាវាយាមល្បាតនោះត្រូវបានរារាំងដោយនាវាចិន៣គ្រឿង។ នាវាយាមល្បាតតៃវ៉ាន់ទាមទារឱ្យនាវាចិនដោះលែងទូកនេសាទនិងអ្នកធ្វើការលើទូកនេសាទនោះ ក៏ប៉ុន្តែបាននិយាយថាពួកគេត្រូវបានព្រមានដោយចិនកុំឱ្យជ្រៀតជ្រែក។ ឆ្មាំការពារដែនសមុទ្រតៃវ៉ាន់និយាយថាខ្លួនបានបញ្ចប់ការដេញតាមនោះដើម្បីបញ្ចៀសការរាលដាលនៃជម្លោះ។
ទូកនេសាទនោះបានត្រូវគេយកទៅកាន់កំពង់ផែនេសាទចិន។ អ្នកដើរទូកទាំង៥នាក់ រួមមានជនជាតិតៃវ៉ាន់២នាក់និងឥណ្ឌូនេស៊ី៣នាក់ផង៕