ចិន​ត្រូវ​គេ​មើល​ឃើញ​ថា​គាំទ្រ «របប​អាជ្ញាធិបតេយ្យ​បែប​ឌីជីថល» នៅ​អាមេរិក​ឡាទីន

រូបឯកសារ៖ ស្ត្រី​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ virtual reality ក្នុង​វេទិកា​ឌីជីថល​ឈីលី​នៅ​ឯ​សភា​ធុរកិច្ច​និង​បច្ចេកវិទ្យា​ឌីជីថល​អាមេរិក​ឡាទីន​ប្រចាំ​ឆ្នាំ​​លើក​ទី​៤ នៅ​ទីក្រុង Santiago ប្រទេស​ឈីលី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ (REUTERS/Ivan Alvarado)

បច្ចេកវិទ្យា​និង​ជំនាញការ​របស់​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យ​ប្រទេស​វ៉េណេស៊ុយអេឡា​និង​គុយបា​មាន​លទ្ធភាព​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​បំផុត​លើ​សារគមនាគមន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​អ្នក​ដឹង​រឿង​ផ្ទៃ​ក្នុង និង​ការ​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​ចំនួន។

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​និង​រដ្ឋាភិបាល​គុយបា​បាន​ចាត់វិធានការ​រាំងខ្ទប់​លទ្ធភាព​ចូល​ប្រព័ន្ធ អ៊ីនធឺណិត ជាង​រដ្ឋាភិបាល​ណាៗ​ទាំងអស់​នៅ​តំបន់​អាមេរិក​ឡាទីន។ នេះ​បើ​យោង​តាម​អង្គការ​តស៊ូមតិ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

អង្គការ Freedom House បាន​ចងក្រង​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា «របប​អាជ្ញាធិបតេយ្យ​បែប​ឌីជីថល» នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ចាប់​តាំងពី​ឆ្នាំ ២០១៨ មក។

លោក Anthony Daquin អតីត​ទីប្រឹក្សា​ផ្នែក​បញ្ហា​សន្តិសុខ​កុំព្យូទ័រ​នៃ​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ថ្លែង​ថា៖ «អ្នកណា​ដែល​ជឿ​ថា​នៅ​វ៉េណេស៊ុយអេឡា​មាន​ឯកជនភាព​ផ្នែក​ទំនាក់ទំនង​តាម​អ៊ីមែល បណ្តាញ Twitter, WhatsApp, Facebook និង Instagram គឺ​ជា​ការ​យល់​ខុស​ហើយ»។

លោក​បាន​បន្ថែម​ថា «មធ្យោបាយ​ទំនាក់ទំនង​ទាំង​នេះ» គឺ​សុទ្ធតែ​អាច​រង​អន្តរាគមន៍​ទាំងស្រុង​ពី​រដ្ឋាភិបាល។

លោក Daquin ធ្លាប់​បាន​ចូលរួម​ក្នុង​គណៈប្រតិភូ​នានា ដែល​អតីត​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក Hugo Chávez បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​រវាង​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៨ ដើម្បី​សិក្សា​អំពី​របៀប​ដែល​រដ្ឋាភិបាល​ចិន​ប្រើ​សុសវែរ​កុំព្យូទ័រ (software) ដើម្បី​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ចិន និង​ដើម្បី​បង្កើត​ប្រព័ន្ធ​តាមដាន​ស្រដៀងគ្នា​នេះ​ដែរ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។

គន្លឹះ​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តាមដាន​នេះ គឺ​ការ​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០១៦ នូវ​អ្វី​ដែល​ហៅ​ជា​ភាសា​អេស្ប៉ាញ​ថា «carnet de la patria» ដែល​មាន​ន័យ​ថា «បណ្ណ​មាតុភូមិ»។ «បណ្ណ​មាតុភូមិ» នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ZTE។

រូបឯកសារ៖ បុរស​ម្នាក់​មើល​ទូរស័ព្ទ​ដៃ​ស្មានហ្វូន​របស់​លោក​ ពេល​ដែល​លោក​កំពុង​ឈរ​នៅ​ខាង​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ZTE នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ PT Expo ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ (AP Photo/Mark Schiefelbein)

ថ្វី​បើ​ជា​គោលការណ៍ ការ​ទទួល​បាន​បណ្ណ​នេះ​គឺ​តាមរយៈ​ការ​ស្ម័គ្រចិត្ត​ក៏ដោយ ក៏​ជាក់ស្តែង​គឺ​គេ​តម្រូវ​ឱ្យ​មាន​បណ្ណ​នេះ​ដើម្បី​អាច​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​សង្គម​នានា​បាន ដូចជា​ការ​ណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត និង​ការ​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ពី​រដ្ឋាភិបាល​ជាដើម។

បណ្ណ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​សាធារណជន​ដើម្បី​ធ្វើ​ឱ្យ​សេវា​សាធារណៈ​និង​សង្វាក់​ផ្គត់ផ្គង់​កាន់តែ​មាន​ប្រសិទ្ធផល ក៏​ប៉ុន្តែ​អ្នក​រិះគន់​បាន​ហៅ​បណ្ណ​នេះ​ថា​ជា​ទម្រង់​មួយ​នៃ «ការ​ត្រួតត្រា​ពលរដ្ឋ»។

លោក Daquin បាន​និយាយ​ថា តួនាទី​របស់​ចិន​នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ការ​ផ្តល់​បច្ចេកវិទ្យា​និង​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ដើម្បី​ជួយ​ប្រមូល​និង​ពិនិត្យ​ទិន្នន័យ​ដ៏​ច្រើន និង​តាមដាន​មនុស្ស​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​សត្រូវ​របស់​រដ្ឋ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពួក​គេ​មាន​ប្រព័ន្ធ​កាមេរ៉ា​មើល​តាម​អេក្រង់​ទូរទស្សន៍ ប្រព័ន្ធ​ផ្ដិត​ស្នាម​ក្រយៅ​ដៃ បច្ចេកវិទ្យា​កំណត់​ចំណាំ​មុខ និង​ប្រព័ន្ធ​ក្បួន​ដោះស្រាយ​តាម​កុំព្យូទ័រ (algorithm) សម្រាប់​វិភាគ​ពាក្យ​និង​សារ​សន្ទនា​តាម​អ៊ីនធឺណិត»។

លោក Daquin បាន​បញ្ជាក់​ថា មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​តិចតួច​ដែល​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​អាច​ទំនាក់ទំនង​គ្នា​បាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​សេរី​និង​គ្មាន​ការ​តាមដាន​ពី​រដ្ឋាភិបាល គឺ​តាមរយៈ​កម្មវិធី​ប្រព័ន្ធ​ផ្ញើសារ​ឈ្មោះ Signal ដែល​មាន​សន្តិសុខ​ខ្ពស់ ដែល​រដ្ឋាភិបាល​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ត្រួតត្រា។

អតីត​ទីប្រឹក្សា​រូប​នេះ​បាន​លើកឡើង​ថា រចនាសម្ព័ន្ធ​ឈ្លបមើល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ត្រូវ​បាន​បែងចែក​ជា ៥ «ក្រុម» ដោយ «ក្រុម​ទី ៥ គឺជា​ក្រុម​ដ៏​ទុកចិត្ត​បំផុត និង​មាន​បុគ្គលិក​ចិន​ជា​អ្នក​ត្រួតពិនិត្យ​មើល​ដោយ​ផ្ទាល់ ១០០%»។

បើ​តាម​លោក Daquin រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ទទួល​បាន​ការ​រាយការណ៍​ប្រចាំ​ថ្ងៃ​ពី​ក្រុម​អ្នក​តាមដាន​ឈ្លប​មើល ដែល​ព័ត៌មាន​ទទួល​បាន​ពី​ការ​រាយការណ៍​ទាំងនេះ​គឺជា​មូលដ្ឋាន​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច​នានា​ទាក់ទិន​នឹង​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​បិទ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត។

រូបឯកសារ៖ បុរស​ម្នាក់​ប្រើប្រាស់​ទូរសព្ទ​ដៃ​ស្មានហ្វូន​របស់​លោក ពេល​ដែល​លោក​កំពុង​ឈរ​នៅ​ខាង​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ PT Expo ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ (AP Photo/Mark Schiefelbein, File)

ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​ចំនួន​កំពុង​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ក្នុង​នោះ​មាន​ដូចជា​ក្រុមហ៊ុន ZTE ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន China National Electronics Import & Export Corp. (CEIEC) ជាដើម។

ក្រុមហ៊ុន CEIEC ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ ២០២០ ក្រោម​ហេតុផល​ថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ជួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro នៅក្នុង «ការ​រឹតត្បិត​លើ​សេវាកម្ម​អ៊ីនធឺណិត» និង «ការ​ឈ្លបមើល​និង​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រឆាំង​នឹង​អ្នក​នយោបាយ​ប្រឆាំង»។

គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក៏​បាន​ចេញ​ការ​ព្រមាន​មួយ​កាលពី​ឆ្នាំ ២០២០ ផងដែរ។

របាយការណ៍​របស់​គណៈកម្មាធិការ​នេះ​ដែល​មាន​ចំណងជើង​ថា «បង​ធំ​ថ្មី៖ ប្រទេស​ចិន​និង​របប​អាជ្ញាធិបតេយ្យ​បែប​ឌីជីថល (The New Big Brother: China and Digital Authoritarianism)» បាន​ចោទប្រកាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​ថា​បាន​សម្របសម្រួល​ឱ្យ​មាន «របប​អាជ្ញាធិបតេយ្យ​បែប​ឌីជីថល» នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​លើក​យក​ប្រទេស​វ៉េណេស៊ុយអេឡា​មក​ធ្វើជា​ករណី​សិក្សា។

ជា​ឧទាហរណ៍​ជាក់លាក់ គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​នេះ​បាន​លើកឡើង​អំពី​បុគ្គលិក​ក្រុមហ៊ុន ZTE មួយ​ក្រុម ដែល​ធ្វើការ​នៅ​ក្នុង​បរិវេណ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ CANTV របស់​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ក្រុម​នោះ​ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ «បណ្ណ​មាតុភូមិ»។

របាយការណ៍​នេះ​បាន​យោង​ទៅ​លើ​ការ​ស៊ើបអង្កេត​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​រាយការណ៍​ថា ខ្លួន​ត្រូវ​បុគ្គលិក​ក្រុមហ៊ុន CANTV ប្រាប់​ថា ប្រព័ន្ធ​ទិន្នន័យ «បណ្ណ​មាតុភូមិ» នេះ អនុញ្ញាត​ឱ្យ​ពួកគេ​អាច​តាមដាន​មើល​ទិន្នន័យ​ជាច្រើន​អំពី​ព័ត៌មាន​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​ដូចជា «ថ្ងៃខែឆ្នាំ​កំណើត ព័ត៌មាន​អំពី​ក្រុមគ្រួសារ ការងារ​និង​ប្រាក់ចំណូល អចលនទ្រព្យ​ជា​កម្មសិទ្ធិ ប្រវត្តិ​សុខភាព ប្រាក់​ជំនួយ​ពី​រដ្ឋ​ដែល​ទទួល​បាន សកម្មភាព​លើ​បណ្តាញ​សង្គម​អនឡាញ សមាជិកភាព​នៃ​គណបក្ស​នយោបាយ និង​ថាតើ​បុគ្គល​នោះ​បាន​បោះឆ្នោត​ឬ​ក៏​អត់»។

របាយការណ៍​នេះ​បាន​លើកឡើង​ថា៖ «លោក Maduro បាន​ទាញ​ប្រយោជន៍​ទាំងស្រុង​ពី​សេវាកម្ម​និង​បច្ចេកវិទ្យា​របស់​ចិន នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​លោក​ដើម្បី​ត្រួតត្រា​ពលរដ្ឋ​វ៉េណេស៊ុយអេឡា»។

ការ​បិទ​អ៊ីនធឺណិត​តាម​វិធី​ធម្មតា​និង​តាម​វិធី​ទំនើប

កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​លោក Maduro នៅក្នុង​ការ​បិទ​លទ្ធភាព​របស់​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​មិន​ឱ្យ​ចូល​ប្រើ​អ៊ីនធឺណិត មាន​លក្ខណៈ «សាមញ្ញ​បំផុត»។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Luis Carlos Díaz ដែល​ជា​ប្រធាន​ក្រុម​ប្រចាំ​ប្រទេស​វ៉េណេស៊ុយអេឡា​នៃ​អង្គការ Internet Society។ អង្គការ Internet Society នេះ​គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដែល​តស៊ូ​មតិ​ឱ្យ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​បើក​ចំហ​មួយ។

លោក Díaz បាន​បញ្ជាក់​ថា ដើម្បី​អាច​បិទ​វេបសាយ​ឬ​បណ្តាញ​សង្គម​អនឡាញ​ណា​មួយ​មួយ​រយៈ​បាន មន្ត្រី​រដ្ឋាភិបាល​ម្នាក់​គ្រាន់តែ​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ប្រតិបត្តិការ​នៃ​វេបសាយ​ឬ​បណ្ដាញ​សង្គម​អនឡាញ​នោះ​ឱ្យ​បិទ គឺជា​ការ​ស្រេច។

ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០១៩ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​បាន​បិទ​វេបសាយ The Onion Router (TOR) ដែល​ជា​ប្រព័ន្ធ​ទំនើប​បំផុត​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​អាច​រក្សា​ភាព​អនាមិក​និង​អាច​ចៀស​ពី​ការ​រឹតត្បិត​បាន។ វេបសាយ TOR នេះ​បញ្ជូន​សារ​តាម​រយៈ​បណ្តាញ​កុំព្យូទ័រ​មេ​នៅ​ជុំវិញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​កំណត់​ប្រភព​នៃ​សារ​នោះ​បាន។

លោក Díaz បាន​លើកឡើង​ថា ផ្ទុយពី​ការ​បិទ​អ៊ីនធឺណិត​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​ជា​រឿយៗ​នៅ​វ៉េណេស៊ុយអេឡា ការ​បិទ​វេបសាយ TOR នេះ តម្រូវ​ឱ្យ​មាន​ជំនាញ​កម្រិត​ខ្ពស់។

លោក​បាន​ប្រាប់ VOA ថា៖ «ចំពោះ​ករណី​នេះ យើង​បាន​ចេញ​ការ​ព្រមាន ដោយសារ​វា​ជា​ករណី​ធ្ងន់ធ្ងរ​ខ្លាំង។ ចំណុច​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​បាន​ប្រើ​បច្ចេកវិទ្យា​ដែល​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ដែល​គេ​ប្រើ​នៅ​ប្រទេស​ចិន ដើម្បី​រាំងខ្ទប់​អ្នកប្រើប្រាស់​វេបសាយ TOR»។

ការ​បិទ​វេបសាយ TOR នេះ មាន​រយៈពេល​មួយ​សប្តាហ៍ ហើយ​លោក Díaz ថា លោក​មិន​ជឿ​ថា​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​មាន​សមត្ថភាព​អាច​ធ្វើ​រឿង​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះទេ ដោយសារតែ​ការ​បិទ​វេបសាយ​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​និង​តម្រូវ​ឱ្យ​មាន​អ្នក​ជំនាញ​កម្រិត​ខ្ពស់​ដើម្បី​អាច​ធ្វើ​បាន។

រូបឯកសារ៖ ប្រធានាធិបតី​គុយបា លោក Miguel Diaz-Canel ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រុង San Antonio de los Banos ប្រទេស​គុយបា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Alexandre Meneghini)

តួនាទី​របស់​ចិន​នៅ​គុយបា

រចនាសម្ព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​គុយបា​ក៏​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ប្រើប្រាស់​ឧបករណ៍​បាន​មកពី​ក្រុមហ៊ុន​ចិន​ផងដែរ។

អង្គការ Qurium របស់​ប្រទេស​ស៊ុយអែត បាន​បញ្ជាក់​នៅ​ក្នុង​របាយកាណ៍​មួយ​ដែល​បាន​បោះពុម្ព​នៅ​ដើម​ឆ្នាំ ២០២០ ថា ខ្លួន​បាន​រក​ឃើញ​សុសវែរ​កុំព្យូទ័រ (software) សម្រាប់​គ្រប់គ្រង​បណ្តាញ eSight របស់​ក្រុមហ៊ុន Huawei របស់​ចិន នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​គុយបា។

អង្គការ​នេះ​បាន​លើកឡើង​ថា គោលបំណង​របស់​សុសវែរ eSight នេះ​គឺ​ដើម្បី​ជួយ​លុបចោល​ពាក្យ​មួយ​ចំនួន​ដែល​គេ​ប្រើ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ក្នុង​អ៊ីនធឺណិត។

ក្រុម​អ្នក​ប្រឆាំង​នៅ​គុយបា​បាន​បញ្ជាក់​ថា វិធី​តែ​មួយ​គត់​ដើម្បី​អាច​ចូល​វេបសាយ​ដែល​រដ្ឋាភិបាល​គុយបា​បាន​បិទ​ខ្ទប់ គឺ​តាម​រយៈ​បណ្តាញ​សុវត្ថិភាព​ឯកជន​អនឡាញ (VPN) ដែល​ជា​បណ្ដាញ​បំភាន់​ប្រព័ន្ធ​រឹតត្បិត​របស់​រដ្ឋាភិបាល​ឱ្យ​គិត​ថា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ស្ថិត​នៅ​ប្រទេស​ផ្សេង​មួយ​ទៀត។

អ្នកស្រី Luz Escobar ដែល​ជា​អ្នក​សារព័ត៌មាន បាន​និយាយ​ថា នេះ «គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​អាច​ចូល​ទៅ​វេបសាយ​ណា​មួយ​ដែល​ត្រូវ​បាន​រឹតត្បិត»។

អ្នកស្រី Escobar បាន​បំប្លែង​ព័ត៌មាន​នានា​នៅ​លើ​វេបសាយ​ឱ្យ​ទៅ​ជា​ទម្រង់ PDF ឬ​ជា​ព្រឹត្តិបត្រ​ព័ត៌មាន រួច​បញ្ជូន​ឯកសារ​ទាំងនោះ​តាម​អ៊ីមែល​ទៅ​អ្នក​ប្រើប្រាស់​នៃ​វេបសាយ 14yMedio ដែល​ជា​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​មួយ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឱ្យ​បង្ហោះ​ព័ត៌មាន​នានា​របស់​ខ្លួន​ទៅក្នុង​អ៊ីនធឺណិត។

ប៉ុន្តែ​អ្នកស្រី​បាន​ថ្លែង​ថា នៅ​គុយបា «មនុស្ស​មួយ​ចំនួន​តូច​អាច​ជម្នះ​ការ​រឹតត្បិត​នេះ​បាន»។

ការ​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​គុយបា​ត្រូវ​បាន​អង្គការ Open Observatory of Network Interference (OONI) ស៊ើបអង្កេត​នៅ​ឆ្នាំ ២០១៧។ អង្គការ​នេះ​គឺជា​អង្គការ​អ្នក​ស្ម័គ្រចិត្ត ដែល​ឃ្លាំមើល​ការ​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក។

អង្គការ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​បាន​កំណត់​ដឹង​ថា​ក្រុមហ៊ុន​ចិន​មួយ​បាន​បង្កើត​សុសវែរ​កុំព្យូទ័រ​សម្រាប់​ច្រក​សេវា​អ៊ីនធឺណិត​សាធារណៈ​នានា​នៅ​ក្នុង​ប្រទេស​គុយបា «ដោយសារតែ​ក្រុមហ៊ុន​នោះ​បាន​បន្សល់​ទុក​មតិ​ជា​ភាសា​ចិន​នៅ​ក្នុង​កូដ​ដើម»។

លោក Arturo Filastó ប្រធាន​គម្រោង​នៃ​អង្គការ OONI បាន​ថ្លែង​ថា៖ «យើង​ក៏​បាន​រកឃើញ​ថា​មាន​ការ​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei យ៉ាង​ទូលំទូលាយ​ផងដែរ។ លោក Filastó ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយបា​និង​ធ្វើ​តេស្ត​ឧបករណ៍​ភ្ជាប់ Wi-Fi ជាច្រើន​ដែល​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល។

VOA បាន​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី គឺ​គុយបា វ៉េណេស៊ុយអេឡា និង​ចិន ប៉ុន្តែ​មិន​បាន​ទទួល​ចម្លើយ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ណា​មួយ​ទេ។

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នេះ បង្ហាញ​ពី​ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​ទៅ​កាន់​មជ្ឈិមបក្ស​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ (Li Xueren/Xinhua via AP)

ចិន​បន្ត​បង្រៀន​ប្រទេស​ដែល​មាន «និន្នាការ​បែប​អាជ្ញាធិបតេយ្យ»

នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០២១ របស់​ខ្លួន អំពី​ការ​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត អង្គការ Freedom House បាន​លើកឡើង​ថា មន្ត្រី​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា រួម​ជាមួយ​នឹង​អ្នក​តំណាង​មកពី​ប្រទេស​ចំនួន ៣៦ ផ្សេង​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ស៊ីរី​ផងដែរ បាន​ចូលរួម​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​និង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ចិន​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​និង​ការ​គ្រប់គ្រង​ព័ត៌មាន។

របាយការណ៍​នេះ​បាន​សន្និដ្ឋាន​ថា ចិន​បាន​រៀបចំ​វេទិកា​ជាច្រើន​ដូចជា​សន្និសីទ​អ៊ីនធឺណិត​ពិភពលោក​នៅ​ឆ្នាំ ២០១៧ ជាដើម «ដែល​នៅ​ក្នុង​សន្និសីទ​នោះ ខ្លួន​បាន​ចែកផ្សាយ​បទដ្ឋាន​របស់​ខ្លួន​ទៅ​ដល់​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​បែប​អាជ្ញាធិបតេយ្យ»។

លោក Justin Sherman អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ព័ត៌មាន​នៃ​គម្រោង​ផ្ដួចផ្ដើម Cyber Statecraft Initiative នៃ​ក្រុមប្រឹក្សា Atlantic Council បាន​ថ្លែង​ប្រាប់ VOA ថា ក្រុមហ៊ុន​ចិន​ដូចជា Huawei និង​ ZTE ជាដើម បាន «ប្រឡូក​នៅ​ជុំវិញ​ពិភពលោក មិនមែន​តែ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ប៉ុណ្ណោះ​ទេ ក្នុង​ការ​បង្កើត​កម្មវិធី​ឈ្លបមើល​ដើម្បី​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត សម្រាប់​រដ្ឋាភិបាល ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ និង​ទីភ្នាក់ងារ​ប៉ូលិស»។

លោក Sherman បាន​បញ្ជាក់​ថា គេ​មិន​ដឹង​ច្បាស់​ទេ​ថាតើ​ក្រុមហ៊ុន​ចិន​លក់​បច្ចេកវិទ្យា​ឈ្លបមើល​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋាភិបាល​អាជ្ញាធិបតេយ្យ​នានា​ដើម្បី​តែ​ប្រាក់​ចំណេញ​តែ​មួយ​មុខ​ឬ​ក៏​យ៉ាងណា​នោះ។

គោល​គំនិត​នៃ​របាយការណ៍​ឆ្នាំ ២០២០ របស់​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​គឺ​ថា ចិន​មាន​ចំណាប់​អារម្មណ៍​លើសពី​ការ​លក់​សេវាកម្ម​បច្ចេកវិទ្យា​របស់​ខ្លួន​ទៅទៀត ដើម្បី​ពង្រីក​គោល​នយោបាយ​របស់​ខ្លួន​នៅក្នុង​ការ​ជំរុញ​ឱ្យ​មាន «របប​អាជ្ញាធិបតេយ្យ​បែប​ឌីជីថល​នៅ​លើ​ពិភពលោក»៕

អត្ថបទ​នេះ​មាន​ប្រភព​មកពី VOA ផ្នែក​ការ​ផ្សាយ​ទៅ​តំបន់​អាមេរិក​ឡាទីន

ប្រែ​សម្រួល​ដោយ​លោក សឹង សុផាត