អ្នក​ជំនាញ​ថា​ ចិន​បន្ត​​កិច្ចប្រឹង​ប្រែង​ទប់ទល់​ឥទ្ធិពល​អាមេរិក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​​ចិន​​

  • Ralph Jennings

រូបឯកសារ៖ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ពិភាក្សាជាមួយលោកមេបញ្ជាការ Wei Fenghe រដ្ឋមន្ត្រីការពារប្រទេសចិន នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០។

តៃប៉ិ — អ្នក​វិភាគ​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិនដែល​បាន​ធ្វើ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​តំបន់អាស៊ីអាគ្នេយ៍​ នៅ​ក្នុង​ខែ​កញ្ញានេះ ​នឹងចាប់​ផ្តើម​ទប់ស្កាត់​នូវ​ឥទ្ធិពល​របស់​អាមេរិក​ដែលកំពុង​តែ​កើន​ឡើងនៅ​ក្នុង​តំបន់​ ប្រសិន​បើ​ប្រទេស​ចិន​សម្រេច​ឆ្លើយ​តប​ដោយ​សកម្មភាពសន្តិវិធី​នោះ។

រដ្ឋមន្ត្រី​ក្រសួងការ​ពារ​ជាតិ​ចិន​លោក​ Wei Fenghe បាន​ជួប​ប្រជុំ​ជាមួយ​សមភាគី​របស់​លោក ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៧ ​ដល់​ថ្ងៃទី​១១ ​ខែ​កញ្ញា​កន្លង​ទៅនេះ នៅ​ក្នុង​ប្រទេសព្រុយណេ ​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ និង​ប្រទេស​ហ្វីលីពីន។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន។

ដំណើរ​ទស្សនកិច្ច​របស់​លោក​គាប់​ជួន​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ ដែល​បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​ដោយមន្ត្រី​រដ្ឋាភិបាល​អាមេរិក​ ដែល​បាន​រិះគន់ទៅ​លើរដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដែល​បាន​ពង្រីក​នូវ​ការគ្រប់​គ្រង​របស់​ខ្លួន​ក្នុងតំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​ជួយ​ការពារ​បណ្តា​ប្រទេស​ ដែល​កំពុង​មាន​ជម្លាះ​ដែន​ទឹក​ជាមួយ​ចិន​ ហើយ​ទទួល​រងការ​គាប​សង្កត់​ពី​ប្រទេស​ចិន។

បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បានទាមទារ​តំបន់​ផ្លូវ​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាន់​គ្នា​ជាមួយ​នឹង​ចិន ហើយ​បាន​និយាយ​ថា ចិន​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​ខ្លួន​ បាន​ឈ្លានពាន​ចូល​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។ ​ផ្ទុយ​ទៅ​វិញ ចិន​បាន​លើក​ឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន។​

ក្រុម​អ្នក​សិក្សាស្រាវជ្រាវ​និយាយ​ថា ដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ Wei មាន​គោលដៅ​ដំបូង​ គឺ​រក្សា​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ដែល​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​អាច​ងាក​ទៅ​រក​ក្រុម​សម្ព័ន្ធ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ដើម្បី​ប្រឆាំង​នឹង​ចិន។

លោក Aaron Rabena អ្នក​ស្រាវជ្រាវ​នៅ​មូលនិធិ​មាគ៌ា​អាស៊ីប៉ាស៊ីហ្វិក​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព​(Asia-Pacific Pathways to Progress Foundation) បាន​និយាយ​ថា៖

«គំនិត​នៅ​ពី​ក្រោយ​នោះគឺ រក្សា​នូវ​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ចិន​យក​ចិត្តទុកដាក់​ខ្លាំង​ណាស់​លើ​រឿង​នេះ។ ជាពិសេស​ បន្ទាប់​ពីទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​មាន​សភាព​កាន់​តែ​អាក្រក់។ ចិន​មិន​ចង់​ឲ្យមាន​ក្រុម​សម្ព័ន្ធ​រួបរួម​គ្នា​មួយ​ប្រឆាំង​នឹង​ខ្លួន​នោះ​ទេ​ នា​ពេល​នេះ។ ​ដូច្នេះ ពួកគេ​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង»។

រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe (ឆ្វេង) ចាប់ដៃស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​របស់​លោក​ក្នុង​ប្រទេស​ទាំង​នោះ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​លោក Wei បាន​លើក​ឡើង​ពី​ «ការ​ការពារនូវ​ស្ថិរភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង»។

ជា​ឧទាហរណ៍ លោក Wei ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្រោយ​ជំនួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ថា ​ប្រទេស​ចិន​និង​ហ្វី​លីពីន​ គួរ​ប្រកាន់​យក​នូវ​គោល​ការណ៍​ថាបញ្ហាក្នុង​តំបន់​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ប្រទេស​ក្នុង​តំបន់ តាម​រយៈការ​ជួប​ពិគ្រោះ​យោបល់​គ្នា ​ហើយរក្សា​នូវ​សន្តិភាព​ និង​ភាព​ស្ងប់​ស្ងាត់នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

​លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហបុរី បាន​និយាយ​ថា៖ «អ្វី​ដែល​លោក Wei​ ចង់​ឃើញ​ចម្បង​នោះ ​គឺ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មិន​ងាក​ទៅ​រក​សហរដ្ឋអាមេរិក»។

ចាប់​ពី​ខែ​កក្កដា​មក អាមេរិក​បានបង្កើន​សម្ពាធ​ប្រឆាំង​នឹង​សកម្មភាពចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មានសិទ្ធិ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ទំហំ ៣,៥ លាន​គីឡូម៉ែត្រ​ការេ​នោះ​ទេ ប៉ុន្តែ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​លើកឡើង​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែល​ថា ៩០​ ភាគរយ ​នៃ​ដែន​សមុទ្រ​នោះ ​គឺ​ជា​កម្មសិទ្ធិរបស់​ចិន។

​មន្ត្រី​ចិន​ដែល​ប្រយ័ត្នប្រយែង​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​ជា​អតីត​សត្រូវនៅ​ក្នុង​សង្គ្រាម​ត្រជាក់​នោះ​ បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​គ្រប់គ្រង​ការ​កើន​ឡើង​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ស្រប​ពេល​ដែលបញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា កាទូត​កំពុង​តែ​ញាំញីទំនាក់ទំនងរវាង​ចិន​និង​សហរដ្ឋអាមេរិក​រួច​ទៅ​ហើយ។​

​ការ​ទាមទាររបស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជាន់​គ្នា​ជាមួយ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម។ ចិន​កំពុងប្រជែងគ្នាជាមួយ​ឥណ្ឌូណេស៊ី​លើ​តំបន់​ដែន​ទឹក​មួយ​ ជិត​កោះ ​Natuna​ គ្រប់គ្រង​ដោយឥណ្ឌូណេស៊ី។

តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ពោរពេញ​ទៅ​ដោយ​ធនធាន​មច្ឆាជាតិ ​និង​ប្រភព​ថាមពល។ ការ​ចាក់បំពេញ​តំបន់​កោះ​តូចៗ​ដោយ​ចិន​ ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​យោធា បាន​ធ្វើ​ឲ្យ​បណ្តាប្រទេស​ជិត​ខាង​ក្នុង​តំបន់មិន​ពេញ​ចិត្ត​ ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។

កាល​ពី​ខែ​កក្កដា ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ហៅ​ការ​ទាមទារ​របស់​ចិន​ថា ខុសច្បាប់ និង​បាន​ប្តេជ្ញា​គាំទ្រប្រទេស​ដែល​រង​ផល​ប៉ះពាល់។ កាល​ពី​ខែ​សីហា រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Mark Esper បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ «មិនបោះបង់ចោល​ប្រទេសណា​មួយ​សូម្បី​តែ​បន្តិច​ក៏ដោយ»។ លោកក៏​បាន​លើកឡើង​ពី​ជំហរ​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ប្រទេស​ចិន​សាជាថ្មី​ អំឡុងពេល​កិច្ចប្រជុំ​បណ្តា​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​កន្លង​ទៅ​ផង​ដែរ។​

រូបភាពនៃកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលធ្វើឡើងតាមអនឡាញ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០។

នាវា​យោធា​ជើង​ទឹក​អាមេរិក​ជា​រឿយៗ​ បាន​ឆ្លង​ចូល​ទៅ​ក្នុង​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ​ ដើម្បី​បង្ហាញ​ពី​ «សេរីភាព​ក្នុង​ប្រតិបត្តិការ​ធ្វើ​នាវាចរណ៍» ដែល​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ខឹង​សម្បារ។

លោក Rabena បាន​និយាយ​ថា មន្ត្រី​ចិន​ត្រូវ​ចាត់ចំណាត់ការ​ច្បាស់លាស់​ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍​នេះ ​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​នៅតំបន់​អាស៊ីអាគ្នេយ៍​ពី​សារ​សន្តិភាព​របស់​លោក​រដ្ឋមន្ត្រីការពារជាតិ។

គេហទំព័រព័ត៌មាន ​Rappler.com ​របស់​ហ្វីលីពីន ​បាន​រាយការណ៍​ថា កាល​ពី​ខែ​សីហា​ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Delfin Lorenzana បាន​ចោទប្រកាន់​ប្រទេស​ចិន​ពី​ការ​បំភ្លៃ​ពីទំហំតំបន់​ដែន​ទឹក​របស់​ខ្លួន និង​ចូល​ទៅ​កាន់កាប់​តំបន់​ដែន​ទឹក​របស់​ហ្វីលីពីន​ដោយ​ខុស​ច្បាប់។ ការ​ពន្លិច​ទូក​នេសាទ និង​ផ្លូវទឹក​របស់​នាវា​ស៊ើបការណ៍​នៅ​ជិត​តំបន់​ដែន​ទឹក​របស់​វៀតណាម ​ក៏​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​វៀតណាម​និង​ចិន​ផងដែរ​ មក​ទល់​ពេល​នេះ។

លោក​ Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ជំនាញ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ New South Wales បាន​ធ្វើ​ការ​អធិប្បាយ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ថា លោក​រដ្ឋមន្ត្រីការបរទេស​ចិន Wei Fenghe សង្ឃឹម​ថា «នឹង​អាច​ធានា​ម្តងទៀត​នូវ​បំណង​ប្រកប​ដោយ​សន្តិភាព​របស់​ចិន​ទៅ​កាន់​ប្រទេស​ ដែល​ទាមទារ​តំបន់​សមុទ្រ​ចិនខាង​ត្បូង»។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ ក្នុង​ក្រុង​ហូជីមិញ​ បាន​និយាយ​ថា ប្រសិនបើ​មាន​មិន​ការ​ធានា​នូវ​គោលបំណង​សន្តិភាព​ជា​បន្តបន្ទាប់​នោះ​ទេ ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្ត្រី​ចិន​ គឺមាន​«លទ្ធផល​តិចតួច​ពេក យឺត​ពេល​ពេក​ ទូលំទូលាយ​ពេក និង​មិនប្រាកដប្រដា»។

លោក ​Nguyen បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា មាន​ការ​ផ្លាស់ប្តូរ​មួយ​ចំនួន។ ប៉ុន្តែ​នេះគ្រាន់​តែ​ជា​ការ​ផ្លាស់ប្តូរ​មួយ​ជំហានប៉ុណ្ណោះ។ ហើយ​ដើម្បី​ឲ្យដឹង​ពី​អាកប្បកិរិយា​របស់​ចិន​ថា នឹង​ដូច​ដែល​បាន​អះអាង​ ឬ​យ៉ាង​ណា យើងត្រូវ​រង់ចាំ​មើល​សិន»។

លោក Nguyen បាន​បន្ថែម​ថា ជា​ទូទៅ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តែងតែ​បញ្ចៀស​ពី​ការ​ងាក​ទៅ​រក​ភាគី​ប្រទេស​មហាអំណាច​ណា​មួយ។ ពួកគេ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​វិនិយោគ​របស់​ចិន ក៏ដូចជា​ការ​គាំទ្រ​ផ្នែក​យោធា​ពីសហរដ្ឋអាមេរិក​តាម​ដែល​ពួកគេ​ត្រូវការ។

ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ ឥឡូវ​នេះ​ចង់​ឲ្យ​ចិន​បញ្ចប់​កិច្ច​ចរចារ​ស្តី​ពី​ក្រម​ប្រតិបត្តិ​សម្រាប់តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​អូស​បន្លាយ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ដែលក្រមប្រតិបត្តិ​នេះ​នឹង​ជួយ​បញ្ចៀស​ការ​ប្រព្រឹត្ត​ខុស​នានា​នៅ​ក្នុង​តំបន់ដែន​ទឹកមាន​ជម្លោះ​មួយ​នេះ។ ហើយ​មន្ត្រី​ចិន​បាន​និយាយ​ថា ក្រមប្រតិបត្តិ​មួយអាចនឹង​ត្រូវចុះ​ហត្ថលេខា​នៅ​ឆ្នាំ​ក្រោយ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្រ​បញ្ញា