ប្រទេសចិនបានប្រគល់ជាផ្លូវការនូវរថយន្ដយោធាចំនួន ២៥៧ គ្រឿងនៅថ្ងៃពុធនេះ ដល់ប្រទេសកម្ពុជា ខណៈដែលសហរដ្ឋអាមេរិកបានព្យួរជំនួយយោធាសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញបានធ្វើឲ្យប៉ះពាល់ដល់ គោលការណ៍គោរពសិទ្ធិមនុស្ស។
នៅក្នុងចំណោមរថយន្ដយោធាទាំង ២៥៧ គ្រឿង រួមមានរថយន្ដដឹកជញ្ជូនចំនួន ២០០ គ្រឿង រថយន្ដសម្រាប់មេបញ្ជាការចំនួន៣០គ្រឿង រថយន្ដពេទ្យចំនួន២០គ្រឿង រថយន្ដជួសជុលចល័តចំនួន៥គ្រឿង និងរថយន្ដដឹករថក្រោះ និងសម្ភារៈសឹកធន់ធ្ងន់ចំនួន ២ គ្រឿង។
មន្ដ្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជំនួយយោធានេះ គឺជាផ្នែកមួយដើម្បីជួយពង្រឹងមិត្តភាពកម្ពុជា ចិន និងដើម្បីជួយពង្រឹងវិស័យការពារជាតិរបស់ប្រទេសកម្ពុជា។
លោកជី វ៉ាន់ជុន ប្រធាននយោបាយនៃអគ្គនាយកដ្ឋានសម្ភារៈនៃកងទព័ប្រជាជនចិន ដែលទើបនឹងចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកនៅប្រទេសកម្ពុជា និងបានប្រគល់រថយន្ដទាំងនេះដោយផ្ទាល់ទៅដល់ក្រសួងការពារជាតិ មានប្រសាសន៍ដោយចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តភ័ក្តិថា រថយន្ដយោធាទាំងនេះ នឹងអាចត្រូវបានប្រើសម្រាប់កិច្ចអភិវឌ្ឈប្រទេសកម្ពុជា។ លោកវ៉ាន់ជុនថ្លែងដូច្នេះថា៖
«ខ្ញុំជឿជាក់ថា ពួកម៉ាកកម្ពុជា ពិតជាអាចប្រើប្រាស់ឡានទាំងអស់នេះបានល្អ ហើយជំរុញឲ្យអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមកិច្ចបានល្អ»។
ដោយឡែក លោកឧត្តមសេនីយម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯព្រលានយន្ដហោះយោធាក្រុងភ្នំពេញ ជាទីដែលពិធីទទួលរថយន្ដត្រូវបានប្រារព្ធឡើងថា រថយន្ដយោធាទាំងនេះ មានសារៈសំខាន់ណាស់ ក្នុងវិស័យការពារជាតិ។ លោកថ្លែងថា៖
«នេះជាសារៈសំខាន់មិនមែនតែចល័តតែទ័ពទេ គឺដឹកសម្ភារៈអ្វីផ្សេងៗទៀត គឺប្រើប្រាស់សម្រាប់កងទព័ទាំងអស់។ គឺថាបម្រើឲ្យការងារការពារជាតិ»។
ជំនួយយោធារបស់ប្រទេសចិនមកដល់ប្រទេសកម្ពុជា បានធ្លាក់មក បន្ទាប់ពីសហរដ្ឋអាមេរិកបានព្យួរជំនួយរថយន្ដយោធា ចំនួន២០០គ្រឿងដល់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនជនជាតិមូស្ល៊ីមអ៊ុយហ្គួរចិន ចំនួន ២០នាក់ ទៅឲ្យក្រុងប៉េកាំងវិញ កាលពីខែធ្នូ ឆ្នាំ២០០៩។ ការចាប់បញ្ជូនជនស្នើសុំសិទ្ធិជ្រកកោណនយោបាយទាំងនេះ ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ។
លោក ឧត្តមសេនីយ៍ម៉ឹង សំផន មិនធ្វើអត្ថាធិប្បាយចំពោះការបង្កកជំនួយសម្ភារៈយោធាពីសហរដ្ឋអាមេរិកនោះទេ។ លោកមានប្រសាសន៍ថា នោះគឺជាការគិតរបស់ក្រុងវ៉ាស៊ីនតោន ប៉ុន្ដែប្រទេសកម្ពុជាកំពុងត្រូវការសម្ភារៈយោធាពីប្រទេសចិនទាំងនេះ។
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសចិនត្រូវបានសង្កេតឃើញថា បានជួយជ្រោមជ្រែងវិស័យយោធាប្រទេសកម្ពុជា ជាច្រើន ជាពិសេសផ្នែកសម្ភារសឹក។ កាលពីប៉ុន្មានខែមុនប្រទេសកម្ពុជា បានបាញ់សាកល្បងកាំជ្រួចហ្វូងដ៏ទំនើបដែលនាំចូលពីប្រទេសចិន ដែលជាប្រភេទសព្វាវុធដ៏មានប្រសិទ្ធិភាពនៅក្នុងការកំទេចគូសត្រូវ ស្របពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃនៅឡើយ។
លោកហោ ណាំ ហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស ធ្លាប់បានមានប្រសាសន៍កាលពីខែឧសភាថា ជំនួយរថយន្ដយោធាពីប្រទេសចិននេះ មានទំហំទឹកប្រាក់ប្រមាណជា១៤លានដុល្លារ ដោយរាប់បញ្ចូលទាំងឯកសណ្ឋានយោធាចំនួន ៥០ ០០០ កំប្លេ ផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការខុមហ្វ្រែល មានប្រសាសន៍ថា ជំនួយយោធានេះ មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលកម្ពុជាកំពុងមាន ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ប៉ុន្ដែលោកលើកឡើងថា ប្រទេសកម្ពុជាត្រូវការជំនួយផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់កសាងសេដ្ឋកិច្ចច្រើនជាងជំនួយយោធា។
កាលពីម្សិលមិញ លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សជំទាស់សម រង្ស៊ី បានព្រមានថា កម្ពុជាត្រូវតែថ្លឹងថ្លែងឲ្យស្មើរវាងជំនួយពីប្រទេសចិន និងការគោរពសិទ្ធិមនុស្សក្នុងប្រទេស៕