ប្រែសម្រួលដោយ លី សុខឃាង
កម្មវិធីរបស់ប្រទេសចិនក្នុងការបង្កាត់ពូជសត្វខ្លាឃ្មុំផេនដាដ៏ធំដែលជិតផុតពូជ នៅក្នុងកន្លែងចិញ្ចឹម បានទទួលជោគជ័យយ៉ាងធំធេង ដោយខ្លាឃ្មុំផេនដាមួយចំនួនត្រូវបានរក្សាទុកនៅក្នុងសួនសត្វ នៅខាងក្រៅប្រទេសចិន ដោយរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកផង។ ប៉ុន្តែ ដូចដែល Ron Corben បានរាយការណ៍ អ្នកបរិស្ថានដ៏ឆ្នើមរបស់សហរដ្ឋអាមេរិក និងជាអ្នកគាំទ្រដ៏សំខាន់ចំពោះការអភិរក្សខ្លាឃ្មុំផេនដា ថ្លែងថា កម្មវិធីនេះ កំពុងបរាជ័យក្នុងការបញ្ជូនសត្វខ្លាឃ្មុំទាំងនោះចូលទៅក្នុងព្រៃវិញ។
កិច្ចប្រឹងប្រែងដើម្បីជួយសង្គ្រោះខ្លាឃ្មុំផេនដាដ៏ធំ ត្រូវបានពង្រឹងឡើងវិញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយបានបង្កើតមូលដ្ឋានស្រាវជ្រាវ ដើម្បីបង្កាត់ពូជខ្លាឃ្មុំនៅតំបន់ ចេងឌូ (Chengdu) ក្នុងខេត្តស៊ីឈួន (Sichuan) របស់ប្រទេសចិន។
កម្មវិធីនេះបានចាប់ផ្តើមដោយមានខ្លាឃ្មុំមាឌធំចំនួន៦ក្បាលកាលពីឆ្នាំ១៩៨៧។ ប៉ុន្តែ បន្ទាប់ពីមានកម្មវិធីបង្កាត់ពូជប្រកបដោយជោគជ័យ ចំនួនខ្លាឃ្មុំបានកើនឡើងដល់៣០០ក្បាល ដែលត្រូវបានថែរក្សាទុក ខណៈដែលខ្លាឃ្មុំចំនួន១៦០០ក្បាល ទៅ២០០០ក្បាលទៀត រស់នៅក្នុងព្រៃ។
ខ្លាឃ្មុំផេនដា ដែលធ្លាប់ស៊ីសាច់ជាអាហារ បានអាស្រ័យស្ទើរតែទាំងស្រុងទៅលើដើមឬស្សី និងទីជម្រកក្នុងខេត្តស៊ីឈួន (Sichuan) ហ្សាងហ្ស៊ី (Shaanxi) និង ហ្គាងស៊ូ (Gansu) របស់ប្រទេសចិន។
បណ្ឌិត ហ៊ូ រ៉ុង (Hou Rong) អ្នកស្រាវជ្រាវសំខាន់មួយរូបនៃមូលនិធិស្រាវជ្រាវចេងឌូ (Chengdu Research Foundation) ថ្លែងថា កម្មវិធីនេះបានអនុវត្តលើសពីគោលដៅដំបូងក្នុងការបង្កាត់ពូជខ្លាឃ្មុំផេនដាចំនួន៣០០ក្បាល នៅកន្លែងចិញ្ចឹម។
«ដូច្នេះ យើងបានបង្កើតចំនួនខ្លាឃ្មុំប្រកបដោយនិរន្តរភាពរួចហើយនៅក្នុងកន្លែងចិញ្ចឹម នាពេលឥឡូវនេះ។ ប៉ុន្តែ កាលពីដំបូង វាពិតជាមានការលំបាកយ៉ាងខ្លាំង។ ប៉ុន្តែ ឥឡូវនេះ យើងបានដោះស្រាយបញ្ហាជាច្រើន នៅក្នុងកម្មវិធីបង្កាត់ពូជ ដូច្នេះ វាពិតជាបានជួយឲ្យចំនួនខ្លាឃ្មុំដែលរស់នៅក្នុងកន្លែងចិញ្ចឹមកើនឡើង»។
បណ្ឌិត ហ៊ូ និយាយថា វិធានការបន្ទាប់គឺត្រូវបញ្ជូនខ្លាឃ្មុំផេនដាដែលនៅកន្លែងចិញ្ចឹមចូលទៅក្នុងព្រៃវិញ។ ប៉ុន្តែ លោកស្រីទទួលស្គាល់ថា ផែនការបែបនេះ ប្រឈមមុខនឹងបញ្ហាជាច្រើន។
«ខ្លាឃ្មុំផេនដារបស់យើងកំពុងរស់នៅក្នុងកន្លែងចិញ្ចឹមអស់ប្រាំជំនាន់មកហើយ។ ដូច្នេះ ម្តាយរបស់សត្វផេនដា មិនដឹងថាតើត្រូវរស់នៅក្នុងព្រៃយ៉ាងដូចម្តេចនោះទេ។ នេះជាបញ្ហាប្រឈមសម្រាប់ពួកយើង»។
កម្មវិធីដើម្បីបញ្ជូនសត្វផេនដាដែលនៅក្នុងកន្លែងចិញ្ចឹមចូលទៅក្នុងព្រៃវិញ បានជាប់គាំង បន្ទាប់ពីការស្លាប់របស់ផេនដាឈ្មោល ឈ្មោះ «ស្សាងស្សាង» ឬ «សំណាង» ដែលត្រូវបានលែងឱ្យចូលទៅក្នុងព្រៃកាលពីឆ្នាំ២០០៦។ ស្សាងស្សាង បានស្លាប់មួយឆ្នាំក្រោយមក បន្ទាប់ពីត្រូវបានវាយប្រហារដោយខ្លាឃ្មុំផេនដាព្រៃ។
បណ្ឌិត ចច ស្កាលលឺ (George Schaller) គឺជាអ្នកបរិស្ថានជើងចាស់ និងជាសមាជិកនៃអង្គការសង្គមអភិរក្សសត្វព្រៃ (Wildlife Conservation Society) ដែលមានមូលដ្ឋាននៅទីក្រុង ញ៉ូវយ៉ក (New York)។ លោកបានធ្វើដំណើរទៅដល់តំបន់ ចាងតាង (Chang Tang)របស់ប្រទេសចិន នៅក្នុងឆ្នាំ១៩៨៨ ដើម្បីសិក្សាអំពីខ្លាឃ្មុំផេនដា។ លោកក៏បានបោះពុម្ភផ្សាយការស្រាវជ្រាវស្តីពីខ្លាឃ្មុំផេនដា និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្តឲ្យប្រទេសចិនបង្កើតកម្មវិធីអភិរក្សខ្លាឃ្មុំផេនដា។
បណ្ឌិត ស្កាលលឺ ថ្លែងថា កម្មវិធីស្តារឡើងវិញត្រូវតែបោះជំហានទៅមុខ បន្ទាប់ពីត្រូវបានជាប់គាំង ក្រោយពីការស្លាប់របស់ខ្លាឃ្មុំ ស្សាងស្សាង។ លោកថ្លែងថា មានហេតុផលតិចតួចណាស់ ក្នុងរក្សាទុកខ្លាឃ្មុំផេនដាជាច្រើននៅក្នុងកន្លែងចិញ្ចឹម។
«ជាទូទៅ ប្រទេសចិនបានព្យាយាមយ៉ាងខ្លាំងក្លា។ ខ្លាឃ្មុំផេនដាចំនួនប្រហែល៣៥០ក្បាលនៅក្នុងកន្លែងចិញ្ចឹម និងគ្មានហេតុផលណាមួយក្នុងការរក្សាទុកខ្លាឃ្មុំច្រើនបែបនោះទេ។ ពួកគេគួរតែខំប្រឹងប្រែងឲ្យបានខ្លាំងក្លាក្នុងការបញ្ជូនខ្លាឃ្មុំទាំងនោះចូលទៅក្នុងតំបន់ដែលមានព្រៃឈើល្អៗ តំបន់ការពារយ៉ាងត្រឹមត្រូវ និងកន្លែងដែលខ្លាឃ្មុំផេនដាបានបាត់បង់ ឬស្ទើរតែបាត់បង់ ហើយនោះមិនមែនជាកិច្ចការធំដុំទេ។ កិច្ចការនេះត្រូវការឥទ្ធិពលប្រកបដោយសុឆន្ទៈ ពេលវេលា និងកិច្ចខំប្រឹងប្រែង»។
លោក ស្កាលលឺ ថ្លែងថា ភាពខ្វះខាតការរីកចម្រើនរបស់កម្មវិធីនេះ ហាក់ដូចជាការព្រួយបារម្ភជាផ្លូវការនៃការប្រឈមមុខទៅនឹងការបាត់បង់ខ្លាឃ្មុំផេនដាបន្ថែមទៀតនៅក្នុងព្រៃ។
«វាគឺជាអារម្មណ៍បែបវប្បធម៌ ដែលសត្វត្រូវបានចាត់ទុកថាមានភាពប្រសើរជាងដោយមានដំបូលនៅពីលើក្បាលរបស់វា។ ហើយ ដូចដែលអ្នកបានដឹង ប្រសិនបើអ្នកលែងសត្វ សត្វមួយចំនួននឹងត្រូវបញ្ចប់យ៉ាងអាក្រក់។ នៅពេលនោះ អ្នកដែលលែងសត្វនោះ ពោលគឺ ក្រុមមន្ត្រីនឹងត្រូវបានរិះគន់ ហើយអ្នកអាចចៀសវាងមិនឲ្យមានការរិះគន់នោះ ដោយគ្រាន់តែមិនធ្វើការដោះលែងសត្វ»។
លោក ស្កាលលឺ និយាយថា ខ្លាឃ្មុំ ស្សាងស្សាង ត្រូវបានលែងនៅក្នុងតំបន់ដែលមានចំនួនខ្លាឃ្មុំផេនដាច្រើន។ លោក ថ្លែងទៀតថា មានជំនួយអន្តរជាតិជាច្រើនដល់ប្រទេសចិន ដើម្បីជួយបញ្ជូនសត្វខ្លាឃ្មុំទាំងនេះទៅក្នុងព្រៃវិញ។
«ខ្លាឃ្មុំទាំងនេះពិតជាកម្រណាស់ ប្រសិនបើមាននៅសេសសល់តែ២០០០ក្បាលនោះ។ ម្យ៉ាងវិញទៀត វាជាពពួកសត្វដែលទាញការចាប់អារម្មណ៍ច្រើនជាង និងមានថវិកាច្រើនជាងពពួកសត្វដែលជិតផុតពូជផ្សេងៗទៀតនៅលើពិភពលោក។ ដូច្នេះ ព្រៃឈើពិតជាអាចត្រូវបានការពារ ហើយកិច្ចការប្រមាញ់សត្វអាចបន្តបាន ហើយសត្វអាចត្រូវបានត្រួតពិនិត្យ។ មានថវិការយ៉ាងច្រើនសម្រាប់កិច្ចការទាំងនេះ»។
ការអភិរក្សខ្លាឃ្មុំផេនដា បាននាំទៅដល់តុល្យភាពមួយ ដែលកំពុងត្រូវបានស្តារឡើងវិញ ដោយមានជំនួយពីការធ្វើអន្តរាគមន៍របស់មនុស្សនិងវិទ្យាសាស្រ្ត។ ប៉ុន្តែដូចដែលបណ្ឌិត ចច ស្កាលលឺ បានមើលឃើញពីការអភិរក្សនេះ ពេលវេលាបានមកដល់ហើយក្នុងការបង្កើតចំនួនខ្លាឃ្មុំផេនដានៅក្នុងព្រៃ ជាជាងគ្រាន់តែរក្សាទុកខ្លាឃ្មុំទាំងនោះនៅក្នុងទ្រុង៕