ក្រុមហ៊ុន​រុករក​ប្រេង​របស់​ចិន​នឹង​បន្ត​រុករក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក

  • Ralph Jennings

រូបឯកសារ៖ ទីតាំង​បូម​ប្រេង​មួយ​ដែល​ប្រតិបត្តិការ​ដោយ​​ក្រុមហ៊ុន CNOOC របស់​​រដ្ឋ​ចិន ត្រូវ​បាន​គេ​ឃើញ​នៅ​ខេត្ត Hainan ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ចិន ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

នៅខែធ្នូ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្មលើ​ក្រុមហ៊ុន​ចិន​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ការ​រុករក​ប្រេង​ក្នុង​សមុទ្រ និង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យល់​ថា មាន​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​ចិន។ ប៉ុន្តែ​អ្នក​ជំនាញ​ថ្នាក់​តំបន់​និយាយ​ថា ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ ដែល​ពលរដ្ឋ​អាមេរិកាំង​ក៏​បាន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ផង​ដែរ​នោះ​នឹង​ស្វែង​រក​វិធី​ដើម្បី​រក្សា​ដំណើរការ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​តំណាង​ឱ្យ​ចិន​បន្ត​ទៀត។ ក្រុមហ៊ុន​នេះ​វិនិយោគ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​រុករក​នានា រួម​ទាំង​ការ​រុករក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

កាលពី​ថ្ងៃទី៣ ខែធ្នូ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ពលរដ្ឋ និង​ក្រុមហ៊ុន​អាមេរិកាំង​មិន​ឱ្យ​ជួញដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) បន្ទាប់​ពី​មាន​បទបញ្ជា​នីតិប្រតិបត្តិ​មួយ​ពី​សេតវិមាន​នៅ​ក្នុង​ខែវិច្ឆិកា។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យល់​ថា ក្រុមហ៊ុន CNOOC ជា​ដៃគូ​យោធា​របស់​រដ្ឋាភិបាល​ចិន។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ដំបូង​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ចិន​ទាំង​៣៥​ ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដូច​គ្នា ​រយៈពេល​យូរ។ ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ក្រុមហ៊ុន CNOOC ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​១៦%​នឹង​មិន​ពន្យឺត​ដំណើរការ​ក្រុមហ៊ុន ដែល​រក​ចំណូល​បាន​ជាង​៣៣ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ។ ពួកគេ​លើក​ឡើង​ថា ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ជា​ក្រុមហ៊ុន​មាន​ការ​ជួញដូរ​ភាគហ៊ុន​ជា​សាធារណៈ​នេះ​នឹង​ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ​ផ្សេង​ទៀត រួម​ទាំង​ប្រភព​ពី​រដ្ឋាភិបាល​ចិន​ផង​ដែរ។ លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋអាមេរិក​និយាយ​ថា សម្ភារៈ និង​គ្រឿង​បរិក្ខារ​សម្រាប់​ការ​រុករក​ប្រេង​អាច​រក​បាន​ភាគច្រើន​នៅ​ក្រៅ​សហរដ្ឋអាមេរិក​បាន។ ​

លោក Mark Valencia អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ចិន​ថ្នាក់​ជាតិ​សម្រាប់​ការ​សិក្សា​សមុទ្រ​ចិន​ខាង​ត្បូង​និយាយ​ថា ​វា​ក៏​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ថា​តើ​លោក Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋអាមេរិក​នឹង​រឹតបន្តឹង​ទណ្ឌកម្ម​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​កាល​ពី​ពេល​នោះ​គឺ​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ដើរ​លើ​កម្រាល​ព្រំ​ពណ៌ក្រហម​ ក្នុង​អំឡុងពេល​នៃ​ជំនួប​មួយ​នៅ​ជាយរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។

អ្នក​វិភាគ​និយាយ​ថា នៅ​ទី​បញ្ចប់​ ក្រុមហ៊ុន CNOOC នឹង​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ទំហំ​៣,៥លាន​គីឡូម៉ែត្រ​ការ៉េដែល​មាន​ជម្លោះ និង​ដែល​លាតសន្ធឹង​ពី​ក្រុង​ហុងកុង។ ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​មាន​ការ​ទាមទារ​ជាន់​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សម្បូរ​ទៅ​ដោយ​ប្រភព​ថាមពល​ប្រេង​ឥន្ធនៈ។

លោក Vuving​ បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ក្រុមហ៊ុន CNOOC មិន​មែន​គ្រាន់​តែ​ជា​ក្រុមហ៊ុន​ធម្មតា​នោះ​ទេ ក្រុមហ៊ុន​នេះ​ក៏​ជា​កម្លាំង​ជួរ​មុខ​នៃ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​ពោល​គឺ​ការ​ដណ្តើម​អធិបតេយ្យភាព​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​មាន​គោលបំណង​រឹតត្បិត​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ចិន​ជាមួយ​នឹង​យោធា។

លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «តាម​រយៈ​យុទ្ធសាស្ត្រ​ជាតិ​នៃ​ការ​បញ្ចូល​គ្នា​ផ្នែក​ស៊ីវិល និង​យោធា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បង្កើន​ទំហំ​ទីតាំង​ឧស្សាហកម្ម​យោធា​របស់​ខ្លួន ដោយ​បង្ខំ​ក្រុមហ៊ុន​ស៊ីវិល​របស់​ចិន​ឱ្យ​គាំទ្រ​យោធា និង​សកម្មភាព​ស៊ើបការណ៍​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា «នៅ​ពេល​ជាមួយ​គ្នា ក្រុមហ៊ុន​ទាំង​នេះ​ប្រមូល​ដើម​ទុន​តាមរយៈ​ការ​លក់​ភាគហ៊ុន​ទៅ​ឱ្យ​អ្នក​វិនិយោគ​អាមេរិកាំង​ដែល​ជួញដូរ​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន​សាធារណៈ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ការ​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ព្យាករណ៍​តម្លៃ​ភាគហ៊ុន​ដើម្បី​បញ្ចូល​ភាគហ៊ុន​របស់​ពួកគេ​ទៅ​ក្នុង​ទីផ្សារ​ជួញដូរ និង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដើម្បី​ធានា​ថា ពួកគេ​អាច​ទទួល​បាន​មូលធន​សហរដ្ឋអាមេរិក»។​

ក្រុមហ៊ុនCNOOC ធ្វើ​ឱ្យ​វៀតណាម​មាន​ការបារម្ភ ក្នុង​នាម​ជា​អ្នក​រុករក​ប្រេង និង​ឧស្ម័ន​នៅ​បាត​សមុទ្រ​ដូច​គ្នា នៅ​ក្នុង​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ។ នៅ​ក្នុង​ឆ្នាំ២០១៤ អណ្តូង​រុករក​ប្រេង​មួយ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​រុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​នៅ​ភាគ​លិច​ប្រទេស​វៀតណាម​បង្ក​ឱ្យ​មាន​ហេតុការណ៍​បុក​ទូក និង​កុបកម្ម​ប្រឆាំង​ចិន​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់។ នាវា​ស៊ើបការណ៍​ចិន​ក្នុង​រយៈពេល​២ឆ្នាំ​នេះ​បាន​ឆ្លង​កាត់​ក្បែរ​តំបន់​រុករក​របស់​វៀតណាម ដែល​បង្ក​ឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ជា​សាធារណៈ​នៅ​ក្នុង​ក្រុង​ហាណូយ។

ប្រទេស​ចិន​ទាមទារ​ប្រមាណ​៩០%​នៃ​ដែនសមុទ្រ​មាន​ជម្លោះ​នេះ​និងជា​ប្រទេស​មាន​សមត្ថភាព​យោធា​ខ្លាំង​ជាង​ប្រទេស​ផ្សេង​ទៀត។ កងកម្លាំង​ប្រដាប់​អាវុធ​ចិន​ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ខ្លាំង​បំផុត​ទី៣​ក្នុង​ពិភពលោក​រួច​ទៅ​ហើយ អាច​ចេញ​ចូល​យ៉ាង​ពិសេស​ទៅ​ក្នុង​សមុទ្រ​បន្ទាប់​ឆ្នាំ២០១៧ ពេល​ដែល​ចិន​បញ្ចប់​ការ​ចាក់​បំពេញ​កោះ​តូចៗ និង​បំពាក់​កោះ​មួយ​ចំនួន​ជាមួយ​នឹង​សព្វាវុធ​យោធា។

លោក Vuving បាន​និយាយ​ថា ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន CNOOC ជាពិសេស «ពាក់ព័ន្ធ​នឹង​កិត្យានុភាព​របស់​ខ្លួន»។​

លោក Valencia បាន​លើក​ឡើង​នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ជាមួយ​នឹង​សារព័ត៌មាន Asia Times ថា ពួកគេ​អាច​នឹង​កាត់​បន្ថយ​តម្លៃ​ភាគហ៊ុន និង «ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន»។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន CNOOC អាច​នឹង​ត្រូវ​ធ្វើ​ការ​បែងចែក ឬ​បិទ​អាជីវកម្ម​របស់​ខ្លួន។

ក្រុមហ៊ុន​ CNOOC ក៏​បាន​ព្យាយាម​សហការ​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​នៅ​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ងាយស្រួល​សហការ​ជា​ដៃគូ​ជាមួយ​ប្រទេស​ដែល​មាន​ប្រាក់ ឬ​ជំនាញ​បច្ចេកទេស​តិច​ជាង។ ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ឈ្មោះ​ថា S&P Global បាន​និយាយ​ថា ជា​ឧទាហរណ៍​ នៅ​ក្នុង​ខែកញ្ញា ក្រុមហ៊ុន​រុករក​នេះ​បាន​ប្រគល់​ប្លុក​ចំនួន​ ១៩ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​សម្រាប់​ការ​រុករក​រួម​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស ដែល​គ្របដណ្តប់​លើ​ទំហំ​៥២,០០០គីឡូម៉ែត្រ​ការ៉េ។

លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​ជំនាញ​តំបន់​អាស៊ីអាគ្នេយ៍​ នៅ​សាកលវិទ្យាល័យ New South Wales បាន​និយាយ​ថា ឥឡូវ​នេះ​ការ​ប្រឈម​បញ្ហា​គឺ​ការ​រុករក​រួម​គ្នា​ដែល​ចិន និង​ហ្វីលីពីន​ចង់​បន្ត​ប្រតិបត្តិការ​តាមរយៈ​កិច្ចព្រមព្រៀង​មួយ​កាលពី​២ឆ្នាំ​មុន។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដែល​ខ្ញុំ​គិត​ថា​ ជា​មូលដ្ឋាន​គ្រឹះ​ដែល​កិច្ចសន្យា​សេវាកម្ម​ជាមួយ​នឹង​ហ្វីលីពីន​នេះ​ត្រូវគេ​សម្រេច​បាន»។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​សមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា «នឹង​ដាក់​សម្ពាធ​ប្រឆាំង​នឹង​ការ​សម្រេច​ឱ្យ​បាន​នូវ​កិច្ចសន្យា»​ រវាង​ចិន​និង​ប្រទេស​ផ្សេង​ទៀត។ លោក​បាន​និយាយ​ថា ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន CNOOC មិន​អាច​ដំណើរការ​ទៅ​មុខ ចិន​នឹង​ស្វែងរក​ក្រុមហ៊ុន​មួយ​ទៀត​សម្រាប់​ការ​រុករក​ជាមួយ​នឹង​ហ្វីលីពីន។

លោក Batongbacal បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «រឿង​នេះ​ស្រួល​ដោះស្រាយ​ណាស់ ជាពិសេស​សម្រាប់​ចិន។ ពួកគេ​អាច​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត ឬ​ពួកគេ​អាច​ប្រើប្រាស់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ចិន​ណា​មួយ​ទៀត​ក្រៅ​ពី​ក្រុមហ៊ុន CNOOC»។

ក្រុមហ៊ុន CNOOC មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​បកស្រាយ​ពី VOA នោះ​ទេ៕