មន្ត្រីកំពូលចិនបានទទួលស្គាល់កាលថ្ងៃទី ៩ ខែមីនាថា ប្រទេសចិនចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីបង្កើនការងារនិងស្ថិរភាពទីផ្សារអចលនទ្រព្យរបស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ កំពុងប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះរបស់ប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រឈមនឹងវិបត្តិវិស័យអចលនទ្រព្យដែលអូសបន្លាយ ភាពអត់ការងារធ្វើរបស់យុវជនដែលមិនធ្លាប់មានក្នុងកំណត់ត្រា និងការធ្លាក់ចុះជាសាកលដែលប៉ះពាល់ដល់តម្រូវការទំនិញរបស់ចិន។ ភាពអត់ការងារធ្វើរបស់យុវជនចិនបានកើនឡើងដល់ចំនួន ២១,៣ភាគរយ ដែលមិនធ្លាប់មានពីមុនមកនៅពាក់កណ្តាលឆ្នាំ ២០២៣ មុនពេលដែលមន្ត្រីបានផ្អាកការចេញផ្សាយតួលេខប្រចាំខែ។
តម្លៃផ្ទះបានធ្លាក់ចុះជាបន្តបន្ទាប់ជាច្រើនខែ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗមួយចំនួនជួបការលំបាកក្នុងការបន្តអាជីវកម្មរបស់ខ្លួន។
នៅក្រៅសមាជប្រចាំឆ្នាំរយៈពេលមួយសប្តាហ៍ នៃសភាប្រថាប់ត្រារបស់ប្រទេសចិនកាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅ ក្រុមមន្ត្រីចិនបានទទួលស្គាល់ការលំបាកក្នុងការស្តារវិស័យទាំងពីរនេះ។
លោក Wang Xiaoping រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមបានថ្លែងថា «ជារួម សម្ពាធការងារមិនថយចុះទេ ហើយនៅតែមានភាពផ្ទុយគ្នាខ្លាំងដែលត្រូវដោះស្រាយ»។
លោក Wang បានថ្លែងថា៖ «កម្មករមួយផ្នែកមានបញ្ហាប្រឈម និងបញ្ហាមួយចំនួននៅក្នុងការងារ ហើយចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យមានស្ថិរភាពការងារ»។
ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង «មានទំនុកចិត្តលើការបន្តរក្សាស្ថិរភាពការងារ»។
រដ្ឋមន្ត្រីក្រសួងលំនៅឋានលោក Ni Hong បានប្រាប់អ្នកសារព័ត៌មានថា ការស្តារទីផ្សារអចលនទ្រព្យឡើងវិញ ដែលធ្លាប់រួមចំណែកសេដ្ឋកិច្ចប្រមាណមួយភាគបួននៃសេដ្ឋកិច្ចរបស់ប្រទេសចិនអស់ពេលជាយូរមកហើយនោះ នៅតែជាបញ្ហាប្រឈមមួយ។
លោកថ្លែងដូច្នេះថា៖ «កិច្ចការរក្សាស្ថិរភាពទីផ្សារគឺនៅតែពិបាកខ្លាំងណាស់» ដោយលោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋក្នុងការកាត់បន្ថយអត្រាការប្រាក់ និងការបញ្ចុះតម្លៃបង់ប្រាក់ដំបូង។
លោក Ni និយាយថា ក្រុមហ៊ុនអចលនទ្រព្យដែល «ត្រូវក្ស័យធន គួរតែក្ស័យធន ហើយក្រុមហ៊ុនដែលត្រូវការការរៀបចំរចនាសម្ព័ន្ធឡើងវិញ គួរតែត្រូវបានរៀបចំឡើងវិញ»។ លោកបន្ថែមទៀតថា តួអង្គក្នុងទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មហាជន គួរតែត្រូវបានស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ និងដោះស្រាយតាមច្បាប់»។
ប៉ុន្តែទោះបីជាមានបញ្ហាខ្លាំងជាមួយនឹងទីផ្សារលំនៅដ្ឋានក៏ដោយ ក៏លោកបានទទូចថា «រឿងដ៏សំខាន់» របស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបញ្ចៀស «ហានិភ័យជាប្រព័ន្ធ» នៅក្នុងវិស័យអចលនទ្រព្យត្រូវបានរក្សាអនុវត្ត។
សមាជសភាប្រជាជនជនក្នុងទីក្រុងប៉េកាំងក្នុងសប្តាហ៍កន្លងទៅ ផ្តោតខ្លាំងលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ។
កាលពីថ្ងៃទី ៥ ខែមីនាកន្លងទៅ មេដឹកនាំកំពូលចិនបានកំណត់គោលដៅកំណើនដោយមហិច្ឆតាក្នុងចំនួន ៥ភាគរយក្នុងឆ្នាំ២០២៤ ដែលជាគោលដៅដែលក្រុមអ្នកវិភាគនិយាយថា ជាចំនួនដ៏មហិច្ឆិតាមួយ ដោយសារផលប៉ះពាល់ដែលសេដ្ឋកិច្ចចិនកំពុងជួបប្រទះ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានទទួលស្គាល់ថា ការសម្រេចបាននូវគោលដៅនេះ «មិនងាយស្រួលទេ» ដោយសារ «ហានិភ័យដ៏យូរអង្វែងនិងគ្រោះថ្នាក់ដែលមើលមិនឃើញ» នៅតែមាននៅក្នុងសេដ្ឋកិច្ចចិននៅឡើយ។
ក្រុមវិនិយោគិនបានអំពាវនាវឱ្យមានវិធានការច្រើនជាងមុនពីរដ្ឋ ដើម្បីពង្រឹងសេដ្ឋកិច្ចដែលកំពុងជាប់គាំង៕