ទិន្នន័យផ្កាយវិទ្យាសាស្ត្រតាមបច្ចេកវិទ្យាទំនើបដែលថតទឹកភ្លៀង និងទឹកកករលាយនៅទន្លេមេគង្គផ្នែកប្រទេសចិន បង្ហាញថា ទំនប់វារីអគ្គិសនីចិនបានស្តុកទឹកទុកយ៉ាងច្រើន ខណៈពេលដែលប្រទេសខាងក្រោមខ្សែទឹកទន្លេមេគង្គរាំងរឹះ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍អំពីរឿងនេះ។
ក្រុមហ៊ុនស្រាវជ្រាវមួយរបស់អាមេរិកបាននិយាយក្នុងការសិក្សាដែលចេញផ្សាយកាលពីថ្ងៃច័ន្ទទី១៣ មេសាថា ទំនប់វារីអគ្គិសនីទន្លេមេគង្គនៅប្រទេសចិនបានទប់ទឹកទុកយ៉ាងច្រើន នៅពេលដែលប្រទេសនៅខ្សែទឹកខាងក្រោមមានគ្រោះរាំងស្ងួតកាលពីឆ្នាំមុន ទោះបីជាប្រទេសចិនមានកម្រិតទឹកខ្ពស់ជាងកម្រិតមធ្យមក៏ដោយ។
រដ្ឋាភិបាលចិនបានជំទាស់នឹងការរកឃើញនេះ ដោយនិយាយថា មានភ្លៀងតិចកាលពីឆ្នាំមុននៅផ្នែកទន្លេមេគង្គខាងលើ ដែលមានប្រវែង៤.៣៥០គីឡូម៉ែត្រក្នុងប្រទេសចិន។
ការរកឃើញរបស់ក្រុមហ៊ុន Eyes on Earth Inc ដែលផ្តល់ការប្រឹក្សា ស្រាវជ្រាវខាងធនធានទឹកបានចេញផ្សាយការស្រាវជ្រាវនេះដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ការរកឃើញនេះអាចនាំឲ្យមានការពិភាក្សាស្មុគស្មាញរវាងចិននិងប្រទេសនៅតាមដងទន្លេមេគង្គ ស្តីពីវិធីគ្រប់គ្រងទឹកទន្លេ។ ទន្លេមេគង្គទ្រទ្រង់ជីវភាពប្រជាជន៦០លាននាក់ ដោយហូរកាត់ប្រទេសឡាវ ភូមា ថៃ កម្ពុជា និងវៀតណាម។ ភាពរាំងស្ងួតកាលពីឆ្នាំមុនបាននាំឲ្យទន្លេមេគង្គផ្នែកខាងក្រោមមានកម្ពស់ទឹកទាបបំផុតក្នុងពេលជាង៥០ឆ្នាំមកនេះ គឺទឹកស្រកដល់បាតទន្លេ ហើយវាបានប៉ះពាល់ដល់ជីវភាពកសិករ និងអ្នកនេសាទ។ ផ្ទុយទៅវិញ រូបភាពពីផ្កាយវិទ្យាសាស្ត្របង្ហាញថា ក្នុងឆ្នាំ២០១៩ តំបន់សំណើមនៅខេត្តយូណាន ប្រទេសចិន ដែលទន្លេមេគង្គហូរកាត់ មានទឹកភ្លៀង និងទឹកកករលាយច្រើនលើសកម្រិតមធ្យមរវាងខែឧសភា និងខែតុលា។
ប៉ុន្តែការសិក្សាបង្ហាញថា កម្រិតទឹកទន្លេមេគង្គនៅផ្នែកខាងក្រោមប្រទេសចិនតាមបណ្តោយព្រំដែនថៃឡាវគឺស្រករហូតដល់ទៅ៣ម៉ែត្រទាបជាងធម្មតា។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center នៅរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា៖
«ប្រទេសចិនបានទប់ទឹកដ៏ច្រើននៅផ្នែកទន្លេមេគង្គរបស់ចិន ខណៈផ្នែកខាងក្រោមនៃទន្លេនេះរីងស្ងួត»។
ការសិក្សានេះបានប្រើទិន្នន័យផ្កាយវិទ្យាសាស្ត្រតាមបច្ចេកវិទ្យាទំនើប Special Sensor Microwave Imager/Sounder ដែលថតទឹកភ្លៀង និងទឹកកករលាយនៅទន្លេមេគង្គផ្នែកប្រទេសចិន ចាប់ពីឆ្នាំ១៩៩២ដល់ចុងឆ្នាំ២០១៩។ បន្ទាប់មកគេប្រៀបធៀបទិន្នន័យនេះជាមួយនឹងតួលេខកម្រិតទឹកទន្លេរបស់គណៈកម្មាធិការទន្លេមេគង្គ នៅស្ថានីយ៍ជលសាស្រ្តឈាង សឿន ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលជាស្ថានីយ៍នៅជិតប្រទេសចិន ដើម្បីបង្កើតគំរូព្យាករណ៍កម្រិតទឹក«ធម្មជាតិ»របស់ទន្លេមេគង្គ ដោយផ្អែកលើកម្រិតទឹកភ្លៀង និងទឹកកករលាយ។
ទិន្ន័យដំបូងៗចាប់ពីឆ្នាំ១៩៩២បង្ហាញថា កម្ពស់ទឹកទន្លេមេគង្គជាទូទៅមិនសូវខុសគ្នាទេ។ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក នៅពេលដែលប្រទេសចិនមានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ កម្ពស់ទឹកបានចាប់ផ្តើមមានភាពខុសគ្នាជាច្រើនឆ្នាំ ស្របពេលដែលអាងស្តុកទឹករបស់ចិនមានទឹកពេញនៅរដូវវស្សា និងបញ្ចេញទឹកនៅរដូវប្រាំង។
លោក Eyler ថ្លែងថា៖
«រដ្ឋាភិបាលក្រុងប៉េកាំងអាចមិនដឹងថា មានភ្លៀងធ្លាក់ច្រើននៅខ្សែទឹកខាងលើ ឬក៏មានអ្នកមិននិយាយការណ៍ពិតអំពីរឿងនេះ»៕