ដោយ William Ide
ប្រែសម្រួលដោយ លី សុខឃាង
ប្រែសម្រួលដោយ លី សុខឃាង
ការប្រយុទ្ធប្រឆាំងរបស់ប្រទេសចិនទៅលើបញ្ហាពុករលួយប្រកបដោយការរីករាលដាល មានការខ្វះខាតនូវឧបករណ៍មួយជាយូរមកហើយ ដែលមនុស្សជាច្រើននៅទីនេះ មានអារម្មណ៍ថាអាចជួយផ្តល់ពន្លឺអំពីអំពើពុករលួយរបស់ក្រុមមន្រ្តី ដែលឧបករណ៍នោះគឺជាការតម្រូវមួយពីសំណាក់រដ្ឋាភិបាលកណ្តាល ដែលក្រុមមន្ត្រីត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ។ William Ide នៃវីអូអេ មានព័ត៌មានបន្ថែមពីទីក្រុងប៉េកាំង។
ពលរដ្ឋចិនចង់ដឹងកាន់តែខ្លាំងឡើងអំពីក្រុមមន្ត្រីសាធារណរបស់ខ្លួន មានដូចជាប្រាក់ចំណូលរបស់ក្រុមមន្ត្រីទាំងនេះ ចំនួនផ្ទះដែលក្រុមគ្រួសាររបស់ពួកគេមាន និងរបៀបដែលពួកគេវិនិយោគប្រាក់ទាំងនោះ។
មានការព្យាយាមកាលពីអតីតកាល ដើម្បីលាតត្រដាងព័ត៌មានលម្អិតទាំងនេះ ឲ្យបានច្រើនទៅដល់សាធារណជន ប៉ុន្តែមិនដែលធ្លាប់បានអនុវត្តវិធីសាស្ត្រពីលើចុះមកក្រោម ដើម្បីឲ្យមានតម្លាភាពនៅទូទាំងរដ្ឋាភិបាលឡើយ។
តែទោះយ៉ាងណា បញ្ហានេះអាចមានការផ្លាស់ប្តូរ។ បក្សកុម្មុយនីស្តរបស់ប្រទេសចិនបានសារភាពជាសាធារណថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់ខ្លួន គឺជាការតស៊ូស្លាប់រស់ ហើយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ កម្មវិធីប្រកាសទ្រព្យសម្បត្តិថ្មីៗទាំងឡាយសម្រាប់ក្រុមមន្ត្រី ត្រូវបានរំពឹងថានឹងចាប់ផ្តើម ទោះបីជាស្ថិតនៅក្នុងវិសាលភាពតូចក៏ដោយ។
កម្មវិធីនេះនឹងត្រូវបង្កើតឡើងនៅទីក្រុង នីងបូ (Ningbo) ដែលស្ថិតនៅភាគខាងកើត និងទីក្រុងបីផ្សេងទៀតនៅក្នុងខេត្ត ក្វាន់ទុង (Guangdong) ដ៏រីកចម្រើន។
ព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញចេញទាំងអស់ ប៉ុន្តែបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កម្មវិធីនៅទីក្រុង នីងបូ នឹងអនុវត្តចំពោះតែក្រុមមន្ត្រីរដ្ឋាភិបាល ដែលទើបទទួលការតែងតាំងថ្មីៗតែប៉ុណ្ណោះ។
កម្មវិធីនៅក្នុងខេត្ត ក្វាន់ទុង នឹងតម្រូវឲ្យមន្ត្រីសំខាន់ៗរបស់បក្សនិងរដ្ឋាភិបាល រាយការណ៍លម្អិតអំពីទ្រព្យសម្បត្តិ ការវិនិយោគ និងការងាររបស់គ្រួសារនិងកូនៗរបស់ខ្លួន។
លោក ហេ ប៊ីង (He Bing) ជំនួយការព្រឹទ្ធបុរសនៃសាលាច្បាប់នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងច្បាប់របស់ប្រទេសចិន ថ្លែងថា មិនដូចពិសោធន៍មុនៗទេ ការទាមទាររបស់សាធារណជនឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិនាពេលឥឡូវនេះ មានសភាពខ្លាំងក្លាជាងមុន ហើយការផ្លាស់ប្តូរមេដឹកនាំរបស់ចិន កំពុងជួយពង្រឹងការជំរុញឲ្យមានការប្រឆាំងអំពើពុករលួយ។
លោកនិយាយថា ខណៈដែលកម្មវិធីកាលពីអតីតកាលមានទម្រង់ដូចជាការសាកល្បង កម្មវិធីសាកល្បងថ្មីៗ ដូចជាកម្មវិធីនៅខេត្ត ក្វាន់ទុង មានទម្រង់ដូចជាសញ្ញាមួយ ដែលអ្វីមួយនឹងជិតចាប់ផ្តើម ហើយកម្មវិធីទាំងនេះនឹងរីកធំធាត់សន្សឹមៗ។
កម្មវិធីសាកល្បងមួយចំនួន ដែលត្រូវបានដាក់ឲ្យអនុវត្តរួចហើយ នៅប្រទេសចិន រាប់បញ្ចូលទាំងកម្មវិធីមួយនៅខេត្ត ស៊ីងជាំង (Xinjiang) ខេត្ត ហាយណាន (Hunan) និងខេត្ត ហ្សេជាំង (Zhejiang)។ ខណៈ ដែលពីដំបូង កម្មវិធីទាំងនេះបានផ្តល់ព័ត៌មានច្រើនជាងមុនដល់សាធារណជន លទ្ធផលមានភាពចម្រុះ នេះបើយោងតាមសម្តីរបស់លោក អាឡេន ក្លេតុនហ្គ្រីន (Allen Clayton-Greene) ដែលជាអ្នកវិភាគជាន់ខ្ពស់នៃគោលនយោបាយចិន។
លោក ក្លេតុន មានប្រសាសន៍ថា កម្មវិធីនៅខេត្ត ស៊ីនជាំង មានរយៈពេលមិនដល់មួយឆ្នាំផង ហើយបានបញ្ចប់ដោយសារតែ នៅពេលដែលក្រុមមន្ត្រីប្រឆាំងអំពើពុករលួយនៅទីនោះបានស្លាប់។ កម្មវិធីនៅតំបន់ ស៊ីហ្ស៊ី (Cixi) របស់ខេត្ត ហ្សេជាំង (Zhejiang) កំពុងបន្តរហូតចាប់តាំងពីឆ្នាំ២០០៩មក។
«កម្មវិធីនោះតម្រូវឲ្យអ្នកទាំងនោះលាតត្រដាងអំពីប្រាក់ចំណូលផ្ទាល់ខ្លួន រថយន្តឯកជន និងផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយកូននិងសមាជិកគ្រួសាររបស់ពួកគេផងដែរ។ ប៉ុន្តែបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើននៃកម្មវិធីសាកល្បង នៅក្នុងតំបន់ ស៊ីហ្ស៊ី គឺថា គ្មានការតវ៉ាណាមួយត្រូវបានទទួលពីសាធារណជននោះទេ ហើយមានការខឹងសម្បារធំៗដែលថា តាមពិតទៅ មិនមានមធ្យោបាយណាមួយ ដែលសាធារណជនអាចដាក់ពាក្យបណ្តឹង ទាក់ទងទៅនឹងទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តីទាំងនោះឡើយ»។
ក្រុមអ្នកវិភាគថ្លែងថា បទពិសោធន៍នៅ នីងបូ និង ក្វាន់ទុង នឹងទៅជាយ៉ាងណា នៅតែជាការរង់ចាំមើលនៅឡើយ។
ចាប់តាំងពីឆ្នាំ១៩៩៥ ក្រុមមន្រ្តីនៅប្រទេសចិន ត្រូវបានតម្រូវឲ្យរាយការណ៍ប្រាក់ខែរបស់ពួកគេ ទៅកាន់គណៈកម្មការមជ្ឈិមបក្សសម្រាប់អធិការកិច្ចវិន័យ។ គ្រាន់តែកាលពីប៉ុន្មានឆ្នាំមុន វិធានការនេះត្រូវបានពង្រីក ដើម្បីរាប់បញ្ចូលទ្រព្យសម្បត្តិ ដែលជាប្រាក់ចំណូលផ្ទាល់ខ្លួន ការវិនិយោគ និងការកាន់កាប់ទ្រព្យសម្បត្តិ របស់សមាជិកគ្រួសាររបស់ក្រុមមន្រ្តីទាំងនេះ។
ទោះយ៉ាងនេះក្តី ព័ត៌មាននេះមិនដែលត្រូវបានផ្សព្វផ្សាយជាសាធារណទេ មួយផ្នែកដោយសារការព្រួយបារម្ភរបស់រដ្ឋាភិបាល ដែលការចេញផ្សាយព័ត៌មានបែបនេះ អាចបង្កើតឲ្យមានអស្ថិរភាពសង្គម។
ចាប់តាំងពីការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ចិនបានចាប់ផ្តើមកាលពីខែវិច្ឆិកាមក មេដឹកនាំថ្មីរបស់បក្សកំពុងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីបង្ក្រាបអំពើពុករលួយ។ លោក ហ្ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចូលកាន់តំណែងថ្មីរបស់ប្រទេសចិន បានសន្យាថា នឹងតាមចាប់ទាំងក្រុមមន្ត្រីថ្នាក់ទាបនិងថ្នាក់ខ្ពស់ ហើយបក្សបានឲ្យដឹងថា ខ្លួននឹងអនុវត្តផែនការចម្បងៗប្រឆាំងនឹងអំពើពុករលួយនៅក្នុងឆ្នាំនេះ។
តើការលាតត្រដាងទ្រព្យសម្បត្តិ អាចមានតួនាទីបែបណាមួយនៅក្នុងផែនការនេះ នៅមិនទាន់ច្បាស់នៅឡើយទេ។ គណៈកម្មការវិន័យរបស់បក្សនិយាយថា ខ្លួននឹងអនុវត្តការត្រួតពិនិត្យនៅហ្នឹងកន្លែងទៅលើការលាតត្រដាងទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រី ទោះបីជាមានលក្ខណៈបែបផ្ទៃក្នុងក៏ដោយ។
អ្នកប្រាជ្ញផ្នែកប្រឆាំងអំពើពុករលួយមួយចំនួននិយាយថា រដ្ឋាភិបាលគួរតែបង្កើតកម្មវិធីលើកលែងទោស ដើម្បីលើកទឹកចិត្តដល់ក្រុមមន្ត្រីពុករលួយឲ្យចូលមកបង្ហាញខ្លួន ហើយផ្តល់ការធានាមួយចំនួនដល់ពួកគេដែលថា លទ្ធភាពនៃការដាក់ទណ្ឌកម្មអាចនឹងត្រូវបានបន្ធូបន្ថយ។
លោក រ៉េន ជៀនមីង (Ren Jianming) នាយកមជ្ឈមណ្ឌលប្រឆាំងអំពើពុករលួយនិងស្រាវជ្រាវផ្នែកអភិបាលកិច្ចនៃសាកលវិទ្យាល័យ ស៊ីងហួ (Tsinghua University) នៅក្នុងទីក្រុងប៉េកាំង ថ្លែងថា ការលើកលែងទោសរបៀបនេះណាមួយ គួរតែមានភាពខុសប្លែកគ្នាពីចលនានយោបាយ ដែលគណបក្សនេះបានអនុវត្តកាលពីអតីតកាល ដើម្បីកម្ចាត់អំពើពុករលួយ។
លោក រ៉េន ថ្លែងថា កិច្ចខិតខំប្រឹងប្រែងកាលពីមុនក្នុងការផ្តល់ការលើកលែងទោស បានបញ្ចប់ទៅដោយការដាក់ទោសលើអ្នកដែលស្មោះត្រង់ និងអនុញ្ញាតិឲ្យអ្នកដែលមិនស្មោះត្រង់ គេចចេញបានពីការដាក់ទណ្ឌកម្ម។ លោកនិយាយថា នៅទីបញ្ចប់ លទ្ធផលនេះមានភាពផ្ទុយពីអ្វីដែលចង់បាន។
មិនដូចជាការធ្វើយុទ្ធនាការកាលពីអតីតកាល ដែលគណបក្សបានអនុវត្តនៅក្នុងការវាយបង្រ្កាបទៅលើអំពើពុករលួយ ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើការលើកលែងទោសត្រូវបានប្រើម្តងទៀត ការលើកលែងទោសនេះ ត្រូវតែមានមូលដ្ឋានច្បាប់។ ក្រុមអ្នកវិភាគមួយចំនួននៅប្រទេសចិននិយាយថា ការលើកលែងទោសអាចអនុវត្តបានចំពោះទង្វើនៃអំពើពុករលួយ ដែលត្រូវបានប្រព្រឹត្តឡើង មុនសមាជបក្សលើកទី១៨កាលពីខែវិច្ឆិកាឆ្នាំទៅ ដោយមិនរាប់បញ្ចូលបទល្មើសធំៗឡើយ៕