ប្រទេស​ចិន​​បង្កើន​ការ​ហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់

រូបឯកសារ៖ រូប​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដោយ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​នេះ បង្ហាញ​ពី​យន្ដហោះ​ចម្បាំង​ F-16 របស់​តៃវ៉ាន់​ហោះ​ទន្ទឹមគ្នា​នឹង​យន្ដហោះ​ទម្លាក់​គ្រាប់បែក H-6K របស់​ចិន។

ក្រសួងការពារ​ប្រទេសកោះតៃវ៉ាន់បាននិយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​កាល​ពីចុងឆ្នាំ​មុនថា កងទ័ព​រំដោះ​របស់​ប្រជាជន​ចិនហៅ​កាត់​ថា​ PLA​ បាន​បញ្ជូនយន្តហោះចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់​ប្រមាណ ៣៨០ដងកាល​ពី​ឆ្នាំ​ទៅ​មិញ។

កងទ័ព PLA ​បានចាប់​ផ្តើមបញ្ជូនយន្តហោះចម្បាំងទៅកាន់​កោះ​តៃ​វ៉ាន់នៅក្រោយ​លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បាន​ជាប់​ឆ្នោត​ជា​ថ្មីសម្រាប់អាណត្តិ​ទី​ពីរ​កាល​ពី​ខែ​មករាមុន តែ​សកម្មភាព​នេះបានកើនច្រើន​ឡើងៗ​ក្នុងរយៈពេល​៦​ខែ​ចុងក្រោយ​នៃ​ឆ្នាំ២០២០​ហើយ​នៅពេល​នេះ​មានការ​ហោះចូលសឹង​តែ​រៀង​រាល់​ថ្ងៃ។

បើ​តាម​ការ​ចងក្រង​ដោយ​វីអូអេ​នៃ​ទិន្នន័យ​ហោះហើរពីសេចក្តី​ថ្លែងការណ៍​ផ្លូវការនៃ​ក្រសួង​ការពារ​ប្រទេស​កោះតៃវ៉ាន់ថា​យន្តហោះចម្បាំង​ចិន​បាន​ហោះ​បំពេញ​បេសកកម្ម​បែប​នេះ​១៣៨​ដងចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​មក។​ ក្នុង​ពេល​តែ​បួន​ថ្ងៃ​ដំបូង​នៃឆ្នាំ២០២១​ យន្តហោះ​ចិន៦​គ្រឿង​បានហោះ​ចូលក្នុង​តំបន់​ការពារ​ដែន​អាកាសរបស់កោះតៃវ៉ាន់​ហៅ​កាត់​ថា​ ADIZ រួចស្រេចទៅហើយ។

របាយការណ៍មួយស្តី​ពី​ការ​ការពារ​ជាតិកោះតៃវ៉ាន់សម្រាប់​ឆ្នាំ២០១៧​ចែងថាក្នុង​អាណត្តិ​ទី​មួយ​របស់​លោកស្រី Tsai Ing-wen ជិត​មួយ​ឆ្នាំកន្លះ​ពី​ខែ​សីហា​២០១៦​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៧​ ចិន​បានបញ្ជូនយន្តហោះ​តែ​២៦​គ្រឿងប៉ុណ្ណោះ​ចូល​ក្នុង​ដែន​អាកាស​តៃវ៉ាន់។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​កំណើនកិច្ចប្រតិបត្តិកា​រទាំង​នេះមានគោល​ដៅ​ធ្វើឱ្យការហោះ​ហើរ​បែប​នេះ​ជា​រឿងធម្មតា។

លោកស្រី​បណ្ឌិត Oriana Mastro អ្នក​ជំនាញ​ខាង​យោធា​ចិន​និង​ជា​អ្នក​ស្រាវជ្រាវនៅ​វិទ្យាស្ថាន​ American Enterprise បាននិយាយ​ប្រាប់​វីអូអេ​ថា«សារ​សំខាន់ដែល​ពួក​ចិន​ភ្ជាប់​ជា​មួយចលនា​ទាំង​នេះគឺ​ថា​ជា​កិច្ចប្រតិបត្តិការ​ជា​អលជ្ជីរបស់ចិន»។

លោក​ស្រី​ Oriana Mastro​ បានថ្លែង​បន្ថែមថា៖ «ការណ៍​នាំ​ឱ្យ​មានបញ្ហាខ្លាំង​ណាស់។​ បណ្តាញ​ផ្សាយ​ព័ត៌មាន​មិន​បានរាយការណ៍​ទេ​ពីព្រោះ​វា​បាន​កើត​មានជារៀងរាល់​ថ្ងៃ។​ នេះ​ជា​បញ្ហាពីព្រោះ ទីមួយ ប្រទេសចិន​អាចហ្វឹកហាត់​បាន​ច្រើន​ដែល​នឹង​ជួយឲ្យ​កង​យោធា​ខ្លួន​កាន់តែ​ពូកែ ក៏​ប៉ុន្តែពួក​ចិន​ថែមទាំង​កំពុង​ប្រឹងប្រែងធ្វើអំពើ​ឈ្លានពាននិងបង្កើន​កម្លាំង​យោធា​ខ្លួនឱ្យ​ទៅ​ជា​រឿង​ធម្មតា​មួយដែលមិនសម​មានការ​ឆ្លើយ​តប​ណា​មួយ​ពីប្រទេសឯ​ទៀតៗទេ»។

របាយការណ៍​ស្រាវជ្រាវមួយ​ផ្សាយ​លើ​គេហទំព័រនៃ​ក្រសួង​ការពារ​ជាតិតៃវ៉ាន់កាល​ពី​ដើម​ខែ​មករានិយាយ​ថា​កាល​ពី​ថ្ងៃទី៣១ខែ​មីនា២០១៩​ យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ចិនបានហោះ​ឆ្លង​កាត់ខ្សែ​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​ជា​លើក​ដំបួង​ចាប់​ពី​ឆ្នាំ​១៩៩៩​មក។ នៅ​ពេល​នោះ​ គេ​បាន​រាយការណ៍អំពីឧប្បត្តិហេតុ​នោះ​ថា​ជាការ​បង្ក​រឿងធ្ងន់ធ្ងរ​បំផុត​រវាង​តៃ​វ៉ាន់និង​ប្រទេស​ចិន​ក្នុង​សតវត្សរ៍​នេះ។

​កាល​ពី​ឆ្នាំ​ទៅ​មិញ ក្នុង​អម្លុង​ទស្សនកិច្ច​របស់​លោក Keith Krach អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​តៃ​វ៉ាន់កាលពីខែកញ្ញា​យន្តហោះ​ចម្បាំងចិន​បាន​ហោះឆ្លង​កាត់ខ្សែ​បន្ទាត់​កណ្តាល​ដែល​បែងចែកប្រទេស​ចិន​ដី​គោក​ពី​កោះនេះ​ដែល​គ្រប់គ្រងដោយ​ខ្លួន​ឯងជិត​៤០ដង។

រូបឯកសារ៖ យន្ដហោះផ្ទុកប្រេង H-6 អមពីក្រោយដោយយន្ដហោះចម្បាំង J-10 ក្នុងពិធីរំឭកខួបទី ៧០ ដែលជប៉ុនយល់ព្រមចុះចាញ់សង្គ្រាមលោកលោកទីពីរ ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។

យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង

ចាប់​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ រដ្ឋាភិបាលប៉េកាំងបានសង្ឃឹម​ថានឹង​មានការ​បង្រួប​បង្រួមជាតិដោយ​សន្តិវិធី​ អស់​ពេល​ជាង​២០ឆ្នាំ​មកហើយ។ ចិន​បានស្នើគោល​នយោបាយសេដ្ឋកិច្ចជា​ច្រើន​ដែល​ផ្តល់​អាទិភាព​សម្រាប់​តៃវ៉ាន់។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​កាល​ពី​ប៉ុន្មានឆ្នាំថ្មី​ៗ​នេះ​រដ្ឋាភិបាល​ប៉េកាំងបាន​សម្រេច​ថា​មានឱកាស​តិច​ណាស់សម្រាប់ការ​បង្រួប​បង្រួម​ជាតិ​ដោយសន្តិវិធី​ជា​មួយ​កោះតៃវ៉ាន់ដោយសារភាព​ជាក់ស្តែង​ខាងនយោបាយ​នៅកោះនោះ។

លោក Wang Zaixi ជាអតីតនាយក​រង​នៃការិយាល័យ​កិច្ចការ​តៃវ៉ាន់នៃក្រុមប្រឹក្សា​រដ្ឋ​នៃប្រទេសចិន។ កាលពី​ពេល​ថ្មីៗ​នេះ​លោកបាននិយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយបណ្តាញផ្សាយព័ត៌មាន​ចិន​ថា​មានវិធី​ទី​បីដើម្បី​ជ្រើសរើស​រវាងការ​បង្រួប​បង្រួមជាតិដោយ​សន្តិវិធី​និងការលុកលុយ​ខាងយោធា​គឺ«ផ្ចុង​ផ្តើម​ឱ្យ​មាន​ការ​បង្រួប​បង្រួមជាតិ​ជា​ថ្មី​ជាមួយ​កម្លាំង»។ លោក Wang Zaixiបានដក​ស្រង់​ទស្សនៈក្នុង​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​របស់​លោក Sun Tzu ដែល​ថា​ប្រទេស​ចិន​អាច«ប​ង្ក្រាបសត្រូវដោយមិន​បាច់​ប្រយុទ្ធ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​នៅ​ពេលកម្លាំងយោធា​នៃប្រទេស​ចិនបង្វែរតុល្យភាព​យោធាក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ទៅកាន់រដ្ឋាភិបាល​ប៉េកាំង ការ​ធ្វើឱ្យ​មានការ​គំរាមកំហែងយោធាជា​ទៀងទាត់​របស់​ចិនក្លាយ​ទៅ​ជិត​ជា​ធម្មតាមានគោល​ដៅបង្ក្រាបរដ្ឋាភិបាល​តៃប៉ិៈ​តាម​រយៈការ​ធ្វើ​ឱ្យអស់​កម្លាំង។

ទិន្នន៍យ​ថ្មីបំផុតរបស់ក្រសួង​ការពារប្រទេស​សហរដ្ឋ​អាមេរិក​ថាប្រទេស​ចិន​មានកងទ័ព​អាកាស​ធំជាង​គេ​ក្នុង​ទ្វីបអាស៊ីហើយ​មានលំដាប់​ទី​បីក្នុង​ពិភព​លោក។ នៅក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​របស់​ខ្លួនអំពីកា​រ​អភិវឌ្ឍន៍ខាង​យោធា​និង​ខាង​សន្តិសុខរបស់​ប្រទេស​ចិន​ដាក់​ជូន​សភា ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាននិយាយ​ថាកងទ័ព​អាកាស​ចិនមានយន្តហោះ​ជាង២៥០០​គ្រឿងដោយ​មានរួម​បញ្ជូលយន្តហោះចម្បាំង​២០០០​គ្រឿងផង​ដែរ។

បើ​តាមការស្រាវជ្រាវ​មួយដោយសហព័ន្ធអ្នក​វិទ្យាសាស្ត្រ​អាមេរិកាំង​ថាតៃវ៉ាន់​មាន​កង​យន្តហោះប្រតិកម្មប្រយុទ្ធ​តិច​ជាងចិនច្រើនណាស់។ ​របាយការណ៍​នេះបាននិយាយ​ថា«តៃ​វ៉ាន់​មាន​យន្តហោះ​ចម្បាំង​២៨៩​គ្រឿងដែល​ទំនង​ជានឹងមិន​អាច​ប្រជែងនឹង​កងទ័ព​អាកាស​ចិន​បាន​ទេ​ប្រសិន​ចិន​នៅ​តែហោះហើរ​ចូលក្នុង​ដែនអាកាស​តៃវ៉ាន់​ញឹកញាប់​បែប​នេះ​ត​ទៅ​ទៀត​ក្នុង​អនាគត​មធ្យមទៅ​អនាគត​វែង​ឆ្ងាយ​នោះ»។

ក្រសួង​ការពារ​ប្រទេស​តៃ​វ៉ាន់បានពោល​កាលពី​ពេល​ថ្មីៗ​នេះ​ថានៅ​ពេល​នេះ​កងយោធាតៃវ៉ាន់​«ធ្វើ​ការទាំង​ថ្ងៃ​ទាំងយប់ ដោយមិន​គិត​ពី​ថ្ងៃបុណ្យ​ទេ»ដោយ​នៅ​ប្រចាំ​ការ​ក្នុង​ទីតាំង​របស់ពួក​គេដើម្បី​ឃ្លាំមើលស្ថានការណ៍​និង​សម្របសម្រូល​ដោយ​សម​ស្រប។

ម្យ៉ាង​ទៀត​ ពួក​អ្នក​វិភាគក៏​បានចង្អុល​បង្ហាញដែរ​ថាតៃ​វ៉ាន់ដឹងអំពី​វិធីសាស្ត្រ​របស់​ចិនហើយថា​រដ្ឋាភិបាលប៉េកាំង​មានឳកាស​តិចតួច​ណាស់​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការបង្ក្រាបកោះតៃ​វ៉ាន់។

លោក Yisuo Tzeng ជា​នាយកនៃវិទ្យាស្ថាន​ខាងការពារ​ជាតិ​និង​ខាងស្រាវជ្រាវសន្តិសុខ​នៃកោះតៃវ៉ាន់​។ លោក​បាន​ប្រាប់វីអូអេ​ថា​ប្រជារាស្ត្រ​តៃវ៉ាន់យល់​ថា«រដ្ឋាភិបាល​ប៉េកាំង​ប្រើ​ប្រាស់​ធនធាន​ដ៏​ច្រើនរបស់ខ្លួនដើម្បី​ធ្វើ​សង្គ្រាម​អសមប្បមាណប្រឆាំង​នឹង​តៃ​វ៉ាន់​។ កោះ​តៃវ៉ាន់​នឹងប្រើប្រាស់​វីធីឈ្លាស​វៃ​និងប្រុងប្រយ័ត្ននិងមធ្យោបាយ​ចំហ​និង​មានតម្លាភាព​ដើម្បី​ធ្វើឱ្យ​សង្គម​ទាំង​មូល​មាន​ការយល់ដឹងពេញលេញ»។

លោក Craig Singleton ជាអ្នក​ស្រាវជ្រាវ​នៅ​ឯ​មូលនិធិ​សម្រាប់​ការពារ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យដែល​ជា​អង្គការ​ស្រាវជ្រាវ​មិន​ប្រកាន់​គណបក្ស​នយោបាយ​មួយ​ដែល​មានមូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី Washington។​ លោកបាននិយាយថាប្រទេស​ចិនបានបង្ហាញ​ការ​លុកលុយ​យោធាទាំង​នេះ​ថា​ជាការ​ហ្វឹកហ្វឺនធម្មតា​និង​ជា​អលជ្ជីក្នុង​កិច្ចខិតខំប្រឹង​ប្រែងមួយ​ដើម្បី​លាក់​បាំងមិន​ឱ្យ​មានប្រតិកម្មអន្តរជាតិ​ខ្លាំង តែ​វា​អាច​នាំ​ឱ្យ​មានការ​ខូចខាត​ប្រយោជន៍ចិនក្នុង​រយៈពេល​យូរ។

លោក Craig Singleton បាន​ថ្លែង​ប្រាប់​វីអូអេ​ថា«ការហោះ​ហើរ​និងការ​បង្កើនកម្លាំង​យោធា​របស់​ចិន​ទាំងអស់នេះមិនបាន​រារាំង​ដល់​កិច្ច​សហប្រត្តិការរបស់​សហរដ្ឋ​អាមេរិក​ជា​មួយ​តៃវ៉ាន់​ទេ»។​ លោក​បានថ្លែងថាចំណាត់ការ​គឃ្លើនបែបនេះ​មិន​មាន​ជោគជ័យ​ទេ​ក្នុង​ការធ្វើឱ្យ​សហរដ្ឋ​អាមេរិក រារែក​ឬពង្រឹង​កម្លាំង​របស់​ចិនឡើយ«ពី​ព្រោះ​ចំណាត់ការគឃ្លើន​ទាំង​នេះបានធ្វើឱ្យប្រទេស​ជិត​ខាងចិនភ័យខ្លាចហើយ​នាំ​គ្នា​និយាយ​ថាយើង​ប្រហែលជា​ត្រូវ​ជិត​ស្និទ្ធ​ជាងមុនជា​មួយ​សហរដ្ឋ​អាមេរិក​ហើយ»៕

ប្រែសម្រួលដោយលោក ឈឹម​សុមេធ