ប្រធាន​សភា​ចិន​បាន​ប្រកាស​លុប​បំណុល​ដែល​កម្ពុជា​​ជំពាក់

State Department employees welcome Hillary Clinton to the State Department building in Washington, January 22, 2009.

ភ្នំពេញ៖ ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នេះ​ ​លោកលោក​ វូ បាងហ្កូ (​Wu Bangguo) ​ប្រធាន​សភា​ចិន​ បាន​ប្រកាស​លុប​ចោល​បំណុល​ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​ប្រទេស​ចិន។ ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មេ​ដឹកនាំ​កម្ពុជា​ សំដៅ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ជាតិ​ទាំងពីរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រទេស​ចិន​បាន​សម្រេច​លុប​ចោល​បំណុល​ជាង​៤លាន​ដុល្លារ​អាមេរិក​ ដែល​ទំនង​ជា​របប​ខ្មែរក្រហម​បាន​ជំពាក់​ប្រទេស​ចិន​នៅ​ក្នុង​ទសវត្សរ៍​១៩៧០។

លោក​ វូ បាងហ្កូ ​ប្រធាន​សភា​ប្រជាជន​ចិន​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​លោក ​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​និង​សេដ្ឋ​កិច្ច​កម្ពុជា ​ដើម្បី​លុប​ចោល​បំណុល​ចាស់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់។

លោក វូ បាងហ្កូ ​បាន​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​ព្រះ​មហាក្សត្រ ​នរោត្តម ​សីហមុនី​ ​លោក​ជា ស៊ីម​ ​ប្រធាន​ព្រឹទ្ធ​សភា​ ​លោក​ហេង សំរិន​ ​ប្រធាន​រដ្ឋ​សភា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អំពី​បញ្ហា​ទ្វេភាគី។

ក្រោយ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​ វូ បាងហ្កូ ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​ ​លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មានថា​ ​ប្រទេស​ចិន​បាន​សម្រេច​លុប​ចោល​បំណុល​ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​ប្រទេស​ចិន។

ក្រោយពី​ជំនួប​រវាង​លោក​ហេង សំរិន ​និង​លោក​ វូ បាងហ្កូ ​លោក ​គាំ កុសល ​ប្រធាន​ខុទ្ទកាល័យ​របស់​លោក ​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ ​បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​រាយ​ការណ៍​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖

«ប្រទេស​ចិន​បាន​សន្យា​លុប​បំណុល​ ​ដែល​កម្ពុជា​បាន​ជំពាក់​ចិន​ ​ហើយ​បង្វែរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ»។

នៅ​ក្នុង​ឆ្នាំ ២០០២​ ​ប្រទេស​ចិន​បាន​លុប​ចោល​បំណុល​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទស​វត្សរ៍១៩៧០​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ដោយ​ក្រុម​អ្នក​ការទូត​ថា​ ​មាន​តម្លៃ​រវាង​ពី​៦០​លាន​ដុល្លារ​អាមេរិក​ទៅ​ ១០០០ លាន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​ឆ្នាំ​ ២០០៥​ ​ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​បាន​លុប​ចោល​បំណុល​ ៨២ ​លាន​ដុល្លារ​អាមេរិក​ ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​ស្ថាប័ន​នេះ។

ប្រទេស​កម្ពុជា​កំពុង​ធ្វើការ​ចរចា​ជាមួយ​សហ​រដ្ឋអាមេរិក​ដើម្បី​លុប​ចោល​បំណុល​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​ ដែល​របប​សាធារណ​រដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ នល់​បាន​ជំពាក់​សហ​រដ្ឋ​អាមេរិក​ នៅ​ដើម​ទស​វត្សរ៍​១៩៧០។

ប្រទេស​កម្ពុជា​បាន​ស្វះស្វែង​រក​ការ​លុប​ចោល​បំណុល​១៥០០​លាន​ដុល្លារ​អាមេរិក​ ដែល​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ជំពាក់​អតីត​សហភាព​សូវៀត​នៅ​ក្នុង​ទស​វត្សរ៍​១៩៨០៕